Steve Jobs ពីក្មេងដែលត្រូវម្តាយបោះបង់ចោលឲ្យរស់នៅជាមួយអ្នកដទៃ ប្រឹងប្រែងរស់តស៊ូជម្នះនឹងជីវិតរហូតជោគជ័យ

0
185

ចំពោះការតស៊ូរបស់មនុស្សម្នាក់ៗ តែងមានជៀសមិនផុតឡើយ គ្រាន់តែមានបញ្ហាផ្សេងៗគ្នា និងតាមស្ថានការណ៍ប៉ុណ្ណោះ។ ជាក់ស្តែង Steve Jobs ប្រឹងប្រែងជម្នះតស៊ូនឹងជីវិតពីក្មេងកំព្រា រហូតបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ​ពិភពលោក ខាងបច្ចេកវិទ្យា។

Steve Jobs
លោក Steve Jobs ជាស្ថាបនិករបស់ក្រុមហ៊ុន Apple

នៅវេលាព្រឹកនេះ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង នឹងបង្ហាញពីការតស៊ូរបស់ស្ថាបនិកក្រុមហ៊ុនអេផល (Apple) ដែលជាក្រុមហ៊ុនធំ និងល្បីល្បាញជាងគេខាងបច្ចេកវិទ្យាសម័យថ្មីនៃសតវត្សរ៍ទី២១ នេះ។

លោក Steve Jobs កើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងរដ្ឋសាន់​​្រហ្វាន់ស៊ីស្កូ។ ម្តាយរបស់លោក មានឈ្មោះ Joanne Carole Schieble។ លោកមានឪពុកឈ្មោះ Abdulfattah John Jandali ជាជនជាតិស៊ីរី។ លោកត្រូវបានគេយកមកចិញ្ចឹមដោយ លោកស្រី Clara និងលោក Paul Jobs ដែលបានដាក់ឈ្មោះឲ្យរូបលោកថា Steven Paul Jobs ដែលយើងហៅកាត់សព្វថ្ងៃថា ” Steve Jobs “ ។ លោកក៏ត្រូវប្តូរត្រកូលតាមឪពុកម្តាយចិញ្ចឹមរបស់លោកវិញ។

លោកបានបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Homestead នៅក្នុងក្រុង Cupertino ជាទីដែលលោកបានស្គាល់ នៅឆ្នាំ ១៩៧២។ លោក Jobs បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed នៅទីក្រុង Portland ក្នុងរដ្ឋ Oregon និងបានបោះបង់ចោលការសិក្សាបន្ទាប់ពីចូលរៀនបានមួយឆមាស។ នៅឆ្នាំ ១៩៧៤ លោក Jobs បានវិលត្រឡប់មករដ្ឋកាលីហ្វ័រនីញ៉ាវិញ និងបានធ្វើការជាអ្នកបង្កើតវីដេអូហ្គេមនៅក្រុមហ៊ុនមួយឈ្មោះថា Atari Corp

ជីវិតនិងស្នេហា

នៅខែឧសភា ឆ្នាំ១៩៧៨ លោកស្រី Chrisann Brennan មិត្តស្រីរបស់លោក Jobs បានបង្កើតកូនស្រីម្នាក់ឲ្យលោក Jobs និងបានដាក់ឈ្មោះឲ្យនាងថា Lisa Brennan-Jobs។ នៅខែមករា ឆ្នាំ១៩៨៣ ក្រុមហ៊ុន Apple បានចេញលក់កុំព្យូទ័រឈ្មោះ Lisa ដែលយកឈ្មោះកូនស្រីរបស់គាត់មកដាក់។ តែមិនយូរប៉ុន្មានជីវិតស្នេហារបស់លោក ក៏ត្រូវបែកខ្ញែកគ្នា និងបានរៀបអាពាពិពាហ៍នឹងនារីម្នាក់ទៀតឈ្មោះថា Laurene Powell ហើយមានកូនប្រុស១នាក់ និងស្រី២នាក់ បន្ថែមទៀត។ លោក Jobs ថ្វីត្បិតតែជីវិតការងាររបស់លោកហាក់សែនជោគជ័យជាខ្លាំង ប៉ុន្តែសម្រាប់ជីវិតឯកជនរបស់លោក មិនដូចជានមនុស្សធម្មតាឡើយ ព្រោះលោកពុំសូវមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ និងប្រពន្ធកូនឡើយ ដោយហេតុរវល់នឹងការងារមួយនេះ។ នៅខែកញ្ញា ឆ្នាំ១៩៨៥ លោក Jobs ក៏បានលាឈប់ពីតំណែងប្រធានក្រុមហ៊ុន និងបានបង្កើតក្រុមហ៊ុនថ្មីមួយទៀតឈ្មោះថា NeXT Computer Inc ដោយសារតែមានបញ្ហានៅក្នុងក្រុមហ៊ុន។ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងទិញយកក្រុមហ៊ុន NeXT ក្នុងតម្លៃ ៤០០លានដុល្លារ ហើយជួលលោក Jobs ឲ្យធ្វើជាទីប្រឹក្សាវិញ ដើម្បីជួយក្រុមហ៊ុនកែលម្អកម្មវិធី Macintosh ដ៏សំខាន់របស់ខ្លួន។

ការដួលហើយងើបឡើងវិញនេះ មិនមែនមនុស្សគ្រប់គ្នាគឺសុទ្ធតែធ្វើបានទាំងអស់គ្នាឡើយ។ ស្រួលមិនស្រួលមានអ្នកធ្វើអត្តឃាតសម្លាប់ខ្លួនក៏មានដែរ ព្រោះតែក្រុមហ៊ុនដែលបានបង្កើតឡើងដោយខ្លួនឯងត្រូវគេដណ្តើមយក និងបានបណ្តេញលោកចេញពីក្រុមហ៊ុនទៀត។ ក៏ប៉ុន្តែលោក មិនមែនជាមនុស្សចុះចាញ់ងាយៗទេ ទើបលោកប្រឹងបង្កើតក្រុមហ៊ុនថ្មី និងមានឱកាសហក់ចូលក្រុមហ៊ុនចាស់វិញ នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ១៩៩៧។ ក្រោយមកលោក Jobs បានក្លាយជាអគ្គនាយកបណ្តោះអាសន្ន។ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០០០ លោក Jobs បានក្លាយជា CEO របស់ក្រុមហ៊ុន Apple វិញជាផ្លូវការ។

ជីវិតរបស់លោកក្រោយពីជួបព្យុះភ្លៀងរួច មេឃក៏ស្រឡះឡើងវិញ ហើយលោកក៏បានកសាងក្រុមហ៊ុនលោកកាន់តែល្បីល្បាញបន្ថែមទៀតឥតមានឈប់ឈរ និងបានបង្កើតទូរសព្ទស្មាតហ្វូន iPhone ជាបន្តបន្ទាប់។ រហូតខែតុលា ឆ្នាំ២០០៣ លោក Jobs ត្រូវបានលោកគ្រូពេទ្យពិនិត្យឃើញថា មានជំងឺមហារីកលំពែង ហើយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៤ លោក Jobs បានបង្ហើបឲ្យដឹងលើកដំបូងថា លោកមានជំងឺមហារីក នេះផងដែរ។ ដោយសារតែអាការជំងឺធ្ងន់ធ្ងរពេក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ លោក Jobs បានលាលែងចេញពីតំណែងជាអគ្គនាយកក្រុមហ៊ុន Apple ហើយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានប្រកាសពីមរណភាពរបស់លោក Steve Jobs តែម្តង។ លោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយរបស់ពិភពលោក Apple Inc.។ ការមរណៈរបស់លោក បានធ្វើឲ្យពិភពលោកមានការសោកស្តាយជាទីបំផុត។ គួរបញ្ជាក់ផងដែរថា លោក Jobs បានទទួលមរណៈភាពក្នុងវ័យ ៥៦ឆ្នាំ កាលពីឆ្នាំ២០១១។

នៅក្នុងខ្សែជីវិតរបស់ Steve Jobs គឺយើងអាចសិក្សាបានយ៉ាងច្រើនអំពីការតស៊ូ ការលំបាក និងការជម្នះដើម្បីភាពជោគជ័យ។ ជាពិសេសត្រូវចេះអត់ធ្មត់នឹងការងារទោះបីធ្លាក់ដល់ចំណុចអាក្រក់ដល់សូន្យក៏ដោយ ក៏លោកនៅតែមានសង្ឃឹម និងអាចដណ្តើមនូវអ្វីដែលជារបស់លោកមកវិញ ថែមទាំងធ្វើឲ្យពិភពលោកទទួលស្គាល់នូវសមត្ថភាពដ៏អស្ចារ្យរបស់លោកយ៉ាងពិតប្រាកដ។ ហេតុដូច្នោះ បើសិនប្រិយមិត្តកំពុងតែហត់នឿយ និងការរស់នៅ ឬកំពុងតែបរាជ័យ ចូរកុំប្រញាប់អស់សង្ឃឹមនឹងជីវិត ត្រូវក្រោកឡើងតស៊ូ និងត្រូវយក Jobs ធ្វើជាគំរូបាន ព្រោះលោកជាមនុស្សម្នាក់គត់ ដែលអាចយករបស់ដែលបាត់បង់គ្មានសង្ឃឹមថាយកបានមកវិញ តែលោកអាចធ្វើបាន។ ដូច្នោះហើយ អ្នកក៏អាចធ្វើបានដូចជាគាត់ដែរ៕

អត្ថបទដោយ៖ មនោ វិជ្ជា 

៙រក្សាសិទ្ធិដោយ គេហទំព័រចំណេះដឹងគ្រប់ទីកន្លែង

ចែករំលែក
អត្ថបទ​មុនប្រាសាទកោះកេរ
អត្ថបទ​បន្ទាប់រឿងរ៉ាវមួយចំនួនពីលោកសេនាប្រមុខ លន់ នល់ និង ប៉ុល ពត
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here