ការចេញសាង​ផ្នួសរបស់ ព្រះពុទ្ធ

0
247

ព្រះរាជហឫទ័យស្នេហាពាន់គុណ ហ្មឺនគុណ បានស្រោចស្រប់ហើយលើព្រះរាហុល រាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះ ហើយក្នុងហឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យ ឲ្យនាំសេះកណ្ឋកៈ មកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេស ប្រផ្នួសនាមាត់ស្ទឹងអនោមា និងបញ្ជូនឆន្នាមាត្យនិងសេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។

ក្រោយពីទ្រង់ប្រផ្នូសជាតាបសឥសីព្រះអង្គ ក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់ ៦ឆ្នាំ ដោយមានឥសីបញ្ចវគ្គិយ៍ គឺ កោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈ មហានាមនិងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិ តាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរក ការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារ ហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេច អនុត្តរសម្មាសម្ពោធិញ្ញាណ។ នារាត្រីថ្ងៃនោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុងការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។

ព្រះអង្គទ្រង់ប្រោសបញ្ចវគ្គីយ៍
ព្រះអង្គទ្រង់ប្រោសបញ្ចវគ្គីយ៍ បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័ន

ហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិលតាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។

ព្រះរតនត្រ័យ

ពាក្យ​ថា រតនត្រ័យ មាន​ពី​បទ គឺ រតនៈ និង ត្រ័យ (៣) ។ តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃរាជ ជួន ណា ពាក្យ​ថា ​រតនៈ ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត និង បាលី មាន​ន័យ​អត្ថានុរូប​ថា វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ ដូច​ជា កែវ ពេជ្រ, ត្បូង​គ្រប់​ប្រភេទ; សូម្បី​មាស, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅ​ថា រតន​វត្តុ ក៏​បាន; វត្តុ, ធម្ម​ជាតិ​ដ៏​ប្រសើរ​វិសេស​ឬ​មនុស្ស​ប្រសើរ​វិសេស. សត្វ​វិសេស ក៏​ហៅ រតនៈ បាន​ដែរ ។

សព្ទ​នេះ​បើ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​ក៏​បាន ពី​ខាង​ចុង​ក៏​បាន, បើ​រៀង​ពី​ខាង​ដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើ​រៀង​ពី​ខាង​ចុង អានថា រ័ត, ដូច​ជា : រតន​ករ (រៈតៈន៉ៈក) អ្នក​ធ្វើ​រតនៈ​គឺ​អ្នក​ជីក​ត្បូង, អ្នក​ច្នៃ​ត្បូង; ជាង​មាស​ប្រាក់; ព្រះ​វេស្សវ័ណ ។ រតន​ករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូ​ឬ​ហឹប​ដាក់​រតនៈ, ដាក់​ពេជ្រ, ដាក់​ត្បូង ។ រតន​គភ៌ ឬ រត្ន​គ័ភ៌ ផ្ទៃ​ជា​ទី​កើត​រតនៈ គឺ​សមុទ្រ (ព្រោះ​សមុទ្រ​ជា​ទី​កើត​រតនៈ​ផេ្សង​ៗ); ព្រះ​បាទ​កុវេរៈ គឺ​ព្រះ​វេស្សវ័ណ​(ព្រោះ​ព្រះ​បាទ​កុវេរៈ ពួក​មនុស្ស​ពី​បុរាណ​យល់​ថា​ជា​ទេវតា​ម្ចាស់​រតនៈ​ឬ​ម្ចាស់​ទ្រព្យ) ។ រតន​គញ្ភ ឬ រត្ន​គ័ភ៌ា, រត្ន​គ័រ្ភី​ផែន​ដី (ព្រោះ​ផែន​ដី​ជា​ទី​កើត​រតនៈ​ផ្សេង​ៗ ។ រតនត្រ័យ, រត្ន​ត្រ័យ ឬ–ត្រៃ រតនៈ​បី​យ៉ាង​គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ ហៅ​ថា ពុទ្ធ​រតនៈ, ធម្ម​ រតនៈ, សង្ឃ​រតនៈ ឬ​ព្រះ​ពុទ្ធ​រ័ត្ន, ព្រះ​ធម៌​រ័ត្ន, ព្រះ​សង្ឃ​រ័ត្ន ក៏​បាន​ ។ រត្ន​ត្រ័យ​ប្រណាម ការ​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ព្រះ​រត្ន​ត្រ័យ​ ។ រតន​និធិ កំណប់​រតនៈ គឺ​សមុទ្រ; ភ្នំ​ព្រះ​សុមេរុ ។ រតនប្បភា ឬ​រត្ន​ប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺ​រតនៈ; ផែន​ដី ។ រតន​ពាណិជ អ្នក​លក់​ពេជ្រ, អ្នក​លក់​ត្បូង; អ្នក​លក់​គ្រឿង​ប្រដាប់​ដែល​ដាំ​ត្បូង ។ រតន​ពាណិជ្ជ ឬ រតន​ពាណិជ្យ ការ​លក់​ត្បូង, ជំនួញ​ត្បូង (ប្រើ​ជា រតន​វណិជ្ជ ឬ រតន​វណិជ្ជា ក៏​បាន) ។ រតន​ម័យ គុ. ដែល​ប្រដាប់​ដោយ​រតនៈ, ដែល​ដាំ​ពេជ្រ, ដាំ​ត្បូង ។ រតន​មាលា កម្រង​កែវ; ខ្សែ​ខ្លួន​ឬ​ខ្សែ-ក​ដាំ​ពេជ្រ ។ រតន​រង្សី ស្មើ​រតនៈ, ពន្លឺ​ពេជ្រ ។ រតន​រាសី គំនរ​កែវ; មហា​សមុទ្រ ។ រតន​វត្ថុ ឬ រត្ន​ព័ស្តុ វត្ថុ​ជា​រតនៈ មាន​កែវ, ត្បូង, មាស, ប្រាក់​ជាដើម ។ រតន​វិកតិ ឬ រតន​វិក័តិ ការ​រចនា​ដោយ​រតនៈ, របស់​ដាំ​ត្បូង ។ រតន​វិចិត្រ ឬ រត្ន​ពិចិត្រ ដែល​វិចិត្រ​ដោយ​រតនៈ, ការ​រចនា​រំលេច​ដោយ​ត្បូង ។ រតន​សុវណ្ណ ឬ រត្ន​សុព័ណ៌ មាស​ប្រដាប់​ដោយ​ត្បូង, មាស​ដាំ​ពេជ្រ ។ រតន​សោភា លំអ​រតនៈ ។ រតនាករ (<រតន+អាករ) អណ្តូង​រតនៈ, កន្លែង​ដែល​កើត​ពេជ្រ, ដែល​កើត​ត្បូង; សមុទ្រ (ប្រើ​ជា រត្នាករ ក៏​បាន, < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារ​នៃ​រតនៈ, ឃ្លាំង​រ័តន៍; ឃ្លាំង​ប្រាក់ ។ រតនាលង្ការ (<រតន+អលង្ការ) គ្រឿង​អលង្ការ​ប្រដាប់​ដោយ​ពេជ្រ, ដោយ​ត្បូង ។ រតនាលោក (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺ​រតនៈ, ពន្លឺ​ពេជ្រ ។ រតនាវលី(<រតន+អាវលិ) ខ្សែ-ក​ដាំ​ពេជ្រ ។ល។ គហបតី​រ័តន៍ គហបតី​កែវ, នាយ​ឃ្លាំង​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ ចក្ក​រ័តន៍ ឬ ចក្រ​រ័ត្ន កង់​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ ទ្រទូង​រ័ត្ន ទ្រទូង​កែវ​គឺ​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ឯក​នៅ​កម្ពុជ​រដ្ឋ​ពី​ក្នុង​សម័យ​បុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារី​រ័ត្ន នាង​កែវ, ស្ត្រី​កែវ​ឬ​ស្រី​ថ្លៃ, ស្ត្រី​មាន​លំអ​ប្រហែល​ដូច​ពេជ្រ ។ បរិ​នាយក​រ័តន៍ នាយ​ពល​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ បុរស​រត្ន ឬ ​ប្រុស​រ័ត្ន ប្រុស​កែវ ឬ​ប្រុស​ថ្លៃ,… ។ ប្រពាល​រ័ត្ន កែវ​ប្រពាល ។ មណី​រ័ត្ន កែវ​មណី, ពេជ្រ​មាន​តម្លៃ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ ក៏​មាន) ។ មហា​បុរស​រ័ត្ន មហា​បុរស​ថ្លៃ​ថ្លា,… ។ ហត្ថិ​រ័តន៍ ឬ​ដំរី​រ័ត្ន ដំរី​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ អស្ស​រ័តន៍ (អ័ស-សៈ–) ឬ សេះ​រ័តន៍ សេះ​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ ឥត្ថី​រ័តន៍ ឬ ស្ត្រី​រ័ត្ន ស្ត្រី​កែវ (សម្រាប់​ព្រះ​រា​ជា​ចក្រ​ពត្តិ) ។ល។ ។ អាចសរសេរថា រត្នៈ, រ័តន៍, រ័ត្ន បាន​ផង​​ដែរ ។

ពុទ្ធរតនៈ

ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមាន​ប្រយោជន៍ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។ ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គ​បែង​ចែកចំណែក​ព្រះធម៌​ពាក្យប្រៀន​ប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត ៧៣ ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផង​ទើប​បាន​ឈ្មោះ​ថា​ជា​ពុទ្ធរតនៈ​ដោយ​ប្រការ​ដូច្នេះ។

ធម្មរតនៈ

ព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធដែលចែកជា ១) វិនយបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការ​មាន​ទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយ​​ដែល​ជា​រឿយ​ៗ​ព្រះ​អង្គ​ទ្រង់​ដឹក​នាំ​សត្វ​ឲ្យ​ដើរ​តាមអរិយដ្ឋង្គិកមគ្គ គឺ​មាគ៌ា​មាន​អង្គ ៨ មាន​ សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់​ការ​រំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering,​ impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមាន​អធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ។

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here