ការធ្លាក់ដុនដាប​របស់​ក្រិក​ និង​ការ​លេចមុខ​មហាអំណាច​ថ្មី​របស់ Alexander the Great

0
203

នៅពេល​ដែល​ប្រទេស​មួយ​មាន​ការ​រួបរួមគ្នា ប្រទេស​នោះ​ច្រើន​តែ​ស្គាល់​នូវ​ភាព​រុងរឿង។ ផ្ទុយទៅវិញ ប្រសិនបើ​មាន​ការ​បែកបាក់​គ្នា ការ​ធ្វើ​សង្រ្គាម​ហែកហួរ​គ្នាឯង ប្រទេស​ប្រាកដ​ជា​នឹង​ធ្លាក់ចុះ​ទន់ខ្សោយ ហើយ​អាច​នឹង​ត្រូវ​រលំរលាយ​ ធ្លាក់​ទៅក្នុងការ​ត្រួតត្រា​របស់​បរទេស។ នេះ​គឺ​ជា​ភាពពិតជាក់ស្តែង ដែល​កើតមាន​ឡើង នៅ​គ្រប់កន្លែង ទាំង​នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន ក៏ដូចជា​​កាលពី​សម័យបុរាណ។

កាលពី​ប្រមាណ​ជា ២ពាន់ ៥រយ​ឆ្នាំមុន ក្រិក​ ដែល​មាន​ការ​រួបរួមគ្នា អាច​ច្បាំង​ឈ្នះ​មហាអំណាច​ពិភពលោក គឺ​អាណាចក្រ​​ពែរស៍ រួចហើយ​ក្រិក​ខ្លួនឯង​ក៏​ស្គាល់​នូវ​ភាព​រុងរឿង​ ជា​ប្រទេស​មហាអំណាច​ដ៏សំខាន់​មួយ នៅលើ​ពិភពលោក។ ក៏ប៉ុន្តែ ភាពរុងរឿង​របស់​ក្រិក​បាន​ឈាន​មក​ដល់​ទីបញ្ចប់ នៅ​ពេល​ដែល​ក្រិក​បែកបាក់គ្នា ហើយ​គិត​តែ​ពី​ធ្វើ​សង្រ្គាម​ហែកហួរ​គ្នាឯង គឺ​នៅ​ក្នុង​សង្រ្គាម ដែល​អ្នក​ប្រវត្តិសាស្រ្ត​ដាក់​ឈ្មោះ​ថា “សង្រ្គាម​ប៉េឡូប៉ូនែស” (Peloponnèse)។

ក្រិកសម័យបុរាណ គឺ​ជា​បណ្តុំ​នៃ​បុរី​តូចៗ​ជាច្រើន ដែល​មាន​រចនាសម្ព័ន្ធដឹកនាំ​ឯករាជ្យ​ដាច់ចេញ​ពីគ្នា​ប្រៀបបាន​នឹង​កូនរដ្ឋ ដែល​គេ​ឲ្យឈ្មោះ​ថា “បុរីរដ្ឋ”​ (City-State/Cité-Etat)។ សង្រ្គាម​ប៉េឡូប៉ូនែស ដែល​ចាប់ផ្ទុះឡើង ពី​ឆ្នាំ​៤៣១​មុន​គ.ស ហើយ​អូសបន្លាយ​ពេល​រហូត​ដល់​ឆ្នាំ​៤០៤​មុន​គ.ស គឺ​ជា​សង្រ្គាម​រវាង​បក្សសម្ព័ន្ធ​ពីរ​នៃ​បុរីរដ្ឋ​ក្រិក៖ បក្ស​សម្ព័ន្ធ​ម្ខាង​​ដឹកនាំ​ដោយ​​អាថែន (Athènes) និង​បក្ស​សម្ព័ន្ធ​ម្ខាងទៀត​ដឹកនាំ​ដោយ​ស្ប៉ាត (Sparte)។

នៅ​ទីបញ្ចប់ គឺ​ខាង​បក្ស​សម្ព័ន្ធ​របស់​​ស្ប៉ាត ដែល​ជា​អ្នក​ទទួល​ជ័យជម្នះ ក៏ប៉ុន្តែ សង្រ្គាម​​ ៣០ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ក្រិក​ទាំងមូល​ត្រូវ​ធ្លាក់ចុះ​ទន់ខ្សោយ។ អាថែន ដែល​ចាញ់​សង្រ្គាម ​ត្រូវ​វិនាស​ហិនហោច ហើយ​របប​ប្រជាធិបតេយ្យ​ត្រូវ​ដួលរលំ។ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា បក្ស​សម្ព័ន្ធ​របស់​ស្ប៉ាត ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម ក៏​បាន​ជួប​ប្រទះ​នឹង​​ភាពក្រីក្រ​នៅ​ស្ទើរតែ​គ្រប់ទីកន្លែង​ដែរ។

សង្រ្គាម​ប៉េឡូប៉ូនែស​បាន​ធ្វើ​ឲ្យ​ភាព​រុងរឿង​នៃ​មហាអំណាច​ក្រិក​ត្រូវ​បញ្ចប់​ជា​ស្ថាពរ ហើយ​មិនយូរ​ប៉ុន្មាន​ អតីត​មហាអំណាច​មួយនេះ​ក៏​​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​មហាអំណាច​ថ្មីមួយទៀត គឺ​អាណាចក្រ​ម៉ាសេដ្វាន (Macédoine) ដឹកនាំ​ដោយ​អធិរាជ​ដ៏ល្បីល្បាញ​មួយរូប គឺ Alexandre le Grand (តាមភាសា​អង់គ្លេស Alexander the Great)។

ម៉ាសេដ្វាន តាមពិតទៅ​ ក៏​​ជា​នគរ​មួយ ដែល​ទទួល​ឥទ្ធិពល​ពី​វប្បធម៌​ក្រិក​ដែរ ហើយ​បច្ចុប្បន្ន​នេះ ម៉ាសេដ្វាន គឺ​ជា​តំបន់​ស្វ័យ័ត​មួយ​របស់​ក្រិក​។ Alexandre ដែល​ជា​អធិរាជ​ដ៏ល្បីល្បាញ​​របស់​ម៉ាសេដ្វាន គឺ​ជា​កូនសិស្ស​របស់​អារីស្តូត ដែល​ជា​ទស្សនវិទូ​ក្រិក។

Alexandre le Grand ដែលមាន​វ័យត្រឹមតែ ២០ឆ្នាំ បាន​ឡើង​គ្រងរាជ​ជា​ស្តេច​របស់​ម៉ាសេដ្វាន ក្រោយ​ពី​ស្តេច​ហ្វីលីព ដែល​ជា​បិតា ត្រូវ​គេ​លបធ្វើ​ឃាត នៅ​ឆ្នាំ​៣៣៦​មុនគ.ស។ Alexandre គឺ​ជា​បញ្ញវន្ត​មួយរូប​ដែល​ពូកែ​ខាង​កំណាព្យ និង​ទស្សនវិជ្ជា ហើយ​ក៏​ជា​អ្នក​ជំនាញ​ខាង​ទ័ព​សេះ​ផងដែរ។ នៅ​ពេល​ឡើង​គ្រងរាជ​ភ្លាម បញ្ហា​ដែល​​ Alexandre le Grand ត្រូវ​ប្រឈមមុខ​មុនគេ គឺ​ការ​រកវិធី​បញ្ចប់​វិវាទ​ផ្ទៃក្នុង​ ដើម្បី​​បង្រួបបង្រួម​បុរីរដ្ឋ​ក្រិក​ឡើងវិញ ហើយ​វិធី​ដ៏ល្អបំផុត​ក្នុងការ​បង្រួបបង្រួម​គូប្រជែង​អស់ទាំងនេះ គឺ​ស្វែងរក​សត្រូវ​រួម​មួយ។ Alexandre le Grand ក៏​គិតឃើញ​គំនិត​មួយ គឺ​ប្រមែរប្រមូល​ទ័ព​ម៉ាសេដ្វាន រួម​ជាមួយ​នឹង​ទ័ព​ក្រិក​ទាំងអស់ ប្រកាស​សង្រ្គាម​ទល់​នឹង​អាណាចក្រ​ពែរស៍ ដើម្បី​ជា​ការ​សងសឹក ចំពោះ​អំពើ​ឈ្លានពាន​របស់​ពែរស៍​ ទៅលើ​ក្រិក កាល​ពី​មុន។

ដោយសារតែ​អាណាចក្រ​ពែរស៍​គឺ​ជា​សត្រូវ​ចាស់​របស់​ក្រិក ហើយ​​​ម៉ាសេដ្វាន គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្រិក កងទ័ព​ក្រិក​បាន​​ប្រមូល​គ្នា ចេញ​ទៅតាម​ Alexandre le Grand ក្នុង​ការ​ធ្វើ​​សង្រ្គាម​ទល់​នឹង​អាណាចក្រ​ពែរស៍ ដោយ​គេ​ចាត់ទុក​ថា​នេះ​គឺ​ជា​សង្រ្គាម ​​រវាង​ក្រិក និង​ពែរស៍។

ចេញ​ពី​ក្រិក កងទ័ព​របស់​ Alexandre le Grand បាន​វាយ​បំបាក់​កងទ័ព​របស់​អាណាចក្រ​ពែរស៍ នៅតួកគី ហើយ​បន្ទាប់មក​ វាយ​ចុះ​ទៅ​ទិស​ខាង​ត្បូង ចូលកាន់កាប់​​លីបង់ ស៊ីរី អ៊ីស្រាអែល អេហ្ស៊ីប បាប៊ីឡូន (អ៊ីរ៉ាក់) និង​ចុងក្រោយ​ ទឹកដី​ពែរស៍​ផ្ទាល់ (អ៊ីរ៉ង់)។ នៅ​ឆ្នាំ​៣៣១​មុន​គ.ស កងទ័ព​ពែរស៍ ដែល​នៅ​សេសសល់​ចុងក្រោយ​​ ត្រូវបាន​កងទ័ព​ Alexandre le Grand វាយ​កម្ទេច ​អាណាចក្រ​ពែរស៍​ត្រូវ​ដួលរលំ ហើយ​ Alexandre le Grand ក៏​ប្រកាស​ខ្លួន​ថា​ជា​អធិរាជ​របស់​ពិភពលោក។

អាណាចក្រ​ម៉ាសេដ្វាន ដែលដឹកនាំ​ដោយ​ Alexandre le Grand ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​អធិរាជ​របស់​ក្រិក​ដែរ​នោះ បាន​ជំនួស​អាណាចក្រ​ពែរស៍ ក្នុង​ឋានៈ​ជា​មហាអំណាច​ពិភពលោក គ្រប់គ្រង​ដែនដី​ ដែល​លាតសន្ធឹង​ចាប់តាំង​ពី​តំបន់​មេឌីទែរ៉ាណេ កាត់តាម​ដើមបូព៌ា​ រហូតដល់​អាស៊ី។ ក៏ប៉ុន្តែ Alexandre le Grand មិន​ស្កប់​ចិត្ត​តែ​ត្រឹមនោះទេ ដោយ​បាន​បែកគំនិត​មាន​មហិច្ឆតា​ថ្មីមួយទៀត គឺ​​ចង់វាតទី​គ្រប់គ្រង​ពិភពលោក​ទាំងមូល។

Alexandre le Grand បាន​​លើកទ័ព​ចេញ​ពីពែរស៍​វាយលុក​ឆ្ពោះទៅ​ទិសខាងកើត រហូតដល់​ឥណ្ឌា។ ក៏ប៉ុន្តែ ទៅដល់​​កន្លែង​មួយ ក្បែរ​ក្រុងញូវដេលីបច្ចុប្បន្ន Alexandre le Grand ត្រូវ​គាំង​ដំណើរ​ ទៅមុខ​ទៀត​លែង​បាន ដោយសារ​តែ​កងទ័ព​នាំគ្នា​ធ្វើ​កូដកម្ម​លែង​ប្រយុទ្ធ។ ទាហាន​ក្រិក​​ចាប់ផ្តើម​ធុញទ្រាន់​នឹង​សង្រ្គាម​​ ម្យ៉ាង គឺ​ដោយសារតែ​ពួកគេ​​បាន​ចាកចេញ​ឆ្ងាយ​​ពី​ស្រុក​កំណើត​អស់រយៈពេល ៩ឆ្នាំ​មកហើយ។ ម្យ៉ាងទៀត អាណាចក្រ​ពែរស៍ ដែល​ជា​គូសត្រូវ​របស់​ក្រិក​ និង​ដែល​ជា​គោលដៅ​ចម្បង​នៃ​ការ​ធ្វើ​សង្រ្គាម​នេះ ក៏​ត្រូវបាន​ពួកគេ​វាយ​កម្ទេច​​រួចហើយ​ដែរ។ ដូច្នេះ សម្រាប់​ពួកក្រិក វា​គ្មាន​ន័យអ្វី ដែល​ត្រូវ​ធ្វើ​សង្រ្គាម​វាតទី​តទៅមុខ​ទៀត​នោះទេ។

នៅពេល​ដែល​កងទ័ព​ឈប់​ស្តាប់​បញ្ជា លែង​ចង់​ធ្វើ​ដំណើរ​តទៅមុខទៀត Alexandre le Grand បាន​ត្រឹមតែ​ខឹង​សម្បារ តែ​ធ្វើ​អ្វី​មិន​កើត ក៏​សុខចិត្ត​ស្តាប់​តាម​ការទាមទារ​​របស់​កងទ័ព​ខ្លួន។ ពីសាច់រឿងនេះ គេ​អាច​ទាញ​បាន​មេរៀន​ដ៏សំខាន់​មួយ​ថា គ្រប់អំណាច​ទាំងអស់ មាន​មូលដ្ឋាន​គ្រឹះ នៅលើ​​ការព្រមព្រៀង​ស្តាប់​បង្គាប់​របស់​រាស្រ្ត មិនថា ក្នុង​របប​ផ្តាច់ការ ឬ​របប​ប្រជាធិបតេយ្យ​នោះទេ។ នៅពេល​ដែល​រាស្រ្ត​លែង​ស្តាប់​បង្គាប់ ទោះបី​ជា​អំណាច​ផ្តាច់ការ ឬអំណាច​យោធា ​ក៏​ត្រូវ​តែ​ដួលរលំ​ដែរ។

រូបចម្លាក់​ Alexandre le Grand នៅលើ​មឈូស​មួយ ដែល​គេ​រកឃើញ នៅ​ក្នុង​ប្រទេស​លីបង់ ហើយ​បច្ចុប្បន្ន​រក្សា​ទុក​ក្នុង​សារមន្ទីរ​នៅ​តួកគី

ដោយ​គ្មាន​ជម្រើស Alexandre le Grand ក៏​បាន​ដក​កងទ័ព​ចេញ​ពី​ឥណ្ឌា ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ក្រោយវិញ ទៅដល់​បាប៊ីឡូន ទី​ដែល​ព្រះអង្គ​ចង់​តាំង​រាជធានី សម្រាប់​អាណាចក្រ​របស់​ព្រះអង្គ គឺ​រាជធានី​របស់​ពិភពលោក។ ក៏ប៉ុន្តែ នៅឆ្នាំ​៣២៣​មុនគ.ស ក្រោយ​ពី​គ្រងរាជ្យ​បាន​តែ ១៣ឆ្នាំ​ Alexandre le Grand បាន​ចូល​ទិវង្គត ក្នុងវ័យ ៣២ឆ្នាំ។ មូលហេតុ​នៃ​ការ​ស្លាប់​នេះ ត្រូវបាន​គេ​យល់​ឃើញ​ផ្សេងៗ​ពី​គ្នា ខ្លះ​ថា​​​មក​ពី​ការ​ផឹកស្រា​ច្រើន​ហួសហេតុ​​ ឬ​ក៏ដោយសារ​តែ​មាន​គេ​ដាក់​ថ្នាំបំពុល​ក្នុងស្រា ហើយ​ខ្លះ​ទៀត​ថា មក​ពី​ជំងឺ​គ្រុនចាញ់ ឬ​ជំងឺ​គ្រុនពោះវៀន។ សាកសព​របស់​ Alexandre le Grand ត្រូវ​បាន​គេ​ដង្ហែ​យក​ទៅ​បញ្ចុះ នៅ​អេហ្ស៊ីប ក្នុង​ទីក្រុងមួយ​ដែល​យក​ឈ្មោះ​តាម Alexandre le Grand គឺ​ទីក្រុង​អាឡិចសង់ឌ្រី (Alexandrie)។

ជាង ១០ឆ្នាំ ក្រោមការ​ដឹកនាំ​របស់​ Alexandre le Grand ម៉ាសេដ្វាន និង​ក្រិក បាន​ស្គាល់​នូវ​ភាព​រុងរឿង ក្នុងឋានៈ​ជា​មហាអំណាច​ពិភពលោក ដែល​គ្រប់គ្រង​ផ្ទៃដី​លាតសន្ធឹង​ជាង ៥លាន​​គីឡូម៉ែត្រក្រឡា ហើយ​វប្បធម៌ និង​អរិយធម៌​ក្រិក​បាន​ជះឥទ្ធិពល​​ទៅ​គ្រប់​ទីកន្លែង ចាប់តាំង​ពី​​អឺរ៉ុប និង​មេឌីទែរ៉ាណេ រហូតដល់​ឥណ្ឌា។ មានតែ​ចិន​មួយប៉ុណ្ណោះ ដែល​មិន​ទទួល​ឥទ្ធិពល​ពី​ក្រិក។

ក៏ប៉ុន្តែ នៅក្រោយ​ពេល​ដែល Alexandre le Grand ចូល​ទិវង្គត ដោយសារតែ​ការ​ឈ្លោះ​ដណ្តើម​រាជបល្ល័ង្ក​ រវាង​មេទ័ពកំពូលៗ អាណាចក្រ​ម៉ាសេដ្វាន ក៏​ត្រូវ​បាក់បែក​គ្នា ហើយ​នៅ​ឆ្នាំ​២៨១​មុនគ.ស ក្រោយ​ពី​មាន​សង្រ្គាម​ដណ្តើម​រាជបល្ល័ង្ក​​​អស់រយៈពេល ៤០ឆ្នាំ អាណាចក្រ​របស់ Alexandre le Grand ក៏​ត្រូវ​ពុះ​ជាបួន​ចំណែក បង្កើតទៅជា​អាណាចក្រ​បួនផ្សេងគ្នា ​នៅ​អេហ្ស៊ីប នៅ​បាប៊ីឡូន ​នៅ​ក្រិក និង​នៅ​ម៉ាសេដ្វាន៕

ប្រភព៖ RFI l សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here