រឿងរ៉ាវមួយចំនួនពីលោកសេនាប្រមុខ លន់ នល់ និង ប៉ុល ពត

0
703

លោក លន់ នល់ និង ប៉ុល ពត សុទ្ធតែមានការព្រួយបារម្ភខ្លាចវៀតណាម និងថៃ រំលោភយក​ដីខ្មែរដូចគ្នា។ ប៉ុន្តែពួកគាត់មិនបានរួមគ្នាដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកលដាក់គ្នា ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិនិងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះចាកចេញពីភ្នំពេញ លោក លន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បាន​ឈរ​សម្រក់ទឹកភ្នែកសម្លឹងមើលទឹកដី ជាទីស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះ​អាល័យទឹកដីខ្មែរជាទីបំផុត។

ក្នុងបទសម្ភាសជាមួយ លោក ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌​ (បច្ចុប្បន្ន​ក្រសួងព័ត៌មាន) លោក សេនាប្រមុខ លន់ នល់ និយាយថា «ធ្វើនយោបាយគ្មានអ្នកណា ធ្វើម្នាក់ឯងកើតទេ កុំចេះតែស្រែកទម្លាក់កំហុសដាក់គ្នា អ្នកនេះក្បត់ ឬអ្នកនោះក្បាត់ជាតិ។ កំហុសឆ្គង គឺកើត​ឡើងទាំងអស់គ្នា»។ លោកបញ្ជាក់ថា អាវុធមួយនេះ បើកាលណាតែដកចេញពីស្រោមហើយ មិន​ងាយដាក់ចូលវិញទេ។ លោក លន់ នល់ ចង់និយាយទៅដល់ធ្វើសង្រ្គាម និងចង់ផ្តាំទៅខ្មែរគ្រប់រូបថា ធ្វើយ៉ាងណាកុំឲ្យអាវុធដកចេញពីស្រោមឲ្យសោះ។ នៅពេលកំពុងកាន់កាប់អំណាច លោក លន់ នល់ មិនខុសពី ប៉ុល ពត ទេ គឺលោកប្រឈមមុខចំពោះបញ្ហាចំនួនពីរ។ ទី១ គឺការត្រូវប្រឈមតទល់ជាមួយកងទ័ពយៀកមិញ ឬយួនខាងជើង ចំណែកទី២ គឺប្រឈមនឹងកម្លាំងខ្មែរក្រហម និងកងទ័ពរំដោះជាតិ។ ចំណែក ប៉ុល ពត ត្រូវប្រឈមនឹងសត្រូវរបស់ខ្លួន គឺកងទ័ពរបស់ លន់ នល់ ផង កងទ័ពយួនខាងត្បូងផង កងទ័ពអាមេរិកផង ជាពិសេសចុងក្រោយ គឺត្រូវទប់ទល់នឹងកងទ័ពយួនខាងជើងតែម្តងផង។

លោកសេនាប្រមុខ លន់ នល់ ជាមនុស្សជឿលើអបិយជំនឿស៊ប់ ហើយនៅមុន​ពេលពួកខ្មែរក្រ​ហម​វាយ លុកចូលកាន់កាប់ភ្នំពេញបានប៉ុន្មានថ្ងៃ ឲ្យគេបើកយន្តហោះ (អេឡេកូ ឬកន្ទុំរុយ) ​ដឹកលោកជាមួយព្រះសង្ឃ ដើម្បីបាច់ដីមន្តអាគមព័ទ្ធជុំវិញទីក្រុងភ្នំពេញ។ តែទីបំផុត លោកសេនាប្រមុខ ត្រូវបង្ខំចិត្តចាកចេញពីភ្នំពេញ។ លោកបានស្រក់ទឹកភ្នែក មុនពេលលោកបោះជំហានឈានជើងឡើងយន្តហោះទៅអាមេរិក កោះហូណូលូលូ រដ្ឋហាវ៉ៃ។ យោងតាមឯកសាររបស់លោក រស់ ចន្រ្តាបុត្រ បានបញ្ជាក់ថា «លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ សិរីមតៈ ពុំមែនជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេច​តានរោត្តមសីហនុទេ ប៉ុន្តែគឺលោក លន់ ណុន ទៅវិញទេ ដែលជាអ្នកធ្វើរដ្ឋប្រហារនេះ។ លោក លន់ ណុន ជាប្អូនប្រុសបង្កើតរបស់ លោក លន់ នល់។ លោក ក៏មានគម្រោងចាប់ខ្លួន លោក លន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈផងដែរ ប្រសិនបើអ្នកទំាងពីរមិនព្រមសហការរឿងរដ្ឋប្រហារនេះ។ នៅមានរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនទៀត ដែលមិត្តអ្នកអានមិនទាន់ដឹងការពិតពី លន់ នល់… ៕

ប្រភព៖ យុវជន និងនយោបាយ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here