ប៉ឹងបុរសនាសម័យអង្គរ

0
508
មានភ័ស្តុតាងមួយចំនួនដែលយើងអាចនឹងលើកយកមកបង្ហាញ ពីភាពចំណាស់របស់ ប្រពៃណី ខ្មែរ ស្លៀកប៉ឹងដូចជាចម្លាក់នៅ ប្រាសាទបន្ទាយឆ្មារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ជាដើម ។
ចំពោះបញ្ហា នេះជាភ័ស្តុតាងជាក់ស្តែង ហើយអ្វីមួយដែលយើងនឹកស្មានមិនដល់គឺ ព្រះបាទជ័យវ័រ្មនទី៧ ដែលជា ព្រះមហាក្សត្រ ដ៏ខ្លាំងដល់កំពូល ស្ថាបនិកប្រាសាទបុរាណរាប់រយក្នុងអតីតចក្រភពកម្ពុជទេស ព្រះអង្គក៏បានស្លៀក “ប៉ឹង” ដូចជាប្រជារាស្ត្រ​ខ្មែរទូទៅដែរ។ នេះហើយដែលសបញ្ជាក់ឱ្យឃើញថា ទោះបីជាឥទ្ធិពលដ៏ខ្លាំងក្លារបស់ឥណ្ឌា បានបោកបក់មកលើសង្គមខ្មែរជំនាន់នោះក្តី ក៏មិនអាចលុបបំបាត់នូវប្រពៃណី ស្លៀកប៉ឹងរបស់សង្គមខ្មែរដែរ។ រួមសេចក្តីមក ទាំង ព្រះមហាក្សត្រ ទាំងប្រជារាស្ត្រ​ខ្មែរ បានឱ្យតម្លៃយ៉ាងខ្ពស់ចំពោះសម្លៀកបំពាក់ខាងលើនេះ។ មានន័យថា ” ប៉ឹង “ មិនមែនជាសញ្ញានៃភាពអន់ថយនោះទេ។ ដំបូងយើងគ្រាន់តែបានសង្ស័យថាការ ស្លៀកប៉ឹង ពិតជាបានកើតចេញពីខឿនវប្បធម៌ នាសម័យបុរេប្រវត្តិសាស្ត្រ តែយើងគ្មានភ័ស្តុតាងជាវិជ្ជមានណាមួយដើម្បីបង្ហាញបញ្ជាក់។ ប៉ុន្តែឥឡូវនេះ វាពិតជាដូច្នេះមែន ព្រោះយើងបាន ជួបប្រទះនូវបុរាណវត្ថុដូចជាគំនូរផាត់ពណ៌ លើជញ្ជាំង ភ្នំនិង រូបមនុស្សនាយុគថ្មរំលីង និងសំរឹទ្ធ ជាច្រើន ជាតឹកតាងវប្បធម៌ ។
បើប្រៀបធៀបចម្លាក់បុរាណនាសម័យបុរេអង្គរ និងសម័យអង្គរវិញ យើងនឹងឃើញការនិយមប៉ឹង ត្រូវបានរក្សាទុកដដែល។ ឧទាហរណ៍ ជាក់ស្តែងគឺចម្លាក់ព្រះនារាយណ៍ នៅទីក្រុងស្រីទេព (ប្រទេស ថៃបច្ចុប្បន្ន) និងព្រះនារាយណ៍ មួយចំនួននៅ ទីក្រុងអង្គរបូរី (តាកែវ) ដែលជាមត៌កវប្បធម៌ នាសម័យនគរភ្នំ នៅរក្សាការស្លៀកប៉ឹងជាប្រក្រតី។ សរុបសេចក្តីមកការនិយមប៉ឹង ដោយព្រះមហាក្សត្រខ្មែរ ក៏ដូចជាប្រជានុរាស្ត្រ នាសម័យអង្គរពុំមែនមានន័យថាជនជាតិខ្មែរ មិនចេះប្រើសំពត់ ឬសារុង ចរបាប់ ធ្វើអំពីសូត្រ ឬក៏ចេះស្លៀកពាក់ខោអាវ ដែលមានពណ៌ចម្រុះឆើតឆាយនោះទេ។ ប្រពៃណីការប្រើប៉ឹង ខាងលើនេះ គឺជាភស្តុតាងវប្បធម៌មួយបង្ហាញនូវលក្ខណៈ សម្លៀកបំពាក់របស់ជនជាតិខ្មែរដើម តាំងតែបុរាណកាលមក៕ (ត្រាណេ)
ប្រភព៖ អានច្រើន ចេះច្រើន សម្រួល៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here