ប្រវត្តិលោក ​ហាំង ង៉ោ តួឯករឿង “វាលពិឃោត” ដែលត្រូវបានគេលួចសម្លាប់…

0
14176

រឿង “​វាលពិឃាត​” ជា​ស្នាដៃ​ដ៏​សម្រាំង​របស់​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ (ប្រទេស​អាមេរិក) ស្តីអំពី​ទិដ្ឋភាព​ពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​១៩៧៥ និង​ជីវភាព​ដ៏​លំបាក​វេទនា​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។ ក្នុងខ្សែភាពយន្ត​នេះ​ បានធ្វើឱ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល និង​ទទួលស្គាល់​ពី​ទុក្ខវេទនា​របស់​ប្រជាជន​ខ្មែរ​នា​សម័យ​កាលនោះ។​

Image result for ​វាលពិឃាត

Image result for ​វាលពិឃាត

លោក ង៉ោ សំណាង ជា​ខ្មែរ​ម្នាក់​ ដែល​បាន​ជាប់​ជម្រើស​ជា​តួឯក​របស់​ក្រុមហ៊ុន​ហូលីវូដ​ក្នុង រឿង “​វាលពិឃាត​” ដោយ​សម្តែង​ជា​តួ​ លោក​ឌិ​ត ប្រ​ន អ្នក​ថតរូប​ឲ្យ​កាសែត​អាមេរិកាំង​មួយរូប។ លោក​បានធ្វើឱ្យ​អន្តរជាតិ​ទទួលស្គាល់​ពី​ទេពកោសល្យ​សម្តែង​របស់លោក និង​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​ក្តុកក្តួល​រំជួលចិត្ត​ចំពោះអនុស្សាវរីយ៍​ដ៏​សែន​វេទនា ជូរចត់ ដែល​ពួកគេ​បាន​ឆ្លងកាត់​ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថៃ្ង កន្លងផុតទៅ។ ក៏ប៉ុន្តែ​ នៅ​ថ្ងៃ ​២៥ ខែកុម្ភៈ ឆ្នាំ​១៩៩៦ លោក​ង៉ោ សំណាង ឬ​ហាំង ង៉ោ បាន​ត្រូវ​ក្មេង​យូ​កូ​ង​បាញ់​ស្លាប់​នៅ​គេហដ្ឋាន​របស់លោក​នា​តំបន់​ឆាយ ណា​ថោ​ន ក្នុង​ក្រុង​ឡូ​ស​អេ​ន​ជើ​ឡេស រដ្ឋ​កាលីហ្វ័រ​នីញ៉ា​សហរដ្ឋអាមេរិក។​

ខាងក្រោម​នេះ​ជា​កិច្ចសម្ភាសន៍​កាលពី​ឆ្នាំ​១៩៩៤ រវាង​លោក​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា ដែល​រៀបរាប់​ត្រួសៗ​ពី​ជីវិត​របស់​រូបលោក​ផ្ទាល់​៖
សំណួរ​៖ ប្រជាជន​កម្ពុជា​ចង់​ស្គាល់​ពី​ជីវិត​ផ្ទាល់​របស់លោក តើ​លោក​អាចឱ្យ​ស្គាល់​បានដែរ​ទេ​?
ចម្លើយ​៖ បាទ! មិនជា​បញ្ហា​អ្វី​ទេ។ ខ្ញុំ​កើត​នៅ​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ។ ម្តាយ​ខ្ញុំ​រកស៊ី​លក់​នំកន្ទក់ លក់​ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងទេស​តិចតួច​និង​ធ្វើស្រែ​ផ្សំ​ផង។ ក្រោយពី​រកស៊ី​បាន​កាក់កប​បន្តិច គាត់​ក៏​មករក​ស៊ី​នៅ​ផ្សារ។ គាត់​បាន​ក្លាយជា​ពាណិជ្ជករ​តូចតាច​រកស៊ី​ខាង​រោងចក្រ​អារឈើ​។ ខ្ញុំ​មាន​បងប្អូន ១០​នាក់ ហើយខ្ញុំ​ជា​កូនប្រុស​ទី​៣​នៅក្នុង​គ្រួសារ។ ពី​ក្មេង​ខ្ញុំ​រៀន​នៅ​សាលា​សំរោង​យ៉ោ​ង បន្ទាប់មក​រៀន​ នៅ​ខេត្តតាកែវ ក្រោយមកទៀត​ខ្ញុំ​រៀន​នៅ​សាលា​ពេទ្យ​ក្រុងភ្នំពេញ។​
សំណួរ​៖ លោក​បាន​ចាក​ចេញពី​ស្រុក​ខ្មែរ​នៅពេលណា ដោយសារ​មូលហេតុអ្វី ?
ចម្លើយ​៖ ថៃ្ង​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៩ ខ្ញុំ​រួច​ពី​របប​ប្រល័យពូជសាសន៍​ នៅ​ខេត្តបាត់ដំបង ហើយ​ខ្ញុំ​ចាក​ចេញពី​ស្រុក​ខ្មែរ​ទៅ​ប្រទេស​ទី​៣​ នៅ​ថៃ្ង​ទី​៩ ខែមករា ឆ្នាំ ១៩៨០។ ថៃ្ង​១៣ ខែឧសភា ១៩៧៩ ខ្ញុំ​បាន​វិលត្រឡប់​ទៅរក​ផ្នូរ​របស់​ប្រពន្ធ​ខ្ញុំ ​នៅ​ទី​ដែល​នាង​បាន​ចែកឋាន។ ខ្ញុំ​បាន​សុំ​ប្រពន្ធ​កូន​ខ្ញុំ​ថា នឹង​ចាក​ចេញពី​ប្រទេស ដោយ​សន្យាថាខ្ញុំ​នឹង​រក​ឱកាស​និយាយ​ពី​រឿង​វេទនា​និរាស​ព្រាត់ប្រាស់​របស់​គ្រួសារយើង នៅលើ​ឆាក​អន្តរជាតិ ដើម្បីឱ្យ​ពិភពលោក​ទាំងមូល បានដឹង​ពី​ទុក្ខវេទនា​របស់​ខ្មែរ​នា​សម័យ​នោះ ។​
សំណួរ​៖ ភរិយា​លោក​ស្លាប់​ដោយ​មូលហេតុ​អ្វី ?
ចម្លើយ​៖ នាង​ស្លាប់​នៅពេល​ឆ្លងទន្លេ ព្រោះ​គ្មាន​ពេទ្យ​ត្រឹមត្រូវ ខ្ញុំ​បាត់បង់​នាង និង​កូន​ក្នុងពេល​តែមួយ។​
សំណួរ​៖ មូលហេតុ​អី​ ដែល​លោក​ក្លាយទៅជា​តារាភាពយន្ត?
ចម្លើយ​៖ បាទ! មូលហេតុនោះ ​គឺជា​រឿង​ដែល​ខ្ញុំ​ពុំ​គិតដល់​ពីមុនមក។ ពេលដែល​ខ្ញុំ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ខាង​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​គេ​ធ្វើការ​ជ្រើសរើស​តួ​ខ្មែរ។ ខ្ញុំ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវគេ​ជ្រើសរើស។ ពីដំបូង​ខ្ញុំ​បដិសេធ ព្រោះ​ក្នុង​ផ្នត់គំនិត​របស់ខ្ញុំ​តែងតែ​គិតថា ជា​តួកុន​វា​ពុំមាន​អ្វី​ជាការ​ប្រសើរ​សម្រាប់​បំណង​ខ្ញុំ​ទេ ព្រោះ​តួកុន​ច្រើន​ជាម​នុស្ស​ដែល​ពុំបាន​ការសិក្សា​រៀនសូត្រ​អី​ច្រើន​ទេ… ម្យ៉ាង​ខ្ញុំ​រៀន​ខាង​វិជ្ជាពេទ្យ រឿង​អី​ត្រូវ​ទៅ​ដើរតួ​កុន? តែដោយសារ​ខាង​ក្រុមហ៊ុន​គេ​ចេះតែ​ព្យាយាម​អង្វរ​ខ្ញុំ និង​ខ្ញុំ​នឹក​ដល់​ពាក្យសន្យា​ជាមួយ​ភរិយា​ដែល​ចែក​ឋាន​របស់ខ្ញុំ​ថា “ទីមួយ​ខ្ញុំ​ឱ្យ​អន្តរជាតិ​ស្គាល់​ពី​ស្រុក​ខ្មែ។រ ទី​ពីរ​ខ្ញុំ​អាច​រៀបរាប់​ពី​រឿង​គ្រួសារ​ខ្ញុំ​ឱ្យគេ​ដឹងបាន និង​ទី​បី​បើ​ខ្ញុំ​សម្តែង​រឿងនេះ​មានន័យថា មួយជីវិត​ខ្ញុំ​នេះ​បាន​បូជា​ជូន​ជាតិ​មាតុភូមិ​រួចស្រេច​ទៅហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​យល់ព្រម​ថត” ។​
សំណួរ​៖ រឿង​វាលពិឃាត​ ជា​រឿង​ទី​ប៉ុន្មាន​ដែល​លោក​សម្តែង? ហើយ​លោក​សម្តែង​បាន​ប៉ុន្មាន​រឿង​ហើយ?
ចម្លើយ​៖ ខ្ញុំ​ចាំ​មិន​អស់​ថា ខ្ញុំ​សម្តែង​បាន​ច្បាស់​ប៉ុន្មាន​ទេ តែ​ដឹងថា​ច្រើន​ប្រមាណ​ជាប់​២០​រឿង។ ឯ​រឿង​វាលពិឃាត​ជា​រឿង​ដំបូងបង្អស់​ដែល​ខ្ញុំ​ឈាន​ជើង​ចូល​សម្តែង​ជា​តួឯក។​
សំណួរ​៖ រយៈពេល​កសាង​រឿងនេះ​ប៉ុន្មាន​ដែរ ហើយ​ទីតាំង​ថត​នៅ​កន្លែង​ណាខ្លះ?
ចម្លើយ​៖ រយៈពេល​ផលិត​តាំងពី​ចាប់ផ្តើម​រហូតដល់​បាន​ចប់សព្វគ្រប់​ គឺ​រយៈពេល​២​ឆ្នាំ (១៩៨៣-១៩៨៤) បញ្ចាំង​មុនគេ​បង្អស់​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៨៥។ ឯ​ទីតាំង​ថត​មាន​ទៅ​ទីក្រុង​បាងកក ព្រំប្រទល់​ប្រទេស​ភូមា ម៉ាឡេស៊ី ព្រំដែន​ខ្មែរ​-​ថៃ ទីក្រុង​ស៊ិន​នី​យេ​ហ្គោ រដ្ឋ​កាលីហ្វ័រ​ញ៉ា ទីក្រុង​ញូវយ៉ក ប្រទេស​កាណាដា និង​ប្រទេស​អង់គ្លេស។​
សំណួរ​៖ គេ​និយាយថា ទីតាំង​អ្នក​លឿង​ដែលមាន​នៅក្នុង​សាច់រឿង គឺ​គេ​ចម្លង​យក​ពី​ហ្វីល​ឯកសារ​ចាស់​មក​បញ្ចូល តើ​មែន​ដែរឬទេ ?
ចម្លើយ​៖ អូ! បាទ​មិនមែន​ទេ នៅ​ប្រទេស​គេ​កាលណា​គេ​យក​ហ្វីល​ចាស់​មក​បញ្ចូល គឺ​ត្រូវ​ទិញ​ថ្លៃ​ជាង​រៀបចំ​ឆាក​ថ្មី​ច្រើនដង​ណាស់ គេ​មិន​ប្រើ​វិធី​នេះ​ទេ គឺ​គេ​យក​រូបថត​ពីមុនមក​ពិនិត្យ​ស្រាវជ្រាវ ហើយ​រៀបចំ​ឆាក​ថ្មី​ឱ្យ​ដូច​បេះបិទ​តែម្តង។ ជាក់ស្តែង​ដូច​ឈុត​ត្រង់​កំពង់ចម្លង​អ្នក​លឿង មួយ​ឆាក​នោះ​ត្រូវ​រៀបចំ​អស់​រយៈពេល​៣​ខែ​ទើប​ដូច ហើយ​ត្រូវ​ចំណាយ​ថវិកា​អស់​ជាច្រើន ។ ខ្ញុំ​សូម​ជម្រាប​ផងដែរ​ថា ខ្សែភាពយន្ត​ហូលីវូដ​ថត​មួយ​រឿងៗ ត្រូវ​ប្រើ​មនុស្ស​រាប់ពាន់នាក់ ឯ​រថយន្ត​រាប់រយ​គ្រឿង ឧទាហរណ៍​គ្រាន់តែ​រឿង “វាលពិឃាត” រថយន្ត​២០០​គ្រឿង។ ដូច្នេះ​គ្រាន់តែ​អ្នកបើកបរ ​គឺមាន​២០០​នាក់ ចុះ​ផ្នែក​ផ្សេងៗ​ទៀត អូ៎​! គឺ​ចំណាយធំធេង​ណាស់ ។​
សំណួរ​៖ ក្នុង​រឿងនេះ​លោក​ទទួល​ស្នាដៃ​អ្វីខ្លះ?
ចម្លើយ​៖ បាទ! ខ្ញុំ​ទទួលបាន​មេដាយ​ច្រើនណាស់ ពិសេស​គឺ​ទទួលបាន​រង្វាន់​អូ​ស្កា អង់គ្លេស​២ និង អាមេរិក​១។​
សំណួរ​៖ នៅក្នុង​ភាពយន្ត​ហូលីវូដ​ទាំងមូល តើ​មាន​តារា​ជា​ខ្មែរ​ប៉ុន្មាន​នាក់​ដែរ?
ចម្លើយ​៖ បាទ! តារា​ខ្មែរ​ទាំងអស់​មាន ​៩​នាក់។​
សំណួរ​៖ តើលោក​យល់​យ៉ាងណាដែរ ចំពោះ​ខ្សែភាពយន្ត​វីដេអូ​ខ្មែរ​នាពេល​បច្ចុប្បន្ន?
ចម្លើយ​៖ ខ្ញុំ​យល់ឃើញថា​មាន​ចំណុច​ខ្វះខាត​ច្រើន ខ្ញុំ​មិនមែន​និយាយ​រិះគន់​ទេ តែ​និយាយ​ពី​ការជាក់ស្តែង គឺ​យើង​ខ្វះ​សាលាបង្រៀន​កុន ខ្វះ​សាលា​ហាត់​លេង​កុន ខ្វះ​សាលា​ថតកុន។ ពិសេស​តួ​សម្តែង​យើង សម្តែង​មនោ​ស​ញ្ចោ​ត​នា​ខាង​ផ្លូវចិត្ត​នៅ​ពុំទាន់​ត្រូវ​តាម​ឆាក​នីមួយៗ​នៃសាច់រឿង។ ឧទាហរណ៍​៖ យំ សើច ទុក្ខព្រួយ ខឹង ឃោរឃៅ ៘ ខ្ញុំ​មាន​គម្រោង​ចង់​បង្កើត​សាលារៀន​បង្រៀន​លេង​កុន ដើម្បី​បង្រៀន​កូន​ខ្មែរ ឱ្យ​ចេះ​សម្តែង​មនោ​ស​ញ្ចោ​ត​នា​ខាង​ផ្លូវចិត្ត​នៅក្នុង​ឆាក​នីមួយៗ​ឱ្យ​វា ជា​ការពិត​ឧទាហរណ៍​៖ យំ​គឺ​ច្បាស់​ជា​យំ យំ​ចេញពី​ក្នុង ៘​

ដើម្បី​រួមចំណែក​ក្នុង​វិស័យ​ថែរក្សា​វប្បធម៌​ជាតិ ខ្ញុំ​បាន​ថត​រឿង​មួយ​ឈ្មោះថា “ A man from year ០ ” ប្រែជា​បណ្តោះអាសន្ន “​បុគ្គល​ម្នាក់​ក្រោយ​ឆ្នាំ​សូន្យ​” ឆ្នាំ​សូន្យ​ដែល​ខ្ញុំ​ចង់​និយាយ គឹ​ឆ្នាំ​១៩៧៥ ។ ដោយ​មើលឃើញថា ​វប្បធម៌​ខ្មែរ​រកកល​រលំរលាយ ខ្ញុំ​ចង់បង្ហាញ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ស្រុក​អាមេរិក​កុំ​ភ្លេច ប្រពៃណី​វប្បធម៌​ជាតិ​របស់ខ្លួន។ នៅ​ស្រុក​ខ្មែរ​កុំឱ្យ​ភ្លេច​ពី​សីលធម៌​ទំនៀមទម្លាប់​ខ្មែរ ពិសេស​សកម្មភាព​លួច​វត្ថុ​បុរាណ​ព្រលឹង​ជាតិ​ខ្លួន​លក់​ឱ្យ​បរទេស។ នេះ​ជា​កំហុស​មិនអាច​អត់ឱន គឺ​ត្រូវ​ចាត់ទុក​ស្មើនឹង​ទោសឧក្រិដ្ឋ ព្រោះនេះ​ជាការ​សម្លាប់​ជាតិ​ខ្លួន សម្លាប់​ខ្លួនឯង​ដោយ​ភ្លេចខ្លួន ភ្លេច​គិត​ថៃ្ង​ក្រោយ​ខ្លួន​គ្មានអ្វី​បញ្ជាក់ថា​ខ្លួន​ជា​ខ្មែរ ។​

រឿង “A man from year ០” គឺជា​ការសហការ​ខាង​កាណាដា និង​ហូលីវូដ មាន​ខ្មែរ​សម្តែង​ច្រើន​ដែរ តែ​ខ្ញុំ​ជា​តួឯក។ រឿងនេះ​គម្រោង​នឹង​ថត​នៅ​ស្រុក​ខ្មែរ​រង់ចាំ​ការឆ្លង​ពិនិត្យ​ពីក្រសួង​ជំនាញ​ផង។​
សំណួរ​៖ តើ​លោក​កំពុង​ថត​រឿង​អី​ផ្សេងទៀតទេ? ស្នាដៃ​អ្វីខ្លះ​ដែល​លោក​បានធ្វើ?
ចម្លើយ​៖ ខ្ញុំ​កំពុង​សម្រុក​ថត​រឿង​ពីរ​ទៀត​យ៉ាង​ប្រញឹក។ សព្វ​ថៃ្ង​នៅ​ស្រុកថៃ​កំពុង​បញ្ចាំង​រឿង “​ឋានសួគ៌​ និង ​ឋាននរក​” ស្តីពី​សង្គ្រាម​នៅ​ស្រុក​យួន​របស់​ក្រុម​ភាពយន្ត​ហូលីវូដ។ ក្នុង​រឿង​នោះ​ខ្ញុំ​ដើរតួ​ជាឪពុក​ម្នាក់ ដែលមាន​កូនស្រី ​៥​នាក់ ​ជា​ស្រីខូច​ទាំងអស់។ រឿងនេះ​កំពុង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ប្រទេស​ថៃ។ និង​មានរឿង​មួយ​ដែល​ខ្ញុំ​សរសេរ​ពី​ជីវិត​ខ្ញុំ​ផ្ទាល់ ដែលជា​រឿង​ខ្លាំង​ជាង​រឿង​ “វាលពិឃាត​” ទៅទៀត វាលពិឃាត​ប្រពន្ធ​កូន​ទៅ​អាមេរិក​មុន ក្រោយមក​ប្តី​ចេញរួច​ជួបជុំគ្នា តែ​រឿងនេះ​ប្រពន្ធ​កូន​ត្រូវស្លាប់ យ៉ាង​អាណោចអាធ័ម ប្តី​រងទុក្ខវេទនា​បាត់បង់​អស់​គ្មាន​សល់​អ្វី។ សៀវភៅ​នេះ “ខ្ញុំ​កំពុង​ដាក់លក់​នៅ​អាមេរិក” ឈ្មោះថា “A Cambodian Odyssey” ដល់​ដាក់​ជា​ចំណងជើង​កុន​ប្តូរ​ឈ្មោះ “Journey to Freedom” នៅ​ពុំទាន់​មាន​អ្នកទិញ​នៅឡើយ ។​
សំណួរ​៖ តាមរយៈ​អ្នកកាសែត លោក​មាន​សំណូមពរ​អ្វី​ដែរឬទេ?
ចម្លើយ​៖ ខ្ញុំ​ជា​សិល្បករ​មួយរូប ខ្ញុំ​មាន​សំណូមពរ​ចំពោះ​វិស័យនេះ​ថា សុំឱ្យ​អ្នកដឹកនាំ​រឿង​ព្យាយាម​ថត​ឱ្យ​កាន់តែ​ប្រសើរ មួយរយៈ​ក្រោយនេះ ខ្ញុំ​ឃើញថា​កាន់តែ​គ្រាន់បើ​ហើយ។ ម្យ៉ាងទៀត​មុននឹង​ថត សុំ​រើសយក​តួ​សម្តែង​ណា​ដែល​ចេះ​ដាក់​ទឹកចិត្ត​តាម​ឆាក​នីមួយៗ។ ទី​ពីរ សុំឱ្យ​ខំ​ថែរក្សា​វប្បធម៌​ខ្មែរ​ឱ្យ​គង់វង្ស ព្រោះ​មានតែ​សិល្បៈ​ទេ​ដែល​អាច​និយាយប្រាប់​ពិភពលោក​បាន។ ឧទាហរណ៍ វាលពិឃាត​បើ​សរសេរ​លើកាសែត​វា​មិនអាច​ទាក់ទាញ​គេ​បានឡើយ តែ​ដល់​ធ្វើជា​កុន​វា​ឆ្លុះបញ្ចាំង​ពី​ទុក្ខវេទនា​របស់​ខ្មែរ​ឱ្យគេចាប់អារម្មណ៍​ពេញ​ពិភពលោក​បាន៕

​ប្រភព៖ CEN l សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here