ប្រវត្តិសាស្ត្រ​ខ្មែរ៖ សម័យចេនឡា និង អាណាចក្រភ្នំ (ភាគ២)

1
707

ទីតាំងភូមិសាស្ត្រ

កម្ពុជ ជាសាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំ (អាណាចក្រភ្នំ) ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គ ក្នុងតំបន់បាសាក់ប្រទេសលាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរ ក្សត្រដែលគ្រងរាជ្យនៅចេនឡាជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សរ៍ទី៣ មក អាណាចក្រវ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចាម្ប៉ា។ ប៉ុន្តែមកដល់សតវត្សរ៍ទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចាម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន …។

ប្រវត្តិសាស្ត្រ

ព្រះបាទឦសានវម៌្មនេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីវ្នំបុរាណដែលនាំឱ្យ ឝ៊ិនថាងស្ឈូក (ពង្សាវតាររាជវង្សថាងថ្មី) (新唐書) ចងក្រងដោយ ឪយ៉ាង-សៀវ 歐陽修 (១០០៧-១០៧២) និង ស៊ង-ឈ៊្ហីក 宋祁(៩៩៨-១០៦១) នៅឆ្នាំ ១០៦០ នៃ គ.ស. បញ្ជាក់ពីការសញ្ជ័យប្រកបដោយប្រសិទ្ធភាពលើប្រទេសនេះឱ្យទៅជា​ប្រទេសរបស់ទ្រង់។ កាលបរិច្ឆេទដែលគេដឹងដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវម៌្ម ជាកាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះអង្គ ហើយបាននិយាយថារាជទូតលើកទីមួយរបស់ព្រះអង្គទៅកាន់ប្រទេសចិន ទៅដល់ក្នុងរាជ​សវនការសួយនៅឆ្នាំ ៦១៦-១៧ នៃគ.ស។ ស្ដេចអង្គនេះក៏ត្រូវបានគេដឹងតាមរយៈសិលាចារឹកផ្ទាល់របស់ព្រះអង្គ មួយបានចារិកនៅឦសានបុរ ចុះកាលបរិច្ឆេទថ្ងៃទី ១៣ កញ្ញា ឆ្នាំ ៦២៧ នៃ គ.ស. (K. ៦០៤)មួយទៀតនៅខៅណយ (ប្រទេសថៃ) ចុះកាលបរិច្ឆេទថ្ងៃ ៧ ឧសភា ឆ្នាំ ៦៣៧ (K. ៥០៦)។

បន្ទាប់ពីព្រះបាទឦសានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២ (ភវរ្ម័នទី២)។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គ គឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទថ្ងៃ ៥ មករា ឆ្នាំ ៦៤៤ និងនៅពញាហូរ ខាងត្បូងតាកែវ (K. ២១) បានចុះកាលបរិច្ឆេទថ្ងៃ ពុធ ទី ២៥ មីនា ឆ្នាំ ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្ម ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ (K. ១១៤២)  ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃព្រះបាទឦសានវម៌្ម។ ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវម៌្ម គឺជាស្ដេចដ៏ល្បីល្បាញបំផុតព្រះនាមជ័យវម៌្មទី១ ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ ខេត្តព្រៃវែង (K. ៤៩៣) និងពីបាសិត ខេត្តបាត់ដំបង (K. ៤៤៧)[១៦] សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ ១៤ មិថុនា ឆ្នាំ ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិន យុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី ៣១ មករា ឆ្នាំ ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។  រជ្ជកាលរបស់ព្រះបាទជយវម៌្មទី១បានបន្តប្រហែលជា ៣០ ឆ្នាំ និងទំនងបានបញ្ចប់បន្ទាប់ពីឆ្នាំ ៦៩០ មក។ វាហាក់បីដូចជាបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១ (សិលាចារឹកដែលបានដឹងពីព្រះអង្គចុងក្រោយ K. ៥៦១  ត្រូវបានចុះកាលបរិច្ឆេទ ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីជាច្រើន។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវី ទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាង K. ៩០៤ បានចុះកាលបរិច្ឆេទនៅថ្ងៃ ពុធ ទី៥ មេសា ឆ្នាំ ៧១៣ ថាប្រទេសស្ថិតនៅក្នុង កាលៈទេសៈដ៏អាក្រក់ ។ ការបែកបាក់​ចេនឡា​ជា​ពីរ ត្រូវបាន​កត់ត្រា​ដោយ​ប្រវត្តិវិទូ​ចិន​ម្នាក់​ឈ្មោះម៉ា​តួន-លីន។ រាជពង្សាវតារ​នៃ​ព្រះរាជ​វង្ស​ថា​ងបាន​កត់សំគាល់ថា នៅ​រវាង​ឆ្នាំ ៧០៥ និង ៧០៦ អាណាចក្រ​ចេនឡា បាន​បែកបាក់​ជា​ពីរ គឺ​ចេនឡា​ទឹក និង​ចេនឡា​ដែនដី​គោក។ ពង្សាវតារថាងប្រាប់យើងថាបន្ទាប់ពីចុងសម័យរជ្ជកាល ឝិនឡុង 神龍 (ឧ.បន្ទាប់ពី ខែ កុម្ភៈ ឆ្នាំ ៧០៧ សតវត្សទី ៦) ចេនឡាបានបែកជាពីររាជាអាណាចក្រ លូចឹនឡា 陸真蠟 (“ចេនឡាគោក” ក៏ហៅថាវឹនតាន់ 文單 រឺ ភឡូវ 婆鏤 ផងដែរ) ដែលសម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ និង សួយចេនឡា 水真蠟 (“ចេនឡាទឹក”) ដែលជាតំបន់សម្បូរដោយបឹងបួរនឹងសមុទ្រហ៊ុំព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពី​ល្បាក់ទឹកខោន រហូតដល់សមុទ្រ ទំហំ​របស់​ចេនឡា​ទឹកគឺ ៨០០ លី ហើយ​ព្រះមហាក្សត្រ​ប្រថាប់​នៅ​ទីក្រុង​នោះ​មាន​ព្រះនាម​ថា ព​-​ល​-​ទី​-​ប៉ា ដែល​ត្រូវ​នឹង​ពាក្យ​សំស្ក្រឹត ពា​លា​ទិ​ត្យ​បុ​រ ដែល​ត្រូវបាន​ចារ​ទុក​ក្នុង​សិលាចារឹក។ ប្រទេសបានត្រឡប់ទៅជារដ្ឋអនាធិបតេយ្យ ដែលធ្លាប់មានកាលពីសម័យមុន មុនពេលប្រទេសនេះត្រូវបានបង្រួបបង្រួមក្រោមក្រុមស្ដេចវ្នំ និងស្ដេចដំបូងនៃចេនឡា។ មូលហេតុនៃការបែកបាក់នេះ គឺដោយសារខ្វះរាជបុត្រាស្នងរាជ្យ និងកម្សោយអំណាចកណ្ដាលដែលត្រូវបានគ្រប់គ្រង ក្នុងដៃព្រះនាងជយទេវីដែលជាស្ត្រី ទើបបណ្ដាលឲ្យចេនឡាបែកជាពីរដូច្នេះ។

ព្រះមហាក្សត្រមួយចំនួនដូចជាព្រះបាទស្រុតវម៌្មទី២ ព្រះបាទស្រេស្ឋវម៌្ម និងព្រះបាទបុស្ករាក្សត្រូវបានបញ្ជាក់ជាច្រើនតមកទៀតតែក្នុងសិលាចារឹកអង្គរប៉ុណ្ណោះ ប្រវត្តិភាពរបស់ពួកទ្រង់គឺពោរពេញដោយមន្ទិល រឿងរ៉ាវទាំងអស់ដែលយើងបានដឹងអំពីចេនឡាដីគោកគឺដោយសារតែចេនឡាដីគោកបានបញ្ជូនរាជទូតទៅប្រទេសចិនក្នុងឆ្នាំ ៧១៧។ គណៈរាជទូតមួយផ្សេងទៀតដែលទៅធ្វើទស្សនកិច្ចនៅចិនឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯ​ចេនឡា​ដីគោក​វិញ ដែលជា​តំបន់​ព្រៃភ្នំ និង​មាន​ជ្រលង​ភ្នំ​ស្ថិតនៅ​ខាងជើង ជនជាតិ​ចិន​ហៅថា វេន​-​តាន ឬ ព​-​លូវ ដែល​ត្រូវ​នឹង​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ខ្មែរលើ​មួយក្រុម​ឈ្មោះ វ្នៅ ឬ ព្រៅ។) ចេនឡា​ដីគោក​វិញ អាណាចក្រ​នេះ មាន​ទំហំ​តែ ៧០០ លី​ប៉ុណ្ណោះ ហើយ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​មួយអង្គ មាន​ព្រះនាម​ថាត្សៀគី​វ។ ឯកសារ​ចិន​ដដែល​ខាងលើនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ព្រះរាជា​អង្គ​នេះបាន​បញ្ជូន​ប្រតិភូ​ទូត​របស់​ទ្រង់ទៅកាន់​ប្រទេស​ចិន​ជាច្រើនលើកជាពិសេស​នៅ​ឆ្នាំ ៧១៧ និង ៧៥៣ នៃ​គ​.​ស។ ម្យ៉ាងវិញទៀតគឺ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ផ្ទាល់ ដែល​បាន​យាង​ទៅកាន់​ព្រះបរមរាជវាំង​ចិននៅ​ឆ្នាំ ៧៥៤។ សូម​រំលឹក​ឡើង​ថា គឺ​ព្រះរាជបុត្រ​អង្គ​នេះ​ដែល​បាន​ដឹកនាំ​ទ័ពតទល់​នឹង​នគរ​ណាន​ចាវ។ បន្ទាប់ពីគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរម្យងារចិនមួយដែរ។ [២៣] ខណៈពេលនោះក្សត្រនៃសម្ភុបុរត្រូវបានគេចារិកក្នុងសិលាចារឹក K. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ [២៤]ថាមានស្ដេចមួយអង្គ ព្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ ន្ឫបតេន្ទ្រទេវី ជយេន្ទ្រភា និង ជ្យេស្ថាយ៌ា។ សិលាចារឹកពីរផ្ទាំងបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ ៧៧០[២៥] សិលាចារឹកទីពីរមកពីល្បុកស្រុត នៅបរិវេណក្រចេះក្បែរសម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។[២៦] លោកសឺដេសបានហៅទ្រង់ថាព្រះបាទជយវម៌្មទី១(ស្ទួន) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនិងព្រះបាទជយវម៌្មទី៣ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖ព្រះបាទជយវម៌្មទី៣មិនមែនត្រឹមតែមកពី​ភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ពិតប្រាកដ:ទី១០ កុម្ភៈ ឆ្នាំ ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ ១០៦៩ [K. ៤៤៩ មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាការកត់ត្រាជាក់លាក់អំពីព្រះបាទជយវម៌្មទី៣ ដែលបានដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបងវិញ។

 

ចម្បាំងចេនឡា និង អាណាចក្រភ្នំ

យើងគួរដឹងថាមុនកាលចូលវាយលុករបស់ចេនឡាស្ដេចរុទ្រវម៌្ម បានបញ្ជូនទូតទៅប្រទេសចិនចុងក្រោយបង្អស់នៅឆ្នាំ ៥៣៩។ តាមឯកសារចិននៅពាក់កណ្ដាលសតវត្សរ៍ទី៧ អាណាចក្រភបានបញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រវ្នំបានរើរាជធានីពីតូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ។ អាណាចក្រចេនឡា ស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋនៃអាណាចក្រវ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់បាសាក់ក្នុងប្រទេសលាវ សព្វថ្ងៃនេះ។ នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅលើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម ១០០០ នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា។ រៀងរាល់ឆ្នាំព្រះរាជាតែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្វុស្វយម្ភុវ និង នាងទេពអប្សរ មេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងនាមស្រុតវម៌្ម ឯរាជបុត្រព្រះនាមស្រេស្ឋវម៌្ម ហើយបានកសាងក្រុងស្រេស្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឱ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបម្រះខ្លួនពីការគ្រប់គ្រងអាណាចក្រវ្នំ។

នៅពាក់កណ្ដាលនៃសតវត្សរ៍ទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំងបានវាយលុកនឹងអាណាចក្រវ្នំ។ កាលណោះព្រះបាទភវវម៌្មទី១ជាបុត្រព្រះបាទប្ឫថិវេន្ទ្រវម៌្មត្រូវជាព្រះនត្តា នៃព្រះបាទរុទ្រវម៌្មទ្រង់បានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជលក្ស្មីត្រូវជាព្រះញាតិខាង​មាតាព្រះបាទស្រេស្ឋវម៌្ម។ ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្វុបានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រវ្នំ)។ បុព្វហេតុនៃចម្បាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ៖ អ្នកខ្លះយល់ថាព្រះបាទភវវម៌្មទី១ លើកទ័ពមកតទល់នឹងការដណ្ដើមរាជ្យបល្លង្ករបស់គុណវម៌្ម។ បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សរ៍ទី៧៖ ពីដើមនៅវ្នំព្រះធម៌បាន​ចំរើនលូតលាស់​ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវម៌្មនេះហើយ។ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ ៥៥០ ព្រះបាទភវវម៌្មបានវាយលុកនគរវ្នំ ដើម្បីបង្កើតរាជាណាចក្រកម្ពុជ។ យើងឃើញថានេះជាមូលហេតុដែលមានចម្បាំងចេនឡា និងអាណាចក្រវ្នំបូករួមទាំងទំនាស់រាជបល្លង្កផង។ នៅពាក់កណ្ដាលសតវត្សរ៍ទី៦ ភវវម៌្មទី១ និងបងប្អូនរួមមាតាតែមួយរបស់ព្រះអង្គព្រះនាមចិត្រសេនា បានផ្ដើមការវាយលុកនគរវ្នំ។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូន។ សេនាបានវាយសម្រុកចូលដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រវ្នំបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ។

សូមរង់ចាំអានអត្ថបទបន្តទៀត (ភាគបញ្ចប់)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

 

ការ​បំភ្លឺមួយ​

ឆ្លើយ​តប​

Please enter your comment!
Please enter your name here