សង្គ្រាមរវាងស្តេចត្រាញ់ខ្មែរទាំង ៣ អង្គ ដើម្បីកាន់កាប់ទឹកដី (ភាគ១)

0
745

ព្រះបាទ​ស្រីសុរិយោទ័យទី២ រជ្ជកាល (គ.ស ​១៤៧៣ ដល់ គ.ស​១៤៨៥) ជា​ព្រះរាជបុត្រ​របស់​ព្រះបាទ​នរាយណ៍រាជាទី១។ ក្រោយ​ពី​បិតា​ព្រះអង្គ​ទ្រង់​ចូល​ទិវង្គត​ទៅហើយ​ ព្រះរាជវង្សានុវង្ស អង្គ​អគ្គមហាសេនា សេនាបតី​មន្ត្រី​ទាំង​ពួង យាង​ព្រះ​ស្រី​រាជា​អោយ​ឡើង​សោយរាជ្យ​ស្នង​ព្រះ​ជេដ្ឋា​នោះ​មក ព្រះអង្គ​មាន​កំហឹង​យ៉ាង​ខ្លាំង។ ឆ្លៀត​ឱកាស​ដែល​ព្រះ​ស្រី​រាជា ជា​ព្រះ​បិតុលាឬ​មា និង​ជា​ស្ដេច​សោយរាជ្យ ជាប់​ដៃ​នាំ​ទ័ព​ទៅ​ច្បាំង​ជាមួយ​សៀម ដើម្បី​ដណ្ដើម​ទឹក​ដី​ខ្មែរ​ភាគ​ខាង​លិច​មក​វិញ ព្រះ​ស្រីសុរិយោទ័យ ក៏​បាន​ក​ទ័ព​បាន​យ៉ាង​ច្រើន រួច​វាយ​ទន្ទ្រាន​យក​បាន​ខែត្តមួយ​ចំនួន​នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​នៃ​ប្រទេស ដែល​អ្នក​ប្រវត្តិវិទូ​ខ្លះ​ថា ត្រង់​តំបន់​កម្វុជៈគោក​ពី​ដើម ហើយ​ឡើង​សោយរាជ្យ​នៅ​ទីនោះ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះរាជឱង្ការ ព្រះ​ស្រីសុរិយោទ័យ​រាជាធិរាជ រាមា​បរមបពិត្រ។ ព្រះអង្គ​ទ្រង់​យក​ទួល​បាសាន ធ្វើ​ជា​រាជធានី​នៃ​ទឹក​ដី​ដែល​ព្រះអង្គ​កាន់​កាប់។

ការធ្វើសង្គ្រាមជាមួយព្រះបិតុលា

​ព្រះ​ស្រីសុរិយោទ័យទី២ ទ្រង់​បះបោរ​ដណ្ដើម​រាជ្យ​ពី​ព្រះបិតុលាព្រះអង្គ ហើយ​វាយ​ដណ្ដើម​បាន​ខែត្តមួយ​ចំនួន​នោះ ព្រះ​ធម្មរាជាទី​១ ទ្រង់​បាន​ខ្វល់ខ្វាយ​ចាត់​កំលាំង​អោយ​រក្សា​ការពារខែត្ត​បាន​ជាច្រើន ទុក​ថ្វាយ​ព្រះ​ជេដ្ឋា ហើយ​ថ្វាយ​ដំណឹង​នេះ​ទៅ​ព្រះ​ស្រីរាជា ជា​ព្រះ​ជេដ្ឋា ឱ្យទ្រង់​ជ្រាប។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​ពេល​ដែល​ឃើញ​ថា សង្គ្រាម​រដ្ឋប្បវេណី​ដណ្ដើម​រាជ្យ​គ្នា​រវាង​មា និង​ក្មួយ គឺ​រវាង​ព្រះ​ស្រីរាជា និង​ព្រះ​សុរិយោទ័យ ព្រះ​ស្រីសុរិយោទ័យ​រាជាធិរាជ បាន​ដឹក​នាំ​ទ័ព​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​នឹង​ព្រះ​ស្រីរាជា ជា​ព្រះ​បិតុលា​អស់​រយៈ​កាល​ជាង ១០​ឆ្នាំ មិន​ចាញ់​មិន​ឈ្នះគ្នា ធ្វើឱ្យ​រាស្ត្រប្រជារងទុក្ខ​វេទនា​ខ្លោចផ្សា​យ៉ាង​ក្រៃលែង។

ក្រោយពីបានទទួលជ័យជម្នះច្រើនគ្រាលើទ័ពព្រះបាទសេរីរាជា ព្រះស្រីសុរិយោទ័យ ត្រូវបាននាយកកងទ័ព និងអស់មុខមន្ត្រីរបស់ទ្រង់អញ្ជើញព្រះអង្គឲ្យឡើងសោយរាជសម្បត្តិផែនដីក្នុងព្រះជន្មាយុ ២៦ ព្រះវស្សា។ ឯចំណែកព្រះធម្មរាជា ទ្រង់ពុំព្រមទទួលតាមសេចក្តីស្នើសុំពីអស់មន្ត្រីព្រះអង្គឲ្យទ្រង់ឡើងសោយរាជសម្បត្តិផែនដី ដូចព្រះភាគិនេយ្យនោះទេ ទ្រង់គ្រាន់តែតាំងខ្លួនជាអ្នករក្សាផែនដីថិតក្រោមការត្រួតត្រាទ័ពរបស់ព្រះអង្គតែប៉ុណ្ណោះ។ តែក្រោយមកនៅក្នុងឆ្នាំ ១៤៧៨ ដោយសារមានការជម្រុញជាច្រើនលើកច្រើនសារ ព្រះអង្គក៏សុខចិត្តតាមការកួនជាច្រើនគ្រាពីសំណាក់នាម៉ឺនសព្វមុខមន្ត្រីរបស់ព្រះអង្គឲ្យទ្រង់ឡើងសោយរាជសម្បត្តិ ​ហើយ​ព្រម​ឡើង​សោយ រាជ្យ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​កាន់​កាប់ ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជឱង្ការ ព្រះ​ធម្មរាជា មហា​ចក្រពត្រាធិរាជ ក្នុងជន្មាយុ ២៦ វស្សា។ ដូច្នេះ ស្រុកខ្មែរជំនាន់នោះបានបែង ចែកជាបីផែនដី៖

  • ផែនដីព្រះបាទសេរីរាជា បណ្តាខែត្តចំណុះព្រះអង្គឋិតក្នុងផែនដី ឧត្តរទិសមាន៖ តាំងពីខែត្រលង្វែក រលាប្អៀរ អម្រាគគិរីបូណ៍ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបូរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោររៀងទៅទល់នឹងដែនសៀម។
  • ផែនដីដីព្រះធម្មរាជា បណ្តាខែត្តចំណុះព្រះអង្គមាន៖ បណ្តាខែត្តត្រើយខាងលិច ដែលមិននៅក្រោមចំណុះព្រះជេដ្ឋាទាំងអស់ថែមទាំងខែត្តតាំងពីសំរោងទង បាទី លើកដែក ទាំងបន្ទាយមាស ថ្ពង បាសាក់ បារៀ ពាម កោះស្លាកែត (ស្រុកលើកលើកដែកសព្វថ្ងៃ) កំពត កំពង់សោម ព្រះត្រពាំង ក្រមួនស ដូនណៃរៀងទៅទល់នឹងសមុទ្រ
  • ផែនដីព្រះស្រីសុរិយោទ័យ ក្នុងឆ្នាំ១៤៧១ មានខែត្តចំណុះដូចតទៅ៖ តាំងពីខែត្តសៀមបូក សម្បុកសម្បូរណ៍ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោ ជើងបាដែង រហូតទៅទល់នឹងនគរចាម (វៀតណាមខាងត្បូងសព្វថ្ងៃ)។

ក្នុងរាជវិវាទជាត្រីកោណនេះ (ស្តេចត្រាញ់បីអង្គ) មានរយៈពេលដប់ឆ្នាំ នាំឱ្យរេហ៍ពលរាស្ត្រស្លុយស្លាប់ជាច្រើននាក់ តែគ្មានផែនដីណាមួយ មានប្រៀបជាងគេនោះឡើយ ពួកគេក៏នាំគ្នាផ្អាកសង្គ្រាមនៅស្ងៀមសិន។ ស្តេចទាំងបីព្រះអង្គ ក៏សម្រេចចិត្តនៅរក្សាផែនដីរបស់ទ្រង់រៀងខ្លួនរង់ចាំឱកាសល្អដើម្បីបន្តសង្គ្រាមរដ្ឋប្បវេណី តែយុទ្ធវិស្រមនេះត្រូវបានព្រះសេរីរាជាបញ្ឈប់មុនគេទ្រង់បានលើកទ័ពវាយសម្រុកចូលក្នុងផែនដីព្រះសុរិយោទ័យជាច្រើនលើក តែពុំទាន់ចាញ់ឈ្នះម្ខាងៗឡើយ។ សង្គ្រាមកើតមានឡើងជាថ្មីនេះ នាំឱ្យអស់អាណាប្រជានុរាស្ត្រវិនាសដោយជំងឺជាច្រើន ប្រទេសកើតកោលាហលខ្លាំងណាស់ ចោរ ខ្មួញក៏កម្រើកថ្លើមធំប្លន់កាប់ចាក់សម្លាប់ប្រជារាស្ត្រ​ខ្មែរគ្រប់ស្រុកគ្រប់តំបន់។

ការឆ្លៀតឱកាសព្រះបិតុលាពៅ

និយាយអំពីនៅក្នុងនគរខ្មែរវិញ នៅពេលដែលព្រះសេរីរាជាលើកទ័ពទៅវាយសៀម ព្រះរាជបុត្រព្រះនរាយណ៍រាជាទី១ ព្រះនាមព្រះស្រីសុរិយោទ័យ ជាក្មួយព្រះសេរីរាជាទ្រង់មានបំណងដណ្តើមរាជ្យ ទ្រង់ក៏ទៅកេណ្ឌរាស្ត្រ និងនាម៉ឺនសព្វមុខមន្ត្រីនៅត្រើយខាងកើតបានច្រើន សុខចិត្តចុះចូលជួយទ្រង់រួចកេណ្ឌទ័ពលើកទៅសង្កត់ខាងត្រើយកំពង់សៀម ស្ទឹងត្រង់ បាយណ៍ ជើងព្រៃ និងត្រើយខាងជើងបានជាច្រើន។ ដឹងដំណឹងនេះភ្លាម ព្រះធម្មរាជាបានបញ្ជាឱ្យមន្ត្រីខាងព្រះអង្គចេញទៅកាន់កាប់ជាបន្ទាន់ខែត្តទាំងឡាយនៅកម្ពុជាក្រោមសព្វថ្ងៃនេះ។ តាំងពីខែត្តសំរោងទង រហូតដល់ខែត្តទឹកខ្មៅរ ហូតទល់នឹងសមុទ្រ ខាងកោះស្លាកែតរហូតដល់ពាមមេស ព្រៃនគរ លង់ហោ ផ្សារដែក ទ្រង់តាំងចៅហ្វាយស្រុកថ្មីគ្រប់ខែត្តត្បិតចៅហ្វាយស្រុកក្នុងងារគ្រប់ខែត្តទាំងនោះបានចូលទៅក្នុងក្បួនទ័ពជាប់ដង្ហែព្រះរាជាទៅធ្វើសង្គ្រាមនៅស្រុកសៀមអស់ទៅហើយ លុះទ្រង់ចាត់ឱ្យរក្សាខែត្តមាំមួនហើយ ទ្រង់បានចាត់មន្រ្តីឱ្យទៅក្រាបទូលព្រះជេដ្ឋាធិរាជឲ្យទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបាទសេរីរាជាជ្រាបហើយទ្រង់ត្រាស់បង្គាប់ឲ្យមេទ័ពទាំងឡាយកៀរឈ្លើយសៀម ហើយស្រូតរូតលើកទ័ពត្រឡប់ចូលមកក្រុងកម្ពុជាធិបតីវិញ តែទ្រង់ទុកទ័ពចំនួន ៥០០០នាក់ ដាក់ក្រោមបញ្ជាផ្ទាល់ចៅហ្វាយខែត្តបាត់ដំបងឱ្យនៅកាន់កាប់ខែត្តនាងរោង ដើម្បីរារាំងទ័ពសៀម។

ពេលទ្រង់យាងមកដល់ខែត្រពោធិ៍សាត់ ទ្រង់ក៏ជួបប្រទះសារហារីព្រះធម្មរាជា ដែលជាអនុជនាំបន្ទូលចូលទៅថ្វាយទ្រង់តាមសារសម្ងាត់មានសេចក្តីថា៖ «សូមអញ្ជើញព្រះករុណាពិសេសលើកទ័ពឆ្លងត្រើយកំពង់សៀម ហើយវាយប្រសព្វខ្ទប់ពីខាងជើងទ័ពក្មួយស្រីសុរិយោទ័យតែម្តង គង់មានជ័យជម្នះជាមិនខាន មិនចាំបាច់ព្រះករុណាវិលត្រឡប់ចូលក្រុងកម្ពុជាធិបតីសិននោះឡើយនាំឱ្យខាតពេលវេលា ព្រោះតំបន់ខាងត្បូង និងខាងលិចស្ថិតនៅក្រោមការត្រួតត្រាមាំមួនរបស់ទ័ពទូលបង្គំកុំឱ្យព្រះករុណាព្រួយព្រះរាជហឫទ័យអ្វីនោះឡើយ»។ ព្រះសេរីរាជា ទ្រង់ពេញព្រះទ័យនឹងយុទ្ធសាស្ត្រនេះណាស់ ទ្រង់លើកទ័ពជាប្រញាប់ទៅវាយទ័ពព្រះស្រីសុរិយោទ័យតែម្តង ទទួលជ័យជម្នះដូចបានគ្រោងទុកមែន គឺវាយយកស្រុកត្រើយខាងជើងបានវិញទាំងអស់។

ក្រោយពីទទួលបានជ័យជម្នះរួចស្រេចអស់ហើយ ព្រះសេរីរាជា ទ្រង់បានបោះពន្លាជ័យនៅស្រុកឆ្លូង មុននឹងវិលត្រឡប់ចូលរាជធានី តែពេលនោះព្រះស្រីសុរិយាទ័យ ទ្រង់វាយលុកតបវិញបែកបន្ទាយជាច្រើនរបស់ព្រះរាជា ទោះបីព្រះអង្គសាកល្បងវាយតបវិញជាច្រើនគ្រា តែនៅតែបរាជ័យ ដូច្នេះព្រះអង្គក៏សម្រេចព្រះទ័យនាំទ័ពឆ្លងទន្លេមកត្រើយខាងលិចវិញ ពេលដកទ័ពនោះ ពលទាហាន ដែលមានកំណើតនៅត្រើយខាងកើតនាំគ្នារត់ចោលជួរទ័ព ព្រោះមិនចង់ទៅចោលគ្រួរសារខ្លួនការលះបង់ នេះនាំឱ្យកងទ័ពរបស់ព្រះរាជាចុះជាច្រើន បង្កើតជាការពិបាកនឹងបន្តធ្វើសឹកបានទៀត ទ្រង់ក៏សម្រេចព្រះទ័យ ដកថយទ័ពហ្លួងមកបោះពន្លាជាបណ្តោះអាសន្នក្នុងបន្ទាយខែត្តអម្រាគគិរិន្តបូរណ៍ តែទ្រង់ទុកទ័ពឱ្យនៅរក្សាខែត្រកំពង់សៀម ជើងព្រៃ ស្ទឹងត្រង់ ដែលជាខែត្រនៅត្រើយខាងជើង។

ត្រឡប់មកនិយាយពីព្រះធម្មរាជាវិញ ដឹងដំណឹងថាព្រះជេដ្ឋាជួបការពិបាកក្នុងការបន្តធ្វើសឹកនឹងទ័ពព្រះស្រីសុរិយោទ័យទ្រង់កើតមានចិន្តរៀបជើងព្រួលទប់នឹងកំហឹងព្រះជេដ្ឋាតាមការញុះញង់ជាច្រើនលើកមកហើយពីបរិវារ។ ព្រះជេដ្ឋាមកលើទ្រង់ ដូច្នេះទ្រង់គិតថាត្រូវតែទ្រង់ពឹងខ្លួនទ្រង់ដើម្បីសុវត្ថិភាពទ្រង់ជាបឋមដោយយកយុទ្ធសាស្ត្រ” ការការពារខ្លួនដ៏ល្អមួយគឺត្រូវវាយប្រហារមុន” គិតឃើញបែបនេះរួចហើយទ្រង់បញ្ជាឱ្យមន្ត្រីរាជទូតនាំគ្រួសារព្រះទេពី នារីស្រីព្រះស្នំ និងព្រះរាជទ្រព្យព្រះបាទសេរីរាជាទៅថ្វាយព្រះជេដ្ឋាជាមួយគ្នានោះដែរ ព្រះធម្មរាជាទ្រង់ធ្វើចុតហ្មាយថ្វាយព្រះជេដ្ឋា ថាសូមព្រះករុណាកុំវិលត្រឡប់ចូលក្រុងចតុម្មុខវិញ ព្រោះនាំឱ្យយខូចការណ៍សឹកដោយហេតុទុកឲ្យទ័ពនៅក្រោមការត្រួតត្រាព្រះជេដ្ឋា គ្មានការគាំទ្រពីទ័ពហ្លួង និងជាបង្អែកយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងការវាយប្រហាររបស់ទ័ពព្រះភាគិនេយ្យ (ក្មួយ) ស្រីសុរិយោទ័យ។ ជាមួយគ្នានោះដែរ ព្រះធម្មរាជាបានបញ្ជាឱ្យមន្ត្រីព្រះអង្គនាំទ័ពធំមួយទៅបោះនៅស្រុកឧដុង្គ ក៏ចាប់ផ្តើមធ្វើប្រតិបត្តិការសឹកវាយរាំងទ័ពព្រះស្រីសុរិយាទ័យនៅល្វាឯម និងទិសខាងត្បូងហើយរៀបចំធ្វើខ្សែក្រវាត់ការពារទ័ពព្រះរាជានៅ ប៉ែកខាងជើង និងតាំងហ្វឹកហាត់សេនាទាហានប្រមូលស្បៀងអាហារនៅក្នុងព្រះនគរដើម្បីការពារជាយថាហេតុពីការវាយប្រហាររបស់ទ័ពព្រះជេដ្ឋាក្តី ឬព្រះភាគិនេយ្យក្តីចូលក្រុងចតុម្មុខ។ ឯចំណែព្រះបាទសេរីរាជា ក្រោយពីបានអានសេចក្តីក្នុងចុតហ្មាយសព្វគ្រប់អស់ ហើយយល់ដឹងភ្លាមពីបំណងខ្មៅរបស់ព្រះអនុជចង់ញែកព្រះអង្គពីរាជបល្ល័ង្កក្រុងចតុម្មុខ ទ្រង់ខ្ញាល់ណាស់មានបំណងលើកទ័ពទៅវាយព្រះធម្មរាជាភ្លាម តែអស់មន្ត្រីរបស់ព្រះអង្គអន្ទងព្រះអង្គកុំឲ្យបង្កើតសមរភូមិទី២ ព្រោះខ្លាចព្រះធម្មរាជា និងព្រះស្រីសុរិយោទ័យចូលគំនិតគ្នាមកវិវាទនឹងព្រះអង្គ។

យុទ្ធសាស្ត្រ​សង្គ្រាម​វាយ​សត្រូវ​ឱ្យបាន​មុន​ មុន​ពេល​ដែល​សត្រូវ​ពង្រឹងកម្លាំង​ប្រើ​ក្នុង​កាលៈទេសៈ​ដែល​សត្រូវ​មក​វាយ​យើង​ នៅ​ពេល​កម្លាំង​សត្រូវ​មក​ដល់​ភ្លាម​ មិន​ទាន់​បាន​សម្រាកមិន​ទាន់​បាន​រៀប​ក្បួន​ គឺ​យើង​ត្រូវ​បញ្ចេញ​កំលាំង​ទ័ព​ធំ​ ទៅ​វាយ​សង្គ្រប់​តែ​ម្តង​។​ នេះ​ជា​គំនិត​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​ស្រីសុរិយោទ័យ​។​ (តចប់)

សូមរង់ចាំអានអត្ថបទនេះបទនេះបន្តទៀត…

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here