ជីវប្រវត្តិស្តេចកំប្លែង សាក់ឡូ ឬ Charles Spencer Charlie Chaplin ដែលមនុស្សគ្រប់គ្នាធ្លាប់តែផ្ទុះសំណើច

0
328

បើយើងគ្រាន់តែរំឭកឈ្មោះថា សាក់ឡូ នោះអ្នកណាៗក៏ស្គាល់ថាជាកំពូលតារាកំប្លែង និងល្បីល្បាញជាងគេផងដែរ គឺព្រោះតែភាពប៉ិនប្រសប់របស់គាត់ក្នុងការសម្តែងកាយវិការ។ ប៉ុន្តែយើងនៅមិនទាន់បានដឹងពីជីវប្រវត្តិ និងការតស៊ូក្នុងជីវិតរបស់គាត់យ៉ាងណាខ្លះទេទម្រាំមានថ្ងៃល្បីល្បាញបាន។ ដូច្នេះថ្ងៃនេះ គេហំទ័រចំណេះដឹងគ្រប់ទីកន្លែង នឹងគាស់កកាយនូវជីវិតពិតរបស់គាត់ចែកជូនដល់មិត្តអ្នកអានដូចតទៅ៖

សាក់ឡូ មានឈ្មោះពិតថា ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលីឆាបលីន (Charles Spencer Charlie Chaplin) មានសញ្ជាតិ អង់គ្លេស។ គាត់គឺជាអ្នកនិពន្ធរឿងភាពយន្ត និងបទភ្លេង ដឹកនាំរឿង និងជាតួសម្ដែងដ៏ពូកែម្នាក់ផងដែរ។ សាក់ឡូ បានកើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៨៩ន ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ឪពុកឈ្មោះ ឆាលស៍ ស្ប៉េនស៊ឺរ៍ ជាអ្នកបញ្ចូលសំឡេង និងជាតារាសម្ដែង។ លោកមានម្តាយឈ្មោះ ហាណាហ៍ ឆាបលីន  ជាអ្នកចម្រៀង និងជាតារាសម្ដែង។ ពួកគេបានចែកផ្លូវគ្នានៅពេលដែល សាក់ឡូ មានអាយុមិនទាន់បាន ៣ឆ្នាំផង។ គាត់លំបាកជាខ្លាំង ព្រោះគ្មានទីពឹងក្រៅពីម្តាយ ដោយសាតែគ្មានឪពុកនៅជួយចិញ្ចឹមរូបគាត់។

នៅពេលគាត់មានអាយុ ១២ឆ្នាំ ឪពុករបស់គាត់បានស្លាប់ ឪពុករបស់គាត់មានជំងឺថ្លើម ក៏ទទួលមរណៈភាព នៅឆ្នាំ១៩០១។ ក្រោយពេលដែលឪពុកស្លាប់ ឆាលី ក៏បានរស់នៅជាមួយក្រុមល្ខោនមួយឈ្មោះថា The Eight Lancashire Lads។ ឆ្នាំ១៩០៣ ឆាលី បានដើរតួដំបូងជាក្មេងបម្រើនៅក្នុងរឿង Sherlock Holmes ដែលនិពន្ធដោយ វីល្លាម ហ្គីលីត តួសម្ដែងដោយតារាអង់គ្លេស សេន្តស្បើរ៍រីសេន្តស្បើរ៍រី ក៏បានយក ឆាលី ឲ្យនៅក្បែរគាត់ និងបានបង្ហាត់បង្រៀនគាត់ឲ្យមានទេពកោសល្យក្នុងការសម្តែង។

នៅចុងឆ្នាំ ១៩១៣  បន្ទាប់ពីការសម្ដែងរួចមក គាត់ត្រូវបានក្រុមហ៊ុនភាពយន្តជាច្រើននៅសហរដ្ឋអាមេរិក ជួលគាត់ឲ្យថតឲ្យពួកគេ។  ភាពយន្តដំបូងរបស់ ឆាលី គឺរឿង “Making a Living” បានធ្វើឲ្យនាយកក្រុមហ៊ុនមិនសប្បាយចិត្តទាល់តែសោះ ដោយសារ ឆាលី ធ្វើឲ្យមានកំហុសដែលត្រូវបង់ថ្លៃខ្ពស់។  ទោះយ៉ាងណា គាត់បានផ្តល់ឱកាសឲ្យ ឆាលី សម្តែងម្តងទៀត។ ពេលក្រោយមកទៀត ភាពយន្តទាំងឡាយរបស់ ឆាលី ជោគជ័យយ៉ាងគគ្រឹកគគ្រេង ហើយគាត់បានក្លាយជាតារាដ៏សំខាន់បំផុតនៅឯក្រុមហ៊ុនផលិតភាពយន្ត អាមេរិក Keystone

ខ្សែភាពយន្ត «ដំណើរតន្រ្ដំ» របស់គាត់បានចាប់ផ្តើមនៅក្នុងយុគនៃភាពយន្ត “គ” ឬភាពយន្តគ្មានសំឡេង។ ចាប់ផ្តើមថតភាពយន្តឲ្យក្រុមហ៊ុនកំប្លែង Keystone បញ្ចាំងដំបូងនៅថ្ងៃទី០៧  ខែកុម្ភៈ ឆ្នាំ១៩១៤ ឈ្មោះ Kid Auto Racesat Venice ក៏ជាពេលដែលគាត់ចាប់ផ្តើមប្រើម៉ូដសម្លៀកបំពាក់កំប្លែងមុនដំបូងបំផុតដែរ។  ពេលនោះ ឆាលី  និងរបៀបដើរតន្ដ្រំរបស់គាត់បានក្លាយជាតារាដ៏មានប្រជាប្រិយបំផុត នៅក្នុងក្រុមហ៊ុនខ្សែភាពយន្ត Sennett។

ក្នុងឆ្នាំដំបូង ដែលគាត់នៅជាមួយក្រុមហ៊ុន Sennett ឆាលី បានថតភាពយន្តខ្លីចំនួន ៣៤ រឿង។ តាមរយៈខ្សែភាពយន្តដំណើរតន្ដ្រំរបស់គាត់នេះឯង ដែលគាត់ត្រូវបានគេស្គាល់ឈ្មោះថា សាក់ឡូ (Charlot) ។ នៅក្នុងពិភពប្រទេសដែលនិយាយ​​ភាសាបារាំង, អ៊ីតាលី, អេស្ប៉ាញ, អង់ដូរ៉ា, ព័រទុយហ្កាល់, ក្រិក, រ៉ូម៉ានី និង ទួ​គី។ ចំណែកនៅប្រទេសប្រេស៊ីល និង អាហ្សង់ទីន គេស្គាល់ឈ្មោះគាត់ថា កាលីតូ​ (Carlitos) ខណៈនៅអាល្លឺម៉ង់ គេស្គាល់ឈ្មោះថា ដឺ វ៉ាហ្កាប៊ុនដ៍ (Der Vagabund)។ ភាពយន្តដំណើរតន្រ្ដំ ត្រូវបានបញ្ចាំងមុនដំបូងបំផុតនៅសហរដ្ឋអាមេរិក។ ឆាលី បានក្លាយជាកំពូលតារានៅក្នុងពិភពអ្នកគាំទ្រភាពយន្ត “គ” ឬភាពយន្តគ្មានសំឡេង។

ឆ្នាំ​ ១៩១៦ ក្រុមហ៊ុន Mutual Film Corporation បានជួលគាត់ឲ្យថត​ភាព​យន្តកំប្លែងជាច្រើន ដែលក្នុងនោះភាពយន្តដែលល្បីល្បាញបំផុត មានដូចជា រឿងEasy Street, One A.M.,  The Pawnshop,  និង  The Adventurer ជាដើម។ ឆាលី បានចាត់ទុកថា អំឡុងពេលដែលគាត់នៅជាមួយក្រុមហ៊ុន Mutual គឺជាពេលដែលគាត់មានសុភមង្គលបំផុតក្នុងអាជីពរបស់គាត់។ នៅពេលអាមេរិក ធ្លាក់ចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី១ ឆាលីបានក្លាយជាអ្នកនាំពាក្យឱ្យ Liberty Bonds។ នៅពេលដែលគាត់បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Mutual នៅឆ្នាំ ១៩១៧  គាត់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន First National ជាថ្មី។

ឆ្នាំ១៩១៩ ឆាលីគឺជាស្ថាបនិកម្នាក់ជាមួយមិត្តជិតដិតរបស់គាត់ ៣នាក់ ផ្សេងទៀត ដែលបានបង្កើតស្ទូតឌីយោ (Studio)  មានឈ្មោះថា United Artists (UA) ជាមធ្យាបាយគេចពីឥទ្ធិពលហូលីវូដ (Hollywood) ដែលព្យាយាមគ្របដណ្តប់លើវិស័យភាពយន្តទាំងស្រុង។ គាត់បានបន្តធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ UA រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០។ ឆ្នាំ១៩២៧ ភាពយន្តមានសំឡេងបានចាប់ផ្តើម និងបានក្លាយជាភាពយន្តពេញនិយមបំផុត ប៉ុន្តែ ឆាលី ឬសាកឡូ នៅតែមិនថតភាពយន្តមានសំឡេង។ គាត់និយាយថាកាយវិការមានលក្ខណៈសកលជាងពាក្យសម្ដីទៅទៀត។

ខ្សែភាពយន្តមានសំឡេងដំបូងបំផុតរបស់ ឆាលី គឺរឿង «The Great Dict-ator»  ដែលត្រូវបានបញ្ចាំង នៅឆ្នាំ១៩៤០ បញ្ចាំងនៅសហរដ្ឋអាមេរិក ១ឆ្នាំ មុនពេលអាមេរិកសម្រេចចិត្តចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី២។ នៅក្នុង រឿងនេះ ឆាលីធ្វើ ជាមនុស្សដែលយកម៉ូដែលតាម អាដុលហ្វ៍ ហ៊ីត្លែរ របស់ អាល្លឺម៉ង់ ។ ទោះ ឆាលីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងវិស័យភាពយន្ត និងបានតាំងលំនៅស្ថាន​​នៅសហរដ្ឋអាមេរិកពីឆ្នាំ១៩១៤ ដល់ ឆ្នាំ១៩៥៣ ក្តីក៏គាត់ត្រូវបាន FBI សង្ស័យថាជាសកម្មជនកុម្មុយនិស្ត ហើយពួកគេបានព្យាយាមបញ្ចប់និវេសនដ្ឋានរបស់គាត់នៅអាមេរិក។ សម្ពាធរបស់ FBI ទៅលើ ឆាលី បន្ទាប់ពីយុទ្ធនាការឆ្នាំ១៩៤២ របស់គាត់សម្រាប់ពួកអឺរ៉ុប។

ឆ្នាំ ១៩៥២ ពួក FBI បានពិភាក្សាជាមួយស្ថាប័នអន្តោប្រវេសន៍ឲ្យដកហូតទិដ្ឋាការរបស់ ឆាលី ដើម្បីកុំឲ្យគាត់មានសិទ្ធិត្រឡប់ចូលអាមេរិកវិញបាន។ នៅពេលនោះ ឆាលីបានសម្រេចចិត្តថា នឹងមិនត្រឡប់ចូលអាមេរិកវិញឡើយ ដោយគាត់មិនពេញចិត្តនឹងរដ្ឋាភិបាលអាមេរិក ហើយគាត់បានតាំងលំនៅឋាននៅប្រទេសស្វ៊ីស។

នៅខែមេសា ឆ្នាំ១៩៧២ គាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ក្នុងរយៈពេលដ៏ខ្លី ជាមួយភរិយារបស់គាត់ ដើម្បីទទួលពានរង្វាន់អូស្កា (Oscar)។ ខ្សែភាពយន្តចុងក្រោយចំនួន២របស់ ឆាលី  ត្រូវបានផលិតនៅទីក្រុងឡុងដ៍ គឺរឿង “A King in New York” ឆ្នាំ១៩៥៧ ដែលគាត់ជាសម្តែង។ រឿង ” A Countess from Hong Kong” ឆ្នាំ១៩៦៧ ដែលគាត់ជាអ្នកដឹកនាំផលិត និងនិពន្ធផងដែរ។

ឆាលី បានចូលនិវត្តន៍ពីពិភពសិល្បៈជាផ្លូវការ នៅក្នុងខ្សែភាពយន្តរឿង Modern Times  បញ្ចាំងនៅថ្ងៃទី ០៥  ខែកុម្ភៈ ឆ្នាំ១៩៣៦។ រឿង Modern Times នេះ ត្រូវបានគេចាត់ទុកថា ជាភាពយន្ត “គ” ចុងក្រោយបំផុតក្នុងលោក។

សុខភាពរបស់ឆាលី បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ បន្ទាប់ពីគាត់បានបញ្ចប់ភាពយន្តចុងក្រោយរឿង A  Countess  from  Hong Kong ។ នៅឆ្នាំ១៩៧៧ គាត់ក្រោកដើរលែងរួច ប្រើតែកៅអីមានកង់រុញ។ មិនយូរប៉ុន្មានទេ នៅក្នុងឆ្នាំដដែលនោះ ឆាលី ក៏បានទទួលមរណៈភាព នៅទីក្រុង Vevey ប្រទេសស្វ៊ីស។

រឿងគួរឲ្យរន្ធត់មួយ ដែលបានកើតឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៨ គឺសាកសពរបស់គាត់ ត្រូវបានគេលួចដើម្បីជម្រិតទារយកប្រាក់ពីគ្រួសារ ប៉ុន្តែពួកចោរទាំងនោះត្រូវបានចាប់ខ្លួន ហើយសពរបស់គាត់ត្រូវបានរកឃើញ ១១ សប្តាហ៍ក្រោយមក។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅកប់ម្តងទៀត នៅក្នុងជម្រៅ ១,៨ ម៉ែត្រ ក្នុងទីកន្លែងដ៏អាថ៌កំបាំងមួយ ដើម្បីជៀសវាងត្រូវគេលួចទៅម្តងទៀត។ រូបសំណាករបស់គាត់ ត្រូវបានគេសាងសង់នៅទីក្រុង Vevey ក្នុងប្រទេសស្វ៊ីស ដែលនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ។

ទោះបីជាពេលវេលាកន្លងទៅច្រើនទសវត្សរ៍ហើយក្តី ក៏រូបរបស់គាត់ និងភាពយន្តរបស់គាត់នៅតែធ្វើឲ្យមនុស្សផ្ទុះសំណើចទប់មិនជាប់ដដែល ហើយរហូតមកដល់សព្វថ្ងៃនេះ ពិភពលោកនៅតែពុំទាន់មានតារាកំប្លែងណាម្នាក់ អាចបំបែកឯតទគ្គកម្មគាត់បាននៅឡើយទេ។ ចំពោះអាពាហ៍ពិពាហ៍វិញ ឆាលី បានឆ្លងកាត់ចំនួន ៤ លើក ឯណោះ៖ ទី១ រៀបការជាមួយតារាភាព យន្តម្នាក់ឈ្មោះ មីលដ្រេដ ហារីស នៅឆ្នាំ ១៩១៨  ហើយបានលែងលះគ្នានៅឆ្នាំ១៩២០។ នៅឆ្នាំ១៩២៤ គាត់បានរៀបការម្តងទៀត ជាមួយតារាភាពយន្តឈ្មោះ លីតា ហ្ក្រេយ៍ ពួកគេរួមរស់នឹងគ្នាបានកូន ២នាក់ ក៏បានដល់ទីបញ្ចប់ទៀតនៅឆ្នាំ១៩២៧។ ឆ្នាំ១៩៣៦ គាត់បានរៀបការជាលើកទី៣ ជាមួយនាង ផល្លេត ហ្កូដដាដ ជាតារាភាពយន្តដែរ ហើយបានលែងលះគ្នាទៀតនៅឆ្នាំ១៩៤២។ មិនយូរប៉ុន្មាន ខែមិថុនា ឆ្នាំ១៩៤៣ឆាលី  ឆាលីន  បានរៀបការម្តងទៀតពេលដែលគាត់មានវ័យ ៥៣ឆ្នាំ  ជាមួយនាង អ៊ូណា អូណែល ដែលទើបតែមានអាយុ១៨ឆ្នាំ។ ស្នេហ៍វ័យចំណាស់ ប៉ះប្រពន្ធក្មេងល្ហក់គូនេះចុះសម្រុង និងយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ ហើយពួកគេក៏រួមរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ ពួកគេមានកូនចំនួន ៨នាក់ និងរួមរស់ជាមួយគ្នាលុះដល់ ឆាលី ទទួលអនិច្ចកម្មតែម្តង៕

សម្រួល៖ មនោ វិជ្ជា 

គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង នឹងស្វែងរកចំណេះដឹងថ្មីៗគ្រប់ទីកន្លែងជាភាសាខ្មែរ ចែកជូនដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ បង្កើនចំណេះដឹង និងសមត្ថភាពរបស់អ្នកបន្ថែមទៀត៕ 

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here