ប្រវត្តិនៃរបាំបុរាណខ្មែរ “របាំព្រះរាជទ្រព្យ” ដែលគេនិយមរាំសម្រាប់ថ្វាយព្រះរាជា ឬអាទិទេព

0
1678

របាំ​ព្រះ​រាជ​ទ្រព្យ នៃ​ព្រះរាជាណាចក្រកម្ពុជា ​មានតួនាទីជា​អ្នក​ថែរក្សា​នាដកម្ម​បុរាណ​របស់​ខ្មែរ។ របាំ​ក្បាច់​ខ្មែរ​បុរាណ (របាំ​ព្រះ​រាជ​ទ្រព្យ) នៃ​ព្រះរាជាណាចក្រកម្ពុជា គឺល្បី​ល្បាញ​ខាង​មាន​កាយ​វិការ​ទន់​ភ្លន់​ គួរ​ឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់​គ្រឿង​ចាំង​ភ្លឺ​ផ្លេក​ៗយ៉ាងអស្ចារ្យ។ របាំ​ព្រះ​រាជ​ទ្រព្យ​ នៃ​ព្រះរាជាណាចក្រកម្ពុជា គឺ​ជា​អ្នក​ថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ​ជា​ចំណែក​មួយ​យ៉ាង​ជិត​ស្និទ្ធ​ នៃ​ក្រុម​បរិពារ​របស់​មហាក្សត្រ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​​កន្លង​មក​ហើយ។

 

 

នាដករ​សម្ដែង​និង​រឿង​រាមកេរ្តិ៍

របាំ​ព្រះ​រាជទ្រព្យ​មាន​ការ​ដើរ​តួ​ ៤​ប្រភេទ ​ដូច​ជា៖ តួ​នាង (ស្រី) តួ​នាយ​រង (ប្រុស) តួ​យក្ស (សភាវៈ​អាក្រក់) តួ​ស្វា (សត្វ) តួ​នីមួយៗ​ មាន​លក្ខណៈ​និង​មាន​ពណ៌​ដោយ​ឡែក​ៗ​ពី​គ្នា មាន​ការ​ស្លៀកពាក់​ ការ​លាប​ម្សៅ ការ​តុបតែង​ខ្លួន ទាំង​ក្បាំង​មុខ​ និង​កាយ​វិការ​ផ្ទាល់​ខ្លួន​ផង​ដែរ។​ កាយ​វិការ និង​ក្បាច់​រាំ​ទាំង​នេះ​នាដករ​ត្រូវ​ហាត់​រៀន​យ៉ាង​សកម្ម និង​មមាញឹកជាទីបំផុត ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ទើបអាច​ចេះ​ចាំនិងរាំបាន។ របាំព្រះរាជទ្រព្យនេះ មានបង្កប់​អត្ថន័យ​ដូចជា​ការ​រំជួល​ចិត្ត​នានា ការ​ភ័យ​ភិត ស្នេហា ​ការ​សប្បាយ​រីក​រាយ ឬ​ការ​ខឹង​សម្បា​រជាដើម។

ការ​សម្ដែង​ប្រព្រឹត្ត​ទៅ​តាម​ចង្វាក់​ភ្លេង​នៃ​ក្រុម​តន្ត្រី​សក្ការ ដោយ​ពួក​នាដករ​កាច់​ក្បាច់​រាំ​តម្រូវ​​តាម​សំឡេង​បក​ស្រាយ​សាច់​​រឿង និង​មនោសញ្ចេតនា​ដោយ​នារី​អ្នក​ច្រៀង​មួយ​ក្រុម​តូច។ របាំ​ព្រះ​រាជ​ទ្រព្យ​ ស្ទើរ​តែ​បាត់​បង់​អស់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ​ដែល​បាន​គាស់​រំលើង​ចោល​ស្ទើរ​តែ​ទាំង​ស្រុង​ នូវ​គ្រូ​នាដកម្ម​និង​គ្រូ​ដូរ្យតន្ត្រី។ តាំង​ពី​ការ​ដួល​រលំ​នៃ​របប ​ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ មក ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​គេ​បណ្ដុះ​បណ្ដាល​ រស់រានមានជីវិតឡើង​វិញ និង​បាន​ដំឡើង​កម្រង​នាដកម្ម​ពី​ដើម​ៗ ​ឡើង​វិញ។ របាំ​បុរាណ​ដែល​ជា​ផ្លូវ​ការ ត្រូវ​បាន​ផ្សា​ភ្ជាប់​ជា​ថ្មី​ជាមួយ​មហាក្សត្រ​ និង​សាសនា ចាប់​ពី​ពេល​នោះ​មក​បាន​ក្លាយ​ទៅ​ជា​ធាតុ​ស្នូល​មួយ​សម្រាប់​កសាង​ប្រទេស​ និង​កសាង​អត្តសញ្ញាណ​ខ្មែរ​ជា​ថ្មី។

សព្វ​ថ្ងៃ​នេះ របាំ​ព្រះ​រាជ​ទ្រព្យ​បាន​រក​ឃើញ​ឡើង​វិញ​ហើយ នូវ​រស្មី​ត្រចះ​ត្រចង់​របស់​ខ្លួន​ ប៉ុន្តែ​មាន​នៅ​​ជួប​ឧបសគ្គ​ជា​ច្រើន​ ដូចជា កង្វះ​ខាត​ថវិកា និង​រោង​សម្ដែង ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ ឬ​ហានិភ័យ​នៃ​ប្រជាប្រិយ​នីយកម្ម​សិល្បៈ​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍។ នៅ​មាន​ត្រឹម​តែ​គ្រូ​នាដកម្ម​បី​បួន​នាក់​ប៉ុណ្ណោះ​ ជា​អ្នក​ដែល​បាន​រួច​ខ្លួន​​និង​រស់​រាន​មាន​ជីវិត​ ហើយ​ចេះ​ដឹង​ពិត​ប្រាកដ​អំពី​ក្បាច់​សិល្បៈ​ទាំង​អស់ ​រហូត​ធ្វើ​ឱ្យ​របាំ​នេះ​មាន​លក្ខណៈ​ដ៏​សំបូរ​បែប​ទៀត​ផង។

ប្រវត្តិសង្ខេបនៃរបាំព្រះរាជទ្រព្យ

របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទីសម្រាប់រាំឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជានិរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងអាចសាកល្បង សន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។

ការសម្តែង

របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ៕

 

គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត។ សូមជួយ Like & Share ដើម្បីជាប្រយោជន៍ដល់សង្គម។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here