វត្តឧណ្ណាលោម ជាទីអារាមប្រវត្តិសាស្រ្តដ៏មានវ័យចំណាស់នៅក្នុងប្រទេសកម្ពុជា

0
941
វត្តឧណ្ណាលោម គឺជាវត្តមួយក្នុងចំណោមវត្តទាំងប្រាំមួយ (វត្តកោះ, វត្ត លង្កា, វត្តព្រះពុទ្ធឃោសា, វត្តពាមផ្លុង, វត្តខ្ពបតាយ៉ង, និង វត្តឧណ្ណាលោម) ដែលកសាងឡើងក្នុងរជ្ជកាលព្រះបរមរាជាពញាយ៉ាត នាពុទ្ធសករាជ ១៩៧៨ ត្រូវនឹងគ្រឹស្តរាជ ១៤៣៤…។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទីអារាមវត្តឧណ្ណាលោម ក៏ដូចជាទីអារាមទាំងអស់ក្នុងទូទាំងប្រទេសដែរ គឺត្រូវបានទុកចោលឬប្រែក្លាយទៅមន្ទីរឃុំឃាំងតែម្តង។ 
កាលពីមុន ទីអារាមប្រវត្តិសាស្រ្តដ៏មានវ័យចំណាស់មួយនេះ គឺធ្លាប់​ស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំគ្រប់គ្រងដោយ សម្តេច​ព្រះសង្ឃរាជ ជួន ណាត និងបន្ទាប់មកគឺសម្តេចព្រះសុមេធាធិបតី ហួត តាត។ ក្រៅពីសម្តេចព្រះសង្ឃរាជ ជួន ណាត និង ហួត តាត ដែលជា​កំពូល​អ្នកប្រាជ្ញខាងអក្សរសាស្រ្តជាតិ និងមានចំណេះច្រើនភាសា កម្រ​មានព្រះភិក្ខុសង្ឃជំនាន់ក្រោយៗយើងនេះប្រៀបផ្ទឹមបាន ទីអារាម​នេះ​ក៏ជាថ្នាលបណ្តុះនូវបុព្វជិតឲ្យក្លាយជាអ្នកប្រាជ្ញអក្សរសាស្រ្តជាតិជា​ច្រើនអង្គផ្សេងទៀតដែរ ដូចជាព្រះភិក្ខុ ប៉ាង ខាត់, ព្រះគ្រូ សូរ ហាយ, ព្រះភិក្ខុ ខៀវ ជុំ ជាដើម។ បច្ចុប្បន្នទីអារាមប្រវត្តិសាស្រ្ត​ដ៏មាន​វ័យ​ចំណាស់​មួយនេះ គឺស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ គ្រប់គ្រង​​ដោយ​សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៃគណៈ​មហានិកាយ​នៃព្រះរាជាណាចក្រកម្ពុជា។
ពីដើមនៅកន្លែងវត្តឧណ្ណាលោម វាជាទួលមួយខ្ពស់ហើយមើលឃើញរាជធានីភ្នំពេញយ៉ាងច្បាស់ ព្រោះនៅក្នុងសម័យ​នោះវាជា​តំបន់ទឹកព័ទ្ធ​ជុំវិញ​ហើយវាលព្រៃរបោះៗ។ ពីដើមវត្តខ្ពបតាយ៉ង ហៅ “វត្តបទុមវតី” ខ្មែរយើង​កសាងអំពីឈើប្រកក្បឿង និងស្លឹកតូចៗ ដូចគ្នានឹង​វត្តឧណ្ណា​លោម​អញ្ចឹង​​ដែរ។ ប៉ុន្តែសម័យក្រោយមកខ្មែរយើងបានកសាងវត្តអារាមធ្វើអំពី​បេតុងធំ​ហើយខ្ពស់ៗដូចសព្វថ្ងៃ។
តាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា “ឧណ្ណា​លោម” មានន័យថា រោមប្រជុំចិញ្វើម។ ហើយបើតាម​ព្រះ​តេជ​គុណ​​មួយ​អង្គដែលគង់នៅទីវត្តឧណ្ណាលោម បានមាន​សង្ឃដី​កា​ថា នៅក្នុងវត្តនេះ​មានចេតិយមួយសល់តាំងពីសម័យបុរាណមកមេ៉្លះ ហើយចេតិយនោះ​មានឈ្មោះថា “ព្រះចេតិយឧណ្ណាលោម” ដែលជាកន្លែងទុកនូវរោម​ចិញ្ចើម ១ សរសៃវែង.ស.ឆ្មា នៃព្រះបច្ចេកពុទ្ធ ១អង្គ (ព្រះ​បច្ចេកពុទ្ធ គឺត្រាស់ដឹងនិងចូលនិព្វាន តែមិនអាច​ប្រោសប្រៀន​ប្រដៅ​សត្វលោក​បានទេ គឺបានសម្រេចផលតែអង្គឯង) គឺមិនមែនរោមចិញ្ចើមនៃ ព្រះ​សម្មាសម្ពុទ្ធសមណគោតមនោះទេ។ ហើយបើតាមឯកសារ​មួយ​បានបញ្ជាក់ថា ព្រះចេតិយឧណ្ណាលោមនេះ ការពិតទៅគឺជាប្រាសាទ​បុរាណមួយឈ្មោះថា “ប្រាសាទពោធិលោម” ដែលបានកសាងឡើង​តាំង​ពីសតវត្សរ៍ទី១១ មកមេ៉្លះ គឺមុនពេលដែល​ព្រះបរមរាជា​ពញា​យ៉ាត បានកសាងវត្តឧណ្ណាលោមនេះឡើង ហើយឈ្មោះរបស់វត្តនេះដែរ គឺគេបាន​ដាក់​ឈ្មោះតាម ព្រះចេតិយឧណ្ណាលោម នោះតែម្ដង។
នៅលើកក្រោយយើងខ្ញុំនឹងធ្វើការបង្ហាញជូននូវព័ត៌មានលម្អិតបន្ថែមទៀតអំពី “ប្រាសាទពោធិលោម” ដែលស្ថិតនៅក្នុងវត្តឧណ្ណាលោម​មួយ​នេះ ព្រមទាំងសំណង់បុរាណសំខាន់ៗ មួយចំនួនទៀតដូចជា ចេតិយ​របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងរូបសំណាក​ព្រះគម្លង់​ជាដើម​ មកចែករំលែកជូនបងប្អូនទាំងអស់គ្នាមិនខាន៕
ប្រភព៖ អានច្រើន ចេះច្រើន
ចែករំលែក
អត្ថបទ​មុនទស្សនៈទាំង ៥ ដែលគួរតែរៀនសូត្រតាម
អត្ថបទ​បន្ទាប់ប្រពៃណី​ទង​ត្រចៀក​វែង​របស់​ទេព​អប្សរ
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here