ហេតុអ្វីបានជា ឆាវឆាវ ចាញ់សង្គ្រាមនៅតុងអ៊ូ (លាវបុី និង ស៊ុនឈៀន) យ៉ាងខ្លាំងបែបនេះ?

0
845

ការឈ្នះ ឬចាញ់ បើតាមទ្រឹស្តីសាមញ្ញថា គឺជារឿងធម្មតាទេ ប៉ុន្តែបើយើងនិយាយអំពីល្បិចលក នៅក្នុងសមរភូមិវិញគឺដោយសារតែមានអ្នកខ្លាំង (ឈ្នះ) និងអ្នកខ្សោយ (ចាញ់)។ សម្រាប់អ្នកដែលធ្លាប់បានទស្សនាសាច់រឿងនគរបី ឬសាមកុក អាចនឹងកាត់យល់ខ្លះអំពីសង្គ្រាមនៅឈឺពិ (តុងអ៊ូ) ឬជ្រោះក្រហម។

ថ្ងៃនេះផងដែរ ចំណេះដឹងដឹងគ្រប់ទីកន្លែង លើកយកអំពីចំណុចខ្សោយរបស់ ឆាវឆាវ (Cao Cao) ដែលនាំឲ្យចាញ់សង្គ្រាមយ៉ាងអាម៉ាស់បែបនេះតុងអ៊ូ រវាង ឆាវឆាវ និងលាវ ឈាន។

បើសិនយើងពិនិត្យលើសម្បកនៃក្បួនប្រយុទ្ធរបស់ឆាវឆាវ គឺគេមានប្រៀបជាងឆ្ងាយណាស់ ប្រៀបបាននឹងសង្គ្រាមប្រវត្តិសាស្ត្រចិន រវាងឆាវឆាវ និង យានសាវ ដូច្នោះដែរ។ ក៏ប៉ុន្តែនៅក្នុងសង្គ្រាមលើកនោះ គឺយើងក៏ឃើញអំពីភាពអវិជ្ជមានមួយចំនួនរបស់ឆាវឆាវ ដូចគ្នា គឺ ឆាវឆាវ និងកងទ័ពទាំងអស់សុទ្ធតែមានអំនួតខ្លាំងក្លា ក្រោយពីបានយកឈ្នះយានសាវ ដែលជាមេទ័ពដ៏ខ្លាំងក្លា និងមានកងទ័ពយ៉ាងសម្បើម (រាប់សែននាក់) ប្រៀបបាននឹងខ្លាដុះស្លាប សត្វនាគហោះចូលសមុទ្រ គ្មានអ្វីអាចរារាំងដល់ព្រះអង្គម្ចាស់បាន។

ថ្ងៃធ្វើសឹកសង្គ្រោមក៏ចូលមកដល់ ឆាវឆាវ បានប្រារព្ធពិធីសែនប្រែនអ្នកតា ម្ចាស់ទឹកម្ចាស់ដី និងព្រះមែ៉គង្គា ដើម្បីយកឈ្នះលើ លាវបុី និង ស៊ុន ឈាន ដែលរួមដៃគ្នាកម្ចាត់គេ។ ឆាវឆាវ មិនត្រឹមតែខ្លាំងខាងប្រើប្រាស់មនុស្ស ក្បួនសឹក ចម្បាំង ការធ្វើសង្គ្រាមប៉ុណ្ណោះទេ គេក៏ជាកវីម្នាក់ ដែលពូកែខាងកំណាព្យចុងចួនសូត្រយ៉ាងរត់មាត់មិនចាញ់អ្នករៀនសូត្រប៉ុន្មានឡើយ។ នៅក្នុងថ្ងៃប្រារព្ធពិធី គេបានសូត្រកំណាព្យមួយឃ្លាដែលល្បីល្បាញពេញប្រវត្តិសាស្ត្រចិនគឺ ផឹកស្រាច្រៀងលេង មួយឆាកជីវិតមានប៉ុន្មាន? និងមានកំណាព្យច្រើនច្រើនទៀត ដូចជាកំណាព្យលើកទឹកចិត្តកងទ័ព និងមេទ័ព របស់គេជាដើម។

យើងសូមបិទវគ្គត្រឹមនេះសិនចុះ! យើងនឹងរៀបរាប់អំពីកំហុសរបស់ឆាវឆាវ ដែលធ្វើឲ្យសង្គ្រាមមួយនេះចាញ់ (ច្រើនចាញ់តិច) ដែលបានធ្វើឲ្យបាត់បង់ឱកាសដ៏ធំដើម្បីបង្រួបបង្រួមទឹកដីភូមិភាគកណ្តាល ឡើងគ្រប់គ្រងផែនដីទាំងមូល។ សម្រាប់កំណុសរបស់ ឆាវឆាវ នៅគ្រានោះគឺ មកពីគេមានអំនួតខ្លាំង ប្រើមនុស្សខុសកាលៈទេសៈ និងខ្វះការពិចារណាមុខក្រោយ។

កំហុសទី១: អំនួត 

ក្រោយពីឈ្នះសត្រូវជាច្រើនលើកច្រើនសារ ជាបន្តបន្ទាប់ គឺបានធ្វើឲ្យទឹកចិត្តកងទ័ព មេទ័ព និងឆាវឆាវ មានភាពក្អេងក្អាង មើលងាយសត្រូវជាកូនចៀម គ្មានសមត្ថភាពយកឈ្នះខ្លួនដែលជាសត្វតោងដ៏ខ្លាំងក្លាបានទេ។ ហេតុដូច្នេះគេមិនបានគិតច្រើនអំពីបញ្ហាល្បិចលករបស់សត្រូវរបស់ខ្លួនទេ គឺអាងតែកម្លាំងរបស់ខ្លួនឯងច្រើនតែប៉ុណ្ណោះ មិនបានសិក្សាអំពីសត្រូវឲ្យបានច្បាស់លាស់។

កំហុសទី២: ប្រើមនុស្សខុសកាលៈទេសៈ

វាគឺជាកំហុសដ៏ធំរបស់ឆាវឆាវ ដែលបានប្រើមេទ័ពជើងគោកឲ្យទៅធ្វើសង្គ្រាមជើងទឹក និងរៀបចំក្បួនកលយុទ្ធទប់ទល់នឹង​ចូវអុី ដែលសម្បូរល្បិចកល និងជាមេទ័ពធំរបស់តុងអ៊ូផង។ កាលគ្រាមួយនោះ… ឆាវឆាវ បានប្រើកូនចៅរបស់ខ្លួនឲ្យទៅតុងអ៊ូ ដើម្បីបញ្ចុះបញ្ចូល និងទិញទឹកចិត្តរបស់ចូវអ្វី តែនៅទីបំផុតគឺ ចូវអ្វីបានខ្ចីដាវមួយដើមនេះមកសម្លាប់ ឆាយម៉ៅ ដែលជាមេទ័ពជើងទឹកដ៏ចំណានរបស់ឆាវឆាវទៅវិញ និងមានរឿងដែលឆាវឆាវចាញ់ល្បិចកលរបស់ ចូវអុី ម្តងៗហើយម្តងទៀតជាច្រើនទៀត។ នៅពេលដែលបេសកជនរបស់ឆាវឆាវ​ ត្រលប់មកវិញ បានយកសារឆ្លើយឆ្លងរបស់ ចូវអុី និង ឆាយម៉ៅ មករាយការណ៍ប្រាប់ដល់ឆាវឆាវ គេក៏បានសម្លាប់ឆាយម៉ៅភ្លាម ក្រោយពីអានសារចប់ ដែលជាហេតុធ្វើឲ្យបាត់បង់មេទ័ពជើងទឹកដ៏ប៉ិនប្រសប់ម្នាក់។

កំហុសទី៣: ខ្វះការពិចារណា

ថ្វីត្បិតតែយើងគ្រប់គ្នាអាចមើលដឹងថា ឆាវឆាវ ជាមនុស្សឆ្លាត ឬជាកំពូលមនុស្ស តែយើងក៏ដឹងថាគេក៏មិនមែនជាទេវតាទេ គេក៏ចេះមានកំហុសឆ្គងម្តងម្កាល់ដែរ។ ជាហេតុផលដែលគេបានសម្លាប់មេទ័ពឆាយម៉ៅ មកពីគេសង្ស័យលើមេទ័ពឆាយម៉ៅ ដែលទើបនឹងចុះចូលខ្លួន ម្យ៉ាងសម្អាងលើសារលិខិត ដែលបេសកជនរបស់ខ្លួនយកមថ្វាយទៀត ធ្វើឲ្យគេបាត់បង់នូវសម្បជញ្ជៈអស់ លែងចេះពិចារណាសខ្មៅ សម្លាប់មេទ័ពជើងទឹកមួយដូចជាអាលកមាន់។ ចំណុចខ្សោយរបស់ឆាវឆាវ គឺចូវអុីបានដឹងច្បាស់ថា បើសិនអាចឆាយម៉ៅ គឺប្រៀបបាននឹងសត្វខ្លាដកចង្កោមចេញ គ្មានឫទ្ធិអ្វីទៀតឡើយ ព្រោះទ័ពរបស់ឆាវឆាវគឺ ជើងគោកគ្មានគូប្រៀប តែបើតាមផ្លូវទឹកគឺ សូន្យតែម្តង មិនអាចយកឈ្នះលើ ចូវអ្វី បានទេ។

បើសិនយើងងាកទៅអានក្បួនសឹករបស់ ស៊ុនជឺ (Sun Tuz) គេបាននិយាយថា “ត្រូវវាយប្រហារចំចំណុចខ្សោយរបស់សត្រូវ”។ ដូច្នោះ ពេលនេះគឺត្រឹមត្រូវបំផុតហើយ ព្រោះឆាវឆាវ មានតែពឹងលើឆាយម៉ៅតែប៉ុណ្ណោះ តែពេលនេះអស់ឆាយម៉ៅ គឺលែងមានសង្ឃឹមអ្វីទៀតទេ។ សូម្បីតែឆាវឆាវ ផ្ទាល់គេក៏បានដឹងអំពីរឿងនេះដែរ តែគួរឲ្យស្តាយគឺដឹងក្រោយពេលដែលកាត់ក្បាលឆាយម៉ៅហើយ។ សម្រាប់ខ្ញុំវិញ គ្មានអ្វីផ្តាំផ្ញើច្រើនទេ “តែមុននឹងធ្វើអ្វីមួយ គិតឲ្យបានដប់ដងឡើង បើមិនដូច្នោះទេគឺ ស្តាយក្រោយមួយជីវិត”៕

អត្ថបទដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here