សង្គមខ្មែរនៅក្នុងសតវត្សរ៍ទី១៤ ឬបដិវត្ដន៍ខ្មែរក្នុងសតវត្សរ៍ទី១៤

0
235
បដិវត្ដន៍ខ្មែរក្នុងសតវត្សរ៍ទី១៤

ប្រវត្ដិសាស្រ្ដខ្មែរ តាមសិលាចារឹក និងឯកសារប្រវត្ដិសាស្រ្ដចិននានា ត្រូវបញ្ចប់ត្រង់សម័យនេះ ដោយអ្នកប្រវត្ដិវិទូ អ្នក​បុរាណ​វិទ្យា និង​អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ៗ ពុំ​ទាន់​បាន​រកឃើញអក្សរសិលាចារឹកថ្មីផ្សេងៗទៀត។ ដូច្នេះហើយបានជាគ្រប់អ្នកប្រវត្ដិវិទូ និងអ្នកស្រាវជ្រាវ នាំ​គ្នា​ងាក​មក​សិក្សា​តាម​រយៈ​ឯក​សារ​ពង្សាវ​តារ​ខ្មែរ​វិញ។ ដែលជាបច្ច័យ ធ្វើអោយលំនាំប្រវត្ដិសាស្រ្ដខ្មែរ មានរូបរាងប្រហាក់​ប្រហែល​ដូច​គ្នា ចាប់​ពី​កាល​សម័យ​នេះ​។ លើក​លែង​តែ​ថ្ងៃ ខែ ឆ្នាំ ទីកន្លែង និងព្រឹត្ដិការណ៍បន្ទាប់បន្សំខ្លះ។ សតវត្សរ៍ទី១៤ ត្រូវអ្នកប្រវត្ដិវិទូចាត់ទុកជា​សក​រាជ​ថ្មី​មួយ ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​ជោគ​វាសនា អនា​គត​របស់ប្រទេស កម្ពុជា។ ជោគវាសនាគរខ្មែរ ក៏ត្រូវបានកំណត់ពីសម័យកាលនោះដែរ។

ក. បុព្វហេតុ

ដូចដែលយើងបានឃើញស្រាប់ តាមរយៈប្រវត្ដិសាស្រ្ដ នៅនាចុងសតវត្សរ៍ទី១៣ និងដើមសតវត្សរ៍ទី១៤ ប្រទេស​កម្ពុជាតែង​តែ​ជួប​ប្រទះ​នូវ​សង្គ្រាម​សាសនា ប្រល័យ​ជីវិត ​បំផ្លិច​បំផ្លាញ​ជាតិសាសន៍ឯងគ្មានពេលស្រាកស្រាន្តឡើយ។ បើយើងនិយាយអោយចំទៅ សង្រ្គាមនេះមាន​សាសនា​ជា​សំបក​ក្រៅ​។ តែ​តាម​ការ​ពិត គឺជាសង្រ្គាមដណ្ដើមអំណាចគ្នា ដណ្ដើមរាជសម្បត្ដិ​ដោយយកក្រុមវណ្ណៈ និងសាសនា​មក​ធ្វើ​ជា​ឈ្នាន់​។ គេ​យក​សាសនា មនោ​គម​វិជ្ជា មក​ពន្យល់​នែ​នាំ​បញ្ចុះបញ្ចូលប្រមែប្រមូលរាស្រ្ដប្រជា អោយទៅនាំគ្នាទៅបូជាជីវិត​ស្លាប់​ដើម្បី​រាជ​បល្ល័ង្គ និង​អំណាច​ ទ្រព្យ​សម្បត្ដិ​ធន​ធាន​របស់ពួក​គេ និង​ក្រុម​បក្ស​ពួក​ប៉ុណ្ណោះ។ គឺជាវិបត្ដសង្គម វិបត្ដិអំណាច វិបត្ដនយោបាយ ដែលបានធ្វើអោយប្រទេសកម្ពុជា ផ្លាស់ប្ដូរចាកចេញពីភាពរុងរឿង ជា​មហា​អំណាច ធ្លាក់​ខ្លួន​ចុះ​ទន់​ខ្សោយ​ថម​ថយនៅរួម​តូច​ទៅ​ៗ បន្ដិច​ម្ដង​ៗ ​ជា​លំដាប់រហូតដល់សព្វថ្ងៃ។

ព្រឹត្ដិការណ៍ដ៏ធំនេះ អ្នកប្រវត្ដិវិទូ និង អ្នកស្រាវជ្រាវ បានចាត់ទុកជាបដិវត្ដន៍ទី១ នៅក្នុងសង្គមជាតិខ្មែរ គឺជាបដិវត្ដន៍​ប្រ​ឆាំង​របប​រាជា​និយម​ ដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យល់​ថា​ មានឃោ​ឃៅ​ផ្ដាច់​ការព្រៃ​ផ្សៃ គ្មានសន្ដោសករុណាមេត្ដាធម៌ គ្មានទសពិធរាជធម៌ និងគ្មាន​សមត្ថ​ភាព​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ដឹក​នាំ​ប្រ​ទេស​ជាតិ​។ កត្ដា​ជា​ច្រើន​បានអប់រំផ្លាស់ប្ដូរចិត្ដគំនិតខ្មែរ ហើយជំរុញនាំខ្មែរអោយហ៊ានងើបបះបោរតស៊ូ​ប្រ​ឆាំង​នឹង​ស្ដេច​ព្រម​ទាំង​បក្ស​ពួក​បរិ​វារ​។

ខ. ព្រះពុទ្ធសាសនាថេរវាទ

កត្កាធំដែលជាមូលដ្ឋានបដិវត្ដន៍ គឺព្រះពុទ្ធសាសនាថេរវាទ។ ព្រះពុទ្ធសាសនារបៀបថេរវាទ បាននាំចូលមកប្រទេសកម្ពុជា​នូវ​ទ្រឹស្ដីគោល​គំនិត​ និង​​ ទស្សន​ៈថ្មី​ ស្ដី​ពី​ជោគ​វាសនា​ផល​បុណ្យ កម្ម​ពៀរ​វេរា របស់សត្វលោកម្នាក់ៗ ដែលជាលក្ខណខុសប្លែកអំពីមនោគមវិជ្ជា​ដែល​គេ​ធ្លាប់​ទទួល​ ជា​ពិសេសចំពោះ​តួ​អង្គ​ព្រះ​មហា​ក្សត្រ ដែលគេតែងតែគោរព ទុកជាទីសក្ការបូជា និងចាត់ទុកជា ព្រះអាទិទេព ឬពុទ្ធរាជ ដែល​មាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មហា​យាន ពី​ព្រោះ​តាម​ទ្រឹស្ដី​ថេរ​វាទ ព្រះពុទ្ធអង្គបានយាងចូលព្រះនិព្វានរួចស្រេចបាត់ទៅហើយ ដូច្នេះព្រះអង្គមិន​បាន​មក​កើត​ជា​មនុស្ស ឬ​ស្ដេច​ដូច​ក្នុង​ទ្រឹស្ដី​មហា​យាន​ឡើយ ហើយកាលព្រះអង្គនៅជាព្រះពោធិសត្វកើតជាសត្វលោក ព្រះអង្គ​មិន​ដែល​កើត​ចេញ​មក​ធ្វើ​ជា​ស្ដេច ជា​ព្រះ​មហា​ក្សត្រ​ជា​រៀង​រហូត និងជាអចិន្រ្ដៃនោះដែរ។ ព្រះមហាក្សត្រ ឬអ្នកដឹកនាំនគរ ក៏មិនមែនសុទ្ធតែជា​ព្រះ​បាទ​ធម្មឹក​ដែរ​។ ជួន​ព្រះ​ពោធិ​សត្វ ព្រះ​អង្គ​ចាប់​ជាតិ​កើត​ជា​សត្វ ជា​មនុស្ស ជាទុរគតជន ក្រីក្រតោកយាក ជាអ្នកប្រាជ្ញ ឬជាស្ដេចដែល​ប្រកប​ទៅ​ដោយ​ធម៌​។

ដូចនេះតាមទស្សនៈរបស់ព្រះពុទ្ធសាសនាថេរវាទ ព្រះមហាក្សត្រ ឬពូជស្ដេច មិនមែនសុទ្ធតែមានតេជៈបុណ្យបារមី ដូចជាព្រះអា​ទិ​ទេព ឬ​ជា​ព្រះ​ពោធិ​សត្វ​ឡើយ​។ អ្វី​ដែល​គេ​និយាយ អ្វី​ដែល​គេ​ធ្វើ មិនមែនសុទ្ធតែល្អត្រឹមត្រូវទាំងអស់ ដូចជាព្រះពុទ្ធដិការនោះទេ។ ព្រះមហាក្សត្រ​ជា​មនុស្ស​បថុជ្ជន​ ដូច​សត្វ​ឯ​ទៀត​ក្នុង​លោក​។ ទ្រឹស្ដី​ពុទ្ធ​សាសនា​ថេរ​វាទ អាចបំភ្លឺអោយប្រជាពលរដ្ឋយល់ និងជឿជាក់ថា អ្វីដែលព្រះមហាក្សត្រ​ខំ​និយាយ​ពន្យល់ ដើរ​តួរ​ចាក់​ត្លុក​ទាំង​ប៉ុន្មាន​ ជា​ការ​ភូត​ភ​កុហក​បោក​ប្រាស់ បន្លំចាកការពិតទាំងអស់ ធ្វើដើម្បីរក្សាការពារអំណាច ផល​ប្រយោជន៍ និង​បុព្វ​សិទ្ធិ​របស់​គេ​តែ​ប៉ុណ្ណោះ​។ បាន​សេច​ក្ដី​ថា អ្នកមានបុណ្យបារមី ឬព្រះពោធិសត្វ អាចកើតមានជីវិតរស់នៅក្នុងគ្រប់ក្រុមគ្រួសារ គ្រប់​ស្រ​ទាប់​វណ្ណៈ​មនុស្ស​សត្វ​សោក​។

គ. សាសនាជាឧបករណ៍នយោបាយ

ដោយសម្អាងទៅលើពុទ្ធសាសនាថេរវាទ ជាមូលដ្ឋាននៃបដិវត្ដន៍ អ្នកបដិវត្ដន៍ខ្មែរក្នុងសតវត្សរ៍ទី១៤ អាចបំបះបំបោរ ធ្វើ​ចលនា និង​រំលំ​របប​រាជា​និយម​។ ទស្សនៈ ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​ផ្នែក​ថេរ​វាទ ដែលមានខ្លឹមសារខុស អំពីព្រហ្មញ្ញសាសនា និងព្រះពុទ្ទសាសនាមហា​យាន បាន​នាំ​មក​នូវ​ឧត្ដម​គតិ​ថ្មី​មួយ​ទៀត ក្នង​ការ​រស់​នៅ យល់​ឃើញអ្វីដែលមាននៅក្នុងជីវិត និងសង្គមជាតិ ជាមូលហេតុធ្វើអោយប្រជានុរាស្រ្ដ​ខ្មែរ​ដែល​កំ​ពុង​តែ​មាន​ទុក្ខ​វេទ​នា រក​ច្រក​ដោះ​ស្រាយ រកក្ដីសង្ឃឹមមិនឃើញ នាំគ្នាជឿអនុលោមគោរព និងចូលចិត្ដយកមកប្រតិបត្ដិ​។ តែ​អ្នក​ដែល​ស្រ​លាញ់​អំណាច ក៏​ឆ្លៀត​យក​ព្រះ​ពុទ្ធ​សាសនា មក​ធ្វើ​ជា​ឧបករណ៍សម្រាប់បម្រើផលប្រយោជន៍ក្រុមបក្សពួករបស់គេដែរ។

១. សំរាប់បំពាក់ស្មារតី

គេយកទ្រឹស្ដីព្រះពុទ្ធសាសនា មកធ្វើជាមនោគមវិជ្ជា មកធ្វើជាពាក្យស្លោក សំម្រាប់ឃោសនា និងជាអាវុធសំរាប់វាយ​ប្រហារ​ព្រះ​មហា​ក្សត្រ​។ ប្រជា​នុរាស្រ្ដ​ខ្មែរ ដែល​ធ្លាប់​រង​ទុក្ខ​វេ​ទនា​ឈឺ​ចុក​ចាប់ ព្រាត់ប្រាស់ក្រុមញាតិគ្រួសារ ដោយស្ដេចអយុត្ដធម៌ ស្ដេចឃោរ​ឃៅ​កាច​សា​ហាវ​យង់​ឃ្នង​ ត្រូវ​តែ​ពេញ​ចិត្ដ​ស្រ​លាញ់​ជឿ​ទទួល​គោរព និង​អនុវត្ដទៅតាមទស្សនៈថ្មីរបស់ព្រះពុទ្ធសាសនាថេរវាទ។

ដូច្នេះគេយល់ និងមានជំនឿថា វាសនាអនាគតរបស់គេ ស្ថិតនៅលើព្រះពុទ្ធសាសនាផ្នែកថេរវាទ ពីព្រោះទ្រឹស្ដី​នេះ ឆ្លើយ​តប​ទៅ​តាម​គោល​គំនិត​ និង​ចំណង់​របស់​ប្រ​ជា​ជន​ខ្មែរ ដែលយល់ជឿថាត្រឹមត្រូវល្អសក្ដិសម ផ្សព្វផ្សាយនូវកុសលបុណ្យទាន និង​មេត្ដា​ករុណា​ធម៌ ទៅ​ដល់​អស់​​សព្វ​​សត្វ​ដោយ​ឥត​រើស​អើង​វណ្ណៈ​។

គេបានយកម្លាំងព្រះពុទ្ធសាសនាថេរវាទទៅប្រឈមមុខ ប្រយុទ្ធតទល់នឹងលទ្ធិព្រហ្មញ្ញសាសនា គឺជាការ​ប្រយុទ្ធ ប្រ​ឆាំង​នឹង​របប​រាជា​និយម​ផ្ដាច់​ការ ពី​ព្រោះ​ព្រហ្មញ្ញ​សាសនា ជា​តំណាង និង​ជា​ជន្ទល់​របស់​ព្រះ​មហា​ក្សត្រ។ ការប្រយុទ្ធតាមទ្រឹស្ដី តាម​មនោ​គម​វិជ្ជា ដូច​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្ដិ​ពិភព​លោក​បច្ចុប្បន្ន រវាងលទ្ធិកុម្មុយនិស្ដ និងលោកសេរី។ កម្លាំងទាំងនេះអាចមានឥទ្ធិពលអនុភាពខ្លាំង​ក្លា អាច​ធ្វើ​បដិ​វត្ដន៍ រំលំ​របប​រាជា​និយមបានដោយងាយ​។

២. សំរាប់បំបាក់ស្មារតី

អ្នកដែលឈ្នះសង្រ្គាម កាន់អំណាចថ្មី ដើម្បីជាការតបស្នងសងគុណដល់ប្រជាជនខ្មែរ ដែលធ្លាប់ជួយជ្រោមជ្រែង កំចាត់​ស្ដេច​ចាស់​ផ្ដាច់​ការ អកុសល​គ្មាន​ទស​ពិធ​រាជ​ធម៌ គ្មាន​អ្វី​ក្រៅ​អំពី​ក្ដោប​អោប​អំណាច និងប្រើអំណាចផ្ដាច់ការ ជិះជាន់វាយបំបាក់​ប្រជា​រាស្រ្ដ​ទាំង​នេះ​ឡើយ​។​ ក្នុង​ការ​វាយ​បំបាក់ និង​ត្រួត​ត្រា​សង្កត់​សង្កិន​ប្រជា​នុ​រាស្រ្ដ ខ្មែរពួកព្រះមហាក្សត្រខ្មែរ ជំនាន់ក្រោយ មិនបានបង្កើតទ្រឹស្ដី ឬ​ទស្សនៈ​នយោ​បាយ​អ្វី​ថ្មី​ទេ​។ គេ​គ្រាន់​តែ​យក​ទ្រឹស្ដី​ក្នុង​ព្រះ​ពុទ្ធ​សាសនាថេរវាទ មកអធិប្បាយពន្យល់ បកប្រែកាលៃបន្ដិច​បន្ដួច​ប៉ុណ្ណោះ ក៏​ខ្មែរ​ជឿ​ស៊ប់​លង់​លក់ លែង​ហ៊ាន​កម្រើក ឬ​ហ៊ាន​ក្អក​អ្វីទាំងអស់។

របៀបឃោសនាពន្យល់អោយជឿទៅតាមព្រះពុទ្ធដិការរបស់ព្រះពុទ្ធ ត្រូវបានអនុវត្ដក្នុងក្របខ័ណ្ឌ សរ​សេរ​និពន្ធ ធ្វើ​ជា​សាត្រា ជា​សៀវ​ភៅ ​រៀប​រាប់​អធិ​ប្បាយ​អំពី​ប្រវត្ដិ​ព្រះ​សមណ​គោ​ត្ដម ឬ​ក្នុងការទេសនា។ ក្នុងឱកាសនោះ អ្នកនិពន្ធឆ្លៀតបញ្ចេញ​បញ្ចូល បន្ថែម​បន្ថយ​ពាក្យ​ពេជន៍​ទស្សនៈ​ខ្លះ​ទុក​សម្រាប់​ធ្វើ​ជា​ការ​កំញើញ​គំរាម ដល់សតិអារម្មណ៍របស់ពួកពុទ្ធសាសនឹកជន ។ ដល់ពេលវេលា ចេះតែកន្លង​ទៅ​ ពាក្យ​ពន្យល់​បន្ថែម​បន្ថយ​ទាំង​នេះ​ក៏​ប្រែ​ក្លាយ​បន្ដិច​ម្ដង​ៗ ទៅជាពាក្យពិតសច្ច របស់ព្រះពុទ្ធដែលគេត្រូវតែជឿ និងគោរពប្រតិបត្ដិ​ធ្វើ​តាម​។ កន្លែង​ដែល​ គេ​យក​មក​គ្រប​សង្កត់ លើ​ស្មារ​តី​ចិត្ដ​អារម្មណ៍ ធ្វើអោយខ្មែរខ្លាចជាទីបំផុតនោះគឺត្រង់ចំណុចបាប និងបុណ្យស្ថាននរក និងស្ថានសួគ៌។

ព្រះមហាក្សត្រ នាម៉ឺនមន្រ្ដីធំៗ ឬអ្នកមានស្ដុកស្ដម្ភ សុទ្ធតែអ្នកមានសំពាយបុណ្យមកពីជាតិមុន។ ដូច្នេះមិនត្រូវខឹង​សម្បារ​អាក់​អន់​ស្រពន់​ចិត្ដ​អ្វី​ទេ​ ប្រសិន​បើ​យើង​ក្រ មិន​មាន​បាន​ដូច​គេ ពីព្រោះពីជាតិមុន យើងកសាងមិនល្អ។ បើយើងចង់បានធ្វើស្ដេច ចង់ធ្វើនាម៉ឺនធំ អាច​ជិះ​ជាន់​លួច​ប្លន់​ ធ្វើ​បាប​កាប់​សំលាប់​ប្រជា​ជន​តាម​អំពើ​ចិត្ដ ចង់ធ្វើ​មហាសេដ្ឋីមានទ្រព្យធនហូរហៀរយើងត្រូវនាំគ្នាធ្វើបុណ្យ​អោយ​បាន​ច្រើន​ សម្រាប់រៀប​ចំកសាង​ស្ពាន​​ទុក​ឆ្លង​ទៅ​ជាតិ​ក្រោយ ទស្សនៈនេះត្រូវបានជ្រួតជ្រាបទៅក្នុងឈាម ចិត្ដគំនិត មនោសញ្ចេតនាខ្មែរ​គ្រប់​រូបគ្រប់​ជំនាន់​គ្មានសេស​សល់​។​

៣. វិធីបំភ្លេចបច្ចុប្បន្នភាព

ក្នុងការឃោសនានេះ អ្វីដែលគេបានបំភ្លេចចោលនោះ គឺបច្ចុប្បន្នកាល។ បច្ចុប្បន្នកាល ដូចជាគ្មានន័យអ្វីទាំងអស់​ចំពោះ​សត្វ​លោក ដែល​កំពុង​មាន​ជីវិត​រស់​នៅ​។ បើ​យោង​ទៅ​តាម​ការ​ពន្យល់ និងជំនឿខ្មែរ ក្នុងបច្ចុប្បន្ននេះ សត្វលោកមានការកិច្ចត្រឹមតែកើត​មក​រង់​ចាំ​ទទួល​ផល​បុណ្យ​ និង​កម្ម​ពៀរ​តែ​ប៉ុណ្ណោះ ដើម្បី​ទៅ​ជាតិ​ក្រោយ កុំអោយមានបាបកម្ម ហើយមានបុណ្យឡើងស្ថានសួគ៌ ក្លាយ​ខ្លួន​ជា​ទេវតា គេ​ត្រូវ​តែ​ខំ​ធ្វើ​បុណ្យ​អោយ​បាន​ច្រើន ទស្សនៈ​នេះ​ធ្វើ​អោយ​ខ្មែរភ្លេចអស់ជីវភាពរស់នៅជាអចិន្រ្ដៃយ៍ ហើយបែរជាយល់​ថា​នេះ​ជា​កម្ម​ពី​អតីត​ជាតិ​។ ប្រសិន​បើ​រើ​បម្រាស់ ប្រឆាំង​តស៊ូ គឺ​ខុស​នឹ​ងពាក្យ​របស់​ព្រះ ហើយ​អំពើ​នេះ​អាច​នាំ​អោយបាបធ្លាក់ចុះនរកទៀត។

អ្វីដែលអ្នកកាន់អំណាចខ្មែរ និងដឹកនាំព្រះពុទ្ធសាសនាជំនាន់ដើម ចេះផ្អិបបិទមិនអោយចាប់អារម្មណ៍នោះ គឺត្រង់ព្រះ​ពុទ្ធ​អោ​វាទ មិន​មែន​សំដៅ​តែ​ទៅ​លើ​អតីត​ជាតិ និង​អនា​គត​ជាតិ​ប៉ុណ្ណោះ​នោះ​ទេ ព្រះពុទ្ធដិការព្រះ ក៏បានសំដៅទៅលើបច្ចុប្បន្នកាលដែរ។ ក្នុង​បច្ចុប្បន្ន បើ​យើង​ប្រ​ព្រឹត្ដ​អំពើ​បាប​កម្ម កម្ម​ពៀរ​វេរា​នោះ យើង​នឹង​ទទួល​ភ្លាម មិនចាំដល់ជាតិក្រោយទេ។ ឧទារហរណ៍ ជាក់ស្ដែងមានច្រើន​ណាស់​នៅ​ក្នុង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ដោយ​សារ​តែ​អ្នក​ដឹក​នាំ​ខ្មែរ និង​ប្រជា​រាស្រ្ដ​ខ្មែរខ្វះចំណេះវិជ្ជា មានតែអវិជ្ជា មិនចេះរិះគិតពិចារណា អោយបានមុត​មាំ ចេះ​តែ​ប្រ​ព្រឹត្ដ​បាប​កម្ម អំពើ​អបាយ​មុខ ស្រ​លាញ់​ប្រើ​អំណាច​ផ្ដាច់​ការ និងពោរពេញទៅដោយអសីលធម៌គ្រប់បែបយ៉ាង កម្ម​ពៀ​រវេរា​ទណ្ឌ​កម្ម យម​រាជ​ ឋាននរក​បាន​មក​ដល់​ភ្លាម មិន​ចាំ​បាច់​ដល់​ពេល​ក្រោយ​ឡើយ។ មើលចុះប្រវត្ដិនគរខ្មែរ ដែលត្រូវទន់ខ្សោយ អស់ទឹកដី​ជារៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ ហើយ​ការ​កាប់​សម្លាប់​ពូជ​សាសន៍​ឯង​អស់​រាប់​លាននាក់ របស់ពួកឃាតករខ្មែរក្រហម ក៏មិនមែន​ជា​បាប​កម្ម ឬ​ជា​កម្ម​ពៀរ​វេរា​ដែល​មក​ពី​ជាតិ​មុន​ដែរ​។ កម្ម​ដ៏​សែន​អា​ក្រក់​នេះ គឺបណ្ដាល​មក​ពី​អ្នកដឹកនាំ អ្នកនយោបាយខ្មែរ និងប្រជារាស្រ្ដយល់ ហើយ​ជឿថា​ ពួក​ឃាត​ករ​ទាំង​នេះ​ ស្អាត​ស្អំ មាន​សមត្ថ​ភាព ចេះ​ស្រ​លាញ់​ជាតិ គ្មានអ្នកណាល្អជាង។ ពួកខ្មែរក្រហមមានសមត្ថភាពមែន ក្នុងការកាប់​សម្លាប់​ជន​ជាតិ​ខ្មែរ​ទាំង​ស្រី​ទាំង​ប្រុស ទាំង​ក្មេង​ទាំង​ចាស់ ពួក​នេះ​ស្រ​លាញ់​ជាតិ​ពេក​រហូត​ដល់​ទៅ ស៊ីលេបហុតឈាមជនជាតិឯង។ អវិជ្ជា​កង្វះ​ការ​កសាង​ក្នុង​បច្ចុប្បន្ន​ ដែល​នាំ​មក​នូវ​បាប​កម្ម កម្ម​ពៀរ​វេរា​ទាំង​នេះ​។

ផ្ទុយទៅវិញ ក្នុងសម័យមហានគរ ដោយព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរមានវិជ្ជា ចេះខំប្រឹងកសាងបុណ្យ និង​អំពើ​ល្អ​សំរាប់​ប្រ​ទេស​ជាតិ​ ផល​បុណ្យ​កុសល​រាស្រ្ដ​ខ្មែរ​បាន​ទទួល​ភ្លាមមិនចាំបាច់ជាតិក្រោយឡើយ ហើយស្រុកខ្មែរក៏ក្លាយទៅជាមហាអំណាច មាន​ទឹក​ដី​ធំ​ទូលំ​ទូលាយ​លាត​សន្ធឹង​ទៅ​គ្រប់​ទិស​​ក្នុង​អាស៊ី​អគ្នេយ៍​។ ឧទាហរណ៍មានច្រើនទៀត នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ គ្រាន់តែយកបុណ្យបាប ឋាន​សួគ៌ ​ឋាននរក​ និង​ជាតិ​មុន ជាតិ​ក្រោយ យក​មក​ប្រើ ព្រះ​មហា​ក្សត្រ​ខ្មែរ​ជំនាន់ដើម និងអ្នកដឹកនាំជាតិខ្មែរមួយចំនួនធំ ទោះបីជាធ្វើខុស​បំពារ​បំពាន​ លួច​ប្លន់​កាប់​សំលាប់ ក្បត់​លក់​ជាតិ​ដូច​ម្ដេច​ក៏​ដោយ ក៏នៅតែរួចខ្លួន គ្មានរាស្រ្ដប្រជាមួយណាហ៊ាន ចោទប្រកាន់ កាត់​ទោស​ឡើយ នេះ​ព្រោះ​តែ​គេ​កសាង​ពី​ជាតិ​មុន​មិន​ល្អ​។

៤. បច្ចុប្បន្នសំរាប់បច្ចុប្បន្ន

គ្រាន់តែនាំគ្នាភ្លេចនិយាយអំពីកម្មពៀរទាន់ហន់ ក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះ ប្រជារាស្រ្ដខ្មែរត្រូវលប់សតិទន់ដៃ ទន់​ជើង បាក់​ស្បាត​លែង​ចង់កម្រើក​ ហើយ​ចេះ​តែ​នាំ​គ្នា​រង់​ចាំ​ទ្រាំ​ទ្រ​ទទួល​កម្ម​ពី​បុព្វ​ជាតិជានិច្ច។ ខ្មែរភ្លេចពិចារណាលើពុទ្ធដិការ ដែលមានបន្ទូលថា “ធ្វើ​បុណ្យ​បាន​បុណ្យ ធ្វើ​បាប​បាន​បាប”​។ ព្រះ​ពុទ្ធ​ឱ​វាទ​នេះ​យក​ទៅ​ដាក់​ក្នុង​អតីត​កាលក៏ត្រូវ ក្នុងបច្ចុប្បន្នកាលក៏ត្រូវ ហើយក្នុងអានាគតកាល​ក៏​ត្រូវ​ដែរ​។ ព្រះ​ពុទ្ធ​អង្គ​ព្រះ​អង្គ​បាន​ត្រាស់​ដឹង មិន​មែន​ដោយ​សារ​តែ​ការ​កសាង​ក្នុង​អតីត​កាល​តែមួយគត់នោះទេ គឺដោយសារការខំប្រឹងតស៊ូព្យាយាម​កសាងក្នុង​បច្ចុប្បន្ន​ដែរ​។ ព្រះ​ពុទ្ធ​ព្រះ​អង្គ​មិន​ដែល​បំភ្លេច​បច្ចុប្បន្ន​ឡើយ សត្វលោកនីមួយៗ ត្រូវកសាងក្នុងបច្ចុប្បន្នសម្រាប់បច្ចុប្បន្នកាល ដើម្បី​ធ្វើ​អោយ​បច្ចុប្បន្ន​កាល​នេះ​ មាន​ការ​រីក​ចម្រើន​លូត​លាស់ រុង​រឿង និង​សុខ​ដុម​រមនា​។ ឯការកសាងក្នុងបច្ចុប្បន្នកាល ក៏ជាការរៀបចំ សំរាប់​អនាគត​កាល​ដែរ​។ គឺ​ជា​ការ​កសាង​ទុក​អោយ​កូន​ចៅ ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទៅ​ថ្ងៃក្រោយ​។ បើយើងកសាងល្អ កូនចៅក្រុមគ្រួសារ និង​ប្រ​ទេស​ជាតិ​យើង ក៏​នឹង​បាន​ទទួល​នូវ​កុសល​ផល​បុណ្យ​ល្អ ក្នុង​អនា​គត​កាល​ដែរ។ បើ​យើង​កសាង​អាក្រក់​មិន​ល្អ នោះប្រទេសជាតិ​នឹង​ត្រូវ​ទទួល​កម្ម​គ្រប់​បែប​យ៉ាង​ ដែល​យើង​មិន​អាច​ប៉ាន់​ស្មាន​បាន​ដឹង​ជា​មុន​។ មាន​ដូច​សោក​នាដ​កម្ម ដ៏សែនជូរចត់ដែលកម្ពុជា ធ្លាប់បានជួបប្រទះក្នុង​អតីត​កាល​ក៏​ដូច​ជា​ក្នុង​បច្ចុ​ប្បន្ន​កាល​នេះ​ដែរ​។​

ដូច្នេះបដិវត្ដន៍ នៅក្នុងសតវត្សរ៍ទី១៤ នេះ មិនអាចចាត់ទុកជាបដិវត្ដន៍បានឡើយ គឺគ្រាន់តែសង្គ្រាមផ្ទៃក្នុង ដណ្ដើមយក​អំណាច យក​រាជ​សម្បត្ដិ​តែ​ប៉ុណ្ណោះ​។ ព្រះ​ពុទ្ធ​សាសនា​ថេរ​វាទ ក្នុង​សម័យនោះគ្រាន់តែជាឧបករណ៍ ជាឈ្នាន់ ដែលស្ដេចខ្មែរយកមកប្រើតែប៉ុណ្ណោះ​។ ឯ​លទ្ធ​ផល​វិញ​ គ្មាន​បាន​នាំ​អ្វី​ជា​គាប់​ប្រសើរ​ល្អ​បរិសុទ្ធ ជា​ចម្រើន​ថ្កុំថ្កើងដល់ប្រទេសជាតិ និងប្រជារាស្រ្ដឡើយ ផ្ទុយទៅវិញរបៀបន្លំ​យក​សាសនា​មក​បម្រើបុគ្គល​ម្នាក់ និង​ក្រុម​គ្រួសារ បាន​នាំ​មក​នូវ​ក្ដី​វិនាស​អន្ដ​រាយ​ដល់​ផល​ប្រយោជន៍​ជាតិ​។

ទិដ្ឋភាពនយោបាយ ដែលយើងបានលើកយកមកអធិប្បាយនេះ មិនមែនជាកត្តាថ្មីថ្មោងទេ បុព្វបុរសអ្នកប្រាជ្ញខ្មែរ​ធ្លាប់​បាន​វែក​ញែក​តិទៀន​រិះ​គន់​ជា​ហូរ​ហែ​យូរ​យារ​ណាស់​មក​ហើយ នៅក្នុងរឿងព្រេងនិទានផ្សេងៗ តែ​លោកមិនបានហ៊ាននិយាយចំ​ៗ​ឡើយ (ខ្លាចមានគ្រោះថ្នាក់) លោក​បាន​ប្រឌិត​លើក​រឿង​ព្រេង​យក​មក​និទាន​ ឬប្រលោមលោក ដើម្បីបន្លំប៉ុណ្ណោះ បើសិនអ្នកដែលមានប្រាជ្ញាចេះគិត គឺគេនឹងអាចយល់ តែបើសិនគិតមិនដល់ទេ គឺនៅត្រឹមតែរឿងព្រេងប៉ុណ្ណោះឯង។

ការយកសាសនាមកបកប្រែកាឡៃ ប្រើជាឈ្នាន់សម្រាប់បម្រើអំណាចផលប្រយោជន៍មនុស្សម្នាក់ ឬក្រុមបក្សពួកមួយ ដោយ​មិន​គិត​អំពី​ជោគ​វាសនា​អនា​គត​របស់​ប្រជា​ជាតិ អាច​នាំ​មក​នូវ​វិបត្ដិផលអាក្រក់ និងបាបកម្មមកដល់បណ្ដារាស្រ្ដ ទាំងក្នុង​បច្ចុប្បន្ន ទាំង​ទៅ​ក្នុង​អនា​គត​កាលថែមទៀត​។

តែប្រសិនជាយើងចេះយកព្រះពុទ្ធសាសនា ដែលពោរពេញទៅដោយសីលធម៌ មេត្ដាករុណាធម៌ សន្ដោសប្រោស​ប្រណី និង​ការ​ប្រ​ដែ​ប្រ​ដៅ​អោយ​ចេះ​ដុស​ខាត់​ទៅ​រក​វិជ្ជា និង​ការ​កាសាង មកធ្វើជាមួយមូលដ្ឋានកសាងជាតិត្រឹមត្រូវពិតប្រាកដ នោះប្រទេស​ជាតិ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ នឹង​បាន​ជួប​នូវ​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ ចម្រុងចម្រើន ជាមិនខាន។ នៅក្នុងធម្មបទព្រះពុទ្ធព្រះបរមគ្រូបានមាន​ពុទ្ធ​ដិការ​ជា​អាទិ​ថា “អ្វី​ទាំង​អស់​សុទ្ធ​តែ​ចេញ​មក​អំពី​ចិត្ដ និង​គំនិត​”។ បើ​ចិត្ដ​គំនិត​មិន​ស្អាត​ស្អំ អ្វីៗទាំងនោះនឹងនាំមកនូវវិបត្ដិ និងក្ដីវិនាសជាមិនខាន​។ តែ​បើ​ចិត្ដ​គំនិត​ស្អាត​ស្អំ​ល្អ​បរិ​សុទ្ធ​ស្មោះ​ត្រង់ គ្មាន​គំនិត​អាក្រក់​វៀច​វេរ អ្វី​ៗ​ដែល​កើត​ចេញ​មក​ទាំង​ប៉ុន្មាន​ក៏​ល្អ​ប្រសើរ​គ្មាន​សៅ​ហ្មង​ដែរ៕

ប្រភព៖ Khmerlegend កែសម្រួល៖ មនោ វិជ្ជា

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត។ សូមជួយ Like & Share ដើម្បីជាប្រយោជន៍ដល់សង្គម។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here