ឈ្វេងយល់អំពីពាក្យ “និង, នឹង, ហ្នឹង” ដែលតែងប្រើច្រឡំគ្នា

0
12306

ការប្រើប្រាស់ភាសាខ្មែរ អក្សរសាស្ត្រ​ខ្មែរឲ្យបានត្រឹមត្រូវ គឺជារឿងដែលលំបាកបំផុត តែយ៉ាងហោចណាក៏យើងអាចយល់ឲ្យបានច្បាស់អំពីន័យនៃពាក្យនីមួយៗឲ្យបានត្រឹមត្រូវដោយផ្អែកលើវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត ជាគោល។ ចំពោះអ្នកដែលគ្មានវចនានុក្រមទេ យើងអាចជាវតាមបណ្ណាគារផ្សេង និងអាចទាញយកពី App Store និង Play Store ជាដើម សម្រាប់អ្នកដែលប្រើទូរសព្ទដៃ ឬស្មាតហ្វូន។

សម្រាប់ថ្ងៃនេះ ចំណេះដឹងគ្រប់ទីកន្លែង នឹងលើយកពាក្យបី ដែលមានសូរដូចគ្នា ប៉ុន្តែអត្ថន័យផ្សេងគ្នា ដែលមនុស្សជាច្រើននិយមប្រើខុសដោយច្រឡំគ្នា។

  • និង ( និ. ) [និង ]   បារ. ) សព្ទ​ជា​សន្ធាន ជា​ទ្វន្ទ្វ​សម្រាប់​និយាយ​ត​ពាក្យ​ឬ​ត​ឃ្លា​របះ​ពី​មួយ​ទៅ​មួយ ដែល​មាន​ដំណើរ​សេចក្ដី​ថា ទាំង, ព្រម​ទាំង, ផង, នេះ​ផង, នុះ​ផង : អ្នក​និង​ខ្ញុំ; គោ​និង​ក្របី : ផ្ទះ​នេះ​ផ្ទះ​នុ៎ះ​និង​ផ្ទះ​ឯ​ណោះ; សុខ​និង​ទុក្ខ; ទៅ​និង​មិន​ទៅ; ឲ្យ​និង​មិន​ឲ្យ; យក​ចាន​និង​ផ្តិល​មក​ផង ។ល។
  • នឹង ន. ) ពាក្យ​ជា​កិរិយានុគ្រោះ​សម្រាប់​និយាយ​នាំ​មុខ​កិរិយា​សព្ទ​ប្រាប់​អនាគត​កាល​ទៅ​ខាង​មុខ​ថា មុខ​ជា, ប្រាកដ​ជា, គង់, គង់​តែ : ស្អែក​នឹង​ទៅ​ផ្ទះ​អ្នក, យើង​គង់​តែ​នឹង​បាន​ចួប​គ្នា​ទៀត​ក្នុង​ថ្ងៃ​ណា​មួយ​ពុំខាន ។
  • នឹង កិ. វិ.គុ. ) ស្ងៀម, ជើយ, មិន​កម្រើក : អង្គុយ​នឹង​ថ្កល់ គឺ​អង្គុយ​នឹង​ដូច​គេ​ថ្កល់ ។ មិន​ប្រែប្រួល, មិន​ឡើង​មិន​ចុះ, នៅ​ដូច​ដែល : ជំងឺ​នុ៎ះ​នៅ​នឹង ។
    – ទឹក​នឹង គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក ឬ​មិន​ហូរ ។
  • នឹង អា. និ. ) ពាក្យ​ប្រាប់​ដំណើរ​សម្រេច​នូវ​អំពើ, សម្រាប់​ប្រើ​និយាយ​នាំ​មុខ​នាម​ស័ព្ទ មាន​ន័យ​ថា ដោយ; ជាមួយ, ដោយសារ; ព្ធដ៏, នៅ​ត្រង់ : ដួស​សម្ល​នឹង​វែក, ដាំ​បាយ​នឹង​ឆ្នាំង, កាប់​ឈើ​នឹង​ប៉ូវថៅ គឺ​ដួស​សម្ល​ដោយ​វែក, ដាំ​បាយ​ដោយ​ឆ្នាំង, កាប់​ឈើ​ដោយ​ប៉ូវថៅ; ទៅ​នឹង​ខ្ញុំ, នៅ​នឹង​គេ, ដេក​នឹង​គេ, ស៊ី​នឹង​គេ គឺ​ទៅ​ជាមួយ​នឹង​ខ្ញុំ, នៅ​ជា​មួយ​នឹង​គេ, ដេក​ដោយសារ​គេ, ស៊ី​ដោយសារ​គេ; ព្យួរ​អាវ​នឹង​ដៃ​កែវ, បោះ​ដែក​គោល​នឹង​ជញ្ជាំង គឺ​ព្យួរ​អាវ​ព្ធដ៏​ដៃ​កែវ, បោះ​ដែក​គោល​នៅ​ត្រង់​ជញ្ជាំង ។ល។
  • នឹង អា. និ. ) ជាអកថិត​កម្ម គឺ​កម្ម​រង​បន្ទាប់​ពី អា. និ. ជា កថិត​កម្ម ដែល​និយាយ​ថា នូវ គឺ នូវ ជា​ទី ១ នឹង ជាទី ២ ដើម្បី​កុំ​ឲ្យ​ថា នូវ ទាំង​២​ដង : ពី​ម្សិល​មិញ គេ​បាន​និយាយ​នូវ​ពាក្យ​នេះ​នឹង​ខ្ញុំ​ថា … (ពី​ម្សិល​មិញ គេ​បាន​និយាយ​នឹង​ខ្ញុំ​ថា…) ។ ធៀប​នឹង​បាលី​ថា ហិយ្យោ សោ មំ ឯតទវោច (ប្រែ​ដូច​ឧទហរណ៍​ខាង​លើ) ។
  • ហ្នឹង (វិ. ស. ) នុះ :
    – ហ្នឹង​ហើយ នុះ​ហើយ;
    – ហ្នឹង​ឯង នុះ​ឯង;
    – ដំណើរ​ហ្នឹង ដំណើរ​នុះ ។ និ. (ព. សា.) ដូច្នឹង, អីចឹង; អើ (អ្នក​ម្នាក់​ប្រាប់​ថា) : ទៅ​កុំ​ខាន​ហ្ន៎ះ !, (អ្នក​ម្នាក់​ឆ្លើយ​តប​ថា) ហ្នឹង​ឯង ! ។
    – ហ្នឹង​ហើយ ! អីចឹង​ហើយ ! ។
    – ហ្នឹង​ឯង ! អីចឹង​ឯង ! ។ បើ​និយាយ​មាន​សំឡេង​ខ្ពស់​ស្រួច​ខ្លាំង ត្រូវ​សរសេរ​ដាក់​ជើង​ក្អែក (+) នេះ​ពី​លើ​ជា ហ្នឹ៎ង​ហើ៎យ !; ហ្នឹ៎ង​ឯ៎ង ! (សម្រាប់​សម្តី​សាមញ្ញ) ។

(ដកស្រង់ពីវនានុក្រមសម្តេចសង្ឃរាជ ជួន ណាត)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ចែករំលែក
អត្ថបទ​មុនកម្រងទស្សនៈទាំង ៧ ឃ្លា របស់អ្នកប្រាជ្ញខុងជឺ
អត្ថបទ​បន្ទាប់សម្រង់ទស្សនៈ ១១ ឃ្លា របស់ ឡៅ ជឺ ជាកំពូលអ្នកទស្សនវិទូចិនដ៏ល្បីល្បាញ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here