ហេតុអ្វីបានជា មានឈ្មោះវិថីឧកញ៉ា ទេព ផន នៅក្នុងរាជធានីភ្នំពេញ?

0
432

ពួកយើងទាំងអស់គ្នាពិតជាស្គាល់ច្បាស់នូវផ្លូវ វិថីឧកញ៉ា ទេព ផន ក៏ប៉ុន្តែ មានមនុស្សជាច្រើនមិនដែលបានស្គាល់នូវជីវប្រវត្តិ របស់ ឧកញ៉ា ទេព ផន ទេហើយថ្ងៃនេះ ខ្ញុំបាទបានសរសេរអត្ថបទមួយដែលនិយាយអំពីជីវប្រវត្តិរបស់លោក។ លោក ទេព ផន ជាបញ្ញាជន មួយរូបមានភាពក្លាហាន សមត្ថភាព ឈ្លាសវៃ ដែលបានចូលបំរើរាជការខ្មែរ តាំងពីសម័យហ្លួងស៊ីសុវត្ថិ មុនីវង្ស រហូត មក ហ្លួងនរោត្តម សីហនុ។ ក្នុងជីវិតរបស់លោកដែលល្បីល្បាយ នោះ គឺនៅពេលដែលលោក បានតែងតាំង ធ្វើជាចៅហ្វាយក្រុងភ្នំពេញ។

លោកទេព ផន(១៩០៥-១៩៧៨) ជាកូនរបស់ លោក ទេព កែវ ដែលជាអភិបាលស្រុកកណ្តាលស្ទឹង ជាមួយអ្នកស្រី ចាន់ ដែលឪពុកធ្លាប់ធ្វើជា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្នុងរជ្ជកាល ព្រះបាទអង្គដួង ហើយលោកមានកូន១០ នាក់។ ក្នុងវ័យកុមារភាព លោកច្រើនរស់នៅ ក្នុងវត្តកណ្តាលស្ទឹង។

នៅឆ្នាំ១៩២៣ ចុងឆ្នាំសិក្សា ថ្នាក់ទី៤ នៃអនុវិទ្យាល័យស៊ីសុវត្ថិ ក្រោយបានទទួលសញ្ញាប័ត្រ បញ្ចប់បឋមសិក្សា ដែលជាសញ្ញាប័ត្រខ្ពស់បំផុតនៅក្នុងប្រទេសជំនាន់នោះ។ លោកត្រូវបានជ្រើសរើសធ្វើជាលេខាបកប្រែរបស់ចៅហ្វាយខេត្ត ជាតិបារាំង(ដោយសារ សញ្ញាប័ត្រ )។ លោកធ្វើការក្នុងការិយាល័យទី១ របស់អភិបាលខេត្ត ជាតិបារាំង ក្នុងខេត្តកណ្តាល រហូតឆ្នាំ១៩៣១ ហើយលោកបានបន្តការសិក្សានៅ សាលារដ្ឋបាលកម្ពុជាផង។

ឆ្នាំ១៩៣២ លោកបានឡើងជាមន្រ្តី ថ្នាក់មធ្យម និង ថ្នាក់ខ្ពស់ ក្នុងរដ្ឋបាលនៃរាជរដ្ឋាភិបាលកម្ពុជា(ឡើងតំណែងតាមការប្រឡងប្រជែង) ជាសកម្ម រហូតដល់ឆ្នាំ ១៩៦៧ ដល់គាត់មានអាយុ ៦២ឆ្នាំ(ថ្វីបើតាមលក្ខន្តិកៈ អ្នករាជការត្រូវចូលនិវត្តន៍នៅអាយុ ៥៥ឆ្នាំ ក៏ដោយ)។

រយៈពេល ៣៥ឆ្នាំ ក្នុងការងាររដ្ឋ លោកធ្លាប់ធ្វើជា អភិបាលខេត្ត, ប្រតិភូរដ្ឋាភិបាល, អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ(១៩៥៣) និង ជារដ្ឋមន្រ្តីជាច្រើនដង។ ក្នុងតំណែងលោកជា រដ្ឋមន្រ្តី ក្រសួងការបរទេស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហនុ បានចាត់តាំងលោក ទេព ផន ធ្វើជាប្រធានគណៈប្រតិភូកម្ពុជា នៅសន្និសិទ្ធ ដើម្បីសន្តិភាព នៅឥណ្ឌូចិន នាក្រុងសឺណែវ ឆ្នាំ១៩៥៤។ លោកសម្រេចនូវស្នាដៃធំមួយគឺ បានធ្វើឲ្យមាន នូវការដកថយទាំងស្រុងនៃទ័ពវៀតមិញកុម្មុយនីស្ត ពីរាជាណាចក្រកម្ពុជា។

ដោយការខំព្យាយាមឥតឈប់ឈរ ក្នុងនយោបាយទំនាក់ទំនងល្អ បារាំង-ខ្មែរ លោកបានទទួលគ្រឿងឥស្សរិយយស ពីសាធារណរដ្ឋបារាំង។

ពីឆ្នាំ ១៩៦០-១៩៦៧ អំពល់ចំបងរបស់លោកគឺ បញ្ហារៀបចំទីក្រុងភ្នំពេញ ហើយជាទីកន្លែងដែលលោកបានបញ្ចប់អាជីពក្នុង នយោបាយ និងរាជការ របស់លោក នៅឆ្នាំ ១៩៦៧។លោកបានទទួលមរណភាពនៅឆ្នាំ ១៩៧៨ នៅ NOGENT-SUR-MARNE ជាយក្រុងប៉ារីស។

ដោយសារតែស្នាដៃរបស់គាត់ ទើបធ្វើឲ្យគេបង្កើតផ្លូវមួយនៅក្នុងទីក្រុងភ្នំពេញ ហើយព្រមទាំងដាក់ឈ្មោះផ្លូវនោះ ជាឈ្មោះរបស់គាត់ ដើម្បីជាការលើកទឹកចិត្តដ៏គាត់។

ប្រភព៖ ប្រវត្តិសាស្រ្តកម្ពុជា និង​ វរជនខ្មែរ អត្ថបទ៖ វេង គួង ហេង (ឯសារយោង)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here