ព្រះបាទជ័យវរ្ម័នទី៤ និងការឡើងគ្រោងរាជរបស់ទ្រង់

0
314

ព្រះបាទជ័យវរ្ម័នទី៤ ត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័ន។ នៅពេលដែលបុត្ររបស់ព្រះបាទយសោវរ្ម័ន ឡើងសាយរាជ្យ ព្រះអង្គបានភៀសព្រះកាយទៅសាងទីក្រុងមួយនៅកោះកេរ នៅឆ្នាំ៩២១ រហូតដល់បុត្រាពីរអង្គរបស់ព្រះបាទយសោវរ្ម័ន សោយរាជ្យនៅយសោធរបុរៈសោយទីវង្គត។

ប្រាសាទកោះកេរ ឬរាជធានីកោះកេរ

ទើបព្រះបាទជ័យវរ្ម័នទី៤ ប្រកាសខ្លួនព្រះអង្គជាព្រះមហាក្សត្រ។ ដោយមានរាជធានីនៅកោះកេរ បានកសាងប្រាសាទជាច្រើន និងរួមមានរហាល ដែលជាបារាយណ៍ទឹកដ៏ធំមួយផងដែរ។ អ្នកសិក្សាប្រវត្តិសាស្ត្រ​​​ខ្មែរ បានចាត់ទុកព្រះអង្គជាស្តេចជ្រែករាជ្យ តែមានការសិក្សាថ្មីៗទៀតបង្ហាញថាព្រះអង្គពិតជាជាប់ខ្សែស្រឡាយរាជវង្ស ហើយមានសិទ្ធិឡើងសោយរាជ្យដោយស្របច្បាប់ មិនមែនជាស្តេចជ្រែករាជឡើយ។

ប្រហែលជារូបភាពរបស់ព្រះអង្គក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរក្នុងសម័យអង្គរ ក៏មិនខុសអ្វីពីអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរសម័យបច្ចុប្បន្ននេះផងដែរ គឺថាព្រះអង្គជាក្សត្រជ្រែករាជ្យ ដោយសារមូលហេតុនេះហើយ ដើម្បីបង្ហាញអំពីភាពស្របច្បាប់ និងត្រឹមត្រូវក្នុងការឡើងសោយរាជ្យរបស់ព្រះអង្គ ព្រះអង្គបានសាងរូបសំណាក ចំបាប់ពាលី និងសុគ្រីព នៅប្រាសាទចិន ក្នុងតំបន់កោះកេរ ឈុតនេះបង្ហាញថាសុគ្រីពជាតួអង្គត្រឹមត្រូវ តែត្រូវបានបងប្រុសបង្កើត ដែលជាស្តេចនគរខាស់ខិន បណ្តេញចេញពីនគរទាំងអាម៉ាស់ ឲ្យទៅរស់នៅក្នុងព្រៃបណ្តាលមកពីសុគ្រីពយល់ច្រឡំបំបិទរូងភ្នំ នៅពេលដែលពាលីវាយឈ្នះទូភី។ ដោយសារភាពត្រឹមត្រូវរបស់សុគ្រីព ព្រះរាមដែលជាអវតារបស់ព្រះវិស្ណុបានចេញមុខជួយបាញ់សម្លាប់ពាលីចោល ហើយលើកសុគ្រីពឲ្យឡើងជាស្តេចនគរខាស់ខិន ។

ដូចគ្នានេះ រូបសំណាកជាក្រុមដ៏ប្រណីតមួយទៀត ដែលត្រូវបានតម្កល់នៅប្រាសាទកោះកេរនេះដែរ គឺឈុតចំបាប់ទុរយោធន៍ និងភីម ដែលរូបសំណាកទាំងនេះត្រូវបានឈ្មួញទុច្ចរិតលួចយកទៅលក់នៅបរទេស នៅក្នុងពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងភ្លើងសង្គ្រាម ហើយទើបតែត្រឡប់ចូលមកប្រទេសកម្ពុជាវិញក្នុងប៉ុន្មានឆ្នាំថ្មីៗ ឆ្លងកាត់រឿងរ៉ាវក្តីក្តាំមួយចំនួន។ ឈុតចំបាប់ទុរយោធន៍ និងភីមនេះ បង្ហាញពីតួអង្គទុយោធន៍ ត្រកូលកុរវៈ ដែលឈ្នានីស នឹងត្រកូលបណ្ឌវៈ ត្រូវជាបងប្អូនជីទួតមួយ ទុរយោធន៍ ព្យាយាមចងកម្មចងពារព្យាធិ នឹងត្រកូលបណ្ឌវៈជាច្រើនលើកច្រើនសារ មានទាំងដុតដំណាក់ក្រមួនសម្លាប់ លេងបាស្កា ភ្នាល់នគរ និងនិរទេសបណ្តេញពួកបណ្ឌវៈចេញពីនគរឲ្យទៅនៅក្នុងព្រៃ នៅពេលពួកបណ្ឌវៈត្រឡប់មកវិញ សូមដីតែប្រាំភូមិ ក៏ទុរយោធន៍មិនព្រម ឈានទៅដល់សង្គ្រាមរវាងបងប្អូនឯងរយៈពេល ១៨ថ្ងៃ ដែលបានសម្លាប់ខ្សែស្រឡាយនគរកុរុអស់យ៉ាងច្រើន ត្រកូលបណ្ឌវៈបានជំនួយពីព្រះក្រឹស្ណៈដែលជាអវតាព្រះវិស្ណុ រហូតដល់មានជ័យជម្នះលើត្រកូលកុរវៈ ហើយទុរយោធន៍ខ្លួនឯងបានរត់ទៅពួននៅបាតស្រះ រហូតដល់ពួកបណ្ឌវៈហៅមកប្រកួតមួយទល់នឹងមួយជាមួយនឹងភីម ព្រះក្រឹស្ណៈបានប្រាប់ឲ្យភីមកាប់ភ្លៅរបស់ទុរយោធន៍ ទើបទុរយោធន៍ស្លាប់ ។ បន្ទាប់ពីទទួលបានជោគជ័យទាំងស្រុងលើពួកកុរវៈ ត្រកូលបណ្ឌវៈក៏បានឡើងជាក្សត្រគ្រប់គ្រងនគរកុរុបន្តពីបុព្វបុរស ដោយមានយុទ្ធិស្ធិរៈជាកូនច្បងគេនៃត្រកូលបណ្ឌវៈ ជាព្រះមហាក្សត្រ ។ ព្រះបាទជ័យវរ្ម័នទី ៤ ប្រហែលជាយកខ្លួនព្រះអង្គទៅប្រៀបធៀបនឹងត្រកូលបណ្ឌវៈនេះហើយ ដែលមានសិទ្ធិស្របច្បាប់ក្នុងការឡើងសោយរាជ្យនៅលើចក្រភពអង្គរ ។

តាមរយៈការបង្ហាញខាងលើ យើងសង្កេតឃើញថា ព្រះបាទជ័យវរ្ម័នទី៤ ព្យាយាមបង្ហាញពីភាពត្រឹមត្រូវ ក្នុងការសោយរាជ្យរបស់ព្រះអង្គតាមរយៈរូបភាពនៃការប្រៀបធៀបខ្លួនព្រះអង្គទៅនឹងតួអង្គសុគ្រីព នៅក្នុងរឿងរាមកេរ្តិ៍ និងត្រកូលបណ្ឌវៈ នៅក្នុងរឿងមហាភារតៈយុទ្ធ ដែលសុទ្ធសឹងជាមហាកាព្យដ៏មានប្រជាប្រិយភាពក្នុងសង្គមខ្មែរសម័យមហានគរ ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here