ជីវប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ (ព្រះពុទ្ធ) (ភាគ១)

0
444

ព្រះពុទ្ធសាសនា គឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថា ព្រះពុទ្ធសាសនាបែបភាសាអង់គ្លេសថា “Buddhism” ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តា ព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺ កែវទាំង៣នេះឯង។

ជីវប្រវត្តិសង្ខេប

នៅមុនពុទ្ធសករាជ ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ​ ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទ បសេនទិនាក្រុងសាវត្ថី ក្នុងដែនកោសល។ កាលណោះព្រះបាទសុទ្ធោធនៈជា​រាជាធិបតេយ្យ​ បានរាជាភិសេកជាមួយព្រះនាងមាយាជា​អគ្គមហេសី ​ហើយ​ក្រោយ​មក​ក៏​បាន​ប្រសូត​ព្រះ​រាជបុត្រា​មួយ​ព្រះអង្គ​ព្រះ​នាម​សិទ្ធត្ថកុមារ​ក្នុងព្រះរាជត្រកូលគោតម។ កាលព្រះអង្គមានជន្មាយុគ្រប់ ៨ វស្សា ​ព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ, យុទ្ធសាស្ដ្រ, សិល្បៈ ក្នុងការគ្រប់គ្រង ។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សា ព្រះរាជ​ជនក ជននី ក៏​បាន​រៀបចំ​ព្រះរាជពិធី​អភិសេក​វិវាហមង្គល ព្រះ​រាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា)​ ដែល​ជា​បងប្អូន​ជីដូន​មួយ ក្នុង​វ័យ​ ១៦ វស្សា​ដូច​គ្នា ជា​បុត្រី​របស់​ព្រះ​បាទ សុប្បពុទ្ធ នៃ​នគរ​ កោលិយៈ។

កុមារភាព យុវវ័យ និង​ អាពាហ៍ពិពាហ៍

តាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យ ព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថី។ ឯថ្ងៃទីពីរ បានទតឃើញជនអាពាធមានជំងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនា។ សម្រាប់ថ្ងៃទីបី ព្រះអង្គក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ ដោយចប្លែកព្រះទ័យ ព្រះអង្គក៏ បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេ ទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ ពេលបានព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយ ចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពូកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទី រំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូត ទាំង៤ ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមី ព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។

សូមរង់ចាំអានអត្ថបទបន្តទៀត (ភាគបញ្ចប់)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here