តើសត្វគោព្រៃ ជាសត្វតំណាងឲ្យប្រទេសណា?

0
4060

គោព្រៃ (Kouprey) ជាសត្វដ៏កម្រមួយនិងអាថ៌កំបាំងបំផុត ហើយក៏ជាសត្វមួយប្រភេទគត់ដែលត្រូវបានព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បាន​កំណត់​និង​ប្រកាស​ថា «ជា​និមិត្តរូប​នៃ​កម្ពុជា​នៅក្នុងឆ្នាំ១៩៦៤»

រូបភាពគោព្រៃ
រូបភាពគោព្រៃ
រូបភាពគោព្រៃ

បើយោងតាមគេហទំព័រ ខ្មែរឡូត ថា សត្វនេះសំបូរជាងគេបំផុតតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះ តែនាពេលបច្ចុប្បន្នពិភពលោក​បាន​ចាត់​ទុក​គោព្រៃ​ជាប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត (Critical Endangered) ដោយ​បាន​ចុះ​ក្នុង​បញ្ជី​សៀវភៅ​ក្រហម IUCN ឬអាចដាច់ពូជបាត់ហើយ។ ដោយហេតុថាវត្តមានរបស់វាត្រូវបានគេប្រទះឃើញ ចុងក្រោយបង្អស់នៅក្នុងឆ្នាំ ១៩៨៨។ ចាប់តាំងពីពេលនោះមក គេមិនដែលឃើញវត្តមានរបស់វានៅលើផែនដីនេះទៀតទេ។ មូលហេតុអាចបណ្តាលមកពីកត្តាសង្គ្រាម និងការបរបាញ់សម្លាប់ផុតពូជជាដើម។ យ៉ាងណាមិញ ម្តងម្កាលគេប្រទះឃើញស្នែងវាត្រូវបានដាក់លក់ ទើបមានការសន្មត់ថា វាអាចនៅមានក្នុងព្រៃ ប៉ុន្តែក្នុងចំនួនដែលតិចតួចស្តួចស្តើងជាទីបំផុត ឬក៏អាចដាច់ពូជបាត់ទៅហើយ? យើនៅមិនទាន់ដឹងច្បាស់នៅឡើយ។

លក្ខណៈពិសេសរបស់គោព្រៃ៖

  • ដងខ្លួន: គោព្រៃ មាន​ប្រវែង​ដងខ្លួន​ពី​២,១ ដល់ ២,៣​ម៉ែត្រ មាន​កម្ពស់​ពី​១,៧ ដល់ ១,៩​ម៉ែត្រ និង​ទម្ងន់​ពី​៧០០ ដល់ ៩០០​គីឡូក្រាម។
  • ស្នែង: ស្នែង​គោព្រៃ​ឈ្មោល​ និង ​ញី មាន​លក្ខណៈ​ប្លែកពី​គ្នា ដោយ​ស្នែង​ឈ្មោល​ធំ​ជាង ដុះ​ចេញ​កោង​ទៅ​មុខ និង​ងើបឡើង​លើ​ព្រមទាំង​មាន​ព្រុយ​ចុង​ស្នែង។ គោព្រៃឈ្មោល មានស្នែងវែងសឹកដាច់រលាត់ចុងបែបនេះ ព្រោះវាចូលចិត្តគាស់ដី និងត្រដុះដើមឈើ បង្កើតចេញជាទ្រង់ទ្រាយស្នែង កម្រសត្វណាមានដូចជាវាណាស់។ ស្នែង​ញី​ដុះ​មក​ខាង​មុខ​រាង​ងើប​បន្តិច ហើយ​កួច​រមួល​ឡើង​លើ​។
  • រូបរាង: គោព្រៃ​ មាន​បួរ​វែង​ធ្លាក់​ចុះ​ដល់​ជង្គង់ និង​ហៀរ​ស្ទើរតែ​ដល់​ដី​ចំពោះ​គោ​ឈ្មោល (ស្បែកទ្រូងវែងយារធ្លាក់ទៅក្រោម)។
  • សម្បុរ: ចាប់ពី​ជើង​ក្រោម​ជង្គង់​ចុះ​មក​មាន​ពណ៌​ស ឬ​ប្រផេះ និង​ប្រផេះ​ចាស់ នៅ​ពេល​មាន​អាយុ​ច្រើន។

ចំនុចសំខាន់ ដែលយើងមិនគួរយល់ច្រឡំគ្នានោះគឺ គោព្រៃជាពូជដាច់ដោយឡែក ដែលមិនមានកាត់ពូជទៅសត្វដទៃណាឡើយ។ ឈ្មោះរបស់វាគឺ «គោព្រៃ» មិនមែនសត្វខ្ទីងទេ។ សូមកូនខ្មែរឈប់យល់ច្រឡំរវាងសត្វទាំងពីរនេះតទៅទៀត។គោព្រៃ ឈ្មោះជាអក្សរឡាតាំងគឺ (Kouprey) រីឯ សត្វខ្ទីង ឈ្មោះជាអក្សរឡាតាំងគឺ (Gaur) ។ ខ្មែរយើងពិតជាមានមោទនភាពបំផុត ដែលពាក្យថា Kouprey ត្រូវបានពិភពលោកសរសេរ និងហៅជាសម្លេងខេមរៈភាសាថា «គោព្រៃ» ហើយដែលជានិមិត្តរូបជាតិមួយនៃប្រទេសកម្ពុជា។

គោព្រៃ​ ជា​ថនិកសត្វ​ស្លូត រស់នៅ​ជា​ហ្វូង​ៗ អាច​ឃើញ​មាននៅ​លាយ​ជាមួយ​ហ្វូង​ទន្សោង ខ្ទីង និង ប្រើស។ វាជា​សត្វ​វាងវៃ រហ័សរហួន​ឆាប់​ភ្ញាក់ផ្អើលបំផុត​ ហើយវា​ពូកែ​ស្រង់ក្លិននិង​គេចវេះ​ចេញពី​មនុស្សបានយ៉ាងលឿន។ វាមាន​កម្លាំង​ខ្លាំងពូកែ ធន់​នឹង​កម្ដៅថ្ងៃ អត់ធន់​នឹង​ចំណីអាហារ​ដែល​មានគុណ​ភាព​ទាប និង​ធន់​នឹង​ជំងឺ​គោ​ឆ្កួត ជាដើម។

សត្វខ្ទីងមិនមែនគោព្រៃទេ
រូបចម្លាក់តំណាងគោព្រៃ

បើទោះបីជាសត្វគោព្រៃ ដ៏សែនកម្ររបស់កម្ពុជា មិនត្រូវបានគេប្រទះឃើញវាតទៅទៀតក៏ដោយ ក៏រូបចម្លាក់របស់វាត្រូវបានគេសាងសង់ឡើង ដើម្បីជាការរម្លឹកនិងប្រាប់ដល់កូនខ្មែរជំនាន់ក្រោយឲ្យបានឃើញ និងបានស្គាល់សត្វដែលជានិមិត្តរូបនៃជាតិរបស់ខ្លួនផងដែរ។ បច្ចុប្បន្នគោព្រៃគេតែងឮយុវវ័យនិយមហៅ ជាពិសេសពីសំណាក់អ្នកស្នេហាកីឡាបាល់ទាត់តែម្តង ព្រោះគោព្រៃជានិមិត្តរូបជាតិខ្មែរផងដែរ។

ជាចុងក្រោយនេះ យើងសូមអំពាវនាវដល់មហាជនជួយបន្តកិច្ចការអភិរក្សសត្វព្រៃដទៃទៀត ដែលជិតនឹងផុតពូជ។ ជាពិសេសជួយថែរក្សាបរិស្ថានធម្មជាតិ និងព្រៃឈើជាដើម ដើម្បីជួយឲ្យពិភពលោកមានភាពសុខដុម និងជម្រុះដោយធម្មជាតិបៃតង៕

ចែករំលែក
អត្ថបទ​មុនរឿងរ៉ាវមួយចំនួនពីលោកសេនាប្រមុខ លន់ នល់ និង ប៉ុល ពត
អត្ថបទ​បន្ទាប់ប្រវត្តិសាស្ត្រ៖ រាជាធិបតេយ្យ សម័យអង្គរ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here