ការទូន្មានរបស់អ្នកប្រាជ្ញ ខុងជឺ ទៅកាន់សិស្សៗរបស់គាត់…

0
995

សម័យមួយ អ្នកប្រាជ្ញចិន លោក ខុងជឺ និងសិស្សរបស់គាត់
បានធ្វើដំណើរចរកាត់ភូមិមួយ ដែលជាទីស្ងាត់ជ្រងំ ពោរពេញដោយភ្នំ និងព្រៃព្រឹក្សាយ៉ាងស្លុប ។

ខណៈពេល ដែលលោក និងសិស្ស កំពុងធ្វើដំណើរឆ្លងកាត់ , ស្រាប់តែ
លឺសម្លេងស្ត្រីស្រែកយំ យ៉ាងលន្លង់លន្លោចខ្លោចផ្សា ។ លោក និងសិស្សទាំងឡាយ
ក៏ធ្វើដំណើរឆ្ពោះទៅរក ស្ត្រីដែលកំពុងស្រែកយំនោះ ។ ពេលទៅដល់ បានជួបស្ត្រី
នោះហើយ , លោក បានសួរស្ត្រីនោះថា ៖

ស្ដាប់សម្លេងស្រែកយំ របស់អ្នក , អ្នកប្រហែលជាមានវិបត្ដិអ្វីមួយ
ធ្ងន់ធ្ងរណាស់ហើយមែនទេ ? តើអ្នក មកពីណា ? ហេតុអ្វីបានជាមកស្រែកយំ
នៅទីនេះ តែម្នាក់ឯងយ៉ាងដូច្នោះ ? ចុះក្រុមគ្រួសាររបស់អ្នក នៅទីណានោះដែរ ?

ស្ត្រីដ៏កំសត់ ឆ្លើយតបថា ៖ ខ្ញុំ … ជាអ្នកភូមិ នៅទីនេះ ។ កាលពីខែមុន
លោកឪពុកខ្ញុំ បានស្លាប់ព្រោះសត្វខ្លា ហើយព្រឹកមិញនេះទៀត ប្ដីរបស់ខ្ញុំ ក៏បានត្រូវ
សត្វខ្លា ខាំឲ្យស្លាប់ទៀត ។

Image result for tiger

ខុងជឺ សួរបន្ដទៀតថា ៖ នៅទីនេះ សម្បូរខ្លាកាចសាហាវ ច្រើនណាស់មែនទេ ?
ហើយហេតុអ្វី ក៏ក្រុមគ្រួសារនាង មករស់នៅ នៅទីដែលពោរពេញដោយខ្លាកាចសាហាវ
នៅទីនេះទៅវិញ ? តើពួកនាងមិនខ្លាចសត្វខ្លា និងសត្វកាចសាហាវដទៃទៀត ទេឬអ្វី ?

ស្ត្រីឆ្លើយថា ៖ ចាស៎លោក ! នៅខាងក្រៅ យ៉ាងពិបាករស់នៅជាងនៅទីដែល
គ្រោះថ្នាក់នេះទៅទៀត ។ ដ្បិតថា ទីនេះមានខ្លា និងសត្វកំណាច ប៉ុន្ដែវាក៏ជាទីដែល
អាចផ្ដល់ឲ្យយើង នូវអ្វីសម្រាប់បរិភោគបាន ។ នៅខាងក្រៅពីទីនេះ អំពើអយុត្ដិធម៌
មានសឹងគ្រប់ទីកន្លែង , អ្នកក្រីក្រ រាស្ត្រតូចតាច គ្មានអំណាច ត្រូវគេជិះជាន់ខ្លាំងណាស់ ។
វារងទុក្ខលំបាកវេទនា ជាងជីវិតសត្វតិរច្ឆាន និងគ្រោះថ្នាក់ ជាងរស់នៅទីនេះទៅទៀត ។

ខុងជឺ យល់សម្ដីរបស់ស្ត្រីនោះ ហើយងាកមកទូន្មានប្រាប់សិស្ស ទាំងឡាយរបស់ខ្លួន
ឲ្យយល់ថា ៖ ពួកឯង ស្ដាប់លឺច្បាស់ឬនៅថា អំពើអយុត្ដិធម៌ នៅក្នុងសង្គម វាមានសភាព
គួរឲ្យខ្លាច កាចសាហាវជាងសត្វខ្លា នោះទៅទៀត ។ ចូរពួកឯង ចងចាំអំពីរឿងឲ្យបានច្បាស់៕ 

អត្ថបទដកស្រង់៖ cambodiandream សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here