ជីវិតរបស់អ្នកប្រាជ្ញ អាល់ប៊េឺរ៍ត អាញស្តាញ (Albert Einstein)

0
755

“ខ្ញុំមានសេចក្តីសុខជារៀងរាល់ថ្ងៃ ព្រោះខ្ញុំមិនដែលចង់បានអ្វី​ មិន​ខ្វល់​ពីមាសប្រាក់ តំណែង ពាក្យពេចន៍លើកតម្កើង ពានរង្វាន់រឺអំណាចកិត្តិយស។ របស់ដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខ គឺការដែល​បាន​​ធ្វើការងារ បានលេងវីយ៉ូឡុង ហើយនឹងការបើកបរ​ទូក​ក្តោង​” អាល់ប៊ើរ៍ត អាញស្តាញ

ជារៀងរាល់ឆ្នាំ តែងមានមនុស្សអច្ឆរិយៈកើតឡើងសន្ធឹកសន្ធាប់។ ជា​រៀងរាល់ 10​0 ឆ្នាំម្តងទើបមានមហាអច្ឆរិយៈកើតឡើង តែ​សម្រាប់​​​អភិមហាអច្ឆរិយៈត្រូវនាំគ្នារងចាំដល់រាប់ពាន់ឆ្នាំ។ ចាត់​ទុក​ថាជាសំណាងល្អរបស់មនុស្សជាតិដែលកាលពី 500 ឆ្នាំ​កន្លង​ទៅ​នេះ​បានមានមនុស្សអណ្តាប់ថ្នាក់អភិមហាអច្ឆរិយៈ​កើតឡើង​ដល់​ទៅ​ពីរនាក់គឺ អ៊ីសាក់ ញូវតុន (Sir Isacc Newton) ហើយនិង អាល់ប៊ើរ៍ត អាញស្តាញ (Albert Einstein)។ អ្នកទីមួយកើតមកដើម្បីក្រឡាប់ពិភពលោក ចំណែកអ្នកទីពីរ កើតម​កដើម្បី​ក្រឡាប់​ពិភព​ច​ក្រវាឡ។

ថ្ងៃទី 14 ខែមិនា គ.ស. 1879 នៅក្រុងអ៊ូល៍ម (Ulm) ប្រទេសអាល្លឺម៉ង់  គឺជាថ្ងៃដែលពិភពលោកបាន ស្វាគមន៍បុគ្គលម្នាក់ដែលមេឃបញ្ជូនមកកើតដើម្បីឲ្យបើកមិតិទី4 (The fourth Dimension)  ទារកម្នាក់នោះត្រូវបានទិន្ននាមថា អាល់ប៊ើរ៍ត អាញស្តាញ។

ជីវិតកាលពីនៅវ័យក្មេង

150px-Albert_Einstein_as_a_childនៅពីវ័យក្មេង អាញស្តាញ ជាមនុស្សនិយាយយឺត។ ខណៈដែលក្មេងភាគ ច្រើន​តែងនិយាយមុនគិត តែអាញស្តាញជាមនុស្សគិតមុននិយាយ បង​ស្រី​របស់គាត់បានប្រាប់ថា ខណៈពេលកំពុងជជែកគ្នា ជួន​កាលគាត់​ឈប់​​ធ្មឹងដើម្បីគិតជាយូររួចហើយទើបនិយាយតទៅទៀត ហើយបើ​មាន​រឿង​អ្វី​ដែល​គាត់ចាប់អារម្មណ៍គាត់នឹងយក​ចិត្តទុក​ដាក់ក្នុង​រឿងនោះ​យ៉ាង​ខ្លាំង ព្យាយាមស្វែងរកចម្លើយតបដោយ មិនព្រម​បោះបង់ចោល​ឡើយ​។

ការហ្វឹកហាត់គិតមុននិយាយ ធ្វើឲ្យអាញស្តាញ​មានពាក្យពេចន៍​ជ្រាល​ជ្រៅ​​។ សំណួររបស់គាត់ កាលនៅពីក្មេងជាសំណួរដែលពិបាកឆ្លើយ ដូច​ជាសួរថា “ហេតុ​អ្វី​ទ្រនិច​ត្រី​វិស័យចង្អុលទៅទិសខាងជើង?” “ភាពងងឹតកើតឡើង​បានយ៉ាង​ដូច​ម្តេច​?”​ “ពេលភ្លើង​រលត់​ហើយ កម្តៅបាត់ទៅទីណា?” “ពន្លឺព្រះអាទិត្យធ្វើដោយអ្វី?” “បើយើងអាចរត់​ទៅ​តាម​ពន្លឺរស្មី​បានតើ​នឹង​កើតអ្វីឡើង?” សំនួរទាំងនេះជួនកាលធ្វើឲ្យគ្រូមិនយល់​ហើយគិតថាគាត់​មាន​បញ្ហាខួរក្បាល ព្រោះ​ក្មេងទូទៅគេមិនដែលសួរអ្វីបែបនេះទេ។

សេចក្តីសង្ស័យពីវ័យក្មេងធ្វើឲ្យគាត់អាចគិតទ្រឹស្តីសម្ព័ន្ធភាព (Theory of Relativity) បាន។ ប្រយោគមួយគាត់បានសរសេរទុកថា “ក្មេងរាល់គ្នាមានសេចក្តីសង្ស័យក្នុងរឿងចម្ងាយផ្លូវនិងថេរវេលា តែពេលធំឡើងពួកគេក៏ភ្លេចវាអស់ សំណាងល្អដែលសេចក្តីសង្ស័យរបស់ខ្ញុំវាស្ថិតនៅ ទើបខ្ញុំអាចយល់បញ្ហាបានជ្រាលជ្រៅជាងក្មេងដទៃទូទៅ”។

ចំណុចផ្លាស់ប្តូរដ៏សំខាន់ក្នុងជីវិតរបស់អាញស្តាញ គឺដោយសារអ្នកសិក្សាពេទ្យម្នាក់ដែលមកទទួលទានអាហារពេលល្ងាច នៅផ្ទះរបស់គាត់ជារៀងរាល់សប្តាហ៍។ (ក្រុមគ្រួសារជនជាតិជ្វិវមានទំនៀមថា ក្នុងមួយសប្តាហ៍ ត្រូវអញ្ជើញជនជាតិជ្វិវដែលមានចំណេះដឹងមកទទួលទានអាហារពេលល្ងាចនៅផ្ទះរបស់ខ្លួនមួយពេល)។​  អ្នកសិក្សាពេទ្យម្នាក់នេះបានឲ្យ អាញស្តាញ ខ្ចីសៀវភៅ គ្រប់ប្រភេទដែលត្រូវការក្រៅពីនេះថែមទាំងជួយស្រាវជ្រាវពីបណ្ណាល័យនិងតបសំនួរជ្រៅផ្នែកខាងគណិតសាស្ត្រ ទស្សនវិជ្ជា វិទ្យាសាស្រ្តគ្រប់ពេលវេលា ជាមិត្តសម្លាញ់​ផ្សេងវ័​យ​ដែលនិ​យាយគ្នាត្រូវមាត់ត្រូវក បញ្ហាខ្លះត្រូវជជែកគ្នារាប់ម៉ោង។ ក្នុងថ្ងៃបែកគ្នា អ្នកសិក្សាពេទ្យ​ម្នាក់នេះ​បាន​ឲ្យសៀវភៅតម្រារេខាគណិតដល់អាញស្តាញទុកជាទីរលឹក ដែលនៅពេលក្រោយមក​អាញ​ស្តាញ បានប្រាប់ថា សៀវភៅមួយក្បាលនេះបានប្តូរជីវិតរបស់គាត់ វាមានការគណនា​ដែល​សរសេរ​ជា រូបភាព ន័យសេចក្តីច្បាស់លាស់ ធ្វើឲ្យគាត់ចូលចិត្តជាខ្លាំងហួសបរិយាយ។

អាញស្តាញ ជាមនុស្សដែលស្គាល់ចំណុចខ្សោយរបស់ខ្លួនឯង។ ក្នុងសៀវភៅអត្តជីវប្រវត្តិ មានអត្ថបទមួយដែលបានសរសេរទុកកាលគាត់អាយុ 16 ឆ្នាំថា… “ខ្ញុំមានក្តីសុបិនចង់ក្លាយជាគ្រូបង្រៀនវិទ្យាសាស្រ្ត ជាពិសេសក្នុងផ្នែកទ្រឹស្តី ព្រោះខ្ញុំដឹងថាគ្មានសមត្ថភាពផ្នែកខាងបតិបត្តិ” ។ ដោយហេតុនេះឯងភាពជោគជ័យរបស់ អាញស្តាញ ទើបគ្មានវត្ថុប្រឌិតច្រើនដូចជា ថូម៉ាស់ អាល់វ៉ា អេឌីសាន់ (Thomas Alva Edison) តែទ្រឹស្តីដែលគាត់រកឃើញក៏មានគុណតម្លៃអនេក អនន្តចំពោះមនុស្សជាតិ ដល់ថ្នាក់អាចបដិវត្តិពិភពលោកចូលដល់រលកទី3 បាន។

ហេតុផលមួយទៀតដែលធ្វើឲ្យអាញស្តាញជ្រើសរើសធ្វើជាអ្នកវិទ្យាសាស្រ្តក៏គឺ គាត់ឃើញថា ការសាងវត្ថុប្រឌិតខាងវិទ្យាសាស្ត្រដើម្បីតបស្នងកិលេសតណ្ហា មិនមែនជាមធ្យោបាយដែលនឹងធ្វើឲ្យមនុស្សអាចទទួលបាននូវសេចក្តីសុខយ៉ាងពិតប្រាកដឡើយ។

កេរ្តិ៍ឈ្មោះ និងកិត្តិយស

ក្នុងពេលដែលគេអញ្ជើញឲ្យគាត់ធ្វើជាប្រធានាធិបតីទី2 នៃប្រទេសអ៊ីស្រាអ៊ែលក្នុងឆ្នាំ គ.ស.​1952។  អាញស្តាញជាមនុស្សសំខាន់ដែលជួយឲ្យប្រទេស អ៊ីស្រាអ៊ែល កើតឡើងបាន តែគាត់បាន​​បដិសេធតំណែងដ៏អស្ចារ្យនោះ ព្រមទាំងឲ្យហេតុផលថា “នយោបាយជារឿងបណ្តោះអាសន្ន តែ​សមការគង់នៅនិរន្តរ៍” នោះជាពាក្យនិយាយលេងរបស់អាញស្តាញ តែការពិតក្នុង សំបុត្រ​បដិសេធ​របស់គាត់សរសេរទុកថា “ខ្ញុំមានសេចក្តីរំភើបចិត្តជាខ្លាំង ចំពោះសម្នើរបស់រដ្ឋាភិ​បាល​អ៊ីស្រាអ៊ែល​ តែក៏មានអារម្មណ៍ក្រៀមក្រំនិងខ្មាសអៀនដែលមិនអាចទទួលយកសម្នើនេះបាន។ ជីវិតរបស់ខ្ញុំសុទ្ធតែទាក់ទងជាមួយនឹងរបស់ដែលជាវត្ថុ ទើបធ្វើឲ្យខ្ញុំខ្វះជំនាញក្នុងការគ្រប់គ្រងមនុស្សម្នា ហើយនឹងការចាត់ការភារកិច្ចដែលជាផ្លូវការដោយហេតុផលនេះ ខ្ញុំទើបមិនសក្តិសមនឹងតំណែងដ៏សំខាន់នេះ នៅមិនទាន់រាប់ទាំងអាយុក៏ច្រើនសុខភាពក៏កាត់បន្ថយកម្លាំងពលំរបស់ខ្ញុំ”។ ក្នុងពេលនោះ អាញស្តាញ មានអាយុ 71 ឆ្នាំទៅហើយ។ ជនជាតិអ៊ីស្រាអ៊ែល ខូចចិត្តជាខ្លាំង ហើយប្រាប់ថាមានតែគាត់ប៉ុណ្ណោះដែលសក្តិសមបំផុតសម្រាប់តំណែងនេះ តែនឹងធ្វើ​ដូចម្តេចបាន បើគាត់មិនព្រមទទួល។

មិនប្រាកដទេ បើអាញស្តាញទទួលធ្វើជាប្រធានាធិបតីរបស់ប្រទេសអ៊ីស្រាអ៊ែល គាត់អាចនឹងក្រាលគ្រឹះប្រទេសនេះរហូតធ្វើឲ្យទំនាស់នៅមជ្ឈឹមបូព៌ាមិនកើតមានឡើងក៏ថាបាន។ គ្រាមួយគាត់ធ្លាប់ប្រឹក្សាជាមួយនឹង ស៊ិកម៉ាន់ដ៍ ​្រហ្វាយដ៍ (Sigmund Freud) ឲ្យជួយវិភាគចិត្តមនុស្សថា ហេតុអីចូលចិត្តកសង្រ្គាម ហើយនឹងប្រឹក្សាជាមួយ មហាត្មៈ គន្ធី ក្នុងការបញ្ឈប់សង្គ្រាមលើលោកនេះ។ អាញស្តាញ ជាមនុស្សដែលស្អប់ខ្ពើមសង្គ្រាមជាខ្លាំង ហើយគាត់គឺជាមនុស្សម្នាក់ដែល ជួយធ្វើឲ្យកើតអង្ការសន្និបាតជាតិ ដែលក្រោយមកអភិវឌ្ឍទៅជាអង្ការសហប្រជាជាតិ ដើម្បីការពារពិភពលោកមិនឲ្យកើតសង្គ្រាម។

មិនត្រឹមតែនយោបាយប៉ុណ្ណោះទេ សូម្បីរោងល្ខោននៅទីក្រុងឡុងដ៍ ក៏ធ្លាប់ស្នើប្រាក់មួយដុំធំគ្រាន់​តែសុំឲ្យគាត់ឡើងទៅឈរលើវេទិកាមួយស្របក់ដើម្បីឃោសនាតែក៏ត្រូវបានបដិសេធ។ វង់ការហូលីវូត ព្យាយាមទាក់ទងឲ្យគាត់រួមសម្តែងភាពយន្ត ដោយស្នើតម្លៃខ្លួនឲ្យគាត់ជាចំនួនទឹកប្រាក់មហាសាល តែក៏បានទទួលចម្លើយតបថា “មនុស្សយើងនាំគ្នាឈ្លក់វង្វេងនឹងតារាត្រឹមរម្លងរាត្រី​ ថ្ងៃស្អែកនេះក៏ភ្លេចអស់ទៅហើយ។” ទោះបីជាគាត់មិនចូលចិត្តវង់ការមាយាក្តី តែទ្រឹស្តីរបស់​គាត់ក៏ត្រូវបាននាំយកមកសាងភាពយន្តមិនតិចជាងមួយរយរឿង ហើយស្ទើរតែគ្រប់រឿងសាង​ចំណូល​មហាសាល រួមទាំងរឿងចុងក្រោយដែលសាងចំណូលលេខ 1 លើ​លោក​កាល​ពី​ឆ្នាំ​2009 គឺរឿង “អវតារ” (Avatar)។

images (1)នៅសម័យនោះ មានក្រុមគ្រួសារជាច្រើនបាននាំយករូបរបស់គាត់ទៅ​បិទទុកនៅលើជញ្ជាំងផ្ទះ  រដ្ឋាភិបាលអ៊ីស្រាអ៊ែលនាំយករូបរបស់គាត់​បោះពុម្ពលើធនប័ត្រ អ្នក​ខ្លះ​នាំយកទៅបណ្តោងខ្សែក រហូតអាញ​ស្តាញ​​​មាន​អារម្មណ៍​មិន​សប្បាយ​​ចិត្ត ហើយរំសាយអារ​ម្មណ៍ចេញ​មក​ជា​បទឃ្លោង​ ដូច្នេះ​ថា​ “មាន​មនុស្ស​ស្រឡាញ់គឺល្អអស្ចារ្យ ទៅណា​មក​ណា​​មានគេរាក់ទាក់ តែ​ខ្ញុំ​កង្ខា​ចិត្តមិនជឿជាក់ ថាខ្ញុំរឺអ្នកគិត​ឆ្កួតខ្លួន​ឯង​។”​ ក្នុងយុគនោះ​មិន​ថា​គាត់​ធ្វើអ្វីក៏ជាព័ត៌មានទាំងអស់។ មានពេល​មួយ​នោះ គាត់ធុញ​ទ្រាន់​ចំពោះ​អ្នកយកព័ត៌មាន ដែលតាមថត​រូបទើប​លាន​អណ្តាតដាក់ អ្នក​ថត​រូប តែការ​លាន​អណ្តាតរបស់គាត់​ត្រឡប់​ក្លាយ​​ទៅជារូបបែប​ទំនៀម​ទម្លាប់​​មួយរបស់ជនជាតិអាមេរិក នៅយុគនោះតែម្តង នរណាមាន​អារម្មណ៍​ធុញ​ទ្រាន់ ​រឺត្រូវការឲ្យដឹងថាជាមនុស្សចូលចិត្តលេងបែបសប្បាយៗ ក៏តែងលានអណ្តាត។

សម្តីឬមតិយោបល់ផ្សេងៗ របស់អាញស្តាញ មានឥទ្ធិពលចំពោះមនុស្សលោកជាខ្លាំង រហូតមក​ដល់បច្ចុប្បន្ននេះ។ ប្រយោគអមតៈជាច្រើនតែងត្រូវបាននាំយកមកអាងជាប្រចាំ។

ពេលគាត់ធ្វើដំនើរទៅទីកន្លែងណា តែងមានមនុស្សម្នាចាំទទួលស្វាគមន៍យ៉ាងគគ្រឹកគគ្រេង។​ ថ្ងៃដំបូងដែលគាត់ទៅសហរដ្ឋ កំពង់ផែញូវញ៉ក ស្ទើរតែភ្លូកដោយសារហ្វូងមហាជន។ ប្រទេសជប៉ុន ប្រកាសឲ្យថ្ងៃដែលគាត់ទៅធ្វើទស្សនកិច្ចជាថ្ងៃឈប់សម្រាកប្រចាំជាតិ។ ពេលទៅកាន់ប្រទេសណា ព្រះមហាក្សត្ររឬមេដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសនោះតែងមកចាំទទួលស្វាគមន៍​។ គាត់​​​ជា​ព្រះសហាយជិតស្និទ្ធរបស់ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ និងបេលយៀម(Belgium)។

សកលវិទ្យាល័យទូទាំងពិភពលោកព្យាយាមស្នើតំណែងឲ្យគាត់ ព្រមជាមួយផលកម្រៃដ៏ច្រើន​គ្មាន800px-IAS_Princetonកំណត់ តែគាត់ជ្រើសរើស យកសកលវិទ្យាល័យ ព្រិនស្តុន (Princeton University) ដែលសកល​វិទ្យាល័យ (college town) តូចមួយ ហើយរស់នៅទី​នោះ​រហូត​អស់មួយជីវិត។

អាញស្តាញ ជាមនុស្សមិនឈ្លក់វង្វេងជាមួយនឹងពាក្យសរសើរបញ្ជោះបញ្ជោរ កេរ្តិ៍ឈ្មោះ កិត្តិយស ហើយមិន​ខ្វល់​នឹងទ្រព្យសម្បត្តិមាសប្រាក់ គ្មាន​កើត​ទុក្ខ​ក្តៅ​ក្រហាយ​​អ្វី​ ក្នុងកាល​ដែលទ្រព្យសម្បត្តិ​នៅឯ​ប្រទេស​​​អាល្លឺម៉ង់ត្រូវពួកណាស៊ីរឹបអូសយកអស់។ ថ្ងៃដែលប្តូរទៅទទួលតំណែងសាស្ត្រាចារ្យ​នៅ​សហរដ្ឋ​អាមេរិក ចំនួនប្រាក់ខែ​ដែលគាត់​សរសេរ​ស្នើ​នៅក្នុងសំណុំរឿងតិចជាងប្រាក់ខែរបស់​អ្នកយាម​សាលា​នៅទីនោះទៅទៀត។ ក្នុងពេល​ដែល​គាត់បានទទួលរង្វាន់ណូបែល គាត់មិន​បាន​ទៅទទួលដោយខ្លួនឯង ហើយថែមទាំងប្រគល់​ប្រាក់​រង្វាន់​​ទាំងអស់ឲ្យទៅ មិលេវ៉ា ជាភរិយា​ដំបូងដែលបានលែងលះគ្នាទៅហើយ។ ក្រៅពីនេះ​គាត់​ថែម​ទាំងបានទទួលសញ្ញាប័ត្រកិត្តិយស (Honorary Degree) ក្នុងសាខាផ្សេងៗ ពីសកលវិទ្យា​ល័យ​ល្បីឈ្មោះទូទាំងពិភព​លោករាប់​មិន​អស់ រហូតក្រោយមកគាត់បានប្រកាសប្រាប់ថាសុំ​ឈប់​ទទួលយកទៀតហើយ។ នរណាដែល​កាន់​សៀវ​ភៅរបស់អាញស្តាញដើរទៅមកនឹងទទួលបាន នូវការពិតពិលរមិលមើលយ៉ាង​ស្ងើច​សរសើរ ​បើទោះបីជាអានមិនដឹងរឿងក៏ដោយ។

គាត់ធ្លាប់សរសេរទុកថា… “ដែលខ្ញុំមានសេចក្តីសុខជារៀងរាល់ថ្ងៃនេះ ព្រោះខ្ញុំមិនដែលច​ង់បា​ន​អ្វី​ មិនខ្វល់​ពី​មាសប្រាក់ តំណែង ពាក្យពេចន៍លើកតម្កើង ពានរង្វាន់ រឺ អំណាចកិត្តិយស។ របស់​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​មានសេចក្តីសុខគឺការ ដែលបានធ្វើការងារ បានលេងវីយ៉ូឡុង ហើយ​នឹង​ការ​បើក​បរ​ទូក​ក្តោង” ។

បើអាញស្តាញត្រូវការស្វែងរកទ្រព្យសម្បត្តិមាសប្រាក់មេ៉្លះគាត់ក្លាយជាអភិមហាសេដ្ឋីទៅហើយ មានគ្រាមួយគាត់ត្រូវការរកទុនសម្រាប់ប្រឆាំងណាស៊ី ទើបនាំយកច្បាប់ដើមទ្រឹស្តីសម្ព័ន្ធភាព ដែលសរសេរដោយដៃយកមកដាក់ដេញថ្លៃ លទ្ធផលគឺគាត់បានប្រាក់ដល់ទៅ 6,000,000​ ដុល្លា ក្រៅពីនោះ ក្នុងមួយឆ្នាំៗ នៅមានមនុស្សនិរនាមផ្ទេរប្រាក់បរិច្ចាគឲ្យគាត់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀត។

អាដហ្វ អ៊ីទ្លែ (Adolf Hitler) បានដាក់ថ្លៃក្បាលរបស់គាត់ជាទឹកប្រាក់ចំនួនមហាសាលក្នុងការតាម​សម្លាប់គាត់ រហូតអាញស្តាញពោលថា “ខ្ញុំមិនដែលដឹងខ្លួន​ពីមុនមកឡើយថាខ្លួន​ឯងមាន​តម្លៃសន្ធឹកសន្ធាប់ដល់ថ្នាក់នេះ” ភ្នាក់ងារ​សម្ងាត់​របស់អាល្លឺម៉ង់​អាចសម្លាប់គាត់​បានភ្លាមក្នុង​ពេល​​​​ណាដែលមានឱកាស។ អេលសា ភរិយា​របស់គាត់ព្យាយាម​ប្រាប់ឲ្យ​គាត់ឈប់​និយាយ​ប្រឆាំង​​​​នឹងពួក ណាស៊ី តែគាត់បដិសេធ​ដោយ​ប្រាប់ថា “បើខ្ញុំបិទមាត់ស្ងៀម ខ្ញុំក៏មិន​មែន​អាញ​ស្តាញ​។” គាត់ធ្លាប់ និយាយទៀតថា “ការខ្លាចស្លាប់ ជាសេចក្តីខ្លាចដែល​ឥតប្រយោជន៍​បំផុត​ក្នុង​បណ្តា​សេចក្តីខ្លាចទាំងពួង។”

ប្រាំឆ្នាំមុននឹងបាត់បង់ជីវិត អាញស្តាញបានធ្វើមតកសាសន៍ប្រគល់កម្មសិទ្ធិស្នាដៃរបស់គាត់ទាំង អស់ឲ្យដល់សកលវិទ្យាល័យមួយកន្លែង ដែលចាត់ទុកថាជាមតកដែលមិនអាចកាត់ថ្លៃបានឡើយ គួរឲ្យស្តាយដែលស្នាដៃចាស់ៗ កាលគាត់បានសរសេរនៅអាល្លឺម៉ង់ត្រូវពួកណាស៊ីរឹបអូសយកទៅដុតចោលអស់។ អ៊ីទ្លែ ប្រមូលអ្នកចេះអ្នកដឹងខ្ពង់ខ្ពស់បំផុតរបស់អាល្លឺម៉ង់បានប្រហែល មួយរយនាក់យកមកមួលបង្កាច់ទ្រឹស្តីរបស់ អាញស្តាញ ថាឥតប្រយោជន៍ (ដែលត្រឡប់ជា សំណាងល្អរបស់មនុស្សជាតិ)។ អាញស្តាញ តបទៅវិញដោយអត្ថបទថា ហេតុអ្វីចាំបាច់ប្រមូលមនុស្សមកដល់ទៅមួយរយនាក់ បើអាចពិសោធន៍បានថាខ្ញុំខុសតែមួយនាក់ក៏គ្រប់គ្រាន់ណាស់​ទៅ​ហើយ។

លោភៈជាកិលេសថ្នាក់ខ្ពស់ រងពីមានៈ (សេចក្តីប្រកាន់ខ្លួន) អ្នកបតិបត្តិធម៌ភាគច្រើនមិនអា ឡើង​​ហួសពី សោតាប័ន ទៅបានព្រោះកាត់លោភៈមិនដាច់ ហើយបើនឹងបន្លុះដល់ថ្នាក់អនាគាមី និង​អរហន្ត ត្រូវកាត់មានៈឲ្យដាច់គ្មានសេសសល់ បើទោះបីជាអាញស្តាញមិនមែនជាពុទ្ធសាសនិកជន តែគាត់ក៏មានលោភៈហើយនឹងមានៈហាក់តិចតួចស្តួចស្តើងណាស់។

ជីវិតរបស់អាញស្តាញ ហាក់សាមញ្ញ មិនចូលចិត្តតែងខ្លួន មិនសិតសក់  (មានអ្នកពោល​ថាម៉ូត​សក់ របស់គាត់ដូចត្រូវអគ្គិសនីឆក់) មិនពាក់ស្រោមជើង ហើយនឹងស្លៀកពាក់​សម្លៀកបំពាក់​ឈុត​ចាស់​ៗ។ មានថ្ងៃមួយ គណៈរដ្ឋមន្ត្រីរបស់ប្រទេសអាល្លឺម៉ង់នឹងមកលេងនៅឯផ្ទះ អែលសា ភរិយា​របស់​​គាត់ទ្រាំមិនបាន អង្វរករឲ្យគាត់ស្លៀកពាក់ស្អាតបាតហើយនឹងពាក់ស្រោមជើងផង ដើម្បី​ទទួលស្វាគមន៍ភ្ញៀវកិត្តិយស អាញស្តាញ ធ្វើកិរិយាត្រិះរិះរួចហើយតបថា “អេ! ខ្ញុំយល់ច្រឡំ គិត​ថា​ពួកគេនឹងមករកខ្ញុំ តាមពិតមកមើលសម្លៀកបំពាក់ខ្ញុំទេ បើដូច្នោះពេលពួកគេមកដល់ក៏នាំ ទៅ​កាន់​​បន្ទប់សម្លៀកបំពាក់ខ្ញុំទៅ ទីនោះមានឈុតល្អៗ ជាច្រើនឈុតឯណោះ”។

គ្រាមួយខណៈពេលដែលអាញស្តាញ ចូលទៅណែនាំខ្លួនដើម្បីទទួលតំណែងសាស្ត្រាចារ្យសកលវិទ្យាល័យ នៅថ្ងៃដំបូងអ្នកយាមសាលានាំគាត់​​ទៅជួសជុលអំពូលភ្លើង ដោយគិត​ថាគាត់​ជាជាង​ដែលសកលវិទ្យាល័យហៅមក ហើយគាត់ក៏បានជួសជុលរហូតរួចរាល់ទៀតផង។

មានមនុស្សធ្លាប់សួរដោយសេចក្តីសង្ស័យថា ហេតុអ្វីបានចូលចិត្តតែងខ្លួនដូច្នេះ? គាត់តបថា “ជារឿងគួរឲ្យក្រៀមក្រំ ប្រសិនបើក្រដាសខ្ចប់សាច់មើលទៅល្អជាងសាច់ដែលលាក់នៅខាងក្នុង”

ជីវិតជាមួយសង្គម

ក្រៅពីស្នាដៃខាងវិទ្យាសាស្ត្រហើយនោះ ស្នាដៃក្នុងផ្នែកសង្គមក៏លេចធ្លោមិនតិចទេ បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ត្រូវអគុណគាត់ទៀតផង ព្រោះនៅគ្រាមួយ អាញស្តាញ ធ្លាប់ជាកម្លាំងសំខាន់ក្នុងការជួយជម្រុញឲ្យសិទ្ធិប្រជាពលរដ្ឋស្បែកខ្មៅមានភាពស្មើគ្នា​​​ជាមួយនឹងប្រជាពលរដ្ឋស្បែកស រហូតត្រូវបានប្រឆាំងយ៉ាងក្តៅគគុកពីសំណាក់ជនជាតិ អាមេរិកាំងមួយចំនួន។ អត្ថបទរបស់គាត់បោះពុម្ពក្នុងសៀវភៅ ” Out of My Later Yeares ” មានវគ្គមួយពោលថា “…នៅសហរដ្ឋអាមេរិកទាំងអស់គ្នាជឿជាក់ថាខ្លួនឯងមានគុណតម្លៃ ការមានអគតិចំពោះមនុស្សស្បែកខ្មៅជារឿងមិនសមគួរហើយនឹងអន្តរាយ ពួកយើងត្រូវយកចិត្តទុកដាក់មិនឲ្យក្មេងៗ បានទទួលឥទ្ធិពលពីភាពអគតិរឿងពណ៌សម្បុរនេះ”។

ការកែបញ្ហា អាញស្តាញ សម្លឹងទៅកាន់យុវជនជំនាន់ក្រោយ ព្រោះមនុស្សចាស់ពិបាកនឹងកែខៃ ហើយក៏ជាការពិត ក្រោយពីអស់មនុស្សយុគរបស់គាត់សហរដ្ឋនៅយុគក្រោយនេះមានការបែង ចែកពណ៌សម្បុរតិចចុះ។ អាញស្តាញ បានជួយក្រាលគ្រឹះឲ្យប្រទេសសហរដ្ឋអាមេរិកទាំងផ្នែក អាវុធ នយោបាយ ហើយនឹងសង្គម។ បច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានអ៊ីស្រាអ៊ែលជាអ្នករក្សាតុល្យភាពខាងអំណាចនៅមជ្ឈឹមបូព៌ា មានអាវុធដែលមានអានុភាពព្រោះផលិតឡើងតាមទ្រឹស្តី របស់អាញស្តាញ ដូចគ្នានឹងកាលគ្រាមួយប្រទេសអាល្លឺម៉ង់ធ្លាប់បានជាអភិមហាអំណាចផ្នែកខាងទាហាន ព្រោះអាវុធដែលផលិតឡើងតាមទ្រឹស្តីរបស់ញូវតុន ហើយត្រឡប់ទៅយុគបូរាណក្រិចរក្សាភាពជាមហាអំណាចបានយ៉ាងយូរ ព្រោះប្រើអាវុធតាមទ្រឹស្តីរបស់អារ៍គិមីដេស។

អាញស្តាញ មានមិត្តសម្លាញ់ជាច្រើនសន្ធឹកសន្ធាប់នៅគ្រប់សាខាអាជីព ដូចជាមហាត្មៈ គន្ធី, ច្វាហារ៍ឡាល នេហ៍រូ (Jawaharlal Nehru), រៈពិន្ទរនាថ ឋាកូ​ (Rabindranath Tahore), ម៉ារិលីន ម៉នរ៉ូ (Marilyn Monroe), ស៊ិកម៉ាន់ដ៍ ហ្រ្វយដ៍, ប៊ើរ៍ថ្រែនដ៍ រ័សសេល(Bertrand Arthur William Russell),​ ឆាលី ឆែព្លិន(Charlie Chaplin), ែ​្រហ្វងគ្លិន រ៉ូសវេលត៍(Franklin Delano Roosevelt)។ល។ ចំណែកមេដឹកនាំផ្នែកខាងវិទ្យាសាស្ត្រជាមិត្តសម្លាញ់របស់គាត់គ្រប់គ្នា។

នៅចុងក្រោយនៃជីវិត អាញស្តាញ បានប្រឹងប្រែងព្យាយាមអភិវឌ្ឍទ្រឹស្តីកម្លាំងទំនាញឯកភាព (Theory of gravitation) ព្រោះបើធ្វើបានសម្រេច មនុស្សនឹងអាចយល់អាថកំបាំងរបស់​កម្លាំង​គ្រប់​ប្រភេទក្នុងចក្រវាឡ។ គាត់ប្រឹងប្រែងរិះគិតគណនារហូតសុខភាពទ្រុឌទ្រោម កើតរោគ​ថ្លើម រោគក្រពះ រោគបេះដូង រោគពោះវៀន។ល។ ត្រូវចូលពេទ្យជាច្រើនលើកច្រើនគ្រា ព្រោះគាត់គិតថាពិភពលោកមានគុណបំណាច់ចំពោះគាត់ច្រើនណាស់ ហើយទ្រឹស្តីនេះគឺជាអំណោយចុង​ក្រោយ​ដែលគាត់ទុកឲ្យពិភពលោក។ គាត់ធ្លាប់សរសេរទុកថា “កំឡុងពេលនៃជីវិតដ៏យូរអង្វែងរបស់ខ្ញុំៗ បានទទួលរឿងរ៉ាវល្អៗ ពីមិត្តភក្តិរួមពិភពលោកច្រើនសន្ធឹកសន្ធាប់ហួសពីអ្វីដែលខ្ញុំ​សមគួរ​នឹងទទួលបាន។ ខ្ញុំសារភាពថា ខ្ញុំមានអារម្មណ៍ខ្មាសអៀនណាស់….ខ្ញុំទន្ទឹង​ដាស់​តឿន​ខ្លួនឯងជានិច្ចថា ភាពជោគជ័យរបស់ខ្ញុំមានឫសគល់ចេញមកពីតំញក់ញើសនៃគ្រប់ជីវិត ទាំង​ដែល ​នៅរស់រានមានជីវិតនិងដែលលាចាកលោកនេះទៅហើយ”។

ជីវិតរបស់អាញស្តាញ បន្ទាប់ពីអែលសា ភរិយាទីពីរបានអស់អាយុសង្ខារទៅហាក់ដូចជាកណ្តោច កណ្តែង គាត់បដិសេធការចូលរួមពិធីជប់លៀងទាំងអស់។ អែលសា គឺជាអ្នកដែលចូលមករក្សាមុខរបួសក្នុងបេះដូងរបស់គាត់ (ក្រោយពីលែងលះជាមួយមិលេវ៉ា អាញស្តាញ មានអាការសោកសៅ គាត់បន្ទោសថាជាកំហុសរបស់គាត់​ហើយធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃជិតដប់ឆ្នាំ) អែលសា ជា​ញាតិ​សាច់ឆ្ងាយមកជួយមើលថែទាំគ្រប់ពេលវេលា ហើយ​នៅទីបំផុតទាំង​ពីរនាក់ក៏​សម្រេចចិត្តរួមរស់​នៅ​ជាមួយគ្នា។ អែលសា មានអាយុច្រើនជាងអាញស្តាញ 5ឆ្នាំ ធ្លាប់រៀបការហើយ ព្រមទាំង​មាន​កូន ជាប់មកជាមួយពីរនាក់ថែមទៀត ដែលអាញស្តាញជួយមើលថែទាំបានយ៉ាងល្អ។ ឆ្នាំចុ​ង​ក្រោយ​មុននឹង អែលសាអស់ជីវិត អាញស្តាញអង្គុយយាមដេកយាមភរិយាទាំង​ថ្ងៃទាំងយប់​ពេញ​មួយ​ឆ្នាំនោះ មិនព្រមទៅណាឡើយ បន្ទាប់ពីអែលសាលាចាកលោកនេះ​ទៅហើយ​គាត់នាំ​យក​​រូប​ថត​ភរិយា របស់គាត់មកដាក់រៀងជុំវិញខ្លួនដោយប្រាប់ថា “រូបថតមិនចេះចាស់ នេះជា​ហេតុ​ផល​ដែល​ធ្វើឲ្យខ្ញុំមានអារម្មណ៍ថារូបថតជាវត្ថុដែលមានមេត្តាករុណាបង្កប់នៅ”។

220px-Mileva_Maricបើទោះបីជាគាត់បានទទួលជោគជ័យ ក្នុងផ្នែក​ការងារ​យ៉ាង​ត្រចះ​​ត្រ​ចង់​ ​តែផ្នែកក្រុមគ្រួសារវិញ ហាក់បរាជ័យ។ ក្នុង​គ្រា​ដែល​​គាត់​លែង​លះ​​ជា​មួយភរិយាដំបូង​ មាន​មនុស្ស​​ក្លែង​បញ្ជោះ​បន្សោកថា គាត់​ជា​ម្ចាស់​ទ្រឹស្តី​សម្ព័ន្ធភាពដ៏អស្ចារ្យ តែ​មិន​​យល់ទ្រឹស្តី​សម្ព័ន្ធ​ភាព។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ទាំង​ឡាយ​ដឹងច្បាស់ថា​ទោះ​បី​គាត់​មិន​មែន​ជា​ឪពុក​ដ៏​ល្អ​បំផុ​ត មិន​មែន​ជាស្វាមីដ៏ល្អបំផុត តែក៏​ជា​មនុស្ស​ដ៏ល្អ​បំផុត​ម្នាក់​​ក្នុង​ប្រវត្តិ​សាស្ត្រមនុស្សជាតិ។ អាញ​ស្តាញ​​ធ្លាប់ប្រាប់ថា ពេលខ្លះចាំ​បាច់​ត្រូវ​សម្រេច​ចិត្ត​ជ្រើស​រើស ​រវាងការ​ប្រឹងប្រែងស្វែងរកសច្ចភាព​នៃ​ចក្រវាឡ​​​ជាមួយ​សេចក្តីសុខ​ក្នុងគ្រួសារ ហើយគាត់ជ្រើស​រើស​យក​ខ​​ដំបូង។ មិលេវ៉ា​អតីតភរិយា ពោលថា “ពេលនៅផ្ទះជាមួយគ្នា ជួនកាល​គាត់មិន​បាន​ឮ​សម្លេង​នាង​និយាយ​ឡើយ” រឿងនេះអាចជាការពិត ព្រោះមានគ្រាមួយនោះ​ខណៈ​ដែល​អាញ​ស្តាញ​កំពុង​មានសមាធិជាមួយការដកពិសោធន៍ មានសម្លេងផ្ទុះឡើង នៅ​ខាងក្រៅយ៉ាងខ្លាំងក្លា​តែ​អាញស្តាញ​ ​ប្រាប់​ថាមិនបានឮសម្លេងនោះឡើយ ដល់ថ្នាក់សម្លេងផ្ទុះមិនបានឮផង គង់មិន​បាច់​និយាយអី​ត្រឹមសម្លេងរបស់ភរិយា។

ក្នុងផ្លូវព្រះពុទ្ធសាសនា ខណៈយោគីបតិបត្តិកំពុងស្ថិតនៅក្នុងចតុត្ថឈាន សព្វសម្លេងដែល​ជុំវិញ​ខ្លួន​​នឹង​រលត់អស់ទៅ បានន័យថា អាញស្តាញ អាចចូលឈាននេះ​បានដោយមិន​បាច់ប​តិបត្តិ​កម្មដ្ឋាន។

អាញស្តាញ មានសមត្ថភាពខាងផ្នែកតន្ត្រីមិនចាញ់អ្នកមានថ្វីដៃអាជីពឡើយ។ ជាពិសេសវីយ៉ូឡុង ហើយនឹងព្យ៉ាណូ ធ្លាប់សម្តែងខនស៊ើរ៍តរកទុនដើម្បីជួយពួកជ្វិវ ហើយពេលធ្វើដំនើរទៅទីណា តែងនាំវីយ៉ូឡុងគូកាយទៅជាមួយជានិច្ច។ គាត់ធ្លាប់ពោលថា “បើខ្ញុំមិនបានក្លាយជាអ្នករូបវិទ្យា មេ៉្លះខ្ញុំនឹងក្លាយជាអ្នកតន្រ្តីទៅហើយ របស់ដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខបំផុតគឺ វីយ៉ូឡុង”។​ តន្ត្រីធ្វើឲ្យគាត់ជាមនុស្សមានមន្តស្នេហ៍។ គ្រាមួយអាញស្តាញ ត្រូវទៅអាស្រ័យនៅជាមួយក្រុមគ្រួសាររបស់ លោកគ្រូដើម្បីរៀនអក្សរ គាត់លេងវីយ៉ូឡុងឲ្យក្រុមគ្រួសារនោះស្តាប់ជាប្រចាំ លោកគ្រូស្រលាញ់គាត់ដូចកូនបង្កើត ហើយត្រូវការលើកកូនស្រីឲ្យរៀបការជាមួយទៀត តែគាត់បដិសេធ។

សៀវភៅដឹថប់សេខ្រឹតប្រាប់ថា អ្នកមានភាពជោគជ័យលើសប្រក្រតីត្រូវមានការងារពិសេសអ្វីម្យ៉ាងជានិច្ច ដើម្បីកាត់បន្ថយសម្ពាធពីការងារប្រចាំ ដូចគ្នានឹងវែរ៍នើរ៍ ហៃសេនប៊ើរ៍ក (Werner Heisenberg, រូបវិទូរង្វាន់ណូបែលជនជាតិអាល្លឺម៉ង់ អ្នកក្រាលគ្រឹះ​យន្តសាស្រ្តខ្វនត័ម​ហើយនឹង​អធិប្បាយ​ព្រឹត្តិកម្មរបស់អេឡិចត្រុង)។ អ្នកឆ្កឹះកកាយទ្រឹស្តីខ្វនត័ម(Quantum Theory)​។ អ្នក​វិទ្យាសាស្ត្រអណ្តាប់មហាអច្ឆរិយៈម្នាក់ទៀត​ ដែលចាប់​អារម្មណ៍​ទស្សនវិជ្ជា​ក្នុង​សាសនា​លោក​​​បូព៌ា ក៏មានការងារពិសេស គឺការឡើងភ្នំ។ ចំណែកនីលស៍ បូរ៍(Niels Bohr, ជនជាតិ​ដាណឺម៉ាក ម្ចាស់បែបចម្លងរចនាសម្ព័ន្ធអាតូមដែលមានកេរ្តិ៍ឈ្មោះបំផុត ជាមេឃ្លោងក្នុងការ​សាង​គ្រាប់​បែក​នុយក្លេអ៊ែរ)​ ចូលចិត្តលេងកីឡា។ ក្នុងសៀវភៅផ្លូវកាត់ទៅកាន់អច្ឆរិយៈណែនាំថា ឪពុកម្តាយ​គួរបណ្តុះបណ្តាលសេចក្តីស្រឡាញ់តន្ត្រី សិល្បៈ ឬកីឡាអ្វីម្យ៉ាង ដើម្បីជាដើមទុនជីវិតឲ្យដល់ កូនចៅ ព្រោះទាំងបីប្រការនេះនឹងធ្វើឲ្យពួកគេមានសមាធិលើសធម្មតា នឹងធ្វើការអ្វីក៏ជោគជ័យដូចជា អាញស្តាញ ដែលត្រូវមាតាបង្គាប់ឲ្យលេងវីយ៉ូឡុងតាំងពីក្មេងដែលគាត់មិនចូលចិត្តសោះឡើយ តែក្រោយពេលគាត់បានស្តាប់ភ្លេងរបស់ម៉ូសាត (Wolfgang Amadeus Mozart,កំពូលអ្នក តន្ត្រីខ្លាស៊ិក ជនជាតិអូទ្រីសដែលសម្តែងឲ្យឃើញអច្ឆរិយភាពតាំងពីអាយុ 3 ខួប ជាម្ចាស់បទ និពន្ធ​ភ្លេងដែលមានឈ្មោះល្បីរន្ទឺពិភពលោកជាង 700ភ្លេង) គាត់ក៏ចាប់ផ្តើមឈ្លក់វង្វេងក្នុងការ​ស្រលាញ់តន្ត្រីដកខ្លួនលែងរួច។

ជីវិតជាមូយនឹងស្នាដៃ

សម្រាប់ខាងផ្នែកវិទ្យាសាស្រ្ត​ អាញស្តាញ ជាអ្នកធ្វើឲ្យពិភពលោកស្គាល់ម៉ូលេគុលរបស់ទឹក ហើយនឹងអាចរកឃើញទំហំ់ ម៉ូលេគុល ជាលើកដំបូង ធ្វើឲ្យពិភពលោកដឹងថាពន្លឺមានគុណសម្បត្តិ​​ជាចុណ្ណភាគ ដឹងថានៅក្នុងម៉ាស់មានថាមពលមហាសាលនៅបង្កប់ ដឹងថាពន្លឺកោងបាន ថេរវេលានិងចម្ងាយផ្លូវអាចរួញឬយឺតបាន អវកាសពត់ពែនបាន ស្គាល់អន្លង់ងងឹតធ (Black hole) ទំនាញ ។ល។ ទ្រឹស្តីរបស់គាត់ជាគ្រឹះដ៏សំខាន់នៃតិចណូឡូជីជាច្រើនប្រភេទ ដូចជា ថ្មពិល​ថាមពលពន្លឺព្រះអាទិត្យ អប្រិយថតរូប ប្រព័ន្ធ GPS ប្រព័ន្ធអគ្គិសនីអូតូម៉ាទិច ឧបករណ៍ ត្រួត​ពិនិត្យខ្យល់ដកដង្ហើម បារ៍កូតកុំព្យូទ័រ ឌីវីឌី ទូរទស្សន៍ កែវឆ្លុះមេក្រូទស្សន៍អេឡិចត្រុង ទូរស័ព្ទដៃ ឧបករណ៍ហ្វូតូកូពី សរសៃកែវនាំពន្លឺ កាំរស្មីលេស៊ើរ៍ ថាមពលនុយក្លេអ៊ែរ វិទ្យុសកម្ម ។ល។ ចំណែក​ក្នុងរឿងចក្រវាឡ ធ្វើឲ្យយើងដឹងថាតារានិករបញ្ចេញពន្លឺបានដូចម្តេច ចក្រវាឡមាន​រូប​រាង្គ​ដូចម្តេច កើតមកពីណា ហើយនឹងសាបសូន្យទៅដូចម្តេច។ តែគួរ​ឲ្យស្តាយដែលគាត់​គិត​ទ្រឹស្តី​កម្លាំងទំនាញ​ឯកភាពមិនបានជោគជ័យ កុំអីយើងអាចបានឃើញឧបករណ៍បញ្ឈប់ពេលវេលា ឧបករណ៍បង្រួញចម្ងាយផ្លូវ ដាវលេស៊ើរ៍ ឬរថយន្តហោះដូចក្នុងរឿងភាពយន្តក៏ថាបាន ។ល។

ដោយតិចណូឡូជីរបស់អាញស្តាញ អាចនឹងធ្វើឲ្យបណ្ណល័យក្នុងអនាគតកាល​គ្មានសៀវភៅ​ក៏​ថា​បាន ព្រោះយើងអាចអង្គុយនៅក្នុងបន្ទប់តូចមួយ តែអាចចូលទៅដល់សៀវភៅទាំងអស់ក្នុង​ពិភពលោកបានត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ។

រឿងដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកមានការចម្លែកចិត្ត គឺបន្ទាប់ពីទាំងអស់គ្នាយល់​ទ្រឹស្តីសម្ព័ន្ធភាពហើយ ថាវាអស្ចារ្យប៉ុណ្ណា។ ហេតុអ្វីទើបមិនពិចារណារង្វាន់ណូបែលសាខា រូបវិទ្យាឲ្យអាញស្តាញម្តងទៀតជាលើកទីពីរ ដើមឡើយគណៈកម្មការពិចារណារង្វាន់ណូបែល មិនឲ្យអាញស្តាញទទួលរង្វាន់ណូបែលសម្រាប់ទ្រឹស្តីសម្ព័ន្ធភាព ព្រោះគ្មាននរណាយល់ ទាំងដែលទ្រឹស្តីនេះជ្រាលជ្រៅអាថ៌កំបាំងជាងទ្រឹស្តី ពន្លឺជាចុណ្ណភាគ ដែលធ្វើឲ្យគាត់បានទទួលរង្វាន់ ជាប្រភេទដែលនិយាយបានថាមិនអាចធៀបគ្នាបានឡើយ។ អ្នកខ្លះដល់ថ្នាក់ពោលថា គាត់​សម​គួរនឹងបានទទួលរង្វាន់ណូបែលយ៉ាងហោចណាស់ចំនួន 4 ដង គឺទទួលពីទ្រឹស្តីសម្ព័ន្ធភាពពិសេស 1 សម្ព័ន្ធភាពទូទៅ 1 ការរកឃើញថា ពន្លឺជាចុណ្ណភាគ 1​ ហើយនឹងការរកឃើញម៉ូលេគុល 1 ទៀត។ ក្រៅពីនេះគាត់ថែមទាំងបានក្រាលគ្រឹះទ្រឹស្តីខ្វនត័ម (Quantum) អធិប្បាយការបម្លាស់ទីតាម បែបប្រោណនៀន (Brownian Motion, គឺការបម្លាស់ទីបែបគ្មានរបៀបរបស់ចុណ្ណភាគតូចៗ ដូចជាធូលីក្នុងអាកាស កេសរផ្កាលើផ្ទៃទឹក ដែលក្រោយមកអាញស្តាញរកឃើញថាកើតមកពីម៉ូលេគុលរបស់ទឹករឺអាកាសរត់ជល់ចុណ្ណភាគទាំងនោះ)។ អធិប្បាយរបកគំហើញ​របស់​រូបវិទូ​ជំនាន់​ក្រោយជាច្រើនអ្នករហូតធ្វើឲ្យរូបវិទូទាំងនោះបានទទួលរង្វាន់ណូបែល។

ពួកបស្ចឹម (Westerner) លើកតម្កើងអាញស្តាញប្រដូចសាស្រា្តចារ្យ ហើយគ្មាននរណាឥច្ឆាក្នុងភាព ជោគ​ជ័យរបស់គាត់ឡើយ។ ព្រោះជាជោគជ័យដែលបានមកពីសមត្ថភាពហួសវិស័យមនុស្សធម្មតា លើសពីនេះគាត់មិនឈ្លក់វង្វេងជាមួយនឹងកិត្តិយសកេរ្តិ៍ឈ្មោះដែលបានមក អាញស្តាញ នៅតែជាមនុស្សចាស់សក់បាស់ជ្រោង ដើរដីចូលចិត្តអង្គុយគិតអ្វីម្នាក់ឯង សុភាព ដាក់ខ្លួន អាចលេងជាមួយក្មេងៗបានវាល់ល្ងាច។ កំឡុងពេលធ្វើដំនើរពីសកលវិទ្យាល័យត្រឡប់ទៅផ្ទះ គេឃើញគាត់ឈៀងចូលរាក់ទាក់ក្មេងៗ ជួយក្មេងជួសជុលរបស់លេងឬទោចក្រយានជាប្រចាំ បើថ្ងៃណាបានឮសំឡេងក្មេងយំ គាត់ដើររកទាល់តែឃើញហើយចូលទៅលួងលោម។ មានគ្រាមួយនោះ គាត់ឃើញក្មេងស្រី ដែលជាកូនភ្នាក់ងារធ្វើការនៅសកលវិទ្យាល័យកំពុងអង្គុយយំ សាកសួរដឹងរឿងថា យំព្រោះមិនយល់វិជ្ជាគណិតសាស្ត្រ អាញស្តាញប្រាប់ថា គាត់ក៏មិនសូវយល់រឿង លេខដូចគ្នាតែជួនកាលបើយើងជួយគ្នាគិតអ្វីៗ អាចនឹងល្អប្រសើរឡើងក៏ថាបាន ហើយគាត់ប្រើពេលរសៀលថ្ងៃនោះជួយអធិប្បាយគណិតសាស្រ្តទាល់តែក្មេងស្រីនោះយល់បាន។

អាញស្តាញជាមនុស្សមានពាក្យកំប្លែងជ្រៅៗ ហើយព្យាយាមតបសំបុត្រគ្រប់ច្បាប់ដែលសរសេរទៅរកគាត់ អ្នកខ្លះសតិអណ្តែតអណ្តូងគិតវត្ថុប្រឌិតក្រៅលោកបញ្ជូនមកឲ្យ ដែលមនុស្សទូទៅអានរួចនៅចង់សើច តែគាត់អានយ៉ាងយកចិត្តទុកដាក់ហើយសរសេរ​សំបុត្រតបត្រឡប់ទៅវិញ​ថា “ជួយសិក្សាមូលដ្ឋានរូបវិទ្យាឲ្យបានច្បាស់ជាងនេះបន្តិច ព្រោះ​យើងកំពុងនៅលើលោក​មួយ​នេះ” ចំ​ណែកទ្រឹស្តីរូបវិទ្យាដែលលំបាកៗ ឬនិក្ខេបទថ្នាក់បណ្ឌិតដែលគណៈកម្មការអានហើយ​មិន​យល់ ក៏តែង​បញ្ជូនទៅឲ្យគាត់វិភាគ ទើបគាត់មានចំណែកជួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រជា​ច្រើន​នាក់​បាន​​ទទួល​រង្វាន់ណូបែលព្រោះរបកគំហើញទាំងអស់នេះ។

បើគ្មានអាញស្តាញមកកើតទេ មេ៉្លះពិភពលោកនឹងឈប់ទ្រឹងនៅឯតិចណូឡូជីញូវតុនតទៅទៀត​មិន​ដឹង​ប៉ុន្មានឆ្នាំ។ ដូចគ្នានឹងយុគក្រិច យុគបូរាណ លោកសម័យនោះ​ក៏មានត្រឹមទ្រឹស្តី​អាគិមីដេស ​(Archimedes,​ គឺជាអ្នកគណិតវិទូ, តារាវិទូ, ទស្សនវិទូ, រូបវិទូ ហើយនឹងជាវិស្វករជនជាតិក្រិច អ្នក​ក្រាល​គ្រឹះទ្រឹស្តីកម្លាំងគម្នាស់ (Law of the Lever) គុណសម្បតិ្តវត្ថុរាវ ​ កែវរួមពន្លឺ។ល។​ របក​គំហើញ​របស់គាត់មានឥទ្ធិពលចំពោះពិភពលោកតាំងពីកំឡុងពេលមុនគ្រឹស្តរាជរហូតដល់គ្រឹស្ត​សតវត្សរ៍ទី17។) អារិស្តូត មិនបានធ្វើឲ្យកើតបម្លាស់ប្តូរផ្នែកខាងតិចណូឡូជីអ្វីឡើយ។ របក​គំហើញ​របស់ញូវតុន ជារឿងអស្ចារ្យបំផុតរបស់លោកយុគថ្មី រហូតមានអ្នកខ្លះលើកតម្កើងគាត់ថា​ជាបុគ្គលដែលព្រះអាទិទេពបញ្ជូនមកកើតដើម្បីបើកអាថ៌កំបាំងរបស់ព្រះអង្គ គ្មាននរណាគិត​ស្មានដល់ថា បន្ទាប់ពីនោះព្រះអាទិទេពនឹងបញ្ជូនអភិមហាអច្ឆរិយៈម្នាក់ទៀតមកកើតផង ដែល​អាចបើកបង្ហាញអាថ៌កំបាំងរបស់អាទិទេពបានជ្រាលជ្រៅជាងមុនទៅទៀត ហើយមនុស្សម្នាក់​នោះក៏គឺ អាល់ប៊ើរ៍ អាញស្តាញ។

ដើមឡើយអ្នកវិទ្យាសាស្ត្រគិតថា តិចណូឡូជីយុគញូវតុន ប្រហែលជាកំពូលនៃរបកគំហើញ​ហើយ រូបវិទ្យាដល់ផ្លូវទ័លហើយ​ តែលុះពេលវ៉ូលតា(Alessandro Volta, បុគ្គលដែលនាំយកចរន្ត​អគ្គិសនីមកបម្រើប្រយោជន៍រហូតបានទទួលការលើកតម្កើងឲ្យហៅប៉ូតង់ស្យែលចរន្តអគ្គិសនីថា “វ៉ុល” តាមឈ្មោះរបស់គាត់) រកឃើញថ្មពិលកំនើតចរន្តអគ្គិសនី តិចណូឡូជីក៏លោត​ផ្លោះ​ពី​យុគ​​គ្រឿងចក្រ ច្រវ៉ាក់ ហើយនឹងស្ពឺ មកកាន់យុគអគ្គិសនី។ របស់លេង នាឡិកា ប្តូរពីមួលឡាន​មក​​ដាក់ថ្ម​វិញ គ្រឿងអង្គុលីលេខប្តូរពីការប្រើកម្លាំងផ្ទប់នៃលោហៈទៅលើក្រណាត់ទឹកមឹកមក​ជា​គ្រឿង​​​អង្គុលីលេខអគ្គិសនីចំនួសវិញ។​ តែនៅទីបំផុត បច្ចុប្បន្ននេះគ្រឿងអង្គុលីលេខ​អគ្គិសនី​ក៏​បាន​​ហួស​សម័យទៅហើយដែរ ព្រោះគ្រឿងអង្គុលី​លេខ​កុំព្យូទ័រ​ដែល​ផលិតចេញ​ពីមូលដ្ឋាន​ទ្រឹស្តី​​អាញ​ស្តាញ​​ប្រើការបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ជាង។ នៅ​នា​អនាគត​បើមាន​ទ្រឹស្តីថ្មី​កើត​ឡើង​មក​​ទៀត ម៉ាស៊ីនថត​រូប​ឌីជីថល ដែលនាំគ្នាគិតថាទាន់សម័យហើយក្នុង​ពេល​នេះក៏អាច​នឹង​ហួស​​សម័យ​ទៅ​ទៀតក៏ថា​បាន ។

ជីវិតចុងក្រោយ

អាញស្តាញ ជាមនុស្សមិនខ្លាចសេចក្តីស្លាប់។ គាត់ប្រាប់ថា សេចក្តីស្លាប់គឺ ជាបំណុលចាស់ដែល​នៅទីបំផុតរាល់គ្នាត្រូវ តែសងវិញ មុននឹងលាចាកលោក។ គាត់ឈឺដោយរោគពោះវៀនហើយនឹង​សរសៃឈាមពុះពង។ ពេទ្យប្រាប់ថា បើបានវះកាត់គាត់នឹងមានអាយុវែងតទៅទៀត តែគាត់​បដិសេធ ព្រមទាំងត្រៀមរៀបចំធ្វើមតកសាសន៍ជម្រះបញ្ហាផ្សេងឲ្យអស់មុននឹងលាចាកលោក តែទោះបីមិនបានវះកាត់ក៏គាត់អាចមានជីវិតរស់នៅតមកទៀតបានដល់ទៅ 5ឆ្នាំ បញ្ហាចុង​ក្រោយដែលដោះស្រាយមិនបានសោះ គឺការររួមកម្លាំងក្នុងចក្រវាឡ។ មុននឹងលាចាកលោកមិន​ប៉ុន្មាននាទីអ្នកគ្រូពេទ្យប្រាប់ថា គាត់សុំក្រដាសទទេដើម្បីយកមកគណនាអ្វីម្យ៉ាង រួចហើយក៏រអ៊ូ​ជាភាសាអាល្លឺម៉ង់មុននឹងរំលត់សង្ខារ ទុកចោលផែនក្រដាសដែលពេញទៅដោយរូបមន្តជាច្រើន ទុកក្បែរគ្រែ បើគ្រូពេទ្យរក្សាក្រដាសនេះទុកហើយយកមកដេញថ្លៃលក់ក្នុងបច្ចុប្បន្ន ប្រហែលជា​បានតម្លៃមិនតិចជាង 6,000,000 ដុល្លារ ឡើយ។

កាលគាត់លាចាកលោក កាសែតគ្រប់រោងពុម្ពសរសេរចំណងជើងធំៗអត្ថន័យថា “មនុស្សដ៏​អស្ចារ្យបំផុតនៃគ្រឹស្តសតវត្សរ៍ទី 20 លាចាកលោកហើយ”។ គាត់បានផ្តាំទុកជាមុនថា ឲ្យយកខួរ​ក្បាលរបស់គាត់បរិច្ចាគឲ្យទៅវង់ការវិទ្យាសាស្ត្រ (តែពេទ្យផ្នែកបញ្ជាក់ភិនភាគបានលបលួចកាត់​ខួរ​​ក្បាលរបស់គាត់ទៅមុនបាត់) រួចហើយឲ្យដុតសពរបស់គាត់នៅថ្ងៃនោះភ្លាម មិនបាច់កប់ដូច​បុគ្គល​​សំខាន់ផ្សេងៗ ទៀតនៅក្នុងយុគនោះ មិនបាច់ធ្វើពិធីកម្មអ្វីឲ្យរវល់ឡើយ រួចហើយឲ្យយក​ផេះអដ្ឋិទៅរោយនៅកន្លែងមួយដែលរក្សាជាអាថ៌កំបាំង។

នីលស៍ បូរ៍ ដែលជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់ បានសរសេរពាក្យកាន់ទុក្ខអាឡោះអាឡ័យ​ចំពោះ​​​​គាត់ថា “ពួកយើងបានបាត់បង់បុគ្គលដែលបានសាងគុណប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់​ចំពោះ​​អរិយ​ធម៌មនុស្សជាតិ។ ការលាចាកលោករបស់អាញស្តាញ គឺជាការបាត់បង់ដ៏ធំធេងរបស់​មនុស្ស​​​ជាតិ ហើយនឹងជាការបាត់បង់ដ៏ធំធេងរបស់បុគ្គលដែលធ្លាប់ស្គាល់គាត់។ ជាភាព​សោក​សៅ​​ស្លុត​ចិត្ត​​ដែលគ្មានឱកាសបានឃើញស្នាមញញឹម​ដ៏សែនកក់ក្តៅ ហើយនឹងលែង​បានស្តាប់​គាត់​​និយាយ​ត​ទៅទៀត”៕

ប្រភព៖ seedknowledge សម្រួលដោយ៖ មនោ វិជ្ជា 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here