ទំនាក់ទំនងរវាង កំពូលទស្សនវិទូជនជាតិក្រិចដ៏ល្បីល្បាញគឺ សូក្រាត, ផ្លាតូ និងអារីស្តូត

0
1027

សឹងតែជុំវិញពិភពលោកទៅហើយ ដែលបានស្គាល់ពួកលោកទាំងបីរូបនេះ ( សូក្រាត, ផ្លាតូ និងអារីស្តូត ) ព្រោះតែភាពល្បីល្បាញខាងទស្សនវិជ្ជា សង្គម និងទស្សនៈនយោបាយជាច្រើន ទើបញ៉ាំងឲ្យមនុស្សម្នាទូទាំងពិភពលោកចង់ដឹង និងចោទជាសំណួរថា តើពួកគាត់ទាំងបីនាក់ មានទំនាក់ទំនងអ្វីនឹងគ្នា ព្រោះថាពួកគេគឺជាជនជាតិក្រិចដូចគ្នា?

ថ្ងៃនេះផងដែរ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង នឹងនាំអារម្មណ៍មិត្តអ្នកអានឲ្យស្គាល់កាន់តែច្បាស់ពីពួកគាត់ទាំង ៣នាក់ ដូចតទៅ៖

១. សូក្រាត (Socrates) (៤៧០ BCE – ៣៩៩ BCE)

សូក្រាត ​គឺជា​ទស្សនវិទូ​ជនជាតិក្រិចមួយរូប​ លោកក៏​ជាប្រភព​នៃ​ទស្សនៈរបស់លោកខាងលិច។ មានប្រភព​ព័ត៌មាន​តិចតួច​ណាស់ ដែលបានដឹង​អំពីជីវិត​របស់​គាត់ ក្រៅពី​អ្វីដែល​សិស្ស​របស់លោកដូចជា​ ផ្លា​តូ (Plato) ដែលជាអ្នក​កត់ត្រាទុក។

សូក្រាត​ កើតនៅ​ឆ្នាំ ៤៧០ មុនគ្រឹស្ត​សករាជ នៅទីក្រុង​អាតែន ប្រទេសក្រិច។ យើងអាច​ដឹង​អំពីជីវិត​របស់​គាត់​​តាមរយៈ​សំណេរ​របស់​សិស្សគាត់ រួមមាន ​ផ្លាតូ និង ​សេនូហ្វូន (Xenophon)។ វិធីសាស្ត្រ​​របស់សូក្រាត​​​ បាន​ផ្ដល់​មូលដ្ឋាន​ដល់​ប្រព័ន្ធ​តក្កវិជ្ជា និង​ទស្សនវិជ្ជា​នៅ​លោក​ខាងលិច។ នៅពេល​មាន​ការផ្លាស់​ប្ដូរ​​បរិយាកាស​នយោបាយ​នៅ​ប្រទេសក្រិច សូក្រាត​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​ការ​លេបថ្នាំពុល​នៅ​ឆ្នាំ ៣៩៩ មុនគ្រឹស្ត​សករាជ។ គាត់​សុខចិត្ត​​ទទួល​ការ​កាត់ទោសនេះ​ ក៏​មិន​ព្រម​និរទេស​ខ្លួន​ដែរ។

២. ផ្លាតូ (Plato) ទស្សនវិទូ និងអ្នកនិពន្ធ (៤២៨ មុន គស – ៣៤៨ មុន​ គស)

ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ បានបង្កើត​បណ្ឌិតសភា​ និង​ជា​អ្នក​និពន្ធ​ស្នាដៃ​ទស្សនវិជ្ជា​ ដែល​មាន​ឥទ្ធិពល​មិនអាច​ប្រៀបផ្ទឹមបាន​លើ​ទស្សនៈ​លោក​ខាងលិច។

ទស្សនវិទូ​ក្រិច​បុរាណ ផ្លាតូ  ​កើត​នៅ​ឆ្នាំ ៤២៨ មុនគ.ស. និង​ជា​សិស្ស​ម្នាក់​របស់​សូក្រាត (Socrates) និង​ជា​គ្រូរបស់ ​អារីស្តូត (Aristotle)។ សំណេររបស់​គាត់​មានបំណង​ស្វែង​រក​យុត្តិធម៌ សោភណ្ឌភាព និង​សមភាព ហើយ​ក៏​មាន​ការពិភាក្សា​នៅក្នុង​សោភណ្ឌវិជ្ជា ទស្សនវិទ្យា​នយោបាយ សាសនាវិទ្យា លោហធាតុ​វិទ្យា ជ្ញានវិទ្យា និង​ទស្សនវិទ្យា​ភាសា។ ផ្លាតូ​បានបង្កើត​បណ្ឌិតសភា​នៅ​អាតែន ដែលជា​គ្រឹះស្ថានអប់រំ​មួយនៃ​គ្រឹះស្ថានអប់រំ​​ជាន់ខ្ពស់​ដំបូងគេ​នៅ​លោក​ខាងលិច។ គាត់​បានទទួលរមណៈភាពនៅ​ឆ្នាំ​ ៣៤៨ មុន គ.ស.។

៣. អារីស្តូត (Aristotle) 

អារីស្តូត គឺជាសិស្សដ៏ឈ្លាសវៃ និងពូកែម្នាក់របស់ ផ្លាតូ។ លោកបានកើតនៅតំបន់ដ៏តូចមួយនៃប្រទេសក្រិច។ ក្នុងឆ្នាំ៣៨៤ មុនគ្រិស្តសរាជ ក្នុងត្រកូលជាអ្នកផ្សំឱសថ។ នៅអាយុ១៧ឆ្នាំ បានរៀនពីវិធីផ្សំថ្នាំ និងចេះផ្សំថ្នាំយ៉ាងស្ទាត់ជំនាញប្រចាំក្រុងអាតែន។ លុះដល់ឆ្នាំ៣៦៧ មុនគ្រិស្ដសរាជ យុវជនរូបនេះបានចូលរៀននៅវិទ្យាស្ថានរបស់ ប្លាតុង ។ វិទ្យាស្ថាននេះ បានផ្ដោតសំខាន់លើវិស័យនយោបាយ ច្បាប់ គណិតវិទ្យា និងតារាសាស្ត្រ។ អារីស្ដូត បានសិក្សានៅវិទ្យាស្ថានរបស់ប្លាតុងនេះអស់រយៈពេល២០ឆ្នាំ។ សូមជម្រាបជូនថា អារីស្ដូត ជាសិស្សពូកែ ឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាផងដែរ ហើយលោកក៏ជាសិស្សឆ្នើមប្រចាំថ្នាក់ និងវិទ្យាស្ថាន។ មិនតែប៉ុណ្ណោះយុវជនរូបនេះ បានធ្វើឲ្យប្លាតុងសរសើរនិងស្រឡាញ់ជាខ្លាំង ទើបប្លាតុង អនុញ្ញាតឲ្យអារីស្ដូត បង្រៀនមុខវិជ្ជាហោរាសាស្រ្តតាមដំណើរតារា។

សូមជម្រាបផងដែរថា នៅឆ្នាំ ៣៤២ មុនគ្រិស្ដសករាជ អារីស្ដូត ត្រូវបានស្ដេចអញ្ញើញឲ្យទៅបង្រៀនព្រះរាជបុត្ររបស់ព្រះអង្គមានព្រះនាមថា អាឡិចសានឌរ័ ឬ Alexander The Great ដែលមានព្រះជន្មទើបតែ ១៣ឆ្នាំ ប៉ុណ្ណោះ។ ខណៈពេលនោះ អារីស្តូត មានឱកាសតាក់តែងច្បាប់ និងបង្កើតស្នាដៃមួយចំនួនសម្រាប់បង្រៀនព្រះរាជបុត្រផងដែរ។ ពោល គឺ អារីស្តូត បានបង្រៀនពីសីលធម៌ ភាពអត់ធ្មត់ នយោបាយ និងច្បាប់គ្រប់គ្រងប្រទេសជាដើម។ ក្រោយមក Alexander The Great ក៏ក្លាយជាអធិរាជសង្គ្រាមដ៏អង់អាចក្លាហានបំផុតក្នុងប្រវត្តិសាស្ត្រ​៕

ចែករំលែក
អត្ថបទ​មុនព្រះរាជាខ្មែរនៅសម័យលង្វែក និងព្រឹត្តិការណ៍ផ្សេងៗ
អត្ថបទ​បន្ទាប់រក្សាគោលដៅឲ្យរឹងមាំ យើងនឹងជោគជ័យ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here