អំពីប្រវត្តិឧបករណ៍ភ្លេងបុរាណខ្មែរ និងវង់ភ្លេងខ្មែរ នៅក្នុងពិធីផ្សេងៗ

0
1488

ខ្មែរជាជាតិសាសន៍មួយ ដែលមានភាពវ័យចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៏យើងនេះ សូម្បីតែវប្បធម៌ក៏ត្រូវបានមនុស្សម្នាស្គាល់ជាលក្ខណៈសកលដែរ។ ព្រមជាមួយគ្នានេះដែរ សិល្បៈ និងស្ថាបត្យកម្ម ដែលប្រកបដោយទេពកោសល្យមានគំនិតច្នៃប្រឌិត ខ្មែរក៏មានសិល្បៈតូរ្យតន្រ្តីរបស់ខ្លួន ដែលបានថែរក្សាគង់វង្សស្ថិតស្ថេរចេកាលរហូតមកដល់បច្ចុប្បន្ន។

ឧបករណ៍ភ្លេងខ្មែរ
ឧបករណ៍ភ្លេងខ្មែរ

ឧបករណ៍

ភ្លេងបុរាណខ្មែរ ដែលបានរក្សាទុកនៅនិរន្តរភាពរបស់ខ្លូនអាចអោយគេចងចាំតាមរយៈឧបករណ៍ ៤ ប្រភេទ ដែលគេប្រើខ្សែសម្រាប់ដេញ កេះ កូត ផ្លុំ និងឧបករណ៍សម្រាប់វាយបង្កើតស្នូរ។ ឧបករណ៏ទាំងនោះមានដូ​ចជា ស្គរ (ស្ករដី ស្គរសម្ភោរ ស្គរធំ ស្គរតូច ស្គរជ័យ) ឈឹង រនាត (រនាតឯក រនាតធុង) ទ្រ ទ្រសោ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង្សតូច គងវង្សធំ ឃ្មោះ ប៉ាន់ កុងប៉ឹង ប៉ីអ។ល។ ឧបករណ៍ប៉ុន្មានប្រភេទទាំងនេះហើយ ដែលធ្វើឲ្យអន្តរជាតិស្គាល់ខ្មែរតាមរយឧបករណ៍ភ្លេងខ្មែរ ជាមួយនិងឧបករណ៍ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ខ្លួនដែលប្រើក្នុងពិធីបែបសាសនា ដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្យ ភ្ជំបិណ្យ និងការសំដែងសិល្បៈសម័យ​ជាដើម។

 

ឧបករណ៍ភ្លេងបុរាណខ្មែរ

ភ្លេងខ្មែរមានច្រើប្រភេទទៅតាមវង្សភ្លេងនីមួយៗ មានដូចជា៖

១. ភ្លេងពិណ្យពាទ្យ

ដែលគេហៅភ្លេងពិណពាទ្យ ព្រោះនៅក្នុងក្រុមភ្លេងនោះ កាលដើមឡើយគេនិយមប្រើពិណចេញផ្តើមមុនគេ។ អ្នកខ្លះហៅភ្លេងនេះច្រឡំជាភ្លេងសៀម តាមការពិតសៀមយកពីខ្មែរយើងវិញទេ។ សៀមហៅវង្សភ្លេងនេះថាជា ប៉ីពាទ្យ (ពិផាត) ព្រោះក្នុងការចាប់ផ្តើមគេប្រើប៉ី ឬស្រឡៃនាំមុខគេ។ តាមការពិតភ្លេងពិណពាទ្យ មានកំនើតពីឥណ្ឌាតាំងពីសម័យព្រេងនាយមកមេ៉្លះ (ហ្វូនណន) លុះមកដល់ក្រោយមកខ្មែរក៏បានកែប្រែផ្លាស់ប្តូ និងថែមថយគ្រឿងភ្លេងអោយក្លាយជាភ្លេងរបស់ខ្មែរ។ ខ្មែរនិយមប្រើប្រាស់ ភ្លេងពិណ្យពាទ្យសម្រាប់ប្រគំកំដរក្នុងឧកាសឡើងរោង លាបំណន់វត្ថុសក្តិសិទ្ធិ ពិធីបុណ្យសពបម្រើក្នុងរបាំព្រះរាជទ្រព្យ និងពិធីបុណ្យសាសនាជាដើម។ ម្យ៉ាងទៀត ប្រជាជនក៏និយមលេងភ្លេងដើម្បីកំដរសិល្បៈដែលមានអាយុចំណាស់ដូចជារបាំបុរាណផងដែរ ជាវង្សភ្លេងដែលក្នុងការកំដររបាំបុរាណក្នុងពិធីបួងសួង (បន់ស្រន់លាបំណន់) ក្នុងពិធីសាសនា (បុណ្យកឋិន បំបួសនាគ ពុទ្ធពិសាក) ជួនកាលប្រើក្នុងពិធីបុណ្យសព។

សព្វថ្ងៃមានពីរវង្ស គឺវង្សតូចមានប្រដាប់ ៥ គ្រឿង និងវង្សធំមាន ១០ គ្រឿង នៅក្នុងព្រះរាជវាំងមានគ្រឿងភ្លេងពិណពាទ្យពិសេសមួយបបែបទៀតហៅថា ក្រុមភ្លេងមហោរី មានគ្រឿងចម្រុះច្រើនយ៉ាងដល់ទៅ ១៦ គ្រឿង ដែលក្នុងវង្សភ្លេងទាំងនេះមានញឧបករណ៏ដូច ជាប៉ី ឈឹង សម្ពោរ រនាត គងវង្សតូច ធំ ស្គរជ័យ និងស្រឡៃ ជាដើម។

២. ភ្លេងខ្មែរ​

គេចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល។ ដូចនេះហើយ បានជាគេត្រូវប្រគំតែក្នុងពិធីមង្គលការតាមប្រពៃណីខ្មែរ ដូចជា ពិធីបញ្ជេញម្លប់កូនស្រី ពិធីមង្គលការជាដើម។ ភ្លេងខ្មែរសម្រាប់ពិធីមង្គលការ មានច្រើប្រភេទណាស់ ដូចជា បទហែកូនកំលោះចូលរោង ហែកំណត់ស៊ីស្លា កាត់សក់ សែនក្រុងពាលី កូនប្រុសសំពះពេលាកូនក្រស្រីចេញផ្ទឹមចងដៃ បង្វិលពពិល។ បទភ្លេងខ្មែរមានទំនាក់ទំនងទៅនិងរឿងភ្លេងខ្មែរ។ បទខ្ទេរ ខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ស្រងាត់ ដោះក្រាល កន្ទ្រែនទ្រាំងលេងនៅពេលលោងភោជនីអាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់)។

៣. ភ្លេងក្លងឆ្នាក់ (ក្លងខែក)

បទភ្លេងក្លងឆ្នាក់ (ក្លងខែក) គេលេងដើម្បីឲ្យបរិយាកាសកាន់ស្រងេះស្រងោចលន្លងលង្លោច គេច្រើនលេងភ្លេងក្នុងពិធីតម្កល់សព ហែសពបូជា និងបុណ្យខ្មោច ជាដើម។ អ្នកខ្លះនិយមហៅភ្លេងក្លងឆ្នាក់តាមភាសាសៀមថា “ភ្លេងខ្លងខែក” ដែលមានន័យថាភ្លេងស្គរជ្វា។ ពិធីបុណ្យសព ឬតំកល់សព និងពិធីតង្ហែរសពខ្មែរតែងតែប្រើភ្លេងខ្លងខែក ដែលវងភ្លេងនេះមានឧបករណ៏ឧបករណ៏មួយចំនួនដូចជា ស្រឡៃ ស្គរជ្វា ស្គរយោល និង គង។

៤. ភ្លេងមហោរី

ពាក្យថា “មហោរី” គេសម្គាល់ឈ្មោះភ្លេងផង សម្គាល់សភាពនៃវង់ភ្លេងផង។ បទភ្លេងមហោរី មានលក្ខណៈប្រជាប្រិយ ហើយស្រាលជាងភ្លេងពិណពាទ្យ។ វង់ភ្លេងមហោរី និយមលេងក្នុងពិធីបុណ្យទានផ្ទាល់ទេ ប៉ុន្តែអាចប្រើកំដបរិយាកាសបានដែរ។ ជាទូទៅ គេលេងភ្លេងមហោរីកំដរល្ខោនមហោរី។ វង្សភ្លេងមហោរី មានឧបករណ៏មួយចំនួនដូចជា ទ្រអ៊ូ ទ្រសោ ខ្លុយ តាខេ ឈឹង ស្គរដី២ ចាប៉ី ប៉ីអ ទ្រខ្សែដៀវ និងសាដៀវ។

៥. ភ្លេងព្រះរាជទ្រព្យ

វង្សភ្លេងមួយទៀត គឺវង្សភ្លេងព្រះរាជទ្រព្យ។ វង្សភ្លេងព្រះរាជទ្រព្យ ដែលមានឧបករណ៍ដូចជា ខ្លុយ ចាប៉ី គែន ឈឹង រនាតធុង ស្គរដីនិងស្គររនា។ ភ្លេងឆៃយុំា ក្រៅពីនេះមានវង្សភ្លេងឆៃយុំាដែលមាន គង កុងប៊ឹង ស្គរបួន និងឆាប។ ក្រៅពីនេះទៅទៀតមានវង្សភ្លេងយីកេដែលមានឧបករណ៍ ស្គរ ទ្រ និងខ្លុយ។

៦. ភ្លេងឆៃយុំា

គេលេងភ្លេងនេះតែក្នុងពិធីបុណ្យដែលជាទីរីករាយដូចជាលេងកំដបុណ្យ កឋិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ភ្លេងឆៃយុំា ជាភ្លេងដែលរំភើបសប្បាយរីករាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។ គេពុំទាន់ដឹងច្បាស់នៅឡើយទេ អំពីប្រភពភ្លេងឆៃយុំានេះ។ ដោយចង្វាក់ភ្លេងមានលោតៗ ភ្ញាក់ៗ អ្នកខ្លះឲ្យយោបល់ថា ភ្លេងឆៃយុំាទំនងមានកំណើតចេញពីមនុស្សជំនាន់ដើម ដែលមានសភាពភ្ញាក់ផ្អើលខ្លាចរអាប្រៀបបានទៅនិងសត្វព្រៃពេលឃើញមនុស្ស។ អ្នកខ្លះទៀតផ្តល់យល់ថានៅពេលមនុស្សទទួលបានជោគជ័យក្នុងកិច្ចការរបស់ខ្លួន តែងតែសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បង្កើតភ្លេងឆៃយុំានោះឡើងតែម្តង ដើម្បីរំឭកនូវជ័យជម្នះរបស់ខ្លួន។

៧. ភ្លេងគងស្គរ

អ្នកខ្លះហៅភ្លេងគងស្គរថា ភ្លេងទាំមួនឬភ្លេងកន្រ្តាំមួន។ ភ្លេងនេះមានសូរសព្ទគួរឲ្យស្រងេះស្រងោចណាស់ ហេតុនេះហើយបានជាគេលេងភ្លេងនេះនៅពេលដែលមានមនុស្សស្លាប់ ពេលធ្វើបុណ្យលើខ្មោច ជាដើម។ តាមការស្រាវជ្រាវរបស់សមាជិកក្រុមជំនុំទំនៀមទម្លាប់ថា ភ្លេងគងស្គរមានកំណើតឡើងក្នុងរជ្ជកាល ព្រះបាទត្រសក់ផ្អែម។ កាលព្រះអង្គបានឡើងសោយរាជ្យសម្បតិ្តព្រះអង្គតែងនឹកស្រណោះសំលេងសត្វគ្រប់បែបយ៉ាងលាយឡំជាមួយស្នូរខ្យល់ ភ្លៀង ផ្គរ រន្ទះដែលព្រះអង្គធ្លាប់បានស្តាប់ទាំងយប់ទាំងថ្ងៃ កាលព្រះអង្គនៅជាម្ចាស់ចំការត្រសក់ផ្អែម។ ដើម្បីតាងភ្លេងធម្មជាតិដ៏កំសត់បែបនេះ ព្រះអង្គទ្រង់ចាត់អោយអ្នកប្រាជ្ញរាជបណ្ឌិតបង្កើតក្រុមភ្លេងគងស្គរនោះឡើងតែម្តង។

៨. ភ្លេងអារក្ខ

ភ្លេងអារក្ខ គឺជាភ្លេងដែលគេប្រគំឡើងក្នុងពិធីបញ្ជូលខ្មោច ព្រាយបិសាច អារក្ខ អ្នកតា ។ល។ នៅពេលមានមនុស្សឈឺហើយបើចង់សាកសួរខ្មោចអំពីបុព្វហេតុនៃជំងឺ គេលេងភ្លេងអារក្ខនេះ ដើម្បីបញ្ជូលខ្មោចលៀងខ្មោច។ ក្រោយពីបានសាកសួរដឹងបុព្វហេតុ ឬហេតុផលហើយ ដែលនាំឲ្យមានជំងឺគេអង្វរខ្មោចសុំឲ្យជាសះស្បើយ ហើយគេរៀបចំតង្វាយផ្សេងៗ ថ្វាយខ្មោចនេះទៅ ក្រៅពីលេងក្នុងពិធីបញ្ជូល និងលៀងអារក្ខគេប្រើក្នុងពិធីឡើងអ្នកតាផងដែរ។ ហើយនៅពេលបច្ចុប្បន្ន ក៏និយមលេងសម្រាប់ហែរអ្នកតាដែរ។

ដូចដែលបានរៀបរាប់ខាងលើទាំងអស់នេះហើយ សូមកូនខ្មែរទាំងអស់មេត្តាកត់ចំណាំទុក ឬរៀបចំជាឯកសារដើម្បីឲ្យកូនចៅខ្មែរជំនាន់ក្រោយបានដឹង និងស្គាល់អំពីវង់ភ្លេងខ្មែរដ៏សម្បូរបែបដូចនេះ។ ម្យ៉ាងវិញទៀត សូមកុំភ្លេចជួយគ្នាក្នុងការថែរក្សាឲ្យបានគង់វង្សផង ព្រោះសុទ្ធតែជាសម្បត្តិនៃវប្បធម៌ជាខ្មែរ និងអត្តសញ្ញាតិជាតិខ្មែរទាំងអស់៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here