លោក ស៊ុន យ៉ា​ត​សេន៖ ទុក​ឲ្យ​ចិន​ដេកលក់​ចុះ បើ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ

0
1499

ស៊ុន យ៉ា​ត​សេន ជា​អ្នក​រំដោះប្រទេស​ចិន​ពី​នឹម​ដែក​នៃ​ស្ដេច​ម៉ាន់​ជូ ដែល​ឥតមាន​ជនណាម្នាក់​ភ្នកនឹក​ឃើញថា អាច​នឹង​ធ្វើទៅកើត​សោះ ។ «​ទុក​ឲ្យ​ចិន​ដេកលក់​ចុះ តែ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ​» នេះឯង​ដែល​អាណានិគមនិយម​ត្រូវ​ប្រព្រឹត្ត​អនុវត្ត​ទៅលើ​ជនជាតិ និង​ប្រទេស​ចិន ។​ ​ស៊ុន យ៉ា​ត​សេន កើត​នៅ​ជិត​ខេត្ត​កង់​តុង ក្នុង​គ​.​ស​១៨៦៦ ក្នុង​ត្រកូល​អ្នកស្រែ ។ កាល​នៅ​ជា​កុមារ​តូច​នៅឡើយ ត្រូវមាន​បន្ទុក​ការងារ​ធ្ងន់ៗ​ជាច្រើន គឺ​ត្រូវ​រៀនអក្សរ​ចិន​ក្នុង​មួយ​សប្ដាហ៍​ពេញ​៧​ថ្ងៃ ផុត​ម៉ោង​រៀន​ត្រូវ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ស្រែចម្ការ​ជាមួយនឹង​ឪពុក​ទៀត ។​

​បិតា​របស់គាត់​ជាម​នុស្ស​ខួរក្បាល​សម័យ បើទុកជា​ពុំដែល​ឃើញ ពុំដែល​ស្គាល់​សហរដ្ឋអាមេរិក​ក៏ដោយ ។ គាត់​តែងតែ​ស្រវាស្រទេញ​ដើម្បី​បញ្ជូន​កូន​គាត់​ទៅ​ប្រកប​វិជ្ជាជីវៈ​នៅ​សហរដ្ឋអាមេរិក​ជានិច្ច ។ គាត់​បាន​បញ្ជូន​បង​បង្កើត​របស់ ស៊ុន យ៉ា​ត​សេន ទៅ​នៅ​ហូ​ណូ​លូៗ ម្នាក់​រួចទៅហើយ ។ ឯ​កុមារ ស៊ុន យ៉ា​ត​សេន​វិញ តែងតែបាន​ស្ដាប់​ការ​ពិពណ៌នា​អំពី​សហរដ្ឋអាមេរិក​ដោយ​ឪពុកមា​បង្កើត​របស់ខ្លួន​ម្នាក់​ដែលជា​អ្នកមាន​ព័ត៌មាន​ប្លែកៗ​ពី​សហរដ្ឋអាមេរិក នាំមក​បញ្ចូល​ចិត្ត​កុមារ ស៊ុន យ៉ា​ត​សេន ជារឿយៗ ។

ក្រោយមក​កុមារ ស៊ុន យ៉ា​ត​សេន កាលណា​បាន​ជួបនឹង​អ្នក​ដែល​ទើប​វិល​មកពី​សហរដ្ឋអាមេរិក ក៏​តែងតែ​សាកសួរ​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​ជនជាតិ​អាមេរិក ។ កុមារ ស៊ុន យ៉ា​ត​សេន បាន​ស្ដាប់​ហើយ ក៏​ជា​រឿង​ប្លែក​អស្ចារ្យ​នៅក្នុង​ចិត្ត​ក្រៃលែង​ថា «​ដែលមាន​ឬ​មនុស្ស​ក្នុង​លោក​នេះ មិន​បួងសក់ ! ដែលមាន​ឬ​មនុស្ស​ក្នុង​លោក​នេះ មិន​នៅក្រោម​អំណាច​ព្រះ​ទេវៈ​ឱរស​ជា​ម្ចាស់​ក្រុង​ចិន ! ដែលមាន​ឬ​មនុស្ស​ក្នុង​លោក​នេះ អាច​ជ្រើសរើស​អ្នកគ្រប់គ្រង​កំពូល​របស់គេ​ម្នាក់ មិនបាច់​ឡើង​ផ្ទាល់​ព្រះ​អម្ចាស់​ក្រុង​ចិន​» ។

រឿង​សំខាន់​ដែល​ប្លែក​អស្ចារ្យ​ណាស់​ទៅទៀត​គឺ «​គេ​មិន​ប្រហារ​មនុស្ស​ជា​ល្បែង​ដោយ​ឥតមាន​កំហុស​ពិតប្រាកដ​បានឡើយ​» ។ កុមារ ស៊ុន យ៉ា​ត​សេន ធ្លាប់តែ​បានទទួល​ការអប់រំ​ផ្ទុយ​ពី​ឃ្លា​ទាំង​ប៉ុន្មាន​ខាងលើនេះ​មកជា​យូរយារ​ណាស់​មកហើយ សូម្បីតែ​ជីវិត ក៏​គេ​គ្មាន​សិទ្ធិ​នឹង​ការពារ រក​យុត្តិធម៌​បានដែរ ព្រោះ​ស្រេច​ហើយ​តែ​ព្រះ​ទេវៈ​ឱរស​ជា​អម្ចាស់​ក្រុង​ចិន​ទាំងអស់ ។​

​ចង់ដឹង ចង់ឃើញ ចង់​រស់នៅក្នុង​លោក​ដែល​បានឮ​គេ​ពិពណ៌នា​ឲ្យ​ស្ដាប់​នោះ រឹត​តែមាន​ទម្ងន់​ទៅលើ​ការតាំង​ចិត្ត​របស់​បិតា​គាត់​ស្រាប់​មកហើយ​នោះ អាយុ​បាន​១៥​ឆ្នាំ ស៊ុន យ៉ា​ត​សេន ក៏បាន​ទៅ​នៅ​ហូ​ណូ​លូៗ​ជាមួយនឹង​បងប្រុស​ដែលមាន​ឋានៈ​បង្គួរ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ជួយ​លក់ដូរ​ផង ចូលទៅ​រៀន​ក្នុង​សាលា​ផង ។ ចំណាយ​វេលា​តែ​៣​ឆ្នាំ ស៊ុន យ៉ា​ត​សេន ក៏បាន​ទទួល​មធ្យមសិក្សា​ប័ត្រ​ខាង​ភាសា​អង់គ្លេស គណិតសាស្ត្រ និង​ប្រវត្តិសាស្ត្រ ។

ត្រឹមតែ​ជា​ដែនដី​អាណានិគម​ប៉ុណ្ណោះ ហូ​ណូ​លូៗ​ប្រៀបបាន​នឹង​ឋានសួគ៌​របស់ ស៊ុន យ៉ា​ត​សេន​ទៅហើយ ។ ចុះ​ទម្រាំ​បើ​សហរដ្ឋអាមេរិក​មែនៗ​នោះ តើ​នឹង​ជា​យ៉ាងណា​ទៅ ? ពិសេស​ទៅទៀត វិជ្ជា​ប្រវត្តិសាស្ត្រ​ធ្វើ​ឲ្យ ស៊ុន យ៉ា​ត​សេន ស្គាល់​ច្បាស់​នូវ​អតីតកាល​ដ៏​ថ្កុំថ្កើង​របស់​ចិន​លើស​ទៅទៀត បញ្ជាក់​ឲ្យ​រឹតតែ​ច្បាស់​ថា ព្រះ​ទេវ​ឱរស​ជា​អម្ចាស់​ក្រុង​ចិន​នោះ ពុំមែន​ជា​ជាតិចិន​ទៅទៀត គឺជា​ជនជាតិ​ម៉ាន់​ជូ ។ ពន្លឺ​ថ្មី​នេះឯង​ជា​ប្រភព​នៃ​ជាតិនិយម ដុះ​ឡើង​ក្នុង​ចិត្ត​របស់ ស៊ុន យ៉ា​ត​សេន ។ បង​របស់ ស៊ុន យ៉ា​ត​សេន ហាមប្រាម​ជានិច្ច ព្រោះ​គាត់​យល់ថា ការ​យល់សប្តិ​របស់ ស៊ុន យ៉ា​ត​សេន នោះ ទៅ​មិន​រួច​ទេ ស៊ុន យ៉ា​ត​សេន នៅតែ​រវើរវាយ​ទៀត ។​

​ទីបំផុត បង​របស់​ស៊ុន យ៉ា​ត​សេន គិត​ឃើញថា នឹង​ទុក​ឲ្យ​នៅ​ជាមួយ ក៏​ជាការ​ឥតប្រយោជន៍ ក៏​បញ្ជូន ស៊ុន យ៉ា​ត​សេន ត្រលប់​ឲ្យ​ទៅ​នៅ​ជាមួយ​បិតា សូម្បី​បិតា​ក៏​ពុំ​អាច​ទប់​នូវ​កម្លាំង​ទឹក​ហូរ​នៃ​គំនិត​ជាតិនិយម​របស់ ស៊ុន យ៉ា​ត​សេន​ដែរ ។ ប៉ុន្តែ និយម​ជាតិ​ខ្លាំងពេក រហូតដល់​ប្រឆាំងនឹង​រូប​អ្នកតា​ជាទី​សក្ការៈ​របស់​អ្នកភូមិផង​ទៀត​នោះ សេចក្ដី​ល្អ​ខាង​ការបង្កើត​លទ្ធិ​ជាតិនិយម​ពុំ​អាចជួយ​បាន ។ ស៊ុន យ៉ា​ត​សេន ដែល​អាយុ​មិនទាន់​ដល់​២០​ឆ្នាំ​នៅឡើយ​ង​ក្នុងពេលនោះ អ្នកភូមិ​ក៏​ទាមទារ​ដល់​ឪពុក ស៊ុន យ៉ា​ត​សេន ឲ្យ​ដេញ​ស៊ុន យ៉ា​ត​សេន​ចេញពី​ភូមិ ដោយហេតុ​គាត់​ទៅ​កាច់​បំបាក់​ដៃ​រូប​អ្នកតា​នៅក្នុង​ខ្ទម​របស់គេ ។​

​ស៊ុន យ៉ា​ត​សេន ក៏បាន​នី​រទេស​ខ្លួន​ទៅ​នៅ​ហុងកុង ។ ហុងកុង​ជា​ដែនដី​អាណានិគម​របស់​អង់គ្លេស រហូតដល់​ឆ្នាំ​១៩៩៧ ។ នៅ​ទីនោះ ស៊ុន យ៉ា​ត​សេន ក៏បាន​ចូលរៀន​នៅ​គ្វី​ន ខ​លេ​ច្ស (Qeen’s College) ហើយក៏​ប្រលង​បានសម្រេច​នូវ​បរិញ្ញាបត្រ​ខាង​ពេទ្យ​ជំនា​ន់ទី​១ នៃ​វិទ្យាល័យ​នោះ ។ ក្នុង​រយៈពេល​សិក្សា​នេះ គាត់​ក៏មាន​សេរីភាព​គ្រប់គ្រាន់​ផ្សាយ​នូវ​គំនិត​ជាតិនិយម​របស់គាត់ រហូតដល់​បាន​រីកចម្រើន​ឡើងៗ​ស្ទើរតែ​គ្រប់​ក្រុង​ធំៗ​ទាំងអស់ ។ មានការ​ទាក់ទង​គ្នា​ទៅវិញទៅមក ហើយ​គ្រប់​សាលា​ទាំងអស់ ក៏​សុទ្ធតែ​ទទួលស្គាល់ ស៊ុន យ៉ា​ត​សេន តែមួយ​ប៉ុណ្ណោះ​ជានា​យក ។​

​នៅ​ឆ្នាំ​១៨៩៥ ស៊ុន យ៉ា​ត​សេន អាយុ​២៩​ឆ្នាំ ការ​ចលាចល​ក៏​កើតឡើង​បាន​ដូច​បំណង តែ​ជាការ​បដិវត្ត​ប្រញាប់ប្រញាល់​ពេក ក៏បាន​ទទួល​នូវ​បរាជ័យ​ទៅវិញ តែ​ពុំ​រលត់​ទេ ។ រដ្ឋាភិបាល​ម៉ាន់​ជូ ក៏​ប្រកាស​គ្រប់​ទីកន្លែង គ្រប់​ស្ថានទូត របស់ខ្លួន​ឲ្យ​ចាប់ខ្លួន ស៊ុន យ៉ា​ត​សេន ទោះជា​រស់​ក្ដី​ស្លាប់​ក្ដី​ឲ្យ​តែ​បាន នឹង​ប្រទាន​រង្វាន់​មួយ​សែន​ផោន​ប្រាក់​អង់គ្លេស តែ​ក៏​គ្មាន​នរណា​អាច​សម្រេចបាន ។​

​ស៊ុន យ៉ា​ត​សេន ក៏​ធ្វើដំណើរ​ទៅកាន់​មហា​ប្រទេស​ធំៗ​ក្នុង​លោក​ស្ទើរតែ​ទាំងអស់ ដើម្បី​ថ្លែងការណ៍ យក​មតិ​សាកល រូបមន្ត​ដាស​ស្មារតី​ជាតិចិន សំខាន់បំផុត​របស់គាត់​គឺ​នៅត្រង់​ឃ្លា​ថា «​ស្ដេច​ម៉ាន់​ជូ​គ្មាន​សិទ្ធិ​គ្រប់គ្រង​ជនជាតិ​ចិន​ទេ មានតែ​ជនជាតិ​ចិន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង​» ។ រូបមន្ត​នេះ​ជ្រួតជ្រាប​ទូទៅ សូម្បី​មហាតលិក​ក្នុង​វាំង​ក៏​យកទៅ​សូត្រ​លេង​ដែរ ដំបូង​ទំនងជា​ឡកឡឺយ តែ​យូរៗ​ទៅ​ក៏​ក្លាយទៅជា​ជំនឿ​មែនទែន​តែម្ដង​ ។


​ស៊ុន យ៉ា​ត​សេន ត្រូវបាន​ស្ថានទូត​ចិន​នៅ​ប្រទេស​អង់គ្លេស ចាប់ខ្លួនបាន​តែម្ដង តែ​រដ្ឋាភិបាល​អង់គ្លេស​តវ៉ា ដោយ​ទាស់​នឹង​ច្បាប់​អន្តរជាតិ ។ លុះ​រួចខ្លួន​ហើយ គាត់​ក៏​ចូលទៅ​តាំង​មន្ទីរ​ចាត់ការ​បដិវត្ត​នៅ​ប្រទេស​ជប៉ុន កៀក​គ្នា​នឹង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន​នោះឯង ។ គាត់​ផ្សាយ​គ្រប់​មធ្យោបាយ​បដិវត្ត​ចូលទៅក្នុង​ប្រទេស​ចិន ។​ ​នៅ​ខែកញ្ញា ឆ្នាំ​១៩១១ អាយុ​៤៥​ឆ្នាំ គាត់​បានសម្រេច​នូវ​បដិវត្តន៍​បង្ហូរឈាម​ជា​ប្រាកដប្រជា​ឡើង ។

លុះ​អាយុ​៥២ ឆ្នាំ នៅ​ឆ្នាំ​១៩១៨ គាត់​ក៏បាន​គ្រប់គ្រង​លើ​អាណាខេត្ត​៧ នៅ​ភាគខាងត្បូង​ពី​ប្រទេស​ចិន ។ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩២១ អាយុ​៥៥​ឆ្នាំ ក៏បាន​ទទួល​តំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន សឹង​មិន​ដល់​មួយឆ្នាំ​ផង ដោយ​ការ​ប្រជែង​ប្រណាំង​នូវ​កៅអី​វីរជន​ដទៃទៀត ។ គាត់​ក៏​លាលែង​ពី​តំណែង​ដោយ​គាត់​ឥត​ប្រាថ្នា​អ្វី​ជាការ​ផ្ទាល់ខ្លួន​សោះ សុខចិត្ត​ដើរ​ខាងក្រៅ ទទួលយក​អំណាច​ខាង​ផ្លូវចិត្ត ជា​អ្នក​ឃោសនា​ដឹកនាំ​ខាង​វិវឌ្ឍនាការ​និយម​ទៅវិញ ។​

​ឋានៈ​គាត់​ក៏​ក្លាយទៅជា​ខ្ពស់បំផុត​ធៀប​ទៅនឹង ខុង ជឺ អ្នកប្រាជ្ញ​ចិន​ពី​បុរាណកាល​ដែលជា​ឋានៈ​មិនចេះ​ក្ដៅក្រហាយ រលត់រលាយ​សោះឡើយ ។​ ​អាយុ​៥៩​ឆ្នាំ គ​.​ស​១៩២៥ អវសាន​នៃ​ជីវិត​បិតា​ជាតិនិយម​ចិន​ក៏​ចូល​មកដល់ ។ នៅលើ​ទង់​នៃ​សេចក្ដី​គោរព ស្វាមីភក្តិ​ដ៏​ជ្រាលជ្រៅ​ទីបំផុត​ដែល​កប់​នៅក្នុង​បេះដូង​នៃ​ជនជាតិ​ចិន​រាប់រយ​លាន​នាក់​ជានិច្ច​រៀងមក ៕

ប្រភព៖ ខ្មែរអប្សរា សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here