រឿងរ៉ាវទាក់ទងនឹងប្រវត្តិបក្សីចាំក្រុង

1
276

កាលដែលព្រះបាទស័ង្ខចក្រ ឬស្ដេចគំលង់ ព្រះមហាក្សត្រខ្មែរទី១៥ ចូលទីវង្គត ព្រះចក្រព័ត្រ ព្រះរាជបុត្រព្រះអង្គ បានឡើង​សោយ​រាជ្យ​សម្បត្ដិ​ប្រ​ទេស​កម្ពុជា​ជា​បន្ដពីព្រះបិតា។ ព្រះអង្គមានព្រះជន្ម ២១វស្សា។ ពិធីអភិសេកព្រះចក្រព័ត្រ ជាព្រះមហា​ក្សត្រ បាន​ប្រា​រព្ធ​យ៉ាង​ ឱ​ឡា​រិក នៅ​ថ្ងៃ​ ៣​កើត ខែចេត្រ ឆ្នាំវក ព.ស.១៥១៦, ត្រូវជា ម.ស.៨៩៤ ច.ស. ៣៣៤ និង ត្រូវជា គ.ស.៩៧២ ព្រះអង្គជា​ស្ដេច​ខ្មែរ​ទី​១៦ ហើយ​ មាន​ព្រះ​រម​នាម​ព្រះ​បាទ​សម្ដេច​ព្រះ​ចក្រព័ត្រាធិរាជ បរមបព័ត្រ។ ព្រះអង្គគង់ និង មានបរមរាជវាំង នៅមហានគរដដែល។

ព្រះបាទចក្រព័ត្រមានព្រះរាជបុត្រពីរព្រះអង្គ។ បុត្រច្បងព្រះនាមបទុមកុមារ ប្រសូត្រនៅឆ្នាំឆ្លូវ។ ព្រះរាជបុត្របន្ទាប់ ព្រះ​នាម​សិរី​កុមារ​ ប្រ​សូត​នៅ​ឆ្នាំ​រកា ច.ស.​៣៥៩​។ ជាមួយគ្នានោះអ្នកម្នាងកែវ មហេសីមួយទៀតរបស់ព្រះចក្រព័ត្រ ក៏មានគភ៌ដែរ គឺនៅ​ក្នុង​ឆ្នាំ​ជូត ព.ស. ១៥៤៤ ត្រូវ​ជា​គ.ស.១០០០។

ដំបងគ្រញូង

សម័យមួយ ព្រះរាជាបានចេញបញ្ជាអោយនាម៉ឺនមុខមន្រ្ដីកេណ្ឌប្រជានុរាស្រ្ដ គ្រប់ខេត្ដខ័ណ្ឌសំរាប់យកមកកាប់​ឈើ សាង​សង់​ព្រះ​បរម​ រាជ​វាំង និង បាច​ទឹក​សំ​អាតស្រះអូរប្រលាយតូចធំក្នុងព្រះនគរ។ ព្រឹត្ដិការណ៍កំណែននេះ បានធ្វើអោ យប្រជាជនខ្មែរទាំង​ស្រី​ទាំង​ប្រុស​ ខឹង​សំ​បា​ក្ដៅ​ក្រហាយ​គ្រប់​ៗគ្នា។ ដោយសារខ្លាចអំណាចស្ដេច ខ្លាចទទួលទោសពៃ ម្នាក់ៗចេះតែខំខាំមាត់សង្កត់ធ្មេញគោរព​ធ្វើ​តាម​តែ​បញ្ជា​។

ក្នុងចំណោមប្រជាជនកំណែនទាំងនោះ មានបុរសកំលោះម្នាក់ មាឌមាំធំសំបុរ​ខ្មៅ ឈ្មោះ​នាយ​ គ្រ​ញូង​។ ថ្ងៃ​មួយ នាយ​ញូងត្រូវដល់វេននៅចាំជុំរុំ ហើយមានភារកិច្ចដាំស្លចំអិន​ម្ហូប​អា​ហារ​សំរាប់​ ក្រុម​កំណែន​ឯ​ទៀត​ដែលចេញទៅបំពេញការងារ។ ដាំបាយឆ្អិនកាលណា នាយ​ញូង រក​អ្វី​មក​ជ្រួយ​បាយ​មិន​បាន នាយ​ងាកឆ្វេងងាកស្ដាំ ស្រាប់តែក្រលេកទៅប្រះឃើញមែក​ដើម​រកា​ខ្មៅ នាយ​ក៏​ឈោង​ចាប់​យក​មែកដើមរកាខ្មៅនោះ មកជ្រួយបាយ។ រំពេចភ្លាមនោះ បាយស​ស្គុស​ក៏​ប្រែ​ពណ៌​ ទៅ​ជា​ខ្មៅ​។ ដោយ​ក្ដីហេវហត់ និង ឃ្លានផង នាយញូងក៏កាយញាត់ៗ បរិភោគ​បាយ​ពណ៌​ខ្មៅ​នោះ​ ទាល់​តែ​អស់​រលីង​ពី​ខ្ទះ។ បន្ទាប់មក នាយញូងក៏ចាប់ផ្ដើមដាំបាយថ្មីសំរាប់សមា​ជិក​កំណែន​ឯ​ទៀត​។​ តែ​ម្ដង​នេះ​ដល់​នាយ​រក​មែក ឈើដើមរកាខ្មៅនោះមកជ្រួយបាយ ស្រាប់តែ​មែក​នោះ​បាត់​ស្រ​មោល​ រក​មិន​ឃើញ មែក​ដើមរកាខ្មៅដែលបាត់ទៅ នោះគេមិនដឹងឡើយថា ជាអន្ដរា​គមន៍​ទេព​តា ឬ​ខ្មោច​ អារក្ស​ យក​មក​ដាក់ ហើយលាក់បំបាំងយកទៅវិញ? ពង្សាវតារ វត្ដទឹកវិល ក្នុង​ស្រុក​ស្អាង​ខេត្ដ​ កណ្ដាល​បាន​កត់​ត្រាទុកមកថា ដោយគុណបុណ្យបារមីនាយញូងត្រូវឡើងធ្វើ​ជា​ស្ដេច ទើប​បាន​ជា​ ទេវ​តា​ចុះ​មក​ជប់​បណ្ដុះ​អោយ​មានដើមរកាខ្មៅ ដុះនៅចំកណ្ដាលកន្លែងដែលពួក​កំណែន​របស់​នាយ​ បោះ​ជំរុំ​តាំង​ទី​។ ហើយ​នាយ​ញូងធ្លាប់បានបង្គាប់អោយកូនចៅក្រោមបង្គាប់ កាប់ដើមរកានោះធ្វើ​ជា​អុស​ដុត​។ នៅ​សល់​តែ​ខ្លឹម​ដើម​រកា​ខ្មៅ ​ទេ ដែល​គេ​មិន​ទាន់​ដុត ហេតុ​ដូច្នេះហើយបានជានៅពេលខ្លះវែកជ្រួយបាយ នាយញូង លូកដៃចាប់យក ខ្លឹមរកា​ខ្មៅ​។ គ្រា​នោះ​នាយ​ញូង​អាយុ​ ២១​ ឆ្នាំ។

គ្រាន់តែបរិភោគបាយនោះឆ្អែត នាយញូងក៏ចាប់ផ្ដើមមានកម្លាំងខ្លាំងក្លា កើនឡើងប្រឹសៗ ជាលំដាប់ ដោយមិនដឹងខ្លួន។ គឺនៅ​ពេល​ដែល​ នាយ​ញូង​ចាប់​ទាញ​ពត់​មែកដើមឈើទាល យកមកដាក់ព្យួរសង្រែកបាយ ទើបនាយដឹងថាមាន កំលាំងខ្លាំងអស្ចារ្យស្មើ​នឹង​ដំរី​សារ​ប្រាំ​ពីរ​។​ នាយ​ញូង​អាច​ពត់​កាច់ និង ដកដើមឈើទាលបានយ៉ាងស្រួលមិនបាច់ខំ។ ក្រុមកំណែនទាំងអស់កាលបើបានឃើញមហិទ្ធិ​រិទ្ធិ​បារមី​នាយ​ញូង​ ក៏​នាំ​គ្នា​បាក់​បប​ខ្លប​ខ្លាច កោតស្ញប់ស្ញែង គោរពបូជាទុកជាអ្នកមានបុណ្យ។ ម្នាក់ៗ យល់ និង ជឿថានាយញូងជាតួ​អង្គ​ព្រះ​បាទ​ធម្មិក ដែល​ យាង​ចុះ​មក​ចាប់​កំណើត​ជាមនុស្សលោក ដើម្បីស្រោចស្រង់ និង លើកស្ទួយដង្ហែព្រះពុទ្ធសាសនា។ ប្រជាជនកំណែន​ទាំង​នោះ​នាំ​គ្នា​សុំ​ចុះ​ ចូល បំរើ​នាយ​ញូង ហើយសុំតែងតាំងអោយឡើងធ្វើជាស្ដេច។

នាយញូងមានដើមកំណើតនៅ ស្រុកសួនមង្ឃុតឳពុកឈ្មោះសួន ម្ដាយឈ្មោះសែន មុននឹងនាយញូងមកទំពោះម្ដាយ បុរស​ជា​ឳពុក​បាន​សុ​បិន​ឃើញ​ព្រះ​កាល(១) យកដាវមកហុចប្រគល់អោយ។ លោកគ្រូចៅអធិការវត្ដភ្នំ បានទស្សន៍ទាយថា ប្ដីប្រពន្ធ​គាត់​នឹង​បាន​កូន​ប្រុស​។​ កូន​ប្រុស​នោះ​នឹង​បាន​ឡើងសោយរាជ្យ តែមិនបានអាយុវែងទេ។ នៅពេលដែលគាត់មានផ្ទៃពោះ នាងសែនតែងចង់​បរិ​ភោគ​ប្រ​មាត់​ដី​(២) នាយ​សួន​ជា​ប្ដី​តែង​តែ​ទៅកាត់បះយកមកចំអិន ធ្វើអាហារអោយប្រពន្ធបរិភោគតាមចំណង់ជាប្រក្រតី។ គ្រប់ថ្ងៃខែពេល​វេលា​កាល​ណា ថ្ងៃ​ ៦​កើត ខែ​ពិសាខ ឆ្នាំ​ថោះ​ព.ស ១១៥៤ និង ត្រូវជា គ.ស៦១២ នាងសែន សំរាលបានកូនប្រុសមួយឈ្មោះញូង។ ទារក​នោះ​មាន​សំបុរ​ខ្មៅ ស្រ​អែម​ស្វាយ ដែល​ជា​ហេតុ​នាំ​អោយម្ដាយឳពុកដាក់ឈ្មោះថា «អាញូង» ធំបន្ដិចនាយញូងបានទៅរៀនសូត្រស្វាធ្យាយ នៅ​វត្ដ​ភ្នំ​ជា​មួយ​នឹង​ លោក​គ្រូ​ចៅ​អធិការ។

ក្នុងឆ្នាំដែលព្រះមហាក្សត្រតំរូវអោយកេណ្ឌកៀរប្រជារាស្រ្ដមកកាប់ឈើ ជញ្ជូនថ្ម នាយញូងត្រូវបានចៅហ្វាយខេត្ដ ចាត់​អោយ​ធ្វើ​ជា​មេ​ រយ​ពួក​កំណែន ហើយ​បញ្ជូទៅបំពេញការងារឯមហានគរ។ នាយត្រូវគេបង្គាប់អោយទៅកាប់ឈើ និង ជញ្ជូនថ្មនៅជើង​ភ្នំ​ដង​រែក ក្រុម​កំ​ណែន​ខ្លះ​ទៀត​ក៏​មាន​ទៅធ្វើការឯភ្នំគូលែនដែរ។

នៅពេលដែលនាយញូងកំពុងតែមានកំលាំងកើនមហិមាដូចដំរីសារទាំងប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញ មក​យ៉ាង​អស្ចារ្យ​។​ នាយ​ញូង​រើស​យក​ដំបងនោះមកធ្វើជាអាវុធ គឺជាដំបងឈើគ្រញូង មានប្រវែងប្រាំហត្ថមួយចំអាម នាយញូងចាប់​យក​ដំបង​គ្រញូង​មក​គ្រវី​វិល​ញាប់​ស្មេ​ ដូច​កង​ចក្រ ហើយនាយក៏អាចហក់លោតបានកំពស់ដល់ទៅ១៥ ហត្ថដែរ។ មនុស្សម្នាទាំងឡាយដែលបាន​ឃើញ​​រិទ្ធិ​ចេស្ដា​នាយ​ញូង​ខ្លាំង​អស្ចារ្យ​ដូច្នេះ បាន​នាំគ្នាដាក់ឈ្មោះអោយថា «ដំបងគ្រញូង» ជាប់រៀងរហូតមក។ ដឹងច្បាស់ថាខ្លួនមាន​កំលាំង​ខ្លាំង​ក្លា​ពូ​កែ​លើស​អស់​មនុស្ស​ធម្ម​តា ហើយមានរិទ្ធបុណ្យអំណាច នាយញូងក៏ចាប់ផ្ដើមបែកគំនិត ចង់សោយរាជ្យធ្វើជាស្ដេច ដូច​ដែល​ក្រុម​ជន​កំណែន​បាន​ស្នើ​សុំ​។ នាយ​ញូង ស្រែក​ប្រកាស​ប្រាប់ពួកកំណែនទាំងអស់ អោយឈប់កាប់ឈើដែលសំរាប់យកទៅសង់ព្រះរាជ​វាំង​ស្ដេច​។ ក្រុម​កំណែន​ទាំង​អស់​ត្រូវ​កាប់​ឈើ​ធ្វើ​ដំបងព្រនង់ នាំគ្នាប្រដាប់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញស្នា ហើយនាំគ្នារៀប​ចំ​ហ្វិក​ហ្វឺន​ជា​កង​ទ័ព ដើម្បី​ចេញ​ដំណើរ​ទ័ព​ទៅ​វាយវាំងប្រហារស្ដេចក្រព័ត្រ។ ប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមី ដើរតាមដំបងគ្រញូង។ ដូច្នេះ​គេ​អាច​រួច​ពី​កំ​ណែន លែង​ហត់​នឿយ​កាប់ឈើជញ្ជូនថ្មបំរើស្ដេចទៀត។

ដំបងគ្រញូងលើកទ័ព ១០ម៉ឺននាក់ច្បាំងលោមព័ទ្ធព្រះមហានគរ(៣) ព្រះមហាក្សត្រព្រះចក្រព័ត្រ គ្រានោះដែលកំពុង តែ​មាន​ជំងឺ​រោ​គា​ ព្យា​ធិ​ជា​ទំងន់​ បាន​ចែកទ័ពជាពីរអោយចេញទៅទប់ទល់ នឹងដំបងគ្រញូង។ ទ័ពផ្នែកទីមួយត្រូវចេញទៅក្រៅទីក្រុង វាយ​ប្រ​យុទ្ធ​ប្រ​ឈម​មុខ​ ផ្ទាល់ នឹង​ស​ត្រូវ ឯ​ទ័ព​ផ្នែកទីពីរវិញត្រូវនៅប្រចាំការ ការពាររាជធានី ការបះទង្គិចរាំងជលគ្នារវាងកងទ័ពទាំងពីរមាន​ស​ភាព​ខ្លាំង​ក្លា​គួរ​អោយ​ រន្ធត់​។ ទា​ហាន​ពល​សេនាទាំងសងខាងស្លាប់ និង របួសជាច្រើនមីដេរដាស។ ប៉ុន្ដែមិនយូរប៉ុន្មានទ័ពដំបងគ្រញូងក៏ចាប់​ផ្ដើម​មាន​ប្រៀប​ជាង​ ហើយ​ក៏​យក​បាន​ជោគ​ជ័យកំទេចអស់ទ័ពទី១ របស់ស្ដេច។ ដំបងគ្រញូងវាយសំរុករុលតទៅមុខទៀត រហូតដល់ទៅព័ទ្ធ​ជុំ​ជិត​ព្រះ​មហា​នគរ​។​ ខាង​ព្រះ​មហា​ក្សត្រ នៅ​សល់​តែកងទ័ពទុកសំរាប់ការពារទីក្រុងតែប៉ុណ្ណោះ។ ទោះបីដូច្នេះក៏ដោយ ក៏កងទ័ពរបស់​ដំបង​គ្រញូង នៅ​តែ​ពុំ​ទាន់​ វាយ​ដណ្ដើម​យក​រាជ​ធានីបានជ័យជំនះផ្ដាច់ព្រ័តទៀត ក្នុងអោកាសនោះ ដំបងគ្រញូងចាត់ពលសេនាគ្រប់រូប អោយ​ប្រដាប់​មាន​ជាប់​នឹង​ខ្លួន​ នូវ​ចន្លុះ និង​ជ័រ​ឈើ យប់​ជ្រៅកណ្ដាលអទ្រាធឈានចូលមកដល់កាលណា ដំបងក្រញូងក៏បញ្ជាអោយរេហ៍ពលទាំង​អស់​វាយ​ប្រហារ​សន្ធប់​ សន្ធាប់​យ៉ាង​គគ្រឹក​គគ្រេង ដាក់ជណ្ដើរលោតផ្លោះឡើងកំផែងមហានគរយ៉ារហ័យរហួន ហើយចាក់ស្រោចស្រប់​គប់​ដុត​ជ័រ​ឈើ​បោះ​ចូល​ទៅ ​លើ​ផ្ទះ​សំបែង​ក្នុង​បរិ​វេណក្រុង មិនយូរប៉ុន្មាន កងទ័ពព្រៃរបស់ដំបងគ្រញូងក៏វាយកំទេចទ្វារមហានគរបានដោយជោគ​ជ័យ ហើយ​ក៏​រត់​ស្រ សំរុក​ចូល​វាយ​លុក រុលប្រហារកាប់ចាក់សំលាប់យ៉ាងសាហាវឥតត្រាប្រណី កងទ័ពព្រះរាជា និង ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ទាំង​ស្រី​ទាំង​ប្រុស​ ទាំង​ចាស់​ទាំង​ក្មេង​។ គ្រានោះ ព្រះមហាក្សត្រព្រះចក្រព័ត្រ ដែលកំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងផ្ទំនៅលើព្រះទែន កាល​បើ​លឺ​សូរ​អាវុធ​បះ​ទង្គិច​ ​គ្នា លឺ​សូរ​ភ្លើង​កំពុង​ឆាប​ឆេះព្រះបរមរាជវាំង លឺសូរសំលេងសំរែកហ៊ោកញ្ជ្រៀវអឹងកង លាយលំទៅដោយការយំ​យែក​ស្រែក​ឈឺ​ចុក​ចាប់​ ព្រះ​អង្គ​ខំ​ប្រឹង​ងើប​ឈរ ដកព្រះខ័នរកចេញទៅតស៊ូតែព្រះអង្គត្រូវ ដួលធ្លាក់មកលើព្រះក្រលាបន្ទំសុគតក្នុងគ្រានោះទៅ។

ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី១៦ បានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម ៤៩​វស្សា​។ ព្រះ​អង្គ​ សោយ​រាជ្យ​បាន​ ២៩​ឆ្នាំ​។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ដំបងគ្រញួង កាលបានជ័យជំនះត្រួតត្រានគរហើយ បាន​រៀប​ចំ​ធ្វើ​បុណ្យ​បូជា​ ព្រះ​សព​ព្រះ​ចក្រ​ព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះតម្កល់ទុកឯភ្នំក្រោម។

ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស.១៥៤៥, ត្រូវជា ម.ស.៩២៣ និង គ.ស១០០១ ដំបងគ្រញូង កូនរាស្រ្ដសាមញ្ញ​ដែល​ជា ពូជ​ចេញ​មក​ពី​ ស្រ​ទាប់​ប្រ​ជា​កសិករ បាន​ទទួល​អភិសេកឡើងសោយរាជ្យសម្បត្ដិប្រទេសកម្ពុជា។ ដំបងគ្រញូង ក្លាយទៅជាស្ដេចខ្មែរ​ទី​១៧ បន្ទាប់​ពី​ព្រះ​ បាទ​ចក្រ​ព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោតម្ដ អមរទេវរាជ។

គ្រាន់តែបានជ័យជំនះ កាន់អំណាច និង សោយរាជ្យភ្លាម ស្ដេចដំបងគ្រញូងមិនបង្អង់ទុកអោយព្រះរាជវង្សព្រះ​មហា​ក្សត្រមុន​បាន​សុខ​ ឡើយ​។ ព្រះ​អង្គ​ចេញ​បញ្ជា​ទៅ​គ្រប់មន្រ្ដីពលសេនានៅតាមស្រុកភូមិតំបន់នានា ក្នុងព្រះរាជណាចក្រ អោយដើរ​ស្រាវ​ជ្រាវ​ឆែក​ឆេរ រក​ ចាប់​ចង​ឃុំ​ឃាំង​សមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសំលាប់ចោល ទាំងអស់ដោយដុតក្នុងភ្លើងទាំងរស់។

ពញាក្រែក ឬ ព្រហ្មកិល

កាលនោះព្រះបទុមកុមារ បុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែបានអាយុ ១៣វស្សាភ័យភិត​អិត​ឧបមា ហើយ​បាន​គេច​លួច​រត់​ផុត​ពី​ កណ្ដាប់​ដៃ​ពួក​ស្ដេច​ដំបង​គ្រញូង ព្រះអង្គបានទៅសាងផ្នួសជាសង្ឃក្នុងព្រៃភ្នំក្រមថ្ម ចាប់តាំងពីថ្ងៃនោះមក គេបានដឹង​ថា​ព្រះ​អង្គ​មិន​ដែល​ទាក់​ ទង​ ឬ​និមន្ដ​ចេញ​ចូល​ស្រុក​ភូមិ​អ្នក​ស្រុកឡើយ គេបានដឹងទៀតថា ព្រះអង្គបានរៀនចេះចងចាំគ្រប់សិស្ប៍សាស្រ្ដ វេទ​មន្ដ​វិជ្ជា​ការ​ខ្លាំង​ពូកែ ​អស្ចារ្យ​។

ចំណែកព្រះរាជបុត្រទី២ ព្រះសិរិកុមារ៤ ដែលទើបតែបានព្រះជន្ម៥វស្សា ជា​មួយ​នឹង​មេ​ដោះ ​ខំ​រត់​ពួន​គេច​វាង​យក​រួច​ខ្លួន​ដែរ តែរត់មិនផុត ត្រូវក្រុមសេនាដំបង​គ្រញូង​ចាប់​បាន ព្រះ​សិរិ​កុមារ​ ត្រូវ​ពល​សេនា​ទាំង​នោះ ចាប់​ក្រវាត់បោះចូលទៅក្នុងភ្នក់ភ្លើងដុតសំលាប់នាកាល​នោះ ពេល​ល្ងាច​ព្រលប់​យប់​ងងិត​ទៅហើយ ហេតុតែសំណាងបុណ្យបារមីមកជួយទាន់ ស្រាប់តែ​ពល​ទាហាន​មួយ​ ក្រុម​មក​ដល់ មើល​ឃើញ​ប្រទះនឹងភ្នែក ក៏កើតមានចិត្ដសង្វេគអាណិតអាសូរ នាំ​គ្នា​លួច​ទាញ​អូស​ ព្រះ​សិរិ​កុមារ​ចេញ​ពីភ្លើងយកមកលាក់ទុកក្នុងគុម្ពោតព្រៃ ហើយក៏នាំគ្នារត់បាត់​ទៅ​។ ព្រះ​អង្គ​មិន​ សុគត​ទេ គ្រាន់​តែ​ត្រូវ​ភ្លើងឆាបឆេះ រលេះរលួយ មានដំបៅស្លាកស្នាមពាស​ពេញ​រាង​កាយ​តែ​ ​ប៉ុណ្ណោះ​។

បន្ទាប់មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្ដកាត់មកតាមនោះ​ទៀត បាន​យល់​បាន​ឃើញ​ ព្រះ​សិរិ​កុមារ​ក្នុង​សភាព ដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃក៏កើតមានចិត្ដមេត្ដា​ករុណា​ រើស​យក​ ទៅ​ចិញ្ចឹម​បី​បាច់​ថែរ​ក្សា។ អស់កាលយូរបន្ដិចមក ដំបៅរាជកុមារក៏បានជាសះស្បើយ។ តែដៃជើងរបស់ព្រះអង្គត្រូវឡើង​ក្រញើង​ក្រញង់​រួញ​ ជាប់​គ្នា​រក​ងើប​ដើរ​មិន​កើត ដើម្បី នឹងធ្វើចលនាទៅមុខទៅក្រោយ ទៅឆ្វេងទៅស្ដាំ ព្រះអង្គត្រូវតែខំប្រឹងរំកិលដោយ​គូថ ហេតុ​នោះ​ហើយ​ ​បាន​ជា​អ្នក​ផង​ទាំង​ពួង​ដាក់ឈ្មោះអោយថា ព្រហ្មកិល អ្នកខ្លះទៀតនិយមហៅថា ពញាក្រែក។

នឹងអធិប្បាយនិយាយពីស្ដេចដំបងគ្រញូង ក្សត្រខ្មែរទី១៧វិញ ព្រះអង្គសោយរាជ្យបាន៧ឆ្នាំ ៧ខែហើយ។ ថ្ងៃមួយ ព្រះអង្គ​កោះ​ហៅ​ព្រះ រាជ​ហោរា​ មក​ទស្សន៍​ទាយមើលជតារាសីរបស់ព្រះអង្គ។ ព្រះអង្គចង់ដឹង តើមានអ្នកមានបុណ្យណា មួយអាចមក​ដណ្ដើម​រាជ្យ​ពី​ព្រះ​អង្គ​ឬ​ ​ទេ​? ហោរា​វាយ​លេខ​អត្ដ​គន់​គូរបូកសងចែកចុះឡើង មើលទៅឃើញថា ព្រះអង្គ ដំបងគ្រញូង សោយរាជ្យសម្បត្ដិ​ប្រទេស​កម្ពុជា​បាន​តែ​៧ ​ឆ្នាំ ៧​ខែ និង​៧​ថ្ងៃ​ប៉ុណ្ណោះ​។ ដូច្នេះនៅ ៧ថ្ងៃទៀតព្រះអង្គ នឹងត្រូវអស់បុណ្យ។ ពេលនោះអ្នកមានបុណ្យនឹងចេញមក​ដណ្ដើម​យក​រាជ​សម្បត្ដិ​ ជា​មិន​ខាន​។

លឺសូរហោរាទស្សន៍ទាយដូច្នេះ ស្ដេចដំបងគ្រញូងនឹកគិតថា បើអ្នកមានបុណ្យនោះចេញមកមែន យើង នឹងយក​ដំបង​គ្រញូង​យើង​គប់​ វាយ​អោយ​ខ្ទេច​ខ្មត់​តែ​ម្ដង។ បើយើងវាយកំទេចយកជ័យជំនះមិនបានទេ នោះយើង នឹងសុំចុះចាញ់ ហើយយើង នឹង​លើក​រាជ​បល្ល័ង្គ​ថ្វាយ​ ភ្លាម ដើម្បី​ជៀស​វាង​កុំ​អោយ​កើតមានសង្រ្គាម កាប់ចាក់បង្ហូរឈាមគ្នា ដូច្នេះប្រទេសខ្មែរក៏មិនរងទុក្ខទោសវេទនាព្រាត់​ប្រាស មាន​កម្ម​ពៀរ​ វេ​រារ​ដោយ​សារ​រូប​យើងដែរ ឯរូបយើងសោតក៏ គ្មានជាប់ជំពាក់កម្មពៀរវេរារ នឹងបណ្ដាជនខ្មែរ ហើយយើងក៏គ្មានអ្នកណា​ដាក់​ទោស​កំហុស​ ផ្ទាន់​ទា​ទៅ​ជេរ​ប្រទេចផ្ដាសា​ត​កូន​ត​ចៅ​រៀង​រហូតទៅដែរ។

ដំណឹងទស្សន៍ទាយបានលេចលឺជ្រួតជ្រាប ទៅដល់ប្រជានុរាស្រ្ដគ្រប់ទិសទី ថ្ងៃទី៧មកដល់កាលណា មនុស្សម្នាអ្នក​ស្រុក​អ្នក​ភូមិ​ពី​គ្រប់​ តំ​បន់​ជិត​ឆ្ងាយ​ នាំគ្នាមកមហានគរ ជួបជុំកុះករកកកុញទ្រហឹងអឺងកង រង់ចាំមើលអ្នកមានបុណ្យ។ ពញាក្រែក ឬ ព្រហ្ម​កិល ចង់​ទៅ​ទី​ក្រុង​ ​ដែរ ហើយ​ក៏​សុំ​សេចក្ដី​អនុញ្ញាត​ពីព្រះសង្ឃ ដើម្បីទៅរង់ចាំមើលអ្នកមានបុណ្យ នឹងគេដែរ។ កាលនោះ ព្រហ្មកិល​អាយុ​បាន​១៧ ឆ្នាំ​(៥)​ នាយ​ ខំ​ប្រឹង​រំកិល​ចែវ​គាស់​លើដីអូសគូថ ធ្វើដំណើរយ៉ាងសែនត្រដាបត្រដួសតាមផ្លូវឆ្ពោះទៅមហានគរ។ ព្រហ្មកិលមានជំនឿ និង​សង្ឃឹម​ថា ​បើ​ មាន​អ្នក​មាន​បុណ្យ​ចេញ​មកមែនអ្នក ដែលមានជំងឺរោគាព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិនមុខជាជាសះស្បើយ មើលឃើញ ដើរ​រួច​ដូច​ដើម​ជា​ មិន​ខាន​។

ពញាក្រែក ឬ ព្រហ្មកិល បានរំកិលគូថទៅដល់ខាងជើងមហានគរ ហើយក៏ឈប់សំរាកក្រោមដើមពោធិធំមួយក្បែរ មាត់​ស្រះ​ជិត​នោះ​ រង់​ចាំ​ទទួល​អ្នក​មាន​បុណ្យ ក្នុងគ្រានោះស្រាប់តែមានព្រាហ្មណ៍ចាស់ម្នាក់ ស្ពាយបង្វិចមួយធំ មានកញ្ចាប់បាយសំណុំ និង បំពង់​ទឹក​ផង​ ដឹក​ សេះ​ដើរ​តំរង់​ទៅ​រកព្រហ្មកិល តាព្រាហ្មណ៍ក៏សុំផ្ញើសេះ និង អីវ៉ាន់ផ្សេងៗ ជាមួយព្រហ្មកិលពីព្រោះគាត់ត្រូវទៅមើល​អ្នក​មាន​បុណ្យ គាត់​ និយាយ​ថា «ព្រហ្ម​កិល​ដែលដើរមិនរួច បើទៅមើលអ្នកមានបុណ្យក៏មើលមិនឃើញដែរ ហើយអាចមានគ្រោះថ្នាក់​ត្រូវ​គេ​ដើរ​ជាន់​ស្លាប់​ ទៀត» គាត់​សន្យា​ថា «បើឃ្លានបាយ ឬ ស្រេកទឹក ពញាក្រែក ឬ ព្រហ្មកិល អាចយកបាយសំណុំ និង ទឹកបំពង់​របស់​គាត់​ស្រស់​ស្រូប​ចំអែត​ កាយ​បាន»​។

ពញាក្រែកពោលតបទៅវិញថា «ខ្លួនខ្វិនខ្វង់ផង ធ្វើដូចម្ដេច នឹងអាចមើលសេះកើត សេះនោះវាអាចនឹងរត់បាត់» តែ​ព្រាហ្មណ៍​ចាស់​មាន​ ប្រ​សាសន៍​ឆ្លើយ​ថា «មិន​អី​ទេ! គាត់​ទៅតែមួយភ្លែតទេ! គាត់នឹងវិលមកវិញឥឡូវហើយ!» និយាយចប់កាលណា លោក​តា​ព្រាហ្មណ៍​ចាស់​ នោះ​ក៏​យក​បង្ហៀរ​សេះ​ទៅ​ដាក់លើដៃព្រហ្មកិល។ ឯបង្វេចធំគាត់យកទៅដាក់ ជិតព្រហ្មកិល។ បន្ទាប់មកតាព្រាហ្ម​ចាស់​ក៏​ដើរ​ចេញ​បាត់​ទៅ​ ពង្សាវ​តារ​ផ្សេង​ៗ​បាន​បញ្ជាក់​ថា តាព្រាហ្មនេះ គ្មាននរណាក្រៅអំពីព្រះឥន្រ្ទាធិរាជឡើយ ពីព្រោះព្រះឥន្រ្ទក្ដៅក្រហល់​ក្រហាយ​អន្ទះ​អន្ទែង​ គង់​លើប​ល្ល័ង្គ​មិន​សុខ​មិន​សាប់ ទ្រាំមិនបាន ក៏រៀបចំគ្រប់គ្រឿងអលង្ការសំរាប់ព្រះមហាក្សត្រដាក់ចងក្នុងមួយបង្វេច ព្រម​ទាំង​មាន​បាយ​ សំណុំ​ និង​ទឹក​បំពង់​ផង​ ជិះសេះចុះមកជួបនិងពញាក្រែក ឬ ព្រហ្មកិលថ្ងៃនោះ គឺថ្ងៃព្រហស្បតិ ៥កើត ឆ្នាំម្សាញ់ ម.ស ៥៦៧ ជា​ថ្ងៃដ​ល់​កាល​ កំណត់​ដែល​អ្នក​មាន​បុណ្យ ត្រូវ​ឡើងសោយរាជ្យប្រទេសកម្ពុជាតាមទំនាយ។

កុសលបុណ្យបារមីរបស់ពញាក្រែក ឬ ព្រហ្មកិល បើតាមពង្សាវតាររៀបចំដោយព្រះព្រះអង្គម្ចាស់នុបរតន៍ បានមកពីការ​កសាង​ក្នុង​អតីត​ ជាតិ​។ កាល​នោះ ជា​យូរ​អង្វែង​មកហើយ ក្រោយដែលបានយាងមកប្រោសសត្វនៅកោះគោកធ្លក ព្រះសម្មាសម្ពុទ្ធព្រះ​បរម​គ្រូ បាន​ត្រាច់​ រង្គាត់​និមន្ដ​ទៅ​ជួប​យាចក​ម្នាក់​មានរូបរាងអាក្រក់ មានដំបៅរលះរលួយពាសពេញខ្លួនប្រាណដៃជើង។ ស្មូមនោះកាល​បើ​បាន​ឃើញ​បាន​ជួប​ ព្រះ​ពុទ្ធ​អង្គ​ហើយ ក៏កើតមានចិត្ដជ្រះថ្លា យកបាយដែលទើបនឹងសុំទានគេបាន ទៅប្រគេនដាក់ថ្វាយជាចង្ហាន់។ នៅ​ពេល​លូក​ដៃ​ដាក់​បាយ​ ស្រាប់​តែ​ម្រាម​មួយ​ដែល​មានដំបៅរលេះរលួយខ្លាំងជាងគេ របេះធ្លាក់ចូលទៅក្នុងបាត។

រីឯព្រះពុទ្ធវិញ នៅពេលព្រះអង្គយកចង្ហាន់មកសោយ កាលបើព្រះអង្គទតឃើញម្រាមដៃ ព្រះអង្គក៏មានព្រះពុទ្ធ​ដឹ​កា​ទាយ​ទុក​ថា «ត​ទៅ​ អនា​គត កាល​ណា​ចែក​ស្ថានទៅ ហើយបានចាប់កំណើតនៅជាតិក្រោយ ស្មូមនេះ នឹងមានរូបកាយខ្វិនពិការ តែ​ត្រូវ​បាន​សោយ​រាជ្យ​នៅ​ នគរ​ឥន្ធ​បត្ដិ ដែល​ជានគរខ្មែរ។

​ពញា​ក្រែក ឬ​ព្រហ្មកិល

ក្រោយដែលព្រាហ្មណ៍ចេញផុតទៅ ស្រាប់តែសេះនោះងើបឈរ ទាញ​កន្រ្តាក់​ដៃ​ពញា​ក្រែក​ អោយ​ត្រង់​ដូច​ធម្មតា ឃើញដូច្នេះ ពញាក្រែក ឬព្រហ្មកិល ក៏លើកយក​បង្ហៀរ​សេះ​ទៅ​ដាក់​លើក​ ដៃ​ម្ខាង​ទៀត សេះ​ទាញ​កន្ត្រាក់ដូចមុន ហើយ ដៃនោះក៏ឡើងត្រង់ភ្លឹងកំរើក​បាន​ជា​ធម្មតា​ដែរ​។​ ពញា​ក្រែក ឬ​​ព្រហ្មកិលសប្បាយចិត្ដត្រេកអរឥតឧបមា ខំចាប់យកបង្ហៀរសេះមក​ដាក់​លើ​ជើង​ ទាំង​ពីរ​អោយ​សេះ​ទាញកន្ត្រាក់ថែមទៀត ដូចសេចក្ដីប្រាថ្នាមែន ជើងទាំងគូក៏ត្រង់ មាន​សភាព​ល្អ​ ប្រ​ក្រតី​។ ឥឡូវ​ព្រហ្ម​កិល​មានអវយវដូចមនុស្សធម្មតា អាចប្រើការបានដូចគេឯង ពេល​នោះ​ព្រហ្ម​ កិល​ក៏​ ចាប់​ផ្ដើម​ស្រេក​ឃ្លាន នឹកឃើញទៅដល់ពាក្យបណ្ដាំតាព្រាហ្មណ៍ចាស់ ព្រហ្ម​កិល​ក៏​លូក​​ដៃ​ ចាប់​យក​ទឹក​បំពង់​មក​ផឹក លប់លាងរាងកាយ និង មុខមាត់។ ភ្លាមនោះស្រាប់​តែ​ស្លាក​ស្នាម​ទាំង​ ប៉ុន្មាន ដែល​មានលើខ្លួនក៏រលុបរលាយបាត់អស់ យ៉ាងអស្ចារ្យ រូបរាងមុខមាត់​ព្រហ្ម​កិល​ក៏​ក្លាយ​ទៅ​ ជា​ល្អ​ស្រស់​ប្រិម​ប្រិយ​លើស​អស់មនុស្សធម្មតា ដែលគេពុំអាចសំគាល់ ឬ​ចំ​ណាំ​បាន​ឡើយ​បន្ទាប់​ មក​ពញា​ក្រែក​ក៏​លា​កញ្ចប់​បាយបើកយកមកបរិភោគ។ រំពេចនោះដែរ កំលាំងក៏កើនកុំ ចំរើនក្នុងខ្លួនខ្លាំងក្លាមហិមា។ ជួប​ប្រទះ​ឃើញ​ភាព​ អច្ឆរិយៈ​កើត​ឡើង​ជា​បន្ដប​ន្ទាប់គ្នាដូច្នេះ ពញាក្រែក ឬ ព្រហ្មកិលក៏ឆ្ងល់ពិចារណា ហើយបើកលាបង្វេចតាចាស់​ព្រាហ្ម​នោះ​ទៀត ស្រាប់​ តែ​ឃើញ​មាន​សុទ្ធ​តែ​សំលៀក​បំពាក់ និងគ្រឿងអលង្ការល្អល្អះរកអ្វីមកប្រៀបផ្ទឹមពុំបាន ពញាក្រែកក៏យកសំលៀកបំពាក់ និង​គ្រឿង​អលង្ការ​ ទាំង​នោះ​មក​ពាក់​សាកល្បងលមើល ហើយឃើញថាសក្ដិសមត្រូវ នឹងខ្លួនល្អឥតខ្ចោះ។ គឺនៅក្នុងអោកាសនេះហើយដែល​ពញា​ក្រែក ឬ​ ​ព្រហ្ម​កិល​យល់​ដឹង​ និង មានជំនឿថាខ្លួនពិតជាអ្នកមានបុណ្យ។ បន្ទាប់មកពញាក្រែក ឬ ព្រហ្មកិលឡើងជិះសេះ សេះនោះ​ក៏​ហោះ​ឡើង​វឹង​​ ទៅ ពី​ទិស​ខាង​ជើង​ឆៀង​ខាងកើត សំដៅទៅបរមរាជវាំងឯមហានគរ។

កាលបើឃើញអ្នកមានបុណ្យ ជិះសេះហោះមកដល់ដូចដែលហោរាបានទស្សន៍ទាយ ប្រជាពលរដ្ឋដែលនាំគ្នាមកចាំ​មើល​កក​កុំ​ក្នុង​មហា​ នគរ ស្រែក​ហ៊ោ​កញ្ជ្រៀវ​ទ្រហឹងអឹងកង ពពាក់ពពូនតាមមើលព្រឹត្ដិការណ៍។ ចំណែកស្ដេចដំបងគ្រញូង ដែលរង់ចាំអ្នកមាន​បុណ្យ​ជា​យូរ​យា​ ណាស់​មក​ហើយ​ កាល​បើបានឃើញជាក់នឹងភ្នែក កើតមានក្ដីមួហ្មងក្ដៅក្រហាយខឹងសំបាជាខ្លាំង ចាប់ទាញយកដំបង​គ្រញូង​ មក​គប់​ចោល​ តំរង់​ទៅ​ពញា​ក្រែក ឬ​ព្រហ្មកិល ដើម្បីប្រហារជីវិតអោយក្សិនក្ស័យតែម្ដង។ ប៉ុន្ដែដំបងរបស់ស្ដេចដំបងគ្រញូងបែរជា​អស់​រិទ្ធិ មិន​បាន​បះ​ចំ​ អ្នក​មាន​បុណ្យ​ទេ ហើយ​ក៏​ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយទៅជាអូរ ដែលមានឈ្មោះជាប់មកថា «អូរដំបង» ហើយ​តំបន់​នោះ​ សោត​ក៏​មាន​ឈ្មោះ​ថា «បាត់ដំបងដែរ»។

ស្ដេចដំបងគ្រញូងបានសំរេចចិត្ដធ្វើដូចដែលបានគិតទុកនោះមែន ហើយក៏ធ្វើដំណើរគ្មានទិសដៅ ចាក​ចេញ​ពី​ព្រះ​មហា​នគរ។ ក្នុង​ខែ ភទ្រ​បទ ឆ្នាំ​វក ស្ដេច​ដំបង​គ្រញូងបានទៅដល់ស្រុកលាវ កាលនោះ នគរចំប៉ាសាក់ត្រូវហ្វូងដំរីចេញមករាតត្បាត ធ្វើអោយ​ប្រជា​នុ​រាស្ដ្រ​រង​ ទុក្ខ​វេ​ទនា និង​វិនាស​ហិច​ហោច​អស់​ជាច្រើន។ ស្ដេចដំបងគ្រញូងបានចេញទៅជួយ យកអាសារស្ដេចលាវកំចាត់អស់​ហ្វូង​ដំរី ដូច្នេះ​ហើយ​ ដើម្បី​តប​ស្នង​សង​គុណផង ហើយជាពិសេសដោយភ័យព្រួយបារម្ភ ខ្លាចកំលាំងអំណាចតេជបារមីផង ទើបបានជា​ស្ដេច​លាវ​ព្រះ​ស៊ី​សុត្ដ​ណា កុណ​ហ៊ុត លើក​កូន​ក្រមុំ​ព្រះនាមសយបុប្ផា ថ្វាយទៅដំបងគ្រញូង អភិសេកធ្វើជាមហេសី តែស្ដេចលាវនឹកគិតក្នុងខ្លួនតែ​ម្នាក់​ឯង​ថា ដំបង​ គ្រញូង​នេះ​ខ្លាំង​ពូ​កែ​ណាស់ ហើយអាចក្បត់ដណ្ដើមយករាជ្យយើងមិនខាន ដូច្នេះត្រូវតែធ្វើដូចម្ដេច កំចាត់អោយបានមុន​ជា​ដាច់​ខាត ស្ដេច​ លាវ​ក៏​អង្វរ​កូន​ស្រី អោយ​ប្រើ​ល្បិចកិច្ចកលស៊ើបសួរប្ដីថា «តើដូចម្ដេចបានជាគេមិនអាចសំលាប់បាន? ហើយបើ ចង់​សំលាប់​វិញ​ គេ​ត្រូវ​ ប្រើ​មធ្យោ​បាយ​ដូច​ម្ដេចដែរ?» កាលណាបានដឹងគ្រប់សេចក្ដីហើយ នាងត្រូវមកប្រាប់ឳពុកវិញជាបន្ទាន់។

លុះទៅដោយការលួងលោមរបស់ប្រពន្ធ ស្ដេចដំបងគ្រញូងរៀបរាប់អស់រឿងអាថិកំបាំង ដែលមានជាប់ទាក់ទង​ទៅ ​នឹង​អាយុ​ជីវិត​របស់​ ខ្លួន​។ នាង​សយ​បុប្ផា​ក៏​យកដំណឹងនេះ ទៅប្រាប់ព្រះបិតាតាមដំណើរ បានដឹងដូចបំណង ស្ដេចលាវមិនបង្អង់យូរឡើយ ក៏​ចាត់​ចែង​រៀប​ចំ​ អោយ​ធ្វើ​គ្រឿង​យន្ដ​ដាក់​ក្នុង​បង្គន់ សំរាប់សំលាប់ស្ដេចដំបងគ្រញូង។ ថ្ងៃមួយនៅពេលដើរចូលទៅក្នុងបង្គន់ ស្ដេចដំបង​គ្រញូង​ដើរ​ទៅ​ទាក់​ ជើង​នឹង​ខ្សែ ជា​ហេតុធ្វើអោយគន្លឹះគ្រឿងយន្ដបាញ់ស្នចំចូលរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនស្លាប់ភ្លាម​នៅ​នឹង​កន្លែង​ទេ​ គ្រា​នោះ​ស្ដេច​ដំបង​គ្រញូង ឬ ព្រះ បាទគោត្ដមអមរទេវរាជ នឹកឃើញយស់ច្បាស់ណាស់ អំពីបុព្វហេតុដែលនាំបណ្ដាល​អោយ​អស់​ជីវិត ព្រះ​ អង្គ​បាន​មាន​បន្ទូល បន្លឺពោលថា «មិនគួរណាយើងមកបរាជ័យចាញ់បោកដោយសារសម្ជស្សស្រ្ដីសោះ!» ហើយព្រះអង្គបាន​ផ្ដែ​ផ្ដាំ​បន្ដ​ទៅ ​ទៀត​ថា​

មិនត្រូវដេកលង់លក់ទេ នៅពេលដែលយើងត្រូវខ្យល់បោកបក់បបោសអង្អែល។
កាលណាចូលដំណេក មិនត្រូវនិយាយរឿងអាថិកំបាំងប្រាប់ប្រពន្ធទេ។
មិនត្រូវទុកចិត្ដស្រ្ដីណាដែលនៅក្រៅគ្រួសារឡើយ
កាលណាឃ្លាន គេត្រូវយកអង្ករមកលាង ដន្ដាំអោយឆ្អិនសិន សឹមបរិភោគជាក្រោយ

ដោយមានរបួសជាទំងន់ ស្ដេចដំបងគ្រញូងក៏ចាកចេញពីស្រុកលាវ ហើយត្រលប់ទៅស្លាប់ឯស្រុកភូមិកំណើតខ្លួនវិញ គឺ​នៅ​ស្រុក​សួន​ មង្ឃុត​។ នេះ​បើ​តាមពង្សាវតារវត្ដទឹកវិល។ ពង្សាវតារដដែលបានបញ្ជាក់បន្ដទៅទៀតថា ព្រះនាងសយបុប្ផា ដែលពោរ​ពេញ​ទៅ​ដោយ​វិប្ប​ ដិសារៈ បាន​ធ្វើ​ដំណើរ​ទៅតាមព្រះស្វាមី ហើយនៅបំរើកំដរប្រនិបត្ដិរហូតដល់ថ្ងៃស្លាប់ ព្រះនាងបានរៀបចំធ្វើពិធីបូជា​តាម​ទំនៀម​ទំលាប់​ ប្រ​ពៃណី ហើយបានយកអដ្ឋិធាតុតំកល់ទុកក្នុងចេតីយ៍នៅ ស្រុកចំប៉ាសាក់។

រីឯពញាក្រែក ឬ ព្រហ្មកិលវិញ ព្រះអង្គបានទទួលអភិសេក នៅថ្ងៃ១កើត ខែមិគសិរឆ្នាំវក ព.ស ១៥៥២ ត្រូវជាម.ស ៩៣០ ច.ល៣៧០ និង​ត្រូវ​ជា​គ.ស ១០០៨។ ព្រះអង្គបានទទួលព្រះបរមនាមព្រះបាទសម្ដេចសន្ធពអនុរាជ ព្រះបរមព្រហ្ម កិលអង្គម្ចាស់(៥)។ ព្រះ​បាទ​សន្ធព​ អនុ​រាជ ឬ​ពញា​ក្រែក ឬ ព្រហ្មកិល ជាមហាក្សត្រខ្មែរទី១៨ ដែលបានសោយរាជសម្ប ត្ដិបន្ទាប់ពីស្ដេចដំបងគ្រញូង ឬ ព្រះ​បាទ​គោត្ដម​ អមរ​ ទេវ​រាជ កាល​នោះ ព្រះ​អង្គ​មានព្រះជន្ម១២វស្សា។ ព្រះអង្គទ្រង់គង់ នៅព្រះបរមរាជ​វាំង​មហា​នគរ​។

ថ្ងៃមួយស្ដេចព្រហ្មកិល ឬ ពញាក្រែកកើតមានជំងឺឈឺក្បាលយ៉ាងខ្លាំងរកទ្រាំមិនបាន ដែលជាហេតុបណ្ដាលអោយ​ព្រះ​អង្គ​កោះ​ហៅ ​ហោ​រា មក​ទស្សន៍​ទាយ​រក​ហេតុផលពិតប្រាកដ។ ហោរានោះបានគន់គូរមើលតាមជើងលេខ ថ្ងៃខែឆ្នាំ និង តាមទំនាយ​នគរ​ទៅ ​ស្រាប់​ តែ​ឃើញ​ថា អ្នក​មាន​បុណ្យ​ដែលមានត្រកូលជាក្សត្របានមកចាប់ជាតិ ទ្រង់គភ៌ហើយ អ្នកមានបុណ្យនេះ ដែលមាន​ឈាម​ជ័រ ចុះ​មក​អំពី​ ព្រះ​បាទ​ទេ​វង្ស​អស្ចារ្យ ព្រះមហាក្សត្រខ្មែរទី៦ និងត្រូវមកសោយរាជ្យសម្បត្ដិនៅប្រទេសកម្ពុជា៕

(១) ជាព្រះអាទិទេពផ្នែកកាលវេលា។
(២) ជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលតែងតែយកមកដាំជាប់គ្នារដឹកលំអតាមសួនច្បារ អាចយកទៅស្លធ្វើជា​បន្លែ​បរិ​ភោគ​បាន​ មាន​រស់​ជាតិ​រវីង​ដូច​ស្លឹកម្រះដែរ។
(៣) ចំនួនកងទ័ពដំបងគ្រញូង ដែលពង្សាវតារវត្ដទឹកវិលបានផ្ដល់។
(៤)ឃ្លាត្រង់ទំព័រនេះ អក្សរមានភាពរលប់ខ្លាំងពេក ខ្ញុំសេរសរសំរួលទៅតាមឃ្លា ដូចនេះ ឃ្លាពាក្យត្រង់កន្លែងខ្លះអា ចមានភាពឃ្លាតចាកឃ្លាប្រយោគ​ដើម​មិន​ខាន​ ឡើយ​។
(៥) នេះបើតាមពង្សាវតាររបស់ព្រះអង្គម្ចាស់នព្វរតន៍។ តែពង្សាវតារវត្ដកោកកាកបានសរសេរថា ពញាក្រែក ឬ ព្រហ្មកិល ព្រះអង្គមានបរម​នាម ព្រះ​បាទ​សន្ធព​ អម្រិន្ទ​។ ចំពោះពង្សាវតារផ្សេងៗទៀត ដូចជាពង្សាវតាររបស់សម្ដេចវាំងជួន ឬវត្ដទឹកវិល ព្រះអង្គឈ្មោះថា ព្រះបាទសន្ធពអនុរាជ។

អត្ថបទដកស្រង់៖ khmerlegend សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ការ​បំភ្លឺមួយ​

ឆ្លើយ​តប​

Please enter your comment!
Please enter your name here