ប្រវត្តិ​ជនជាតិ​យួន​ដឹក​កូន​ចៅ​បោះ​ទីតាំង​ជា​អចិន្ត្រៃយ៍​ នៅ​ទឹក​ដី​កម្ពុជា​ក្រោម

0
357

ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​ព្រះ​ចៅ​យួន ក្រុង​វ៉េ ខ្ចី​បុត្រ​ប្រសា​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យជេស្តា ឬ​ជ័យជេដ្ឋាទី២ នៅ​ដើម​សតវត្ស​ទី​១៧។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ ដែល​ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ទីនោះ​កាន់​តែ​ច្រើន​ឡើងៗ ហើយ​បោះ​ទីតាំង​នៅ​ទីនោះ​ជា​អចិន្ត្រៃយ៍​តែ​ម្តង។

គ.១៦ ព្រះរាជ​ឱង្ការ​ព្រះ​ជ័យជេស្តា (ឆ្នាំ​១៦១៨-ឆ្នាំ​១៦២៨)

ក្រោយ​ពី​ព្រះរាជ​ឱង្ការ​ព្រះស្រីសុរិយោពណ៌​បរម​រាជា ជា​ព្រះបិតា​ទ្រង់​ដាក់​រាជ្យ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​រាជធានី​ល្វាឯម ក្នុង​ឆ្នាំ​១៦១៨ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ជ័យជេស្តា​បរម​រាជា។ ខ្លះ​ទម្លាប់​ហៅ​ព្រះ​នាម​ព្រះអង្គ​ថា ព្រះ​ជ័យជេដ្ឋាទី២។ កាល​ពី​ព្រះស្រីសុរិយោពណ៌ ជា​ព្រះ​បិតា​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ព្រះអង្គ​ទ្រង់​ចូល​ស្តី​ដណ្ដឹង​បុត្រី​ព្រះ​ចៅ​យួន ក្រុង​វ៉េ ឲ្យ​ធ្វើ​ជា​ព្រះ​អគ្គមហេសី​របស់​ព្រះអង្គ។ ការ​ភ្ជាប់​សម្ព័ន្ធ​មេត្រី​ជាមួយ​នគរ​យួន នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​កម្លាំង​ជាមួយ​ប្រទេស​នៅ​ជាប់​ព្រំដែន​ខាង​កើត​មួយ​នេះ ទៅ​ទប់ទល់​នឹង​ប្រទេស​នៅ​ព្រំដែន​ម្ខាង​ទៀត គឺ​ប្រទេស​សៀម។

បន្ទាប់​ពី​បាន​ឡើង​គ្រងរាជ្យ​ហើយ ព្រះបាទ​ជ័យជេស្តា ទ្រង់​លើក​ព្រះទេពី​អង្គ​ចូវ បុត្រី​ស្ដេច​យួន ជា​ព្រះ​អគ្គមហេសី ដោយ​ថ្វាយ​នាម​ជា​សម្ដេច​ព្រះភគវតី​ព្រះស្រី​វរៈ​ក្សត្រី។

ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​ល្វាឯម នេះ​បាន​ពីរ​ឆ្នាំ។ ដោយ​ទី​នេះ​តូច​ចង្អៀត​ផង និង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា​ផង ព្រះអង្គ​ក៏​ទ្រង់​ផ្លាស់​រាជធានី​ទៅ​តាំង​នៅ​ក្រុង​ឧដុង្គមានជ័យ វិញ នៅ​ក្នុង​ឆ្នាំ​១៦២០ នៃ​គ្រិស្តសករាជ។ ព្រះអង្គ​បាន​ព្រះ​បញ្ជា​ឲ្យ​សាង​ចេតិយ​ធំ​មួយ​ឈ្មោះ ចេតិយ​ត្រៃត្រិង្ស នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ ដើម្បី​តម្កល់​ព្រះ​អដ្ឋិធាតុ​ព្រះ​បិតា​ព្រះអង្គ។

នៅ​ឆ្នាំ​១៦២២ មាន​ការ​បះបោរ​ផ្ទៃ​ក្នុង​មួយ​ដឹក​នាំ​ដោយ​អ្នក​សិល្ប៍​ម្នាក់ ដែល​តាំង​ខ្លួន​ជា​ស្ដេច​សំរែ “ព្រះ​សំរែ​រាជាធិរាជ” តែ​ត្រូវ​វាយ​បង្ក្រាប​បាន។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ សៀម មិន​ពេញ​ចិត្ត​នឹង​ខ្មែរ​ដែល​បែរ​ទៅ​ទាក់ទង​ជាមួយ​យួន ហើយ​ព្រងើយ​កន្តើយ​នឹង​ខ្លួន​នោះ​ទេ។ សៀម ដែល​ធ្លាប់​តាំង​ចិត្ត​ថា​ជា​អាណាព្យាបាល​លើ​ខ្មែរ​ផង​នោះ ក្នុង​ឆ្នាំ​១៦២២ នោះ ព្រះ​ចៅ​ដៃណា ស្ដេច​សៀម ដែល​បាន​ឡើង​សោយរាជ្យ​នៅ​ឰយុធ្យា ដោយ​បាន​ធ្វើ​គត់​ព្រះចៅឯកាទេសរដ្ឋ ព្រះ​អនុជ​ព្រះ​នរេនសូរ នោះ បាន​លើក​ទ័ព​យ៉ាង​ធំ​មាន​ពល​រាប់​សែន​នាក់ ឲ្យ​ចូល​មក​វាយ​លុក​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ទ័ព​សៀម ដ៏​ធំ​មួយ​ដែល​លើក​មក​តាម​ផ្លូវ​គោក ត្រូវ​ទ័ព​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​ព្រះរាជា​ជ័យជេស្តា វាយ​កម្ទេច​ឲ្យ​បែក​បាក់​ខ្ចាត់ខ្ចាយ​អស់​នៅ​ខេត្ត​បរិបូរណ៍ ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​បឹង​ទន្លេសាប។

ឯ​ទ័ព​សៀម ធំ​មួយ​ទៀត​ដែល​ដឹក​នាំ​ដោយ​ចៅស្រី​ធម្មរាជា ឆ្នាំ​១៦២៣ ដែល​លើក​តាម​ផ្លូវ​ទឹក​មក​ដល់​ខេត្ត​បន្ទាយមាស ត្រូវ​កម្ទេច​ដោយ​ទ័ព​ខ្មែរ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ឧទ័យ​មហា​ឧបរាជ ព្រះ​អនុជ​របស់​ព្រះ​ជ័យជេស្តា។ ឆ្នាំ​ក្រោយ​មក សៀម បាន​លើក​ទ័ព​ជើង​ទឹក​ក្រោម​បញ្ជា​ការ​រាជបុត្រ​ស្ដេច​សៀម នាម​ព្រះជេដ្ឋា មក​វាយ​ខ្មែរ​ទៀត តែ​ត្រូវ​ទទួល​បរាជ័យ ហើយ​ដក​ថយ​ទៅ​វិញ​ទៀត។

ចំណែក​ខាង​យួន វិញ ឯកសារ​ខ្លះ​បាន​រៀបរាប់​ថា ដោយ​ពេល​នោះ​ប្រទេស​យួន មាន​ចំបាំង​ជាមួយ​ចិន នៅ​គ្រិស្ដសករាជ​១៦២១ គណៈ​បេសកកម្ម​ទូត​របស់​យួន មួយ បាន​នាំ​សំបុត្រ​ពីរ​ច្បាប់​របស់​ព្រះ​ចៅ​អណ្ណាម មួយ​ច្បាប់ មក​ថ្វាយ​ព្រះ​ជ័យជេស្តា ជា​កូន​ប្រសា និង​មួយ​ច្បាប់​ទៀត​ថ្វាយ​ព្រះភគវី​អង្គ​ចូវ ឲ្យ​ជួយ​ទូល​ព្រះ​ស្វាមី​សុំ​ខ្ចី​ដី​ខេត្ត​កំពង់ក្របីព្រៃនគរ (ព្រៃនគរ) ដើម្បី​បង្ហាត់​សេនា​ទាហាន​យួន។ លិខិត​នោះ​បញ្ជាក់​ថា ការ​ខ្ចី​ដី​ធ្វើ​ជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ​មាន​រយៈពេល ៥​ឆ្នាំ គ្រប់ ៥​ឆ្នាំ​នឹង​សង​ថ្វាយ​វិញ។

ឯ​ឯកសារ​ខ្លះ​ថា ឆ្នាំ​១៦២៣ យួន បាន​សុំ​ព្រះរាជា​ខ្មែរ​បង្កើត​គ្រឹះស្ថាន​ជំនួញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ខ្មែរ​ភាគ​ខាង​ត្បូង ត្រង់​តំបន់​កំពង់ក្របីព្រៃនគរ ព្រម​ទាំង​សូម​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​កាន់​កាប់​ក្រសួង​គយ នៅ​តំបន់​នោះ​ផង។

ព្រះ​ជ័យជេស្តា ដោយ​យោគយល់​ដល់​ព្រះ​បិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូវ ផង ក៏​ទ្រង់​ព្រម​អនុញ្ញាត​តាម​ការ​ស្នើសុំ​នេះ។ គឺ​ចាប់​តាំង​ពី​ពេល​នោះ​មក​ហើយ ជនជាតិ​យួន បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួល​គ្នា​មក​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ។ ម៉្យាង​ទៀត ដោយ​យក​លេស​ថា​ដើម្បី​ជួយ​អាជ្ញាធរ​ខ្មែរ​ក្នុង​ទី​នោះ រក្សា​សន្តិសុខ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រះ​ចៅ​យួន ក្រុង​វ៉េ បាន​បញ្ជូន​មេទ័ព​របស់​គេ​ម្នាក់​ឲ្យ​មក​ឈរ​កាន់​កាប់​នៅ​តំបន់​នោះ​ទៀត​ផង។ សម្ព័ន្ធ​ភាព​ខ្មែរ​យួន ដែល​យើង​អាច​និយាយ​បាន​ថា ជា​សម្ព័ន្ធ​ភាព​យក​ក​ខ្មែរ​ទៅ​ល​អន្ទាក់ ឬ​យក​ពង​មាន់​ទៅ​ផ្ញើ​ក្អែក​នេះ បាន​ក្លាយ​ទៅ​ជា​ចំណេះ​ជិះ​ក​ឯង។

យ៉ាង​ណា​មិញ ខ្មែរ​ដែល​ចង់​គេច​ឲ្យ​ផុត​ពី​មេរៀន​ដ៏​ជូរចត់​នៃ​ការ​បាត់​បង់​ទឹក​ដី​ភាគ​ខាង​លិច​ដ៏​ធំ​ធេង​នោះ បាន​ចាប់​ផ្ដើម​ជំរុញ​ឲ្យ​បាត់​បង់​ដី​ភាគ​ខាង​ត្បូង​ទៀត ពោល​គឺ​ក្រោយ​ពី​ព្រះបាទ​ជ័យជេស្តា សុគត​ទៅ​នៅ​គ្រិស្ដសករាជ​១៦២៨ នោះ ទឹក​ដី​ខ្មែរ​ភាគ​ខាង​ត្បូង​ចាប់​ពី​ព្រៃនគរ បារា និង​ដូនណៃ កំពង់ស្រកាត្រី ទៅ​ទល់​នឹង​ព្រំ​ប្រទល់​អតីត​អាណាចក្រ​ចំប៉ា មាន​សុទ្ធតែ​ជនជាតិ​យួន មក​នៅ​ពាស​ពេញ ហើយ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​យួន រួច​ទៅ​ហើយ​ទៀត​ផង៕

ប្រភព៖ RFA

ឆ្លើយ​តប​

Please enter your comment!
Please enter your name here