សិក្សាស្វែងយល់អំពីប្រទេសឥណ្ឌា (India)

0
255

ប្រទេស​ឥណ្ឌា មានឈ្មោះ​ជាផ្លូវការ​ថា សាធារណរដ្ឋ​ឥណ្ឌា​ ឈ្មោះ​ជា​ភាសាអង់គ្លេស Republic of India។ ប្រទេស​នេះបានទទួលឯករាជ្យ​ពី​អង់គ្លេស នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ ហើយ​ក្លាយជាសាធារណរដ្ឋ នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៥០​។

ភូមិសាស្ត្រ

  • ទីតាំងភូមិសាស្ត្រ៖ ប្រទេស​ឥណ្ឌា មាន​ផ្ទៃដី ៣,២៨៧,៥៩០ គីឡូម៉ែត្រ​ក្រឡា ធំ​ជាង​គេ​ទី​៧ លើ​ពិភពលោក​ ដែលស្ថិត​នៅ​ភូមិភាគអាស៊ីខាងត្បូង ខាងលិច​ជាប់នឹង សមុទ្រ​អារ៉ាប់ ខាងកើត​ជាប់នឹង ឈូងសមុទ្របេងហ្គាល់ និង​ខាងត្បូង​ជាប់​ មហាសមុទ្រឥណ្ឌា ចន្លោះ​ប្រទេស មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។
  • ព្រំប្រទល់៖ ឥណ្ឌា មាន​ព្រំដែន​គោក​សរុប​ប្រវែង ១៤.១០៣ គីឡូម៉ែត្រ។ ជាប់នឹង​ប្រទេស បង់ក្លាដេស ៤.០៥៣ គីឡូម៉ែត្រ។ ប្រទេសប៊ូតាន ៦០៥ គីឡូម៉ែត្រ ប្រទេសភូមា ១.៤៦៣ គីឡូម៉ែត្រ ប្រទេសចិន ៣.៣៨០ គីឡូម៉ែត្រ ប្រទេសនេប៉ាល់ ១.៦៩០ គីឡូម៉ែត្រ និង​ប្រទេសប៉ាគីស្ថាន ២.៩១២ គីឡូម៉ែត្រ។ លើស​ពី​នេះ​ឥណ្ឌា នៅ​មាន​ឆ្នេរសមុទ្រ​ជាង ៧.៥១៧ គីឡូម៉ែត្រ​ទៀត។
  • សណ្ឋានដី៖ តំបន់​ខ្ពង់រាប​ស្ថិតនៅ​ភាគ​ខាងត្បូង (ខ្ពង់រាប​ដេកង់) តំបន់​ទំនាប​ស្ថិតនៅ​តាមទន្លេ​គង្គា តំបន់​វាលខ្សាច់​រហោឋាន​នៅ​ភាគ​ខាងលិច និង​ខាងជើង​គឺ​ជួរភ្នំហិមាល័យ។
  • ធនធានធម្មជាតិ៖ ប្រទេស​ឥណ្ឌា សម្បូរទៅ​ដោយ​ធនធានធម្មជាតិ យ៉ាង​ច្រើន​ដូច​ជា៖ ធ្យូងថ្ម រ៉ែកដែក ម៉ង់ហ្កាណែស មីកា រ៉ែ​បុកស៊ីត ទីតាន ក្រូម ឧស្ម័នធម្មជាតិ ប្រេងកាត ពេជ្រ ថ្មកំបោរ និង​​ដី​ដាំ​ដំណាំ​ដែល​មាន​ជីរ​ជាតិ។
  • គ្រោះធម្មជាតិ៖ ភាពរាំងស្ងួត ទឹកជំនន់ ភ្លៀងមូសុង ខ្យល់ព្យុះ គ្រោះរញ្ជួយដី . . . ។

ប្រវត្តិសាស្ត្រ

ពួកអារ្យ ឬអារ្យន ដែល​មក​ពី​ប៉ែក​ពាយព្យ បាន​លុកលុយ​ចូល​ប្រទេស​ឥណ្ឌា​នៅ​ប្រហែល​ឆ្នាំ ១៥០០ឆ្នាំ មុន​គ្រិស្ត​សករាជ​។ ការ​បូក​បញ្ចូល​គ្នា​រវាងពួក​អារ្យ និង​ពួក​​្រដ្វាត ដែល​រស់នៅ​មុន​បង្កើត​បាន​ជា​វប្បធម៌​ឥណ្ឌា​បុរាណ​។ ចក្រភពមោរ្យា (Maurya Empire) នៃ​សតវត្សរ៍​ទី​៤ និង​ទី​៣​មុន​​គ្រិស្ត​សករាជ ​​បាន​ស្គាល់​ភាព​រុងរឿង​ដល់​កំពូល​ក្នុង​រជ្ជកាល ព្រះបាទ អសោក (​ ASHOKA) ដោយ​គ្រប​ដណ្តប់​ស្ទើរតែ​ទាំងស្រុង​នៃ​ភូមិភាគ អាស៊ីខាងត្បូង។ ក្រោយ​ការ​​សោយទីវង្កត​របស់​ព្រះបាទ អសោក ឥណ្ឌា​បាន​ធ្លាក់ចុះ​ខ្សោយ​ ដោយ​ចក្រភព​ឥណ្ឌា​ត្រូវ​បែក​ទៅ​ជា​រដ្ឋ​តូចៗ​ជាច្រើន​។

ឥណ្ឌា​បាន​​ស្គាល់​ភាពរុងរឿង​សារ​ជា​ថ្មី​ម្តង​ទៀត ហើយ​ចាប់​បើក​នូវ​យុគមាស​របស់​ខ្លួន ដោយ​រាជវង្ស​កុប្តៈ (Gupta) នៅ​រវាង​សតវត្ស​រ៍ទី​៤ និង ​ទី​៦ នៃ​គ្រិស្ត​សករាជ ដែល​នៅ​​សម័យ​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​នូវ​ការ​រីកចម្រើន​ទាំង វិទ្យាសាស្ត្រ សិល្បៈ និង​វប្បធម៌។

នៅ​សតវត្ស​រ៍ទី​១៩ ចក្រភពអង់គ្លេស​ បាន​កាន់កាប់​ទឹកដី​ឥណ្ឌា​ទាំងមូល​។ កងទ័ព​ឥណ្ឌា ដែល​ស្ថិត​នៅ​ក្នុង​ជួរកងទ័ព​ជើងគោក​ចក្រភពអង់គ្លេស បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាមលោក​ទាំង​ពីរលើក​ ជួយ​អង់គ្លេស​ប្រឆាំង​នឹង​សត្រូវ។ ការ​តស៊ូ​ដោយ​អហិង្សា​ប្រឆាំង​អាណានិគម​អង់គ្លេស ដែលដឹកនាំ​ដោយ មហាត្មៈ​ គន្ធី(Mahatma Gandhi) និង ចាវាហាឡាល នេរុ (Jawaharlal Nehru) បាន​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧។ ក្រោយ​ការ​ទទួល​បាន​ជ័យជម្នះ ឧបទ្វីបឥណ្ឌា ​ត្រូវ​បាន​បែងចែក​ជា​រដ្ឋ​ពីរ​ផ្សេង​គ្នា ដោយ​បុព្វហេតុ​ទំនាស់​សាសនា​គឺៈ ឥណ្ឌា និង​ រដ្ឋឥស្លាម​ប៉ាគីស្ថាន ហើយ​មហាត្មៈ​ គន្ធី ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ពួក​ហិណ្ឌូនិយម​ជ្រុល​ នៅ​​ថ្ងៃ​​ទី​​ ៣០ មករា​ ឆ្នាំ​ ១៩៤៨ ក្រោយ​​ពេល​​ដែល​​ឥណ្ឌា​​ទើប​តែ​​បាន​​ទទួល​​ឯករាជ្យ​​ពី​​អង់គ្លេស​​។ ការ​ចាកចេញ​ទៅ​របស់​ពួក​អង់គ្លេស ​បាន​បន្សល់​ទុក​ឲ្យប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​នូវបញ្ហា​ទំនាស់​ដណ្ដើម​ដែនដី​កាស្មៀរ។ សង្គ្រាម​​លើក​ទី​៣ រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឆ្នាំ ១៩៧១ បាន​បណ្តាល​ឲ្យ​ប្រទេសប៉ាគីស្ថានខាងកើត​ក្លាយ​ជា​រដ្ឋ​បង់ក្លាដេស​ឯករាជ្យ ពី​ប្រទេស​ប៉ាគីស្ថាន​ខាងលិច (ប្រទេស​ប៉ាគីស្ថាន​សព្វថ្ងៃ)។

ប្រព័ន្ធ​នយោបាយ

រដ្ឋធម្មនុញ្ញ​ឥណ្ឌា គឺជា​រដ្ឋធម្មនុញ្ញ​ដែល​ចំណាស់​ជាងគេ និង​ទូលំទូលាយ​បំផុត​ក្នុងចំណោម​ប្រជាជាតិ​ឯករាជ្យ​នៅ​លើ​ពិភពលោក។ ដោយ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២៦ ខែ សីហា ឆ្នាំ ១៩៥០ ​មក​មេ៉្លះ​។ បុព្វ​កថា​ នៃ​រដ្ឋធម្មនុញ្ញនេះ​បាន​ចែងថា​ ឥណ្ឌា​ គឺជា​ សាធារណរដ្ឋ ដែល​មាន​ អធិបតេយ្យភាព​ សង្គមនិយម​ មិន​អាស្រ័យ​​ជំនឿ​សាសនា​ និង​ប្រជាធិបតេយ្យ​។ ឥណ្ឌា​មាន​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ និង​សភា​ពីរ​ ដែល​យក​តាម​របៀប​លោក​ខាងលិច​ ដែល​ចែក​អំណាច​បី​ផ្សេង​គ្នា​គឺ៖ អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ​ និង​​តុលាការ ។ ប្រធានាធិបតី​ ជា​ប្រមុខរដ្ឋ​ ដែល​ត្រូវ​បាន​បោះឆ្នោត​តាម​វិធីមិនទូទៅ (សកល)​ ដែល​រួមមាន​សមាជិក​នៃ​សភា​ទាំងពីរ​ សម្រាប់​អាណត្តិ​រយៈពេល​ប្រាំ​ឆ្នាំ​ ដោយ​ពុំ​មានការ​កម្រិត​អាណត្តិ​ទេ​។

ប្រធានាធិបតី​ឥណ្ឌា​ គឺជា​និមិត្តរូបពុំ​មាន​អំណាច​ទូលំទូលាយ​ទេ។​ ប៉ុន្តែ​មាន​សិទ្ធិ​ប្រកាស​ប្រទេស​ដាក់​ក្នុង​ភាព​អាសន្ន​ប្រសិនបើ​មាន​ការចាំបាច់​។ នាយករដ្ឋមន្ត្រី​ ជា​ប្រមុខ​រដ្ឋាភិបាល មាន​អំណាច​យ៉ាង​ទូលំទូលាយ​ ក្នុង​អង្គ​នីតិប្រតិបត្តិ។ នាយករដ្ឋមន្ត្រី​ ត្រូវ​តែងតាំង​ដោយ​ប្រធានាធិបតី និង​ដោយ​មាន​ការ​គាំទ្រ​ពី​សភា​ ពី​គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​។

អង្គ​នីតិ​បញ្ញត្តិ

អង្គ​នីតិ​បញ្ញត្តិ​ នៃ​ប្រទេស​ឥណ្ឌា​ មាន​សភា​ពីរ​ផ្សង​គ្នា​គឺ៖ សភា​ជាន់​ខ្ពស់​​ហៅថា​​ Rajya Sabha (​ក្រុម​ប្រឹក្សា​រដ្ឋ​) និង​សភា​ជាន់​ទាប​​ហៅថា​ ​Lok Sabha (សភា​ប្រជាជន​)​។ សភា​ជាន់​ខ្ពស់​ត្រូវ​មាន​សមាជិក​មិន​លើស​ពី​ ២៥០​ រូប​ឡើយ​ (​សមាជិក​អចិន្ត្រៃយ៍​មាន​ ២៤៥​ រូប​) ក្នុង​នោះ​មាន​ ១២ រូប​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី ក្រៅ​ពី​នេះ​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​ដោយ​សភា​រដ្ឋ​ និង​សភា​អាណា​ខេត្ត​ ទៅ​តាម​សមាមាត្រ​ នៃ​ចំនួន​ប្រជាជន​សម្រាប់​អាណត្តិ ០៦ ឆ្នាំ​។ នៅ​សភា​ថ្នាក់​ទាប​ មាន​សមាជិក​សរុប​ ៥៤៥ រូប​ ក្នុង​នោះ​ ៥៤៣ រូប​ត្រូវ​បោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាជន​ និង​ ២រូប​ទៀត​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ ០៥ ឆ្នាំ​។

អង្គ​នីតិ​ប្រតិបត្តិ

អង្គ​នីតិ​ប្រតិបត្តិ ​រួម​មាន​ ប្រធានាធិបតី អនុ​ប្រធានាធិបតី​ និង​គណៈរដ្ឋមន្ត្រី​ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រី​គ្រប់​រូប​នៃ​គណៈរដ្ឋមន្ត្រី​ត្រូវ​តែ​ជា​សមាជិក​ នៃ​សភា​ណាមួយ​ក្នុង​ចំណោម​សភា​ទាំង​ពីរ​។ ក្នុង​ប្រព័ន្ធ​សភា​ឥណ្ឌា​ អង្គ​នីតិ​ប្រតិបត្តិ អាស្រ័យ​ទៅ​នឹង​ អង្គ​នីតិ​បញ្ញត្តិ ។ ដូច្នេះ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​របស់​គាត់​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សភា​ជាន់​ទាប​។

តុលាការ

ឥណ្ឌា​ មាន​តុលាការបី​ថ្នាក់​រួមគ្នា ​គឺ​មាន​តុលាការ​កំពូល​ ដឹកនាំ​ដោយ​ប្រធាន​ចៅក្រម​ម្នាក់​ និង​ចៅក្រម​ ២៥​ រូប​ផ្សេង​ទៀត​ ដែល​តែងតាំង​ដោយ​ប្រធានាធិបតី ដែល​ត្រូវ​បំពេញ​តួនាទី​រហូត​ដល់​អាយុ​ ៦៥​ ឆ្នាំ​ ឬ​ក៏​អាច​ដក​ហូត​តួនាទី​ ប្រសិនបើ​រក​ឃើញ​ភស្តុតាង​ថា​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិន​សមរម្យ​ ឬ​ខុស​ពី​ក្រមសីលធម៌​ និង​តុលាការ​ថ្នាក់​ខ្ពស់​ចំនួន​ ២១ ព្រម​ទាំង​តុលាការ​ថ្នាក់​ទាប​ជាច្រើន​ទៀត​។ តុលាការ​កំពូល​ មាន​សមត្ថកិច្ច​ លើ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មូលដ្ឋាន​ និង​លើ​ជម្លោះ​រវាង​រដ្ឋ​ និង​ អំណាច​កណ្ដាល​ ព្រម​ទាំង​បណ្ដឹង​ឧទ្ធរណ៍​ពី​តុលាការ​ថ្នាក់​ខ្ពស់​។ តុលាការ ​ត្រូវតែ​ឯករាជ្យ​ ហើយ​មាន​អំណាច​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ និង​អាច​ច្រាន​ចោល​ផង​ដែរ​នូវ​ច្បាប់​របស់​សហព័ន្ធ​ ឬ​ច្បាប់​រដ្ឋ​ទាំងឡាយ​ណា​ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។ តួនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ច្បាប់​ចុង​ក្រោយ​ នៃ​រដ្ឋធម្មនុញ្ញ​ គឺ​ជា​មុខងារ​មួយ​យ៉ាង​សំខាន់​ របស់​តុលាការ​កំពូល ។

វិស័យ​នយោបាយ​

ក្នុង​ក្របខ័ណ្ឌ​សហព័ន្ធ​ ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។ តាម​ប្រវត្តិ​នៃ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា​ ភាគ​ច្រើន​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​សមាជ​ជាតិ​ឥណ្ឌា ហៅគណ​បក្ស​សមាជ​ (Indian National Congress)។ ចំពោះ​នយោបាយ​ថ្នាក់​រដ្ឋ​ ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​ថ្នាក់​ជាតិ​ជាច្រើន​រួមមាន​ គណបក្ស​សមាជ គណបក្ស​ Bharatiya Janta (BJP) គណបក្ស​កុម្មុយនិស្ត​ឥណ្ឌា​ (​ម៉ាក្ស​និយម​) និង​គណបក្ស​ថ្នាក់​តំបន់​ជាច្រើន​ទៀត​។

ចាប់​ពី​ឆ្នាំ​ ១៩៥០ ដល់​ ឆ្នាំ​ ១៩៩០ លើក​លែង​តែ​រយៈ​ពីរ​ខ្លីៗ​ចេញ​នោះ​ គណបក្ស​សមាជ ​តែង​តែ​មាន​សំលេង​ភាគ​ច្រើន​ក្នុង​សភា​​។ គណបក្ស​សមាជ បាន​ស្ថិត​នៅ​ក្រៅ​អំណាច​ពី​ឆ្នាំ​ ១៩៧៧ ដល់​ឆ្នាំ​ ១៩៨០ នៅ​ពេល​ដែល​គណបក្ស​ BJP បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សារ​ការ​មិន​ពេញចិត្ត​ជា​សាធារណៈ​ចំពោះ​ការ​ប្រកាស​ភាព​អាសន្ន​ របស់​អតីត​នាយករដ្ឋមន្ត្រី​ លោកស្រី​អ៊ីន​្រដា​ គន្ធី​ (Indira Gandhi) នៅ​ឆ្នាំ​ ១៩៨៩​។ នៅ​ឆ្នាំ​ ១៩៨៩ គណបក្ស Janta Dal បាន​ដឹកនាំ​សម្ព័ន្ធ​ភាព​ Nation front រួមគ្នា​បក្ស​ឆ្វេង​និយម (The left front) បាន​ឈ្នះ​ឆ្នោត។​ ប៉ុន្តែ​បាន​ស្ថិត​នៅ​ក្នុង​អំណាច​តែ​ ២​ ឆ្នាំ​ប៉ុណ្ណោះ​។

នៅ​ឆ្នាំ​ ១៩៩៦ ដល់ឆ្នាំ ១៩៩៨ គឺ​ជា​កំឡុង​ពេល​ដ៏​វឹកវរ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ ជាមួយ​ការ​បង្កើត​សម្ព័ន្ធ​ភាព​ជា​ច្រើន​ ដែល​មាន​រយៈពេល​ខ្លី​ ដោយ​ការ​មាន​ទំនោរ​នយោបាយ​រេ​ចុះ​រេ​ឡើង​ពុំ​មាន​ជំហរ​ច្បាស់លាស់​។ គណបក្ស ​BJP បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ នៅ​ឆ្នាំ​ ១៩៩៦ តែ​មាន​រយៈពេល​មិន​យូរ​ប៉ុន្មាន​ទេ​ តាមរយៈ​ United Front Collation។ នៅ​ឆ្នាំ​ ១៩៩៨ គណបក្ស BJP បាន​បង្កើត​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NDA) ហើយ​បាន​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ដំបូង​បង្អស់​ពុំ​មែន​បក្ស​សមាជ​ ដែល​បាន​កាន់​អំណាច​ពេញ​មួយ​អាណត្តិ​រយៈពេល​ ៥​ ឆ្នាំ​។ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០០៤ គណបក្ស​សមាជ​ បាន​ឈ្នះ​សំលេង​ភាគច្រើន​ក្នុង​សភា​ជាន់​ទាប​ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ដោយ​បង្កើត​សម្ព័ន្ធ​ភាព​មួយ​ ដែល​មាន​ឈ្មោះ​ថា​ United Progressive Alliance ដោយ​មាន​ការ​គាំទ្រ​ពី​បក្ស​ឆ្វេង​និយម​ជា​ច្រើន​ និង​សមាជិក​ខ្លះ​ ដែល​ប្រឆាំង​នឹង​គណបក្ស​ BJP។

ទំនាក់ទំនង​អន្តរជាតិ និង​យោធា​

ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៤៧ មក ឥណ្ឌា​បាន​ថែ​រក្សា​ចំណង​មិត្តភាព​ជាមួយ​ប្រជាជាតិ​ជា​ច្រើន​។ នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​ ឥណ្ឌា​បាន​ចាប់​យក​តួនាទី​ជា​អ្នក​ដឹកនាំ​ការ​គាំទ្រ​ដល់​ការ​ទាមទារ​ឯករាជ្យ​នៃ​បណ្ដា​អាណានិគម​​អឺរ៉ុបនៅ​ទ្វីប​​​អាស៊ី និង​​​អា​្រហ្វិក។ ឥណ្ឌា ​គឺ​ជា​សមាជិក​នៃ​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ។ ក្រោយ​ពី​សង្គ្រាម​រវាង​ ចិន-ឥណ្ឌា​ និង​ ឥណ្ឌា-ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៦៥ មក​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ ឥណ្ឌា​ និង​​​សហភាព សូវៀត បាន​ធ្វើ​ឲ្យ​ឥណ្ឌា​បាត់បង់​នូវ​ទំនាក់ទំនង​ជាមួយ​ ​សហរដ្ឋ​អាមេរិក ​ហើយ​បាន​បន្ត​សភាព​បែប​នេះ​រហូត​ដល់​ការ​បញ្ចប់​នូវ​សង្គ្រាមត្រជាក់​។ ឥណ្ឌា​ បាន​ធ្វើ​សង្គ្រាម​ ៤​ លើក ​ជាមួយប៉ាគីស្ថាន​បញ្ហា​ចម្បង​ គឺ​ជម្លោះ​ដណ្ដើម​ដែនដី​​កាស្មៀរ។ ឥណ្ឌា​ បាន​ឈ្នះ​សង្គ្រាម​ជាមួយ​​ប៉ាគីស្ថាន​ នៅ​ឆ្នាំ​ ១៩៧១ ដោយ​ឥណ្ឌា​បាន​ជួយ​គាំទ្រ​ដល់​ចលនា​រំដោះ​ជាតិ​​បង់ក្លាដេស (​អតីត​ប្រ​ទេស​ប៉ាគីស្ថាន​ខាងកើត)​។

ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ឥណ្ឌា​បាន​ដើរ​តួនាទី​ដ៏​មាន​ឥទ្ធិពល​ក្នុង​សមាគម​អាស៊ាន SAARC និង​ WTO ។ ឥណ្ឌា​ គឺ​ជា​សមាជិក​ និង​ជា​អ្នក​ទ្រទ្រង់​ដ៏​យូរ​នៃ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ចំនួន​ ៣៥ ទូទាំង​ទ្វីប​ទាំង​ ៤ ដោយ​មាន​កងទ័ព​ជាង​ ៥៥.០០០ នាក់​ និង​កម្លាំង​នគរបាល​ផ្ទាល់​ខ្លួន​ផង​ដែរ​។ ទោះបី​ជា​មាន​ការ​រិះគន់​ និង​មាន​ការ​ផ្ដល់​សច្ចាប័ន​យោធា​ក៏ដោយ​ ឥណ្ឌា​ នៅ​តែ​រក្សា​ជំហរ​បដិសេធ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ CTBT និង NTP ជំនួស​ការ​ថែ​រក្សា​អធិបតេយ្យភាព​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ថ្មីៗ​នេះ​គំនិត​ ដែល​ផ្ដួចផ្ដើម​ដោយ​មេដឹកនាំ​ឥណ្ឌា​ បាន​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ ​សហរដ្ឋ​អាមេរិក ចិននិងប៉ាគីស្ថាន​។ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​វិញ​ ឥណ្ឌា បាន​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ នៅ​អាមេរិក​ខាងត្បូង​ ​​​អាស៊ី និង​អាហ្វ្រិក​។

ឥណ្ឌា​ ជា​ប្រទេស​ ដែល​មាន​កងទ័ព​ច្រើន​ជាង​គេ​ទី​៣ នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក ដែល​រួមមាន​ទាំង កងទ័ព​ជើង​គោក​ ជើង​ទឹក​ និង​ជើង​អាកាស​។ កងទ័ព​​ជំនួយមាន​ដូច​ជា​ទាហាន​ប៉ារ៉ា​ (Paramilitary Forces) ឆ្មាំ​សមុទ្រ​ (Coast Guard) និង​កង​កំម៉ង់ដូ​យុទ្ធសាស្ត្រ​ (Strategic Forces Command) សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​ទាំងអស់​។ ប្រធានាធិបតី​ គឺជា​មេ​បញ្ជាការ​កំពូល​ នៃ​កងទ័ព​ឥណ្ឌា​។ ឥណ្ឌា ​បាន​ក្លាយ​ទៅ​ជាមហាអំណាច​នុយក្លេអ៊ែរ នៅ​ឆ្នាំ​ ១៩៧៤ បន្ទាប់​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​មក​ ដោយ​ពុំ​មាន​ការ​ប្រកាស​ជា​សាធារណៈ​ទេ​។ ២៤​ ឆ្នាំ​ក្រោយ​មក​ គឺ​នៅ​ឆ្នាំ​ ១៩៩៨ បាន​ធ្វើការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរម្ដង​ទៀត​ ដោយ​បាន​ប្រកាស​ជា​សាធារណៈ​ នូវ​សក្ដានុភាព​របស់​ខ្លួន​ជា​ មហាអំណាច​នុយក្លេអ៊ែរ។ ជា​ការ​ឆ្លើយ​តប​ចំពោះ​ព្រឹត្តិការណ៍​នេះ​ ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​សត្រូវ​ដ៏​យូរ​អង្វែង​របស់​ឥណ្ឌា​ ក៏​បាន​ធ្វើការ​សាកល្បងអាវុធ​នុយក្លេអ៊ែររបស់​ខ្លួន​នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ​។ នា​ពេល​ថ្មីៗ​នេះ​ឥណ្ឌា​ បាន​ធ្វើ​សហ​ប្រតិការ​ជាមួយ​​សហរដ្ឋ​អាមេរិក ​ លើ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ ទោះ​ជា​ឥណ្ឌា​ពុំ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ​។

បំណែង​ចែក​ប្រព័ន្ធ​រដ្ឋបាល

ឥណ្ឌា គឺជា​សាធារណរដ្ឋ​សហព័ន្ធ​នៃ ២៨ រដ្ឋ (States) និង ០៧ ទឹកដីសហភាព (Union Territories) ហើយ​មាន​រដ្ឋធានី នៅ​ទីក្រុង​ញូដេលី (New Delhi) ។ គ្រប់​រដ្ឋ​ទាំងអស់ និង អាណាខេត្ត​ចំនួន​ពីរ​គឺ​៖ Producherry និង រដ្ឋធានី​ជាតិ​ដេលី (National Capital Territory of Delhi) បាន​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ និង អាណាខេត្ត​ផ្ទាល់ខ្លួន​។ អាណាខេត្ត​ចំនួន ០៥ ផ្សេងទៀត​ត្រូវ​បាន​តែងតាំង​ក្បាលម៉ាស៊ីន​រដ្ឋបាល និង គ្រប់គ្រង​ដោយផ្ទាល់​ពី​ប្រធានាធិបតី​។ នៅ​ឆ្នាំ​១៩៥៦ តាមរយៈ​ច្បាប់​ស្ដី​អំពី​ការរៀបចំ​រដ្ឋ​ឡើងវិញ (States Reorganisation Act) រដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​ទៅតាម​មូលដ្ឋាន​នៃ​ភាសា​។ រចនាសម្ព័ន្ធ​ថ្មី​នេះ​មិន​មាន​បំលាស់ប្ដូរ​អ្វី​ជា​ធំដុំ​ទេ​។ រដ្ឋ ឬ អាណាខេត្ត​នីមួយៗ ត្រូវ​បាន​ចែកទៅជា ៦១០ ស្រុក (Districts) សម្រាប់​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​។ ស្រុក​ត្រូវ​បាន​ចែកទៅជា tehsils និង​បន្ត​ចែកទៅជា​ភូមិ (villages) ។

សេដ្ឋកិច្ច

ចាប់​តាំង​តែ​ពី​បាន​ទទួល​ឯករាជ្យ​មក​ ឥណ្ឌា​បាន​ប្រកាន់​ភ្ជាប់​នូវ​ទិសដៅ​សឹង​តែ​សង្គម​និយម​ ជាមួយ​នឹង​ការ​គ្រប់​គ្រង​យ៉ាង​តឹង​រឹង​ទៅ​លើ​ការ​ចូលរួម​ពី​ផ្នែក​ឯកជន​ ដូចជា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ចាប់​ពី​ឆ្នាំ​ ១៩៩១ មក​ ឥណ្ឌា​បាន​បើក​ចំហ​ទីផ្សារ​ របស់​ខ្លួន​ ដោយ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ និង​បន្ធូរបន្ថយ​ការ​គ្រប់​គ្រង​ របស់​រដ្ឋ​ទៅ​លើ​ ការ​ធ្វើ​​ពាណិជ្ជកម្ម​​ និង​ការ​វិនិយោគទុន​បរទេស​។ ការ​ផ្តោះ​ប្តូរ​​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​បាន​កើន​ឡើង​ពី ៥.៨ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ ១៩៩១ ដល់ ៣០៨ ពាន់​លាន​ដុល្លារ នៅ​ថ្ងៃ​ទី ៤ កក្កដា ឆ្នាំ ២០០៨​ នៅ​ខណៈ​ដែល​ថវិកា​រដ្ឋ​ និង​សហព័ន្ធ​បាន​ធ្លាក់​ចុះ​ ការ​ធ្វើ​ឯកជនូបនីយកម្ម​លើ​សហគ្រាស​សាធារណៈ​ត្រូវ​បាន​បន្ត​។ ជាមួយ​អត្រា​កំណើន​ ៩.៤% នៅ​ឆ្នាំ ២០០៦-២០០៧ សេដ្ឋកិច្ច​​ឥណ្ឌា​ ស្ថិត​នៅ​ក្នុង​បណ្ដា​សេដ្ឋកិច្ច​ ដែល​មាន​កំណើន​ខ្លាំង​បំផុត​ក្នុង​លោក​។ ផលិតផល​ក្នុង​ស្រុក​​(GDP) ​របស់​ឥណ្ឌា​ គិត​ជា​ដុល្លារ​មាន ១.០៨៩ លាន​លាន​ដុល្លារ​ ខណៈ​ដែល អំណាច​ទិញ​ (PPP) មាន​ដល់​ ៤.៧២៦ លាន​លាន​ដុល្លារ​ជាប់​លំដាប់​ទី​៤​ ក្នុង​លោក​។ ចំណូល​របស់​ប្រជាជន​ម្នាក់ៗ មាន​ ៩៧៧ ដុល្លារ ស្រប​ពេល​ដែល​អំណាច​ទិញ​របស់​ប្រជាជន​ម្នាក់ៗ​មាន​ ២.៧០០ ដុល្លារ​។

ឥណ្ឌា​ មាន​កម្លាំង​ពលកម្ម​ ៥១៦.៣ លាននាក់​ជាប់​លំដាប់​ទី​២​ក្នុង​លោក ដែល​ក្នុង​នោះ​ ៦០% បម្រើ​ការ​នៅ​ក្នុង​វិស័យ​កសិកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ ២៨%​ បម្រើ​វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​ និង​ ១២%​ទៀត​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ដំណាំ​កសិកម្ម​សំខាន់ៗ​រួមមាន​ ស្រូវ​ ស្រូវសាលី​ ធញ្ញជាតិ​ប្រេង​ កប្បាស ក្រចៅ តែ អំពៅ និង​ដំឡូង​បារាំង​។ វិស័យ​កសិកម្ម​រួម​ចំណែក​ ២៨% នៃ​ផលិតផល​ក្នុង​ស្រុក​ដុល​ វិស័យ​សេវាកម្ម​ និង​សហគ្រាស​ពាក់ព័ន្ធ​មាន​រហូត​ដល់​ ៥៤% ហើយ​ ១៨%ទៀត​ តំណាង​ឲ្យ​ឧស្សាហកម្ម​សំខាន់​រួមមាន​ ឧស្សាហកម្ម​យានយន្ត​ ស៊ីម៉ងត៍​ គីមី អេឡិចត្រូនិក​ ម្ហូបអាហារ​ គ្រឿងយន្ត​ អាជីវកម្ម​រុករក​រ៉ែ​ ប្រេងកាត​ ឱសថ​ ដែកថែប​ សម្ភារៈ​ដឹកជញ្ជូន​និង​វាយនភណ្ឌ​។ អាស្រ័យ​ដោយ​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ឥណ្ឌា​ បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​តម្រូវ​ការ​ថាមពល​ដ៏​ច្រើន​ផង​ដែរ​។ ដោយ​ផ្អែក​តាម​អង្គការ​គ្រប់គ្រង​ព័ត៌មាន​ស្ដីពី​ថាមពល​ (Energy Information Administration) ឥណ្ឌា​ជា​ប្រទេស​ ដែល​ប្រើប្រាស់​ប្រេង​ច្រើន​ជាង​គេ​ទី​៦ និង​ទី​៣ ខាង​ធ្យូង​ថ្ម​។

ទោះជាសេដ្ឋកិច្ច​ឥណ្ឌា​មាន​ការ​កើន​ក្នុង ២​ទសវត្ស​ចុងក្រោយ​នេះ​ក៏ដោយ ប៉ុន្តែ​ការ​រីកចម្រើន​ពុំ​មាន​ភាព​ស្មើ​គ្នា​ទេ ទៅតាម​ សង្គម​ សហ​គម​សេដ្ឋកិច្ច​ ភូមិសាស្ត្រ​តំបន់​ ជា​ពិសេស​ភាព​ខុស​គ្នា​រវាង​ទីក្រុង​ និង​ជនបទ​។ សមភាព​ នៃ​ចំណូល​នៅ​ប្រទេស​ឥណ្ឌា​ មាន​ទំនាក់ទំនង​គ្នា​តិច​ណាស់​ (Gini Coefficient: 36.8 នៅ​ឆ្នាំ ២០០៤) ទោះជា​មាន​ការ​កើន​ឡើង​នៅ​រយៈកាល​ចុង​ក្រោយ​នេះ​ក៏ដោយ​។ បំណែង​ចែក​ភោគផល​ (Wealth Distribution) នៅ​ឥណ្ឌា ពុំ​មាន​សមភាព​ឡើយ​ ដោយ​អ្នក​មាន​ចំណូល​ខ្ពស់​ ១០% នៃ​ក្រុម​ចំណូល​ ទទួល​បាន​ផល​រហូត​ដល់ ៣៣%​ នៃ​ចំណូល​។ ថ្វីបើ​ដំណើរ​ការ​សេដ្ឋកិច្ច​​សំខាន់​ ១/៤ នៃ​ប្រជាជន​រក​ចំណូល​បាន​ក្រោម​បន្ទាត់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ ០.៤ ដុល្លារ ក្នុង​មួយ​ថ្ងៃ​។ នៅ​ឆ្នាំ​ ២០០៤-២០០៥​ ​ប្រជាជន​ ២៧.៥% បាន​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។

ថ្មីៗ​នេះ​ ឥណ្ឌា​បាន​ផ្ដល់​មូលនិធិ​យ៉ាង​ច្រើន​ ដល់​វិស័យ​អប់រំ​ ឲ្យ​ប្រជាជន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្លាយ​ជា​ Outsourcing Destination ដ៏​សំខាន់​សម្រាប់​សហ​ប្រតិបត្តិការ​ពហុភាគី​ និង​ Popular Destination សម្រាប់​ Medical Tourism ។ ឥណ្ឌា​បាន​ក្លាយ​ទៅ​ជា​ អ្នក​នាំចេញ​ដ៏​សំខាន់​នូវ​ ផលិតផល​ផ្នែក​ទន់​ (Software) ក៏ដូចជា​ ហិរញ្ញវត្ថុ​ ការ​ស្រាវជ្រាវ​ និង​សេវាកម្ម​ផ្នែក​បច្ចេកវិជ្ជា​។

នៅ​ឆ្នាំ​ ២០០៧ តាម​ការ​ប៉ាន់ស្មាន​ការនាំចេញ​មាន​ប្រហែល​ ១៤០ ពាន់​លាន​ដុល្លារ​ និង​នាំចូល​មាន​ប្រហែល​ ២២៤.៩ ពាន់​លាន​ដុល្លារ​។ វាយនភណ្ឌ គ្រឿង​អលង្ការ សម្ភារៈ​វិស្វកម្ម​ និង​ផលិតផល​ផ្នែក​ទន់​ គឺជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​។ ក្រៅ​ពី​នេះ​ ប្រេង​ឆៅ យានយន្ត​ ជីរ​កសិកម្ម​ ផលិតផល​គីមី​ ក៏​ជា​ផ្នែក​នាំ​ចេញ​ដ៏​សំខាន់​ផង​ដែរ​។ ដៃគូ​ពាណិជ្ជកម្ម សំខាន់​បំផុត​របស់​ឥណ្ឌា​មាន សហរដ្ឋ​អាមេរិក ​​ សហភាពអឺរ៉ុប ​ប្រទេស​ចិន រុស្ស៊ី និង​ជប៉ុន​។

លក្ខណៈ​ប្រជាសាស្ត្រ

ឥណ្ឌា​ មាន​ប្រជាជន​ប្រហែល​ ១.១៤ លាន​នាក់​ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី ​២ ក្នុង​លោក បន្ទាប់​ពី​ប្រទេស​ចិន។ ប្រជាជន​ប្រហែល​ ៧០% រស់​នៅ​តាម​ទី​ជនបទ​ ទោះជា​នៅ​ទសវត្សរ៍ចុងក្រោយ​ប្រជាជន​ ដែល​មាន​ជីវភាព​តោកយ៉ាក​ខ្លាំង​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទីក្រុង ​ក្នុង​ចំនួន​កាន់​តែ​ច្រើន​ឡើង​ក៏ដោយ​។ ទីក្រុង​ធំៗ​ នៃ​ប្រទេស​ឥណ្ឌា​មាន​ ៖ មុមបៃ (Mumbai) ឬ បុមបៃ (Bombay), ញូ​ដេលី (New Delhi), កុលកាតា (Kolkata ឬ កាល់កាត់តា (Culcutta), ចេនណៃ (Chennai) ឬ ម៉ាដ្រាស (Madras), បិង្គាលុរុ (Bengaluru) ឬ បែងហ្គាឡ័រ (Bangalore), ហៃដេរ៉ាបាដ (Hyderabad) និង អាំមេដាបាដ(Ahmedabad) ។

ឥណ្ឌា​មាន​ជាតិ​សាស្ត្រ និង ​ភាសា​ផ្សេងៗ​គ្នា​ទៅ​តាម​តំបន់​ភូមិសាស្ត្រ​នីមួយ​។ ឥណ្ឌា ​គឺជា​ទី​កំណើត​នៃ​អំបូរ​ភាសា​ពីរ​ធំៗ​គឺ៖ ឥណ្ឌូ-អារ្យ័ន (មាន​​ប្រជាជន​ ៧៤% ជា​អ្នក​និយាយ) និង​ទ្រាវីទ (មាន​ប្រជាជន​ ២៤% ជា​អ្នក​និយាយ)​។ ក្រៅ​ពី​នេះ​ភាសា​ផ្សេង​ទៀត​មាន​កំណើត​ចេញ​ពី​ អំបូរ​ភាសា អូស្ត្រូ-អាស៊ី​ និង​ទីបេ-ភូមា​។

ភាសា​ហិណ្ឌី​ ត្រូវ​បាន​និយាយ​ដោយ​ប្រជាជន​ ច្រើន​ជាង​គេ​ (​ប្រហែល​ ៣០​% នៃ​ប្រជាជន​សរុប​) គឺជា​ភាសា​ផ្លូវការ​សម្រាប់​សហព័ន្ធ​។ ភាសាអង់គ្លេស​ ត្រូវ​បាន​គេ​និយម​ប្រើ​ ក្នុង​ការងារ​ធ្វើ​ជំនួញ​ និង​រដ្ឋបាល ជា​ភាសា​ផ្លូវការ​សម្រាប់​ជំនួយ​។ រដ្ឋធម្មនុញ្ញ​ ក៏បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​ ២១ ភាសា​ផ្សេង​ទៀត​មាន​ការ​ប្រើប្រាស់​យ៉ាង​ច្រើន​ ឬ​តំណាង​ភាព​ពី​សម័យ​បុរាណ​។ ឥណ្ឌា​មាន​ភាសា​រហូត​ដល់​ ១៦៥២​ ភាសា​ គឺ​ច្រើន​ជាង​គេ​លើ​ពិភពលោក​។

ប្រជាជន​ជាង​ ៨០០ លាន​នាក់​ ត្រូវ​ជា​ ៨០.៥​% កាន់​សាសនា​ហិណ្ឌូ ឬ​ លទ្ធិព្រាហ្មណ៍ ​។ សាសនា​ផ្សេងៗ​ទៀត​មាន ​៖ សាសនា​ឥស្លាម​ ១៣.៤​%, គ្រិស្ត​សាសនា​ ២.៣​%, សាសនា​ ស៊ីក​ ១.៩​%, ព្រះពុទ្ធសាសនា០.៨​% និង ​សាសនា​ជា​ច្រើន​ទៀត​ ។ ក្រុម​កុលសម្ព័ន្ធ​ផ្សេងៗ​ មាន​ប្រហែល​ ៨.១​% នៃ​ប្រជាជន​សរុប ​។

ប្រជាជន​ឥណ្ឌា​ ប្រមាណ​ ៦៤.៨​% ចេះ​អាន​ និង​​សរសេរ​អក្សរ​ ក្នុង​នោះ​ បុរស​ ៧៣.៣​% ចេះ​អាន​ និង​សរសេរ​អក្សរ​ ចំណែក​ឯ​ស្ត្រី​មាន​តែ ៥៣.៧​%​ ប៉ុណ្ណោះ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here