រឺ​ណេ ដេ​កាត ជាអ្នកទស្សនវិទូ អ្នកវិទ្យាសាស្ត្រ គណិត​វិទូ​បារាំង​ដ៏​ល្បីល្បាញ

0
218
ដេ​កាត​ (RENÉ DESCARTES-​កើត​នៅ​ឆ្នាំ ១៥៩៦ និង​ស្លាប់​ឆ្នាំ ១៦៥០ )​ មាន​ដើមកំណើត​នៅក្នុង​ក្រុងឡាអេ​ (La Haye) បច្ចុប្បន្ន​ហៅថា ក្រុង​ដេ​កាត​នៃ​ប្រទេស​បារាំង​។​
​នៅ​ឆ្នាំ​១៦០៦ គាត់​បាន​ចូលរៀន​នៅឯ​វិទ្យាល័យ ហ្សឺ​ស្វី (Jesuit) នៅឯ​ទីក្រុង ឡា​ផ្លែ​ស (La Flèche) ដែលមាន​មនុស្ស​ប្រមាណ​ជាង ១២០០​នាក់​កំពុង​ហ្វឹកហាត់​ដើម្បី​ចាប់យក​អាជីព​វិស្វកម្ម​យោធា​។ បន្ថែម​ពី​ការរៀន​ផ្នែក​ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ គណិតសាស្ត្រ និង​បរមត្ថវិជ្ជា (​ផ្នែក​មួយ​នៃ​ទស្សនវិជ្ជា​សម័យបូរាណ​) ពួកគេ​ត្រូវបាន​ង្រៀ​ន​ពី​អនុសាសន៍​នានា​របស់​អ្នកប្រាជ្ញ​ល្បីៗ​។ ពួកគេ​រៀន សម្តែង ច្រៀង តែង​កំណាព្យ រាំ ជិះសេះ និង​បោកចំបាប់​។​ល​។​
​ ​
​​នៅ​ឆ្នាំ ១៦១៤ ដេ​កាត​ធ្វើដំណើរ​ទៅ​ក្រុង​ពយ​ចេ (Poitier) ដែល​នៅ​ទីនោះ​គាត់​បាន​បន្ត​ការសិក្សា​ផ្នែក​ច្បាប់​នៅ​ឆ្នាំ​១៦១៦ ហើយ​ក្រោយមក​គាត់​បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ហូ​ឡង់ (Netherlands) ដោយបាន​ចំណាយ​ពេលវេលា ១៥​ខែ ធ្វើជា​សិស្ស​ក្រៅផ្លូវការ​ខាង​ស្ថាបត្យកម្ម​យោធា និង​គណិតវិទ្យា នៃ​កង​យោធា​របស់​ព្រះ​ចៅ​ប្រូ​តេស្ត​ង់​ព្រះអង្គម្ចាស់​ម៉ូ​រី​ស (Prince Maurice) ដែល​បាន​កាន់កាប់​អំណាច​ពី​ឆ្នាំ ១៥៨៥ ដល់ ១៦២៥​។​
​ដេ​កាត​បាន​ចំណាយពេល​ចន្លោះ​ពី​ឆ្នាំ ១៦១៩ ដល់ ១៦២៨ ធ្វើដំណើរ​ពី​អឺរ៉ុប​ខាងជើង​ទៅខាង​ត្បូង​ដើម្បី​សិក្សា​ពី​សៀវភៅ​ពិភពលោក (the book of the world)​។ នៅក្នុង​រដ្ឋ បូ​ហេ​មី (Bohemia)​ឆ្នាំ​១៦១៩ ដេ​កាត​បាន​បង្កើត​ធរណីមាត្រ​វិភាគ ដែលជា​បច្ចេកទេស​ដោះស្រាយ​បញ្ហា​ធរណីមាត្រ​តាមបែប​ពិ​ជ​គណិត​និង​ដោះស្រាយ​បញ្ហា​ពិ​ជ​គណិត​តាមបែប​ធរណីមាត្រ​។ គាត់​ក៏បាន​បង្កើត​នូវ​វិធាន​សកល​អនុមាណញែក (deductive reasoning)​ដែលមាន​មូលដ្ឋាន​គណិតវិទ្យា​សម្រាប់​ប្រើប្រាស់​ក្នុង​វិទ្យាសាស្ត្រ​ទូទៅ​។ វិធាន​នេះ​ត្រូវបាន​បញ្ចូល​ក្នុង​សៀវភៅ​“​សេចក្តីថ្លែងការណ៍​នៃ​វិធាន​”  (Discourse on Method)​ឆ្នាំ​១៦៣៧ និង “​ច្បាប់​ស្តីពី​ទិសដៅ​នៃ​ការគិត​” (Rules for the Direction of the Mind) (​ដែល​បាន​សរសេរ​តាំងពី​ឆ្នាំ ១៦២៨ តែ​មិនទាន់បាន​ផ្សព្វផ្សាយ​រហូតដល់​ឆ្នាំ​១៧០១) ក្នុងនោះ​មាន​វិធាន​បួន​សំខាន់ៗ​គឺ ៖ ទីមួយ មិន​ទទួលស្គាល់​អ្វីមួយ​ពិត​ឡើយ ទាល់​តែមាន​ភស្តុតាង​បង្ហាញ​ច្បាស់លាស់​។ ទី​ពីរ ការ​បំបែក​បញ្ហា​ស្មុគស្មាញ​ទៅជា​បំនែក​តូចៗ​សាមញ្ញ​។ ទី​បី ការដោះស្រាយ​បញ្ហា​តាម​លំដាប់​ពី​ស្រួល​ទៅ​ពិបាក​។ ទី​បួន ត្រួតពិនិត្យ​ភាពសមហេតុ​ផល​សារជាថ្មី​។ ច្បាប់​ទាំងអស់នេះ​ជាការ​អនុវត្ត​ជាក់ស្តែង​នៅក្នុង​ការដោះស្រាយ​បញ្ហា​គណិតវិទ្យា​។ លើសពីនេះ​ទៀត​លោក​ដេ​កាត បាន​ទទូចថា​គ្រប់​សញ្ញាណ​សំខាន់ៗ​ទាំងអស់ និង​ដែន​កំណត់​នៃ​បញ្ហា​នីមួយៗ​ត្រូវតែកំណត់​ឲ្យ​បាន​ច្បាស់​ជាមុន​។​
​ដេ​កាត បាន​ផ្លាស់​ទីលំនៅ​ទៅ​ប៉ារីស នៅ​ឆ្នាំ​១៦២២ ហើយ​គាត់​បានរស់នៅ​យ៉ាង​លំហែកាយ​នៅ​ទីនោះ​មួយរយៈ​។ ដេ​កាត បាន​ចងមិត្តភាព​ជាមួយ លោក​គណិត​វិទូ ក្លូត មី​ដរ (Claude Mydorge) និង​លោក​ឱ​ពុក ម៉ា​រី​ន មែ​សេន (Father Marin Mersenne) ដែលជា​វិញ្ញូ​ជន​ចេះ​សព្វគ្រប់ និង​អាចឆ្លើយតប​ជាមួយ​អ្នកប្រាជ្ញ​គ្រប់​ជំនាញ គាត់​ជា​អ្នកនិពន្ធ គណិត​វិទូ ជា​អ្នកវិទ្យាសាស្ត្រ និង​ជា​អ្នក​ដែល​ដេ​កាត​ទំនាក់ទំនង​ពិភាក្សា​រឿង​ចំណេះដឹង​ច្រើនជាងគេ​បំផុត​។ ដេ​កាត តែង​លួច​សរសេរ​ឯកសារ​និពន្ធ​របស់ខ្លួន​ទុក ដែល​បច្ចុប្បន្ន​ត្រូវបាន​បាត់​បង់អស់​។ ក្រោយមក​គាត់​បាន​ត្រឡប់មក​ហូ​ឡង់​ជាថ្មី​ម្តងទៀត​។​
លោក រឺ​ណេ ដេ​កាត (RENÉ DESCARTES) (១៥៩៦ ដល់ ១៦៥០)
សេចក្តី​ថ្លែង​ការ​នៃ​វិធាន​របស់​ដេ​កាត គឺជា​ស្នាដៃ​ទស្សនវិជ្ជា​មួយ​ដ៏​ល្បីល្បាញ​ដំបូង​គេ​ដែល​មិន​ត្រូវបាន​សរសេរ​ជា​ភាសាឡាតាំង​។ ដេ​កាត និយាយថា គាត់​សរសេរ​ជា​ភាសា​បារាំង​ដើម្បី​ឲ្យ​អ្នក​ដែលមាន​បញ្ញា​វៀងវៃ​រួមទាំង​ស្ត្រី​ផង​អាច​អាន​វណ្ណ​កម្ម​របស់គាត់ និង​រៀន​រិះគិត​ដោយ​ខ្លួនឯងបាន​។ គាត់​ជឿជាក់ថា​មនុស្ស​ម្នាក់ៗ សុទ្ធតែ​អាច​រកឃើញ​ចម្លើយ​ត្រឹមត្រូវ​ចេញពី​កំហុស​ដោយ​ហេតុផល​ធម្ម​ជាតិ​។ នៅក្នុង​ឯកសារ Dioptrics (​ឧបករណ៍​) ដេ​កាត បាន​បង្កើត​ច្បាប់​ចំណាំង​បែរ (Refraction)​ដែល​ក្នុង​ឧតុនិយមវិទ្យា​គាត់​ពន្យល់​ពី​បាតុភូត​ឥ​ន្ធ​នូ ហើយ​នៅក្នុង​ធរណីមាត្រ​វិទ្យា​គាត់​បាន​និយាយ​ពី​ធរណីមាត្រ​វិភាគ​ក្នុង​លំហរ​។ នៅក្នុង​ស្នាដៃ​ទាំងនោះ ដេ​កាត បាន​បញ្ចូល​ពី​ក្រមសីលធម៌​ផ្ទាល់ខ្លួន ដែលមាន (​ទីមួយ​) គោរព​ទំនៀមទម្លាប់ និង​ច្បាប់​ក្នុង​តំបន់​។​(​ទី​ពីរ​) ធ្វើការ​សម្រេចចិត្ត​ដោយ​ផ្អែកលើ​ភស្តុតាង​ល្អ​បំផុត​ហើយ​ប្រកាន់ខ្ជាប់​ការសម្រេច​នោះ​បីដូច​ជាការ​ពិត​។ (​ទី​បី​) ផ្លាស់ប្តូរ​ចំណង់​ជាជាង​ផ្លាស់ប្តូរ​ពិភពលោក និង (​ទី​បួន​) ព្យាយាម​ស្វែងរក​ការពិត​ជានិច្ច​។ ក្រម​ច្បាប់​នេះ​បង្ហាញ​ពី​ផ្នត់គំនិត​របស់​ដេ​កាត ដែលមាន​លក្ខណៈ អភិរក្សនិយម ដាច់ខាត​អត់ធ្មត់ និង​ការ​អធិដ្ឋាន​ខ្ពស់​។ ស្នាដៃ​របស់​ដេ​កាត បានបង្ហាញ​ពី​ពុទ្ធិ​នៃ​ចំណេះដឹង​របស់គាត់​ដែលមាន​លក្ខណៈ​ដូចជា​ដើមឈើ ដោយ​វា​មាន​ទំនាក់ទំនង​គ្នា​ហើយ​ឈរ​នៅលើ​មូលដ្ឋានគ្រឹះ​មួយ​។ ចំណេះដឹង​ខាង​បរមត្ថវិជ្ជា​ឬ​ទស្សនវិជ្ជា ប្រៀប​ដូចនឹង​ឫស​នៃ​ដើមឈើ រូបវិទ្យា​ប្រៀបដូចជា​ដើម ឯ​គណិតវិទ្យា វេជ្ជសាស្ត្រ មេកានិច និង សីលធម៌​ប្រៀបដូចជា​មែកឈើ​។​
ដេ​កាត កំពុងធ្វើការ​ងារ​
​នៅ​ឆ្នាំ​១៦៤១ ដេ​កាត​បាន​បោះពុម្ពផ្សាយ​វណ្ណ​កម្ម​មួយទៀត​មាន​ឈ្មោះថា “​ការធ្វើ​សមាធិ​ក្នុងដំណាក់កាល​ទីមួយ​នៃ​ទស្សនវិជ្ជា​ដែលជា​ការបង្ហាញ​អំពី​ព្រះ​ជា​ម្ចាស់ និង​ព្រលឹង​អមតៈ​” (Meditation on the First Philosophyin Which is Proved the Existence of God and the Immortality of Soul)​។ ការធ្វើ​សមាធិ​របស់​ដេ​កាត​គឺជា​វិធីសាស្ត្រ​ដែលជា​វិធាន​នៃ​ការសង្ស័យ ដើម្បី​លុបបំបាត់​ជំនឿ​ជាក់​ទាំងអស់​ពីមុន​។ អ្វីៗ​ដែល​បាន​ទទួលបាន​ពី​វិញ្ញាណ​ទាំង​ប្រាំ​ត្រូវ​ចាត់ទុកថា​មិនអាច​ជឿ​បាន ព្រោះ​ពេលខ្លះ​ប៉ម​(Tower) ដែលមាន​រាង​បួន​ជ្រុង អាច​នឹង​មើលឃើញ​ជា​រាង​មូល​នៅពេល​មើល​ពី​ចម្ងាយ​។ សូម្បីតែ​វត្ថុ​នឹង​រឿង​ដែល​កើត​ឡើ​ត​នៅ​ជិតៗ​ខ្លួន​គាត់​ក៏​មិនអាច​ជឿ​បានដែរ ព្រោះ​គាត់​បាន​អះអាងថា ពេលខ្លះ​គាត់​យល់សប្តិ​ឃើញ​របស់​ដែល​មិនអាច​មាន ហើយ​ពេលខ្លះ​ក៏​មិនអាច​ដឹងថា​តើ​ខ្លួនឯង​កំពុង​យល់សប្តិ​ឬក៏​អត់​ដែរ​។ ជា​ចុងក្រោយ សូម្បីតែ “២ + ៣ =៥” ឬ “​ការេ​មាន​ជ្រុង​បួន​” អីហ្នឹង ក៏​មិនអាច​ជឿ​បាន​ទាំងស្រុង​ដែរ ពីព្រោះថា​ព្រះ​ជា​ម្ចាស់​អាច​នឹង​កំណត់​ឲ្យ​គាត់​គិត​មក​របៀប​ហ្នឹង ឬ​ធ្វើ​ឲ្យ​រាប់​ខុស​គ្រប់ពេលវេលា​ទាំងអស់​ក៏​ថា​បាន​។​ជា​សរុបមក​នៅក្នុង​ទ្រឹស្តី​នៃ​ការសង្ស័យ​សកល ដេ​កាត​បាន​និយាយថា “​មាន​ភាវៈ​អាក្រក់​ដ៏​វ័យឆ្លាត​មួយ ដែលមាន​កម្លាំង​និង​ភាព​ប៉ិនប្រសប់​លើសគេ​បាន​ប្រើប្រាស់​ថាមពល​ទាំងអស់​ដើម្បី​បោកប្រាស់​ខ្ញុំ​”​។ ដេ​កាត​ក៏បាន​ពង្រីក​ទ្រឹស្តី​របស់ខ្លួន​ទាក់ទង​នឹង​វត្តមាន​នៃ​ព្រះ​ជា​ម្ចាស់​ដែរ​។ គាត់​បានចាប់ផ្តើម​ដោយ​អំណះអំណាង​ថា គាត់​អាច​យល់បាន​អំពី​ព្រះ​ជា​ម្ចាស់​តាំងពី​កំណើត​ថា​ជា​ភាវៈ​ដែល​ល្អឥតខ្ចោះ​។​
​រែ​ន​ណេ ដេ​កាត (​ខាងស្តាំ​) កំពុង​បង្រៀន​ក្ស​ត្រី គ្រីស្ទី​ណា​
នៅក្នុង​ឆ្នាំ ១៦៤៤ ដេ​កាត​បាន​បោះពុម្ពផ្សាយ​ពី​សៀវភៅ “​គោលការណ៍​នៃ​ទស្សនវិជ្ជា​” (Principles of Philosophy)​ដែល​ជាការ​ចងក្រង​នូវ​ចំនេះដឹង​បរមត្ថវិជ្ជា​រួមជាមួយ​រូបវិទ្យា​។ គាត់​បាន​លើកឡើងថា​មនុស្សលោក​ទាំងអស់ អាច​នឹងមាន​ការឆ្លើយ​តប​អារម្មណ៍​បែបណា​មួយ​អាស្រ័យ​នឹង​កត្តា​បទពិសោធន៍​ដែល​ពួកគេ​ធ្លាប់​ជួបប្រទះ​។ តាម​ទស្សនៈ​នេះ​ដេ​កាត​បាន​ការពារ​នូវ​មូលដ្ឋាន​សេរីភាព​ឆន្ទៈ​និង​សមត្ថភាព​នៃ​ការគិត​ក្នុងការ​គ្រប់គ្រង​ខ្លួន​។​
​ផ្នូរ​របស់​ដេ​កាត (១១ កុម្ភៈ ១៦៥០)
លោក ហិច​ទ័​រ ព្យែ​ឆា​ណុ​ត (Hector Pierre Chanut) ដែល​ត្រូវជា​បងថ្លៃ​នៃ​អ្នកបកប្រែ​ផ្ទាល់ខ្លួន​របស់​ដេ​កាត និង​ជា​ឯកអគ្គរាជទូត​នៅ​ប្រទេស​ស៊ុយអែត បាន​ធានា​ដេ​កាត​ឲ្យ​ចូលក្នុង​រាជវាំង​ម្ចាស់​ក្ស​ត្រី គ្រីស្ទី​ណា (Queen Christina) ដែល​បាន​ក្លាយជា​ស្តេច​ដ៏​មាន​ឥទ្ធិពល​នៅ​ទ្វីបអឺរ៉ុប ក្រោយពី​សង្គ្រាម​ជាង​សាមសិប​ឆ្នាំ​។​ដេ​កាត បាន​ទៅដល់​ទីនោះ​នៅ​ខែតុលា ឆ្នាំ​១៦៤៩​។​
​ដេ​កាត និយាយថា​នៅ​រដូវ​ត្រជាក់ អាកាសធាតុ​ទីនោះ​ត្រជាក់​ខ្លាំង​ស្ទើរតែ​កក​មនុស្ស​ដូចជា​ទឹក​។ ម្ចាស់​ក្ស​ត្រី​គ្រីស្ទី​ណា​ដែលមាន​ព្រះជន្ម​តែ​២២​ឆ្នាំ​វស្សា បាន​ចាត់​ឲ្យ​ដេ​កាត (​អាយុ​៥៣​ឆ្នាំ​) បង្រៀន​ទស្សនវិជ្ជា​ដល់​ទ្រង់​នៅ​រៀងរាល់​ព្រឹក​ព្រលឹម​ម៉ោង​៥ ទោះបីជា​ដឹងថា​ដេ​កាត​ទម្លាប់​ដេក​ដល់​ម៉ោង​១១​ក៏ដោយ​។ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ១៦៥០​ដេ​កាត​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​ជម្ងឺ​រលាក​សួត​និង​បាន​ស្លាប់​នៅ​ទីក្រុង​ស្តុក​ខុម​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​។ អ្នកបម្រើ​អាល្លឺម៉ង​ម្នាក់​បាន​ឲ្យ​ដឹងថា​ដេ​កាត​ស្លាប់​នៅពេល​គាត់​ស​ម្លប់​បាត់ស្មារតី ហើយ​បាន​ចាកចេញ​ទៅដោយ​គ្មាន​បន្សល់ទុក​ពាក្យពេចន៍​អ្វីមួយ​ម៉ាត់​៕
ប្រភព៖ CEN

ឆ្លើយ​តប​

Please enter your comment!
Please enter your name here