បុគ្គលសំខាន់ៗទាំង ១០ រូប ដែលបានទទួលពានរង្វាន់ណូបែលសន្តិភាពពិភពលោកជាបន្តបន្ទាប់

0
175

ពានរង្វាន់នីមួយៗ មិនមែនចង់តែប្រគល់ដោយងាយៗទេ ត្រូវតែមានការតស៊ូ ពលីជាច្រើន ទើបអាចទទួលបាន។ តួយ៉ាងនៅពេលនេះ ម្ចាស់ពានរង្វាន់ណូបែលទាំង ១០ រូប បានខិតខំបំពេញតួនាទីរបស់ខ្លួន ដើម្បីជួយកសាងប្រទេសជាតិ ក៏ដូចជាបុព្វហេតុផ្សេងៗ ដើម្បីប្រជាជនជាច្រើនលើសលប់។ តើអ្នកទាំងអស់គ្នាដឹងទេថា សម្រាប់ពានរង្វាន់ណូបែលសន្តិភាព គឺត្រូវបានប្រគល់ជារៀងរាល់ឆ្នាំជូនដល់បុគ្គលឆ្នើម ឬស្ថាប័នទាំងឡាយណាដែលមានស្នាដៃយ៉ាងធំធេងក្នុងការជួយជ្រោមជ្រែងប្រទេសជាតិ ក៏ដូចជានាំមកនូវសន្តិភាព និងកិច្ចសហប្រត្តិបត្តិការអន្តរជាតិដល់ពិភពលោកទាំងមូល។

សម្រាប់ថ្ងៃនេះ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងលើកបង្ហាញបុគ្គលល្បីល្បាញ ដែលជាម្ចាស់ពានណូបែលទាំង ១០ រូប របស់ពិភពលោកមកជម្រាបជូនដូចតទៅ៖

១០. លោកស្រី Bertha von Suttner

គាត់ជាស្ត្រីដំបូងគេបង្អស់ ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព (១៩០៥) ហើយលោកស្រីត្រូវបានទទួលស្គាល់ និងស្ញប់ស្ញែងក្នុងចលនាស្វែងរកសន្តិភាពនៅប្រទេសអូទ្រីស។

រូបភាព៖ លោកស្រី Bertha von Suttner

៩. គណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC)

ស្ថាប័នអន្តរជាតិមួយនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៣។ ICRC ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាពចំនួន ៣ដង។ ពោលគឺឆ្នាំ ១៩១៧ ,១៩៤៤  និង១៩៦៣ សម្រាប់យុទ្ធនាការជំនួយមនុស្សធម៌ក្នុងករណីសង្រ្គាមស៊ីវិលដោយមិនម្អៀង និងប្រកបដោយអព្យាក្រឹតភាព។

រូបភាព៖ សកម្មភាពរបស់ ICRC

៨. ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)

UNHCR រហូតមកដល់ពេលនេះ ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាពចំនួន ២ដង។ ពោលនៅឆ្នាំ១៩៥៤ និង១៩៨១ សម្រាប់យុទ្ធនាការចុះជួយផ្តល់ជម្រក និងស្បៀងអាហារដល់ជនភៀសខ្លួនទូទាំងពិភពលោក។

រូបភាព៖ សកម្មភាពរបស់ UNHCR

៧. លោក Martin Luther King Jr. 

អ្នកប្រហែលជាបានស្គាល់អំពីវីរភាពរបស់លោកក្នុងការប្រឆាំងការរើសអើងពូជសាសន៍នៅសហរដ្ឋអាមេរិក។ លោកទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៦៤ តែជាអកុសល លោក Martin Luther king Jr. ត្រូវបានគេលបធ្វើឃាត រយៈពេលប្រហែល ៤ឆ្នាំក្រោយ បន្ទាប់ពីទទួលបានពានរង្វាន់នេះ។

រូបភាព៖ លោក Martin Luther King Jr.

៦. លោក René Cassin 

លោកទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៦៨ និងត្រូវបានគេចាត់ទុកជាអ្នកច្បាប់ជនជាតិបារាំងដ៏ល្បីល្បាញមួយរូប ហើយអ្វីដែលសំខាន់នោះ លោកខ្លួនឯងផ្ទាល់ ជាអ្នកជ្រោមជ្រែងយ៉ាងសំខាន់ក្នុងការបង្កើតឲ្យមាន សេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការការពារសិទ្ធិមនុស្សទូទាំងពិភពលោក។

រូបភាព៖​ លោក René Cassin

៥. លោក Desmond Tutu 

នៅឆ្នាំ១៩៨៤ ពានរង្វាន់ណូបែលសន្តិភាព បានធ្លាក់មកលើលោក Desmond Tutu ដែលលោកជាតួអង្គសំខាន់មួយរូបក្នុងការប្រឆាំងរបប Apartheid នៃការរើសអើងពូជសាសន៍នៅសាធារណៈរដ្ឋអាហ្វ្រិកខាងត្បូង។

រូបភាព៖​ លោក Desmond Tutu

៤. លោកស្រី Aung San Suu Kyi

លោកស្រី អង់សាន សូជី ត្រូវបានគេទទួលស្គាល់ក្នុងការទាមទារសិទ្ធិមនុស្ស ក៏ដូចជាការតស៊ូអហិង្សាដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា។ លោកស្រីទទួលបានពាន់រង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ១៩៩១ ជាពេលដែលលោកស្រីស្ថិតក្រោមការឃុំឃាំងក្នុងគេហដ្ឋាន។ ទោះជាយ៉ាងណានាពេលថ្មីៗនេះ លោកស្រី Aung San Suu Kyi ត្រូវបានរិះគន់ចំពោះការមិនយកចិត្តទុកដាក់លើជនជាតិរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

រូបភាព៖​ លោកស្រី Aung San Suu Kyi

៣. លោក Liu Xiaobo

លោកទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ២០១០ ដែលលោក Liu Xiaobo ចំណាយពេលវេលាស្ទើរពាក់កណ្តាលជីវិតរបស់លោក ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅសាធារណៈរដ្ឋប្រជាមានិតចិន។ ជាអកុសល លោកបានទទួលមរណៈភាពនៅឆ្នាំ ២០១៧ ថ្មីៗនេះដោយសារជំងឺមហារីក។

រូបភាព៖​ ជនជាតិចិនកាន់ផ្ទាំងរូបលោក Liu Xiaobo

២. លោកស្រី Ellen Johnson Sirleaf

លោកស្រីសព្វថ្ងៃមានមុខតំណែងជាប្រធានាធិបតីប្រទេស លីបេរីយ៉ា ហើយក៏ជាប្រធានាធិបតីស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រទ្វីបអា្រហ្វិក។ លោកស្រី Ellen ទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ២០១១ សម្រាប់សកម្មភាពទាមទារលើកកម្ពស់សិទ្ធិស្ត្រីក្នុងប្រទេស។

រូបភាព៖​ លោកស្រី Ellen Johnson Sirleaf

១. នាង Manala Yousafzai 

អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺស្ត្រីវ័យក្មេងជនជាតិប៉ាគីស្ថានម្នាក់ ឈ្មោះ Manala ទទួលបានជ័យលាភីណូបែលសន្តិភាព (២០១៤) ក្មេងបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់នេះ។ នាងត្រូវបានទទួលស្គាល់សម្រាប់ការតស៊ូទាមទារលើកកំពស់សិទ្ធិកុមារក្នុងការទទួលបានការអប់រំ។  ជាមួយគ្នានោះ នាងត្រូវក្រុមតាលីបង់ ប៉ុនប៉ងធ្វើឃាតនៅឆ្នាំ២០១២ ដែលក្រុមនេះប្រឆាំងដាច់ខាតមិនឲ្យស្ត្រីទទួលបានការអប់រំ៕

រូបភាព៖​​ នាង Ellen Johnson Sirleaf

អត្ថបទដកស្រង់៖ Khmeload កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here