កំពូលទស្សនៈទាំង ៧ឃ្លា របស់លោក Chanakya ជាអ្នកទស្សនវិទូរបស់ឥណ្ឌាដ៏ល្បីល្បាញមួយរូប

0
541

បម្រែបម្រួលនៃដំណើរជីវិតរបស់មនុស្សពោរពេញដោយ ស្នាមញញឹម សប្បាយរីករាយ ឧបសគ្គជាច្រើន និងបញ្ហាមិនចេះចប់។ ដូច្នេះដើម្បីអាចបញ្ចប់បញ្ហាទាំងនេះបានគឺ យើងមានតែសិក្សារៀនសូត្រពីជីវិតឲ្យបានច្រើនតាមដែលអាចធ្វើបាន។ សម្រាប់ថ្ងៃនេះ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង យើងខ្ញុំនឹងលើកយកអំពីទស្សនៈទាំង ៧ ឃ្លា របស់អ្នកប្រាជ្ញឥណ្ឌា ឬអ្នកទស្សនវិទូម្នាក់របស់ប្រទេសឥណ្ឌាមកបកស្រាយជូន។ តែដើម្បីឲ្យស្គាល់គាត់តែច្បាស់ យើងសូមលើកយកប្រវត្តិសង្ខេបរបស់គាត់មកជម្រាបជូនសិន។

លោក Chanakya គឺជាអ្នកទស្សនវិទូរបស់ឥណ្ឌាម្នាក់។ កាលពីមុនគាត់ធ្លាប់ធ្វើជាគ្រូបង្រៀន, សេដ្ឋវិទូ, អ្នកច្បាប់ និងទីប្រឹក្សារាជវង្សម្នាក់ផងដែរ។ លោក Chanakya បានបន្សល់ទុកនូវទស្សៈជាច្រើនយ៉ាង សម្រាប់ឲ្យមនុស្សយកទៅគិត និងពិចារណា ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងមុន។ ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកតែ ៧ឃ្លា ប៉ុណ្ណោះ មកបង្ហាញជូនដល់ប្រិយមិត្តអ្នកជាទីគោរព ដូចតទៅ៖

១. «ធ្វើជាមនុស្សមិនគួរស្មោះត្រង់ពេកទេ។ ដើមឈើត្រង់ គឺគេកាប់មុនគេ ហើយមនុស្សស្មោះត្រង់ពេក គឺត្រូវគេចាត់ការមុនគេដូចគ្នា»។ ក្នុងន័យនេះ គាត់ចង់បង្ហាញយើងចេះរៀនបត់បែនខ្លះ មិនត្រូវស្មោះត្រង់ដោយឆោតល្ងង់ឡើយ ព្រោះវាអាចនាំគ្រោះអាសន្តដល់ជីវិតបាន បើសិនយើងមិនចេះយល់ពីភាពស្មោះត្រង់នេះ។ តួយ៉ាងនៅក្នុងទស្សនរបស់ លោក មនោ វិជ្ជា (ជាអ្នកនិពន្ធ និងស្រាវជ្រាវ) គាត់បានបង្ហាញថា «មនុស្សស្មោះត្រង់ពេក គឺជាមនុស្សល្ងង់»។

២. «កុំយកការសម្ងាត់ខ្លួនឯងប្រាប់ឲ្យអ្នកដទៃដឹង គេនឹងបំផ្លាញអ្នកជាក់ជាមិនខាន»។ នៅក្នុងន័យនេះវិញ លោកចង់ប្រាប់ថា ការបង្ហាញប្រាប់នូវរឿងសម្ងាត់របស់ខ្លួនទៅអ្នកដទៃគឺ ជាគ្រោះថ្នាក់។ សត្រូវអាចនឹងដឹងពីចំណុចខ្សោយរបស់យើង និងអាចប៉ុនប៉ងធ្វើបាបយើងបានដោយងាយ ដូច្នេះដើម្បីជៀសពីបញ្ហាផ្សេងៗ គួរតែលាក់កំបាំងនូវរឿងសម្ងាត់របស់ខ្លួនឯងឲ្យបាន កុំឲ្យអ្នកដទៃដឹងឲ្យសោះ។

៣. «មនុស្សអស្ចារ្យ គឺដោយសារសកម្មភាពនិងទង្វើ មិនមែនអស្ចារ្យពីកំណើតទេ»។ នៅក្នុងន័យនេះ លោកចង់ប្រាប់យើងថា មនុស្សដែលកើតមកលើគំនរទ្រព្យសម្បត្តិ ឬភាពអស្ចារ្យស្រាប់ គ្មានអ្វីគួរឲ្យកោតសរសើរដូចមនុស្សដែលខំពីបាតដៃទទេ ពីចំណុចក្រោមឡើងដល់កំពូលដោយខ្លួនឯងទេ។

៤. «ទោះបីពស់គ្មានពិស តែវានៅតែធ្វើពុតជាសត្វសាហាវ»។ នៅក្នុងន័យនេះ គឺគាត់ចង់ប្រាប់ថា មនុស្សដែលគេឆ្លាតគឺ គេអាចបោកមនុស្សល្ងង់ឲ្យជឿតាមគេគ្រប់ពេល។

៥. «នៅពេលណាដែលការភ័យខ្លាចរំកិលចូលកាន់តែខិតជិតអ្នក អ្នកត្រូវតែវាយប្រហារវា និងកម្ទេចវាចោលភ្លាម»។ នៅក្នុងន័យនេះ គឺគាត់ចង់បានថា បើសិនក្នុងចិត្តរបស់យើងកើតមានភាពភ័យខ្លាចលើរឿងអ្វីមួយ ឬកំពុងតែមានអារម្មណ៍ខ្លាចអ្វីម្យ៉ាង គឺត្រូវតែកម្ចាត់វាចោលភ្លាម ព្រោះវានឹងធ្វើឲ្យយើងភ័យខ្លាចឡើងៗ រហូតនាំគ្រោះអាក្រក់ដល់យើងបាន។

៦. «អំណាចធំបំផុតរបស់ពិភពលោក គឺយុវជន និងស្រីស្អាត»។ សម្រាប់នៅក្នុងន័យនេះវិញ គាត់ចង់ប្រាប់ពីចំណុចខ្លាំងរបស់មនុស្ស ដែលយើងគួរតែយកមកប្រើប្រាស់ឲ្យចំគោលដៅ គឺត្រូវប្រើកម្លាំងរបស់យុវជន និងសម្រស់ស្រីស្អាត ដើម្បីទាក់ទាញចិត្តមនុស្សប្រុសដែលគេចង់ប្រើការ។ នៅក្នុងប្រវត្តិសាស្ត្រវិញ ក៏បានប្រាប់យើងហើយថា គួរតែប្រយ័ត្នចំពោះល្បិចកលស្រីស្អាត ព្រោះអាចនាំហិចហោចវិនាសដល់នគរបានដោយងាយបំផុត។

៧. «ក្លិនក្រអូបរបស់ផ្កាភាយតែតាមទិសខ្យល់បក់ប៉ុណ្ណោះ ប៉ុន្តែអំពើល្អរបស់មនុស្សភាយទៅគ្រប់ទិសទី»។ សម្រាប់ទស្សនៈចុងក្រោយនេះគឺ ពិសេសជាងគេ ដោយគាត់បង្ហាញប្រាប់អំពីភាពល្អរបស់មនុស្ស ដែលគ្មានអ្វីល្អស្មើនឹងកេរ្តិ៍ឈ្មោះទេ ព្រោះអាចក្រអូបបញ្ជ្រាស់ខ្យល់ ឬក្រអូបបានរាប់រយជំនាន់ ទោះបីជាយើងស្លាប់ទៅក្តី តែកេរ្តិ៍ឈ្មោះរបស់យើងនៅតែគង់វង្សជានិរន្តរ៍ជានិច្ច៕

អត្ថបទ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ និងស្រាវជ្រាវគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ និង បង្កើនចំណេះដឹង។ សូមកុំភ្លេចជួយចុច Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here