ប្រពៃណី​ទង​ត្រចៀក​វែង​របស់​ទេព​អប្សរ

0
213

ទស្សនិកជន​ខ្មែរ​ដែល​បាន​អញ្ជើញ​ទៅ​ទស្សនា ​ប្រាសាទបន្ទាយស្រីនៅ​ខេត្តសៀមរាប​ បាន​ផ្តោតអារម្មណ៍យ៉ាងខ្លាំង​ចំពោះ​សោភ័ណភាព​របស់​ស្រី​ទេពអប្សរ​បុរាណ​ ជាច្រើន​ដែល​បុព្វបុរស​របស់ខ្លួន​បាន​ឆ្លាក់​សម្រាប់​តុ​បតែង​ទេវស្ថាន ដែល​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ ៩៦៧ នៃ​គ.ស ពោលគឺ​នៅ​ពាក់កណ្តាល​ទី ២ នៃ​ស.វ​ទី ១០ ក្នុង​រជ្ជកាល​របស់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ។ ដើមឡើយ​បូជនីយដ្ឋាន​នេះ​មាន​ឈ្មោះថា ឥ​ស្វរ​បុ​រៈ ឬបូរី​នៃ​ព្រះ​ឥសូរ ។

ស្រី​ទេពអប្សរ​ទាំងនោះ ​ដែល​ឆ្លាក់​ក្នុង​ឥរិយាបថ​ឈរ​ក្នុង​ស៊ុម​កោង​ផ្តិត​លើប្រាសាទ​ថ្ម​មានទឹក​ មុខស្រស់ សុភាពរាបសា ទន់ភ្លន់ ញញឹម​ស្រស់ ហើយ​នៅ​ត្រចៀក​ដែល​យារ​ធ្លាក់​ដល់​ស្មា គេ​ឃើញ​មាន​ពាក់​គ្រឿងអលង្ការ​ជា​ក្រវិលធ្វើ​ពី​មាស ឬ​សំរឹទ្ធ ។ គឺ​លក្ខណៈ​ខុសពី​ភាពប្រក្រតី​នេះហើយ ដែល​ធ្វើ​ឱ្យគេ​ធ្វើការ​ស្រាវជ្រាវ​អំពី​មូលហេតុ ឬអត្ថន័យ​របស់​ប្រពៃណី​ដាក់​ត្រចៀក​លំអ​ដោយមាន​ក្រវិលធំៗនៅ​ចុង​ស្លឹកត្រចៀក ​ផង ។ ហេតុដូចម្តេច​បានជានាង​ទេពអប្សរ​នៅ​ប្រាសាទបន្ទាយស្រីមាន​ស្លឹកត្រចៀក​ ធ្លាក់​ដល់​ដើមទ្រូង​ខុសពី​ទេពធីតាផ្សេងៗ ឯទៀត​ដូច​នៅ​អង្គរវត្ត ឬ​បាយ័ន​ជាដើម ។

ការ​គយគន់​នូវ​ចម្លាក់ ​បុរាណ​ទាំងនោះ ដែលមាន​ភាព​ញញឹម​ស្រស់ប្រិមប្រិយ ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​សប្បាយរីករាយ ព្រោះ ថា​ដំណើរ​មកកាន់​ទេវស្ថាន​ដើម្បី​បន់ស្រន់​បូជា​ទេវតា​មានការ​ហត់នឿយ​ យ៉ាងខ្លាំង ។ សូមបញ្ជាក់ថា ប្រាសាទបន្ទាយស្រីស្ថិតនៅ​ឆ្ងាយ​ ដាច់ស្រយាល​ពី​ទីប្រជុំជន ។ ស្ថានភាព​ទីតាំង​ពុំមែន​ធ្វើឡើង​ដោយ​គ្មាន​មូលហេតុ​សាសនា និង​ជំនឿ​នោះទេ ។ ប្រាសាទ​ដែល​ស្ថិតនៅ ​កាន់តែ​ឆ្ងាយ សាសនិកជន​ដែល​អញ្ជើញ​ដោយ​ថ្មើរជើង ជិះ​ដំរី សេះ ឬ​ដោយ​គ្រែស្នែង ធ្វើឱ្យ​សាមីខ្លួន​បានទទួល​កុសលផល​បុណ្យ​ កាន់តែច្រើន ។ ម្យ៉ាងវិញទៀត ទីតាំង​នេះ អាច​ឆ្លុះបញ្ចាំង​ឱ្យគេ​ឃើញ​ពី​ទស្សនៈ​ខ្មែរ​នា​សម័យបុរាណ​ដែល​ជឿ​លើ​ ប្រាសាទ ឬ​អាស្រម ​ដែលជា​កន្លែងសម្រាប់​អង្គុយ​តាំងធម៌ ឬ​ស្មឹង​ស្មាធិ៍​នៃ​តាបស ឬ​ព្រាហ្មណ៍ មិនត្រូវ​ស្ថិត​នៅក្បែរ​សង្គមមនុស្ស​ឡើយ ដែល​ប្រកបដោយ​ អស្ថេរភាព ហិង្សា ទោសៈ មោហៈ លោភៈ ។ល។

Batak1.jpg

 

 

 

 

 

 

 

លើសពីនេះទៅទៀត រូបចម្លាក់​ដ៏​ស្រស់បស់ មាត់​រីក​ស្គុះស្គាយ​ដូច​បុប្ផា និងឥរិយាបថ​ដ៏​ទន់ភ្លន់​របស់​ស្រី​ទេពអប្សរមាន​តួនាទី ​ធ្វើឱ្យ​សេចក្តី​ហត់នឿយ​ទៅជា​លែង​ហត់ អ្នកមាន​ទុក្ខ​ទៅជា​អស់​ទុក្ខ អ្នកមាន​កង្វល់​ក្លាយទៅជា​សប្បាយរីករាយ​ទៅវិញ ព្រោះ​នៅ​ទីនោះ​ ដែលជា​ទេវស្ថាន ហើយ​ដែលមាន​រូបនាង​ជា​អ្នកបម្រើ គឺជា​ស្ថានសួគ៌ ។

តាមរយៈ​រូបចម្លាក់​ ទាំងឡាយ​នៅ​បន្ទាយស្រី​ដំបូង​ឡើយ គេ​គិតថាប្រពៃណីនិយម​ត្រចៀក​វែង និង​ពាក់​ក្រវិលនៅ​ចុង​ទង ត្រចៀក ជា​ឥទ្ធិពល​នៃ​វប្បធម៌​ឥណ្ឌូនេស៊ី ដោយហេតុថា​ជនជាតិ​ដា​យ៉ាក់​ជា​ជនជាតិដើម​រស់នៅតាម​ព្រៃភ្នំ​ឱ្យ​តម្លៃ​ យ៉ាងខ្ពស់​ចំពោះ​ទំនៀមទម្លាប់​នេះ ។ ប៉ុន្តែ​ឥឡូវ​ចំពោះ​ទស្សនៈ​ខាងលើនេះ គេ​បាន​ផ្លាស់ប្តូរ​ចិត្តគំនិត​វិញ​ហើយ ព្រោះថា​គេ​ពុំទាន់​បាន​ប្រមូល​ឯកសារ​ដើម្បី​យកទៅ​ពិគ្រោះ​ពិភាក្សា​ឱ្យឃើញ​ ច្បាស់​លើ​បញ្ហា​នេះ ។

ម្យ៉ាងទៀត​កន្លងមកនេះ គឺ​រវាង​ឆ្នាំ ១៩៧៣-១៩៩៩ ក្រោយ​ពេលដែល​គេ​បាន​សិក្សា​ប្រពៃណី​បងប្អូន​ខ្មែរ​ដែលរស់​នៅតាម​ដង ព្រៃ​ភ្នំ ហើយ​ដែល​ពុំ​បានទទួលឥទ្ធិពល​នៃ​វប្បធម៌-អារ្យធម៌​ក្លិង្គ​ដូច​ខ្មែរ​នៅតាម​ វាលទំនាប និងឆ្នេរសមុទ្រ គេ​បាន​សម្គាល់ថា​ ការដែល​ខ្មែរ​នា ១០០០ ឆ្នាំមុន​ឆ្លាក់​ស្ត្រី​មាន​ស្លឹក និង​ទងត្រចៀក​វែង​ដល់​ទ្រូង​ដូច្នេះ ពុំមែន​ជាការ​ចៃដន្យ​ទេ ប៉ុន្តែ​វា​មាន​អត្ថន័យ​របស់​វា ។

តាមពិតទៅ ទស្សនៈ​ស្តីពី​សម្ផស្ស​ស្ត្រី ឬ​បុរស​ក្នុងសង្គមនីមួយៗ មាន​លក្ខណៈ​ប្រែប្រួល​ទៅតាម​យុគសម័យ ពោលគឺ​អាច​ផ្លាស់ប្តូរ​ទម្រង់ ។ ដូចគ្នានេះដែរ កាលណា​គេ​ឈប់​និយម​ប្រពៃណី​ណាមួយ​ហើយ ប្រពៃណី​នោះ​ត្រូវ​រលត់រលាយ​សាបសូន្យ​ដូច​ការ ពាក់​ក្រវិល និង​ត្រសាល់​ត្រចៀក​ដូច​ជនជាតិខ្មែរ​យើង​ពី​ដើម ។

ចំពោះ​ការដាក់​ក្រវិល​ ត្រចៀក​វែង យើង​គូរ​តែ​គិតថា​ជា​ម៉ូត​បុរាណ​មួយ​ដែល​ខ្មែរ​ធ្លាប់​និយម​លម្អ​ខ្លួនប្រាណ ក៏ប៉ុន្តែ​ឥឡូវនេះ វា​ហួស​សម័យ​ទៅហើយ ហើយ​គ្រាន់តែមាន​ចម្លាក់​ជា​ភស្តុតាង​នៃ​ការឱ្យ​តម្លៃ​របស់​បុព្វបុរស​ តែប៉ុណ្ណោះ ។

តាម​ការស្រាវជ្រាវ​រប​ ស់​យើង ប្រពៃណី​នេះ​កើតចេញពី​ខឿនវប្បធម៌​ស្រុក​អាយ​ដែលមាន​អាយុ​ច្រើន​ពាន់​ ឆ្នាំមកហើយ គឺ​បាន​ផ្តើមឡើង​នៅ​សម័យ​លោហធាតុ​រវាង ២០០០ ឆ្នាំ និង ១០០ ឆ្នាំមុន​គ.ស បើ​យើង​សំអាង​ទៅលើ​ក្រវិល​សំរឹទ្ធ ដែល​គេ​បាន​រកឃើញ​នៅក្នុង​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ជាច្រើន​ក្នុង​ ឧបទ្វីប​ឥណ្ឌូចិន​យើងនេះ​ដែលជា​ទឹកដី​កុលសម្ព័ន្ធ​មន-ខ្មែរ ។

មួយវិញទៀត មាន​ភស្តុតាង​ជាច្រើន​បញ្ជាក់​នៅ​តំបន់​ព្រៃភ្នំ​កុលសម្ព័ន្ធ​ខ្មែរ​យើង​ ជាច្រើន ជាទូទៅ​នៅតែ​និយមពាក់​ក្រវិល​ត្រចៀក​សំរឹទ្ធ​នេះ​មិន​ដាច់ តែ​សម័យបុរេប្រវត្តិសាស្ត្រ​រហូតដល់​បច្ចុប្បន្ន​កាល ហើយ​ការនិយម​នេះ​ត្រូវធ្វើឡើង​ចំពោះ​ស្ត្រីភេទ​ណា​ដែល​ស្តុកស្តម្ភ ឬ​មាន​ឋានៈ​ខ្ពង់ខ្ពស់ ។ លើសពីនេះ​ទៀតការនិយម​ក្រវិល​នេះ​ពុំមែន​ធ្វើឡើង​ដោយ​ឯកឯង​នោះទេ ឬក៏​ពុំបាន​ប្រារព្ធ​ពិធី​ឆ្លង​នោះ ដែរ ។

ពិតមែនតែ​ខ្សែ​ភ្នែក​ យើង​សព្វថ្ងៃ​ដែល​យើង​ឃើញថា ប្រពៃណី​ព្នង​នា​ជំនាន់​បុរាណ គេ​ទទួលស្គាល់ថា​ទង​ត្រចៀក​កាន់តែ​វែង​ សម្ផស្ស​ស្រី​កាន់​តែមាន​កម្រិត​ខ្ពស់ ទន្ទឹមនឹង​នេះដែរកិត្តិនាម​របស់​ស្ត្រី​កាន់តែ​ធំ ។

ឆ្លងតាម​ការស្រាវជ្រាវ ​ខាងលើ​បាន​ឱ្យគេ​ដឹងថា ថ្វីត្បិតតែ​ចំណាស់​គួរឱ្យមោទនភាព​នៃ​ប្រពៃណី​របស់​ជាតិយើង​បាន​រលត់​បាត់ទៅ ​ហើយក៏​ដោយ ក៏ប៉ុន្តែ​នៅសល់​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​នូវ​ចំណាស់​វប្បធម៌​ របស់ជនជាតិខ្មែរ​ដែលមាន​ការវិវឌ្ឍ​ពី​សម័យ មួយ​ទៅ​សម័យមួយ​យ៉ាងពិត​ប្រាកដ (ម.ត្រា​ណេ) ។

Bayon.jpg Khmer leu1.jpg

ប្រភព៖ វីគីភីឌា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here