ស្តេចលេងអុក ប៉ះនឹងមេទ័ពធំ

0
155

នៅគ្រាមួយ ប្រទេសជាតិកំពុងតែជួបបញ្ហាសង្គ្រាមនៅឯសមរភូមិយ៉ាងក្តៅកគុកដណ្តើមទឹកដីគ្នា។ ព្រះរាជាទ្រង់កោះហៅមេទ័ពឲ្យចូលគាល់ និងដោះស្រាយបញ្ហាព្រំដែនជិតខាងតែកំពុងតែចង់ឈ្លានពានទឹកដីរបស់ព្រះអង្គ។ ក្រោយពីកិច្ចប្រជុំហើយ ស្តេចក៏ត្រាស់បញ្ជាឲ្យមេទ័ព និងកងទ័ព ប៉ុន្មានពាន់នាក់ចេញដំណើរទៅខាងព្រំដែន ដើម្បីបញ្ចប់បញ្ហាឈ្លានពាននេះ។

មេទ័ព និងកងទ័ពទាំងឡាយ ក៏ចេញដំណើរទៅតាមព្រះរាជបញ្ជាភ្លាម។ ដើរឆ្លងកាត់ភូមិមួយ មានខ្ទមចាស់ និងម្ចាស់ខ្ទមជាបុរសពូកែវោហាសព្ទ និងប៉ុនប្រសប់ខាងល្បងប្រាជ្ញា លេងល្បែងអុកតែម្តង។ អ្នកនៅក្នុងភូមិជាមួយគាត់ គ្មានអ្នកណាម្នាក់លេងឈ្នះគាត់ទេ ហើយគេឲ្យឈ្នះថាជាស្តេចអុកក្នុងភូមិមួយនោះ។ ជាចៃដន្យ មេទ័ព ដែលស្តេចបញ្ជាឲ្យទៅកម្ចាត់សត្រូវនៅតាមព្រំដែន ក៏មកដល់ខ្ទមស្តេចអុកនេះល្មម ក៏ឈាងចូលសុំទឹកផឹក ដើម្បីកុំឲ្យស្រេកទឹកខ្លាំងពេក។ គាត់បានបញ្ជាឲ្យកងទ័ព និងទាហានរបស់គាត់ឈរចាំនៅខាងក្រៅ ឯគាត់ក៏បានចូលក្នុងផ្ទះចាស់នោះតែម្នាក់ឯង…

លោកមេទ័ព «ម្ចាស់ផ្ទះ! តើអាចឲ្យខ្ញុំសុំទឹកមួយចាន ដើម្បីផឹកកុំឲ្យស្រេកបានទេ?»។

បុរសស្តេចអុកនោះ ក៏ងើបមក ហើយសើចបន្តិច ពោលក្នុងចិត្តថា «អុីយ៉ា! ថ្ងៃនេះមានភ្ញៀងមកសាកល្បងទៀតហើយ» គិតក្នុងចិត្តចប់ គាត់ក៏តបវិញថា «ទឹកខ្ញុំមាន តែត្រូវតែលេងអុកឲ្យឈ្នះខ្ញុំសិន ទើបបានទឹកផឹក»។

លោកមេទ័ព ក៏យល់ព្រម។ បុរសម្ចាស់ផ្ទះក៏អញ្ជើញភ្ញៀវចូលកន្លែងប្រយុទ្ធ (ក្តាអុក) រួចធ្វើការសាកល្បងជាមួយគ្នា។ លេងមិនទាន់បានប៉ុន្មានផង ខាងភ្ញៀវក៏ចាញ់មួយក្តាបាត់។ គាត់មិនអស់ចិត្តលេងសងមួយក្តាទៀត ហើយក៏ចាញ់ទៀត ងងឹតមុខឈឹង រួចងើបចេញទៅ ដោយក្តីអៀនខ្មាស តែម្ចាស់ផ្ទះដើម្បីលួងចិត្ត ក៏ហៅបុរសនោះមកផឹកទឹកមួយចាន រួចលាដំណើរគ្នានៅគ្រានោះទៅ។

មួយរយៈពេលក្រោយមក បុរសនោះបុរសដែលជាមេទ័ព ក៏បានវិលត្រលប់មករាជវាំងវិញ ហើយបានឆ្លងកាត់តាមផ្ទះស្តេចអុកនោះទៀត។ គាត់មានអារម្មណ៍ថានឹកគ្រាដែលធ្លាប់លេងអុកជាមួយគ្នា ក៏ឈាងចូលលេងដូចមុនទៀត ដោយធ្វើជាសុំទឹកផឹកទៀត ហើយម្ចាស់ផ្ទះញញឹម ស្របពេលដែលកំពុងអផ្សុក ក៏បបួលបុរសជាមេទ័ពលេងសាកមួយក្តាទៀត។ បុរសជាភ្ញៀវ (មេទ័ព) ញញឹមដោយភាពជឿជាក់បន្តិច ហើយក៏អង្គុយលេងអុកជាមួយម្ចាស់ផ្ទះនោះ។

សម្រាប់ក្តាទី១ គឺពេលនេះភ្ញៀវជាអ្នកឈ្នះ ដែលខុសកាលពីពេលមុន ម្ចាស់ផ្ទះជាអ្នកឈ្នះ។ ពួកគេក៏លេងក្តាទី២ បន្តទៀត លើកនេះភ្ញៀវនៅតែជាអ្នកឈ្នះដដែល ទី៣ និង ទី៤ នៅតែភ្ញៀវជាអ្នកទទួលជ័យជម្នះទៀត។ ម្ចាស់ផ្ទះមិនអស់ចិត្ត ក៏និយាយសួរទៅភ្ញៀវដែលជាមេទ័ពនោះដោយត្រង់ថា ចុះហេតុដូច្នេះពេលមុន អ្នកលេងចាញ់ខ្ញុំដល់ទៅពីរលើក តែពេលនេះអ្នកបែរជាលេងឈ្នះខ្ញុំរហូតបែបនេះ? ឬមួយអ្នកមកពីរៀនលេងអុកនេះទេ៎! កាលពីពេលមុន ខ្ញុំចាញ់គឺមកពីខ្ញុំគ្មានជំនឿចិត្ត ដោយសារតែខ្ញុំផ្តោតតើលើសមរភូមិកម្ចាត់សត្រូវជូនព្រះរាជា តែពេលនេះខ្ញុំបានត្រលប់មកវិញដោយជោគជ័យទៅហើយ ខ្ញុំក៏មានជំនឿចិត្តឡើងវិញ ហើយក៏ចង់សាក់ថ្វីដៅឲ្យអស់ពីសមត្ថភាពជាមួយអ្នកម្តង តែកុំយល់ច្រឡំថាជាការសងសឹកឲ្យសោះណា៎។

ម្ចាស់ខ្ទមដែលមានរហ័សនាមថា “ស្តេចអុក” ជាមនុស្សឆ្លាតម្នាក់ ក៏យល់ការណ៍នេះ ហើយញញឹមព្រមទទួលការពិត ថាគ្មានអ្នកណាដែលអាចលេងអុកឈ្នះរហូត ឬគ្មានគូប្រៀបទេ។ ម្យ៉ាងទៀត បើសិនគាត់មានភាពជឿជាក់ដល់ម្លឹង និងមានសេចក្តីក្លាហានហ៊ានមកប្រយុទ្ធនឹងគាត់ម្តងទៀត គឺគាត់អាចនឹងមានឱកាសឈ្នះបែបនេះ គ្មានអ្វីចម្លែកចិត្តទេ។ បុរសទាំងពីរនាក់ធ្វើភាវកិច្ចឱនគោរពគ្នា ដើម្បីលាគ្នា និងចងជាមិត្តរហូតតទៅ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ចែករំលែក
អត្ថបទ​មុនប្រទេសទាំង ២០ ដែលក្រីក្រជាងគេបំផុតក្នុងលោក
អត្ថបទ​បន្ទាប់ប្រវត្តិសាស្ត្រ​ខ្មែរ៖ សម័យចេនឡា ឬកម្ពជរដ្ឋ (ភាគ១)
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here