សង្គ្រាមរវាងស្តេចត្រាញ់ខ្មែរទាំង ៣ អង្គ ដើម្បីកាន់កាប់ទឹកដី (បញ្ចប់)

0
338

នៅក្នុងឆ្នាំ១៤៨៥ ព្រះបាទធម្មរាជា ទតឃើញសភាពការណ៏ប្រទេសបែបនេះ ទើបទ្រង់តែងសុភអក្សរឲ្យព្រះរាជតេជទូតចុះទូក យកចុតហ្មាយនេះទៅថ្វាយព្រះចៅសៀមនៅក្រុងទេពបុរី ដើម្បីសូមអញ្ជើញព្រះចៅចក្រពត្តិឲ្យលើកព្យូហៈកងទ័ពទៅជួយប្រាបប្រាមសង្គ្រាមរវាងព្រះសេរីរាជា និងព្រះសុរិយោទ័យដើម្បីសេចក្តីសុខដល់បណ្តារាស្រ្ត។ ក្នុងចុតហ្មាយនេះ ព្រះធម្មរាជាមានការស្នើសូមដល់ព្រះចៅសៀមសូមឲ្យទុកស្រុកខ្មែរ និងសៀមជានគរតែមួយ បើព្រះនគរខាងណាកើតសឹកសង្គ្រាម ព្រះនគរម្ខាងទៀតនឹងលើកទ័ពទៅជួយគ្នាទៅវិញទៅមកទុកព្រះមហាក្សត្រទាំងពីរជាព្រះរៀមព្រះអនុជ។

លុះអាល័ក្សសូត្រសេចក្តីព្រះរាជសារចប់ហើយ ព្រះចៅចក្រពត្តិទ្រង់ព្រះអំណរណាស់ស្តេចត្រាស់សួរថា” ព្រះរៀមនេះឬ ដែលមានមាតារបស់ព្រះអង្គជាតិសៀមសុទ្ធមាននាមស៊ីសៈងាម” ព្រះរាជតេជទូតក្រាបទូលថា” សូមទ្រង់ព្រះមេត្តា ប្រោសសេចក្តីនេះដូចព្រះរាជតំរាស់ហើយ”។

​ក្រោយពីបានស្តាប់យោបល់សព្វគ្រប់ អស់មុខមន្ត្រីរួចហើយ ព្រះសេរីរាជា ទ្រង់ឈ្វេងយល់ថាខាងមន្ត្រីស៊ីវិលយល់សម ហេតុផលជាងខាងយោធាទ្រង់សំដែងការអរណាស់ពីសេចក្តីក្លាហាន និងចិត្តឈឺឆ្អាលពីសំណាក់បណ្តាមេទ័ពធំតូច ពីទឹកចិត្តជួយយកអាសាព្រះអង្គ តែទ្រង់សម្រេចចិត្តឈរលើការពិតជាងសេចក្តីស្រើបចិត្តគឺយកការចរចាសុំចុះចូលជាមួយទ័ព សម្ព័ន្ធមិត្តសៀម-ខ្មែរ ព្រោះនឹងធ្វើសង្គ្រាមទល់នឹងគេគឺពិតជាចាញ់គេ។ ដូច្នេះជាវញ្ឈកម្ម (អំពើឥតផល) នាំរេហ៏ពលនិងរាស្ត្រស្លាប់គ្មានប្រយោជន៍។ មានព្រះបន្ទូលរួច ព្រះសេរីរាជាស្តេចត្រាស់ប្រើរាជតេជទូតឲ្យទៅទូលសម្តេចព្រះ ធម្មរាជាថា ព្រះអង្គនឹងបញ្ឈប់ធ្វើសង្គ្រាមភ្លាមជាមួយនឹងទ័ពព្រះស្រីសុរិយោទ័យ។ សម្តេចធម្មរាជា និងព្រះចៅចក្រពត្តិ កាលទ្រង់ជ្រាបហើយមានព្រះអំណរណាស់ស្តេចទាំងពីរព្រះអង្គត្រាស់បង្គាប់ឲ្យរាជទូតនោះនាំចម្លើយថ្វាយ តបព្រះសេរីរាជាថាសូមអញ្ជើញព្រះរាជាឲ្យព្រះអង្គយាងមកស្រុករោងទងក្នុងខេត្តកំពង់ចាម មកជួបជុំគ្នាដើម្បីធ្វើ បុណ្យអបអរសាទរនូវសន្តិភាពនេះ។ ខណៈពេលនោះ ព្រះចៅចក្រពត្តិទទួលព្រះសេរីរាជាមេត្រីភាពទ្រង់ក្រាបទូលស្តេចខ្មែរថា៖ “ខ្ញុំជាអនុជលើកទ័ពមកនេះ ព្រោះព្រះរៀមនិងព្រះភាគិនេយ្យទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយពុំសម្រេច ដូច្នេះសូមកុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យជួយព្រះពុទ្ធសាសនាបំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅសុខក្សេមក្សាន្ត ខ្ញុំសុំអញ្ជើញស្តេចទៅគង់ក្រុងទេពបុរី ជាមួយគ្នា ឯចំណែកពញាអុងជាបុត្រព្រះអង្គ ខ្ញុំសុំជាបុត្រធម៌នឹងទំនុកបម្រុងឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំឯមុខមន្រ្តីបណ្តាជាខ្ញុំនឹងចង់ទៅតាមប៉ុន្មាន ក៏ទៅតាមស្ម័គ្រចិត្តចុះ” ស្តេចសៀមត្រាស់ចប់សព្វគ្រប់ហើយទ្រង់យាងចូលពន្លាជ័យតែព្រះអង្គឯងទុកឲ្យនាយកងទ័ពសៀម ដែលបានទទួលណាត់កិច្ចការទាហាននោះឃុំសម្តេចសេរីរាជាពញាអុង និងខ្ញុំរាជការទុកសិន។

បន្ទាប់មក ព្រះចៅចក្រពត្តិឲ្យរាជទូតទៅអញ្ជើញ ព្រះស្រីសុរិយោទ័យ អំពីត្រើយខាងកើត ដើម្បីចរចារៀបចំឲ្យព្រះនគរឲ្យបានសុខសាន្តឡើងវិញ។ ព្រះស្រីសុរិយោទ័យ ទ្រង់ជ្រាបថាសៀមចាប់ព្រះបិតុលា (ឪពុកមា) ទ្រង់មានសេចក្តីអំណរណាស់ ដោយមានវិចិន្តាថាព្រះចៅសៀមនឹងឲ្យព្រះអង្គឡើងសោយរាជសម្បត្តិជាពុំខាន ព្រោះព្រះធម្មរាជាជាមារបស់ព្រះអង្គពិតមែន តែព្រះជន្មវស្សា តិចជាងទេ បើមិនដូច្នេះព្រះចៅគង់នឹងពិភ័ក្តិ (ការចែក) ផែនដីជាពីរស្មើគ្នាពុំខាន។ លុះទ្រង់ព្រះចិន្តាដូច្នេះហើយ ទ្រង់ក៏សម្រេចចិត្តយាងទៅជួបនឹងព្រះចៅចក្រពត្តិ។ ខណៈនោះ ស្តេចសៀមទ្រង់ត្រាស់នឹងព្រះស្រីសុរិយោទ័យថា៖ “សម្តេចព្រះសេរីរាជា និងព្រះអង្គជាគូសង្គ្រាមនឹងគ្នាឥឡូវនេះ បើយើងយកតែមួយអង្គទៅក្រុងទេពបុរីដូចជាអយុត្តិធម៌ណាស់ ហេតុដូច្នេះសូមអញ្ជើញក្មួយទៅក្រុងទេពបុរីជាមួយព្រះបិតុលាចុះ!” ព្រះចៅចក្រពត្តិត្រាស់ចប់ប៉ុណ្ណេះហើយ ក៏ឲ្យទាហានអញ្ជើញព្រះស្រីសុរិយោទ័យចូលក្នុងបន្ទាយ។ កងទ័ពទាំងឡាយ ដែលហែហមព្រះស្រីសុរិយោទ័យមក នឹងចូលទៅតាមផងពុំបានព្រោះទាហានសៀមឃាត់មិនឲ្យចូល ដូច្នេះក៏នាំគ្នាថយមកចាំស្តាប់ការណ៍នៅខាងក្រៅលុះបានដឹងថាសៀមឃុំស្តេចខ្លួននឹងយកទៅស្រុកសៀម ក៏ទាល់គំនិតភិតភ័យហើយនាំគ្នារត់ត្រឡប់ទៅស្រុកវិញអស់។

​ក្នុង​ឆ្នាំ​១៤៨៥ នៃ​គ.ស សម្រេចចអស់នូវគោលបំណងដែលបានរៀបចំទុកជាមុននេះហើយ ព្រះចៅចក្រពត្តិ ស្តេចក៏លើកទ័ព នាំក្សត្រខ្មែរទាំងពីរព្រះអង្គ និងគ្រួសារសៀមដែលព្រះសេរីរាជាបានកៀរពីអតីតកាលយាងវិលត្រឡប់ទៅស្រុកសៀមវិញ ព្រះធម្មរាជាទ្រង់យាងជូនដំណើរព្រះចៅសៀមរហូតដល់ខេត្តនៃបន្ទាយលង្វែក រួចហើយស្តេចទាំងពីរព្រះអង្គក៏ថ្វាយបង្គំលាគ្នានៅត្រង់នោះ។ ក្នុងដំណើរវិលត្រឡប់ទៅស្រុកសៀមនេះ ព្រះសេរីរាជា ព្រះអង្គតូចព្រះទ័យណាស់ និងមានលជ្ជីភាព (សេចក្តីខ្មាស) ចំពោះព្រះអង្គខ្លួនឯង ព្រោះចាញ់ល្បិចដោយវញ្ចនការ (ការបោកប្រាស់) ទ្រង់ពុំសោយសោះអស់ព្រះកាយពលទាល់តែទ្រង់ព្រះអាពាធ(ឈឺ) ជាទំងន់ ក៏ទទួលសុវណ្ណគតទៅ ឯចំណែកព្រះស្រីសុរិយោទ័យក្រោយពីទ្រង់យាងដល់ក្រុងទេពបុរីបានតែ ១៥ ថ្ងៃ មានអាពាធជាទំងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិចេញរាជបញ្ញត្តិតាំងជាផ្លូវការ ពញាអុងជាព្រះរាជបុត្រធម៌របស់ព្រះអង្គទ្រង់ថ្វាយព្រះនាម ព្រះសុទ្ធានរាជាទុកជាបុត្រច្បងទ្រង់ប្រោសប្រទានព្រះរាជបុត្រីបង្កើតឲ្យជាព្រះជាយា និងព្រះស្នំក្រមការទាំងពួង៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here