តើការ​អាន​សៀវភៅបែប​ទស្សនវិជ្ជា ខុសពីការ​អាន​សៀវភៅ​ធម្មតាដូចម្តេចខ្លះ?

1
1229

ការអាន​សៀវភៅ គឺជា​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការជួយ​បណ្ដុះ​នូវ​ពុទ្ធិ ដុសខាត់​បញ្ញាញាណ បង្កើន​ចំណេះ ធ្វើ​ឲ្យ​ខួរក្បាល​អាច​ទទួលបាន​ព័ត៌មានថ្មីៗ ចំណេះដឹងថ្មីៗជាប្រចាំ។ សៀវភៅ​មួយ​ក្បាល​ គឺ​បង្ហាញ​ពី​គំនិត​ទស្សនៈ​របស់​អ្នកនិពន្ធ​រាប់ពាន់​ចំណុច ក្នុងការ​បណ្ដុះ​គំនិត​ថ្មី​ផ្ដើមចេញពី​គំនិត​ចាស់។ រីឯការអាន​សៀវភៅ ឬ​អត្ថបទ​បែប​ទស្សនវិជ្ជា​វិញ ​មិន​ងាយស្រួល​យល់ និង​បកស្រាយ​បាន​ដោយងាយៗនោះទេ ព្រោះ​​ជា​បណ្ដុំ​នៃ​ផ្នត់គំនិត ការសញ្ជឹងគិត​ឃើញ ការពិសោធន៍​ជាក់ស្ដែង ទាញ​បានជា​ទឡ្ហីករណ៍​ដ៏​រឹងមាំ​មាន​លក្ខណៈ​តក្ក (ឡូ​ស៊ី​ក) ពី​អ្នក​គិត​បែប​ទស្សនវិជ្ជាធំៗ ល្បីៗលើ​លោក។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ចំនួន ៦ ដើម្បី​ជួយ​អ្នក​ក្នុង​ការអាន​អត្ថបទ និង​សៀវ​ភៅទស្សនវិជ្ជាផ្សេង៖

យុទ្ធសាស្ត្រទី១

អ្នក​ត្រូវ​អាន​អត្ថបទ ឬ​សៀវភៅ​នោះ​យ៉ាងហោចណាស់​ឲ្យ​បាន​ពី២ដង៖ ដំបូង​មើលត្រួសៗ ដើម្បី​ដឹង​ពី​ដំណើរ​នៃ​អត្ថបទ ហើយ​ចាប់យក​ចំណុច​សំខាន់ ដើម្បី​កំណត់ថា តើ​អ្វីដែល​អ្នកនិពន្ធ​ចង់បង្ហាញ និង​អ្វី​ជា​ចំណុច​សរុប​នៃ​អត្ថបទ។ បន្ទាប់មក​អាន​ម្ដងទៀត​ដោយ​យកចិត្តទុកដាក់ ហើយ​ស្វែងរក​ចម្លើយ​ដែល​ទាក់ទង​នឹង​សំណួរ ហើយ​កំណត់ចំណាំ​នូវ​សេចក្ដី​បកស្រាយ​នានា។

យុទ្ធសាស្ត្រទី២

អាន​ដោយ​ការ​ផ្ចង់អារម្មណ៍ ហើយ​បង្កើត​នៅ​គោលបំណង៖ ទាញ​ខ្លួន​របស់​អ្នកជា​ផ្នែក​មួយ នៃ​អត្ថបទ​រួច​បង្កើតជា​ការសន្ទនា ហើយ​ត្រូវ​ស្រមៃ​ថា អ្នកនិពន្ធ​កំពុងនិយាយ​ដោយផ្ទាល់​ជាមួយ​អ្នក​នៅក្នុង​កិច្ចសន្ទនា​នោះ។ អ្នក​ត្រូវ​សួរ​សំណួរ ហើយ​ស្វែងរក​ចម្លើយ​វាយតម្លៃ ហើយ​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៅលើ​ទស្សនៈ​ដែល​អ្នក​កំពុង​ឆ្ងល់ដោយខ្លួនឯង។

យុទ្ធសាស្ត្រទី៣

កត់ត្រា​នូវ​អ្វីដែល​អ្នក​បាន​អាន៖ គឺ​ជួយ​អ្នក​នៅក្នុង​ការប្រមូលផ្ដុំ​ចំណុចសំខាន់ៗនៃ​អត្ថបទ ហើយ​ជួយ​អ្នក​នៅក្នុង​ការ​ផ្ចង់អារម្មណ៍​ជាមួយ​អ្វីដែល​អ្នកនិពន្ធ​បាន​សរសេរ។ ហើយ​ការកត់ត្រា​នេះ គឺ​បង្ហាញ​ពី​តម្លៃ​នៅពេល​អ្នក​ចាប់ផ្ដើម​រំលឹក​អត្ថបទ​ទាំងមូល​ឡើងវិញ។

យុទ្ធសាស្ត្រទី៤

អាន​ដោយ​ធ្វើ​ការវិភាគ និង​គិត​ឲ្យ​បាន​ស៊ីជម្រៅ៖ ចំណុច​នេះ​ជាដំបូង​អ្នក​ត្រូវ​អាន​ដោយ​ធ្វើការ​វិភាគ​ទៅលើ​អត្ថបទ ហើយ​ស្វែងយល់​ពីអ្វី​ដែល​អ្នកនិពន្ធ​បាន​សរសេរ។ បន្ទាប់មក​ធ្វើជា​កម្រង​ឃ្លា ប្រយោគ តាម​ការគិត​របស់​អ្នក​ពី​គំនិត​សំខាន់​នៃ​អត្ថបទ តែ​មិនមែនជា​ការចម្លង​តាម​ទាំងស្រុង។ ហើយ​ព្យាយាម​យល់​ពី​ទស្សនៈ​នានា​របស់​អ្នកនិពន្ធ និង​គោលបំណង​ដែល​អ្នកនិពន្ធ​សរសេរ​សៀវភៅ​នោះ។ កុំ​គិតថា​ត្រូវតែ​យល់​គ្រប់​អ្វី​ទាំងអស់​នៅក្នុង​សៀវភៅ ឬ​អត្ថបទ​នោះ តែ​ត្រូវ​ឆ្លើយ​ជាមួយ​សំណួរ​សំខាន់​មួយចំនួន​ដូចជា៖ តើ​អ្វី​ជា​មាតិកា​ដែល​អ្នកនិពន្ធ​ដាក់​មក ដើម្បី​ធ្វើការ​បកស្រាយ? តើ​អ្វី​ជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ និង​គាំទ្រ​ទៅលើ​មាតិកា? តើ​ការ​ឲ្យ​និយមន័យ​ពាក្យ​គន្លឹះ​ដោយ​របៀប​ណា? តើ​អ្វី​ជាការ​សន្មត​់មូលដ្ឋាន​ដែល​បង្កើត​ដោយ​អ្នកនិពន្ធ? តើ​អ្វី​ជា​ចំណុច​សំខាន់​ដែល​ជាប់ទាក់ទង​ជាមួយ​ជំហរ​របស់​អ្នកនិពន្ធ? ។ល។

យុទ្ធសាស្ត្រទី៥

នៅក្នុង​ការអាន​លើក​ទី២ គឺ​អាន​ដោយ​ការគិត​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ៖ អ្នក​មិនត្រូវ​ជឿ​គ្រប់​អ្វីដែល​អ្នក​បាន​អាន​នោះឡើយ។ ប្រសិនបើ​អ្នក​យល់ថា​ខុស ឬ​មិនមាន​ភាពច្បាស់លាស់ ការ​ឲ្យ​និយមន័យ​មិនទាន់​ត្រឹមត្រូវ ឬ​គោលបំណង​របស់​អ្នកនិពន្ធ​នោះ​មិន​ត្រឹមត្រូវ ដែល​ខុសពី​អ្វីដែល​អ្នក​គិត អ្នក​ត្រូវបដិសេធ ហើយ​បង្កើត​នៅ​គំនិត​ថ្មី ឬ​ទឡ្ហីករណ៍​ថ្មី​មួយ​ដែល​អ្នក​យល់ថា សម​ហេតុផល​ជាងអ្នកនិពន្ធ ត្រឹមត្រូវ​ជាង និង​ច្បាស់លាស់​ជាង។

យុទ្ធសាស្ត្រទី៦

បន្ទាប់ពី​អ្នកអាន​ចប់ អ្នក​ត្រូវ​រំឭក​នូវ​អ្វីដែល​អ្នក​បាន​អាន៖ អ្នក​មិនត្រូវ​បោះចោល​អ្វីដែល​អ្នក​បាន​អាន តែ​អ្នក​ត្រូវ​បង្ហាញ​ភាពជឿជាក់​មួយ ដើម្បី​មើលទៅ​លើ​អ្វីដែល​អ្នក​បាន​ជួបប្រទះ។ មាន​សំណួរ​មួយ​ដែល​សំខាន់​​គឺ តើ​អ្នក​អាច​សរសេរ​ពីអ្វី​ដែល​អ្នក​បាន​អាន​ជា​ឃ្លា ឬ​ជា​ប្រយោគ​ថ្មី​ ដែរលជាស​ម្ដី​ផ្ទាល់​របស់​អ្នក​បាន​ដែរឬទេ? ប្រសិនបើ​មិនអាច អ្នក​ត្រូវតែ​ព្យាយាម​រហូត​ទាល់តែ​អ្នក​អាចធ្វើ​​បាន៕

ដោយ៖ មនោ វិជ្ជា (អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាអ្នកនិពន្ធ)

គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ស្វែងរកចំណេះដឹងថ្មីៗ គ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងបង្កើនសមត្ថភាពរបស់អ្នកបន្ថែមទៀត៕ 

ចែករំលែក
អត្ថបទ​មុនជីវប្រវត្តិស្តេចកំប្លែង សាក់ឡូ ឬ Charles Spencer Charlie Chaplin ដែលមនុស្សគ្រប់គ្នាធ្លាប់តែផ្ទុះសំណើច
អត្ថបទ​បន្ទាប់ឱសថគឺ ជាអាវុធមុខពីរសម្រាប់មនុស្ស
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ការ​បំភ្លឺមួយ​

  1. […] ការសិក្សាអំពីជីវិត ការរស់នៅ សង្គម និងផ្នែកផ្សេងៗទៀតគឺ មានលក្ខណៈខុសប្លែកពីគ្នាណាស់។ កាលពីគ្រាមុនយើងក៏ធ្លាប់បានលើបង្ហាញអំពីការសិក្សាតាមបែបទស្សនវិជ្ជា ម្តងរួមមកហើយ តែនៅពេលនេះ ចំណេះដឹងគ្រប់ទីកន្លែង នឹងសិក្សាបង្ហាញបន្ថែមអំពីពាក្យថា “សង្គមវិទ្យា” ម្តង។ […]

ឆ្លើយ​តប​

Please enter your comment!
Please enter your name here