ដកស្រង់ទ្រឹស្តីទាំង ១០០ ឃ្លា ក្នុងសាច់រឿងសាមកុក ដែលគួររៀនសូត្រ

0
2374

រឿងសាមកុក គឺជារឿងភាគចិនដ៏ល្បីល្បាញពីមួយជំនាន់ទៅមួយជំនាន់រហូតដល់ពេលបច្ចុប្បន្ន និងមានប្រទេសជាច្រើនបានបកប្រែជាភាសាខ្លួន ដើម្បីឲ្យជនជាតិរបស់គេបានសិក្សាអំពីសាច់រឿងល្អឯកមួយនេះ។ ក្នុងរឿងសាមកុក បានបង្កប់អត្តន័យជាច្រើន មានដូចជា ការដឹកនាំ​ ច្បាប់ លកល្បិច កលយុទ្ធ យុទ្ធសាស្ត្រដើម្បីយកឈ្នះសត្រូវ ការប្រើប្រាស់មនុស្ស និងការធ្វើសឹកសង្រ្គាមពីស្តេចត្រាញ់នីមួយៗ។ ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នឹងលើកបង្ហាញនូវទស្សនៈទាំង ៩៩ ឃ្លាមានន័យសម្រាប់អ្នកចង់សិក្សាអំពីសាច់រឿងសាមកុកបន្ថែម។ សូមអានពាក្យសម្តីល្អៗទាំង ៩៩ ឃ្លា ខាងក្រោម៖

  1. «មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ»។  លូស៊ីង
  2. «ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំបានទេ»។ លូស៊ីង
  3. «ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្តយកឈ្នះសត្រូវ»។ ធានហ្វុង
  4. «គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ»។ ធានហ្វុង
  5. «អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស» ធានហ្វុង
  6. «របួសជាហើយ ក៏ភ្លេចឈឺហើយមែនទេ?»។ ធានហ្វុង
  7. «ថ្វីត្បិតតែខ្ញុំមានចិត្តល្អ តែខ្ញុំមិនល្ងង់ទេ»។  លូស៊ូ
  8. «ទោះបីមានកំហឹងប៉ុណ្ណាក៏ដោយ បើបាត់ភាពម្ចាស់ការហើយ វានឹងសម្លាប់ខ្លួនយើងវិញ»។ លូស៊ូ
  9. «បើគិតគូរដល់នគរ រឹតតែត្រូវគិតសច្ចធម៌ហើយ»។  លូស៊ូ
  10. «បើមិនប្រជែងម៉េចនឹងអាចការពារទឹកដីបាន»។ លូស៊ូ
  11. «មានអ្នកច្រៀងល្ខោន ត្រូវតែមានអ្នកមើលល្ខោន»។ លូស៊ូ
  12. «មិនថាមុខរបរតូចឬធំ អ្នកណាដាក់ទុនធំ អ្នកនោះចំណេញច្រើន»។ លូស៊ូ
  13. «សត្រូវក៏ជាមិត្តភក្តិដែរ សត្រូវស្រួលទប់ទល់ មិត្តភក្តិក៏ស្រួលទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផង ទើបពិបាកទប់ទល់ខ្លាំងណាស់»។ លូស៊ូ
  14. «សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ»។ លូស៊ូ
  15. «អ្វីដែលអាចចាក់ទំលុះបេះដូងរបស់មនុស្សបាន គឺមានតែពាក្យពិតប៉ុណ្ណោះ»។ លូស៊ូ
  16. «ដប់ឆ្នាំទៀតទៅទាស់ខុសអី ខ្ញុំកើតបានក្បាលល្អ មិនខ្លាចរកម្ចាស់មិនបានទេ ទោះបីសាមសិបឆ្នាំ ក៏ខ្ញុំមិនលក់ក្បាលខ្ញុំដែរ»។ ផានថុង
  17. «ក្បួនទ័ពខ្លាំងពេក សត្រូវប្រាកដជាខ្លាច ក្បួនទ័ពខ្សោយពេក សត្រូវមើលងាយ ក្បួនទ័ពត្រូវតែមិនខ្លាំងមិនខ្សោយ»។ ផានថុង
  18. «បើមិនយក ក៏មិនចូលដែរ បើចូលហើយ គង់តែយក»។ ផានថុង
  19. «មិនចេះទទួលភ្ញៀវ សុទ្ធតែជាមនុស្សល្ងង់ខ្លៅ»។ ផានថុង
  20. «បាត់បង់ស្រីម្នាក់ គឺជារឿងតូចតាច បើយើងបាត់បង់ស៊ីឈួន យើងនឹងអស់ទីជម្រកហើយជួបនឹងគ្រោះធំទៀត»។ ផានថុង
  21. «ការបន្លាចទ័ពសត្រូវ អាចបន្ថយល្បឿនវាយលុករបស់ពួកវា»។ ស៊ីងអុី
  22. «គ្រោះថ្នាក់នៅថ្ងៃក្រោយ តែងធំជាងគ្រោះថ្នាក់នៅថ្ងៃនេះ»។ ស៊ីងអុី
  23. «ចង់ឈ្នះកុំខ្លាចចាញ់ ចង់ចូល កុំខ្លាចខាត»។ ស៊ីងអុី
  24. «ឪពុកមិនគោរពវិន័យ កូនក៏ប្រុសក៏មិនគោរពវិន័យដូចគ្នា»។ ស៊ីងអុី
  25. «ឆ្អឹងមួយដើមមានឆ្កែពីរក្បាលដណ្តើមគ្នា ឆ្កែស្គមមាត់លឿនដណ្តើមទៅបាត់ ឆ្កែមួយក្បាលទៀត ម៉េចនឹងសុខចិត្តទៅ» ស៊ីងអុី
  26. «ទ័ពក្បត់នឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ»។ ស៊ីងអុី
  27. «បើចង់រស់នៅដោយសុខសាន្តរហូត ដាច់ខាតកុំជឿពាក្យចចាមអារ៉ាមរបស់គេឱ្យសោះ»។ ស៊ីងអុី
  28. «ប្រើកងទ័ពមិនប្រថុយ ម៉េចនឹងអាចយកជោគជ័យបាន»។ ស៊ីងអុី
  29. «មានគេទទួលស្គាល់តំណែង ល្អជាងដណ្តើមយក ខេត្តក្រុងពីរបីឆ្ងាយណាស់»។ ស៊ីងអុី
  30. «វិន័យមានចិត្តធម៌ ទោសមិនដាក់លើអ្នកខ្ពង់ខ្ពស់»។ ស៊ីងអុី
  31. «ឱកាសប្រែប្រួលច្រើនណាស់ ម៉េចនឹងមានអាចមានសង្ឃឹមមួយរយភាគទៅ!»។ ស៊ីងអុី
  32. «មានគុណធម៌ពេកក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ»។ ស៊ីងអុី
  33. «ល្បិចយកចចកវាយឆ្កែមិនថាចចក ឬឆ្កែឈ្នះទេ សុទ្ធតែអាចឆ្លៀតឱកាសទៅបង្រ្កាបពេលពួកគេកំពុងប្រយុទ្ធបានទាំងអស់»។ ស៊ីងអុី
  34. «បើចង់យកឈ្នះសត្រូវ ត្រូវយកសត្រូវធ្វើជាគ្រូ»។ ចូវអុី
  35. «អាវុធសំខាន់ជាងគេ ដើម្បីវាយក្រុងមិនមែនជណ្តើរទេ គឺជនបង្កប់»។ ចូវអុី
  36. «អ្វីដែលគេចង់ឱ្យឯងមើលឃើញ គឺគេឱ្យឯងមើលឃើញ អ្វីដែលគេមិនចង់ឱ្យឯងមើលឃើញ គឺឯងមិនអាចមើលឃើញទេ»។ ចូវអុី
  37. «បើចង់សួរគេ ត្រូវតែដឹងពីចម្លើយរបស់គេមុន ចាំសួរគេ»។ ចូវអុី
  38. «បើចង់សម្រេចកិច្ចការធំមិនគួរឆេវឆាវទេ ហើយក៏មិនគួរប្រកាន់នឹងបាត់ទីក្រុងមួយដែរ»។ ចូវអុី
  39. «ជ័យជម្នះតូចតាច មិនត្រូវក្អេងក្អាងឡើយ»។ ចូវអុី
  40. «ក្រុងធំគួរតែបានលើម្ចាស់ឆ្លាត»។ ស៊ីយ៉ូវ
  41. «ដកថយនឹងច្របូកច្របល់ ច្របូកច្របល់ប្រាកដជាចាញ់»។ ស៊ីយ៉ូវ
  42. «ទស្សនៈល្ងង់ខ្លៅ ប្រាកដជាបង្កាត់ភ្លើងដុតខ្លួនឯង»។ ស៊ីយ៉ូវ
  43. «មនុស្សមានឆន្ទៈខុសគ្នា»។ ស៊ីយ៉ូវ
  44. «ម្ចាស់របស់ខ្ញុំ ពេលដែលល្ងង់ ល្ងង់គួរឱ្យខ្លាច តែដល់ពេលឆ្លាត គឺឆ្លាតជាងម្ចាស់ក្នុងលោកទាំងអស់»។ ស៊ីយ៉ូវ
  45. «ច្បាប់មិនតឹងរឹង គេមិនខ្លាចដល់ដំណាក់កាលចាំបាច់ កាន់តែត្រូវតឹងរឹង»។ ស៊ុនឈាន
  46. «នៅក្នុងសម័យសង្រ្គាមនេះ អត់មានល្បិចច្រើន និងលាក់ពុតទេ មានតែចាញ់និងឈ្នះប៉ុណ្ណោះ»។ ស៊ុនឈាន
  47. «មានតែយើងខ្លាំងខ្លួនឯងទេ ទើបគេព្រមជួយយើង»។ ស៊ុនឈាន
  48. «សមត្ថភាពរបស់ខ្ញុំ សុទ្ធតែចាញ់ពុកនិងបងប្រុស បើគ្រាន់តែចិត្តទូលាយ ក៏គ្មានដែរនោះខ្ញុំវាយយកទឹកដីម៉េចនឹងបាន»។  ស៊ុនឈាន
  49. «ឱ្យតែមានស្មារតីប្រយុទ្ធ ទោះជាបាត់បង់ក្រុង ប៉ុន្មានក៏ដោយ ក៏អាចយកមកវិញបានដែរ»។  ស៊ុនឈាន
  50. «គុណធម៌សំខាន់ជាងជីវិតមនុស្សទៅទៀត»។ គួនអុី
  51. «បើចូលធ្វើទាហានហើយ មិនអាចល្មើសវិន័យទាហានទេ»។ គួនអុី
  52. «បើចង់ស្ទូចត្រីធំ ត្រូវតែដាក់នុយឱ្យធំបន្តិច»។ ហួងចុង
  53. «សង្រ្គាមដែលឆាប់ឈ្នះពេកសុទ្ធតែមានល្បិច»។ ហួងចុង
  54. «អ្នកក្លាហានស្រលាញ់អ្នកក្លាហាន»។ កុងស៊ុនចាង
  55. «ចិត្តរបស់អ្នកធ្វើម្ចាស់ ត្រូវការការប្រមាថរបស់មនុស្សលោកច្រើនរាប់មិនអស់»។ ចាងចាវ
  56. «កូនប្រុសដើមទ្រូងប្រាំហាត់វាយដល់ធំ បើមិនវាយគឺមិនខ្លាំងទេ»។ ចាងហ្វី
  57. «ម្ចាស់ល្ងង់ចាញ់ស្រីម្នាក់ទៀត ឡើងដល់សមរភូមិប្រាកដជារាគដាក់ខោហើយ»។ ចាងហ្វី
  58. «ប្រើចិត្តធម៌យកចិត្តគេ ទង្វើរនេះមុតជាងដាវកាំបិត ១០០ដងទៅទៀត»។ ចាវជឺឡុង
  59. «កើតក្នុងសម័យសង្រ្គាមគួរតែបង្កើតទិដ្ឋភាព សង្រ្គោះរាស្រ្តចេញពីរណ្តៅទុក្ខ»។ ឆាវឆាវ
  60. «សណ្តែកដុតគ្រាប់សណ្តែក សណ្តែកស្រក់ទឹកភ្នែកក្នុងឆ្នាំង កើតចេញពីឫស្សតែមួយដុតគ្នាដើម្បីអ្វីទៅ»។ ឆាវជឺ
  61. «មនុស្សមិនអាចស្រវឹង១ពាន់ឆ្នាំ កំណាព្យល្បី១ម៉ឺនឆ្នាំ»។  ឆាវជឺ
  62. «មួយជីវិតមនុស្សរស់លើសមួយថ្ងៃក៏មិនយូរទេ រស់លើមួយថ្ងៃក៏មិនឆាប់ដែរ»។ ឆាវជឺ
  63. «មានពេលខ្លះជក់មុតខ្លាំងជាងកាំបិតទៅទៀត»។ ឆាវភី
  64. «ឆ្កែទាល់ច្រក ប្រាកដជាផ្លោះជញ្ជាំងមកខាំវិញ»។ ឆិនកុង
  65. «ត្រូវគិតពីកិច្ចការធំសិន មិនអាចប្រកាន់នឹងកំហឹងមួយពេលនោះទេ»។ ឆិនកុង
  66. «ចំពោះមនុស្សស្មោះ មិនអាចប្រើកម្លាំងបាយបានទេ យើងប្រើចិត្តស្មោះពង្វក់គេទៅ»។ ឆិនអុី
  67. «ថ្វីត្បិតតែឧបរាជជាមន្រ្តីធំ តែក៏នៅតែជាមន្រ្តី»។ ឆិនអុី
  68. «អ្នកពូកែច្បាំងសម្រុងទៅមុខរហូត អ្នកពូកែគិត ខ្លាចមុខខ្លាចក្រោយ»។ ឆិនអុី
  69. «ដើម្បីពង្រឹងអំណាច ត្រូវមានមនុស្សមិនធម្មតា ធ្វើកិច្ចការមិនធម្មតា សាងគុណសម្បត្តិមិនធម្មតា»។ ឆិនអុី
  70. «របស់ដែលអាចទិញបានសុទ្ធតែជារបស់ថោក»។ ទីប្រឹក្សាយានស៊ូ
  71. «សាងគុណសម្បតិ្តធំមួយ ល្បីឈ្មោះតជំនាន់»។  លីយូ
  72. «កូនចៅអត់បានការជាចំណុចខ្សោយទីមួយ»។  មន្ត្រីរបស់ឆាវឆាវ
  73. «បើសម្លាប់មនុស្សម្នាក់ គឺបាត់បង់ទឹកចិត្តមនុស្សទាំងនគរ»។ មន្ត្រីរបស់ឆាវឆាវ
  74. «គ្រួសារក្រឃើញកូនកត្តញ្ញូ ប្រទេសជួបគ្រោះឃើញមន្ត្រីស្មោះ»។ ឆិនតុង
  75. «ក្នុងនាមជាក្សត្រត្រូវនៅក្នុងរាជវាំង មិនចាំបាច់ចេញទៅច្បាំងទេ គ្រាន់តែចេះមើលមនុស្សថាអ្នកណាត្រូវចេញច្បាំង អ្នកណាត្រូវនៅការពារបានហើយ»។ មន្រ្តីនគរអ៊ួយ
  76. «ជីងចូវ ប្រៀបដូចជាដើមឈើមួយដើមដែលដុះលើភ្នំ ធ្លាក់ខ្យល់ខាងកើតក៏ត្រូវធ្លាក់ខ្យល់ខាងលិចក៏ត្រូវ បើមិនចង់ឱ្យដួលទេ ទី១ គឺត្រូវលាស់ស្លឹកស្កឹមស្កៃចាក់ឬសឱ្យជ្រៅ ទី២ ត្រូវបណ្តុះដើមឈើឱ្យក្លាយជាព្រៃទៀត»។ ម៉ាលៀង
  77. «សម្លាប់ខ្លួនមុន ទើបកើតក្រោយ»។ ម៉ាស៊ូ
  78. «បេសកជននគរធំ មិនថ្វាយបង្គំម្ចាស់នគរតូចទេ»។ ម៉ាស៊ូ
  79. «ចិត្តស្មោះ និងចិត្តកត្តញ្ញូ មិនអាចបំពេញ មតងទាំងពីរបានទេ»។ ម្តាយស៊ីស៊ូ
  80. «ធ្វើជាម្ចាស់របស់គេ ត្រូវមានចិត្តអត់ធ្មត់លើសពីមនុស្សធម្មតា»។ ម្តាយស៊ុនឈាន
  81. «អ្នកធ្វើកិច្ចការធំ មិនប្រកាន់រឿងតូចតាច»។ យានស៊ូ
  82. «កុំប្រើចិត្តមនុស្សថោកទាបមកវាយ តម្លៃសុភាពបុរស»។ យានសាវ
  83. «ទ័ពខ្លាំងមិនសង្កត់ម្ចាស់»។ លីពូ
  84. «ក្បួនសឹកនៅក្នុងសៀវភៅ មិនប្រាកដថាត្រូវទាំងអស់ទេ»។ វ៉ាងភីង
  85. «ជួបមិត្តចាស់នៅសម័យសង្គ្រាម ពិតជាលាភធ្លាក់ពីលើមេឃមែន»។ វ៉ាងអុីង
  86. «បើចង់ឱ្យជោគជ័យ ត្រូវប្រើល្បិចតៗគ្នា»។ វ៉ាងអុីង
  87. «វត្ថុទិព្វលើលោក មិនស្ថិតលើសំបកក្រៅទេ»។ វ៉ាងអុីង
  88. «មនុស្សដែលអាចយកចិត្តរាស្រ្តបាន ប្រាកដជាអាចយកចិត្តទេវតាបាន»។ ស៊ីស៊ូ
  89. «មុនពេលប្រយុទ្ធ ការដែលសំខាន់គឺស្គាល់សភាពសត្រូវ បើមិនស្គាល់ច្បាស់ មិនអាចវាយបានទេ»។ ស៊ឺម៉ាចាវ
  90. «សុខចិត្តហួសពេលកំណត់ ក៏មិនអាចប្រថុយនឹងគ្រោះថ្នាក់ដែរ»។ ស៊ឺម៉ាចាវ
  91. «សុភាពបុរស ផ្តាច់ទំនាក់ទំនង មិនប្រើសំដីអាក្រក់»។  ស៊ុនជាន
  92. «ចំណុចដែល ឆាវឆាវ ខុសពីតុងជ័រ គឺឆាវឆាវលួចជាតិ មិនបន្សល់ទុកឈ្មោះជាចោរ»។ ស្តេចហាន
  93. «ស្រែអ្នកមុនធ្វើអ្នកក្រោយប្រមូលផល អ្នកប្រមូលផលកុំសប្បាយចិត្ត នៅមានអ្នកប្រមូលផលតាមក្រោយទៀត»។  ស្តេចហាន
  94. «ស្តេចត្រាញ់ គឺជាអណ្តូងមួយ មហាក្សត្រជាអណ្តូងជ្រៅមួយ, មន្រ្តីនិងប្រជារាស្រ្ត តើអ្នកណាមួយដែលមិនចង់ព័ទ្ធជុំវិញអណ្តូងជ្រៅ ទទួលបានគុណសម្បត្តិមិនចេះអស់នោះទេ»។ លីយាន
  95. «ចក្រវាលវិលប្តូរទិដ្ឋភាពថ្មី ស្តេចឡឺកឺម្នាក់មិនអាចរារាំងបានទេ»។ ហួស៊ីង
  96. «អាចការពារក៏អាចបំផ្លាញដែរ»  គួកជា
  97. «ក្បាលអាចដាច់ ជង្គង់មិនអាចលុតទេ»។  ហួនកុងហឹង
  98. «ខ្ញុំមិនចង់ព្យាបាលមុខរបួសត្រូវអាវុធទេ ព្រោះពេលខ្ញុំព្យាបាលហើយ នឹងបង្កសង្គ្រាមកាន់តែច្រើនឡើង»។  គ្រូពេទ្យហួធួ
  99. «ធ្វេីខុសការស្មាន គ្មានការប្រុងប្រយ័ត្ន»។ ឆាវយិន
  100. «បើសិនមិនចង់ឲ្យគេដឹង លុះត្រាតែអ្នកកុំធ្វើ»៕ ជូកឺលៀង

 

អត្ថបទដកស្រង់៖ Khim Phon កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here