John Ray បុព្វបុរសនៃ​វិទ្យាសាស្ត្រ​សត្វ​និង​រុក្ខជាតិ​

0
166

កើត​នៅ​ឆ្នាំ ១៦២៧ និង​ស្លាប់​នៅ​ឆ្នាំ ១៧០៥ លោក ច​ន រ៉ា​យ (John Ray) គឺជា​ធម្មជាតិវិទូ និង​រុក្ខ​វិទូ​ដែល​បានរួម​ចំណែកយ៉ាង​ធំ​នៅក្នុង​វិទ្យាសាស្ត្រ​សត្វ​និង​រុក្ខជាតិ​។​

​ច​ន រ៉ា​យ កើត​នៅក្នុង​ភូមិ​ជាងដែក​មួយ​នៃ​ទីក្រុង អេស​សិច (Essex) នៃ​ប្រទេស​អង់គ្លេស និង​បាន​ចូលរៀន​នៅក្បែរ​ទី​ក្រុប ប្រេន​ទ្រី (Braintree)​។ នៅក្នុង​ឆ្នាំ ១៦៤៤ ដោយ​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​សិក្សា​ពី​សាកលវិទ្យាល័យ ខេ​ម​ប្រ៊ី​ដ (University of Cambridge) លោក​ត្រូវបាន​គេ​ចុះឈ្មោះ​ឲ្យ​ចូលរៀន​នៅក្នុង​មហាវិទ្យាល័យ​សេន ខេ​ធឺ​រី​ន ហល (St. Catherine Hall) ហើយ​នៅ​ឆ្នាំ ១៦៤៦ បាន​ផ្លាស់​ទៅ​មហាវិទ្យាល័យ ទ្រី​នី​ធី (Trinity College)​។ ក្រោយមក លោក រ៉ា​យ បាន​ផ្លាស់​មក​ខេ​ម​ប្រ៊ី​ដ​វិញ ហើយ​បាន​បន្តរ​ការសិក្សា​ជំនាញ កាយវិភាគវិទ្យា និង​គីមីវិទ្យា​។ មួយឆ្នាំ​ក្រោយមក គាត់​ត្រូវ​បានទទួល​អាហារូបករណ៍​នៅ​សាលា​ទ្រី​នី​ធី ហើយ​គាត់​បានរស់នៅ​យ៉ាង​ស្ងប់ស្ងាត់​ក្នុង​សាលា​នោះ​អស់​រយៈពេល ១៣ ឆ្នាំ​។​

​ជោគ​សំណាង​របស់លោក រ៉ា​យ ត្រូវបាន​បញ្ចប់​នៅក្នុង​សម័យ​ការ Restoration (​សម័យកាល​នៃ​កា​បង្រួម​ប្រទេស​អង់គ្លេស​ទាំងបី ក្នុង​រាជ​ស្តេច ឆាល ទី​៣ កំឡុង​ឆ្នាំ ១៦៦០ ដល់ ១៦៨៥)​។ ទោះបីជា​គាត់​មិនបាន​ស្ថិតនៅក្នុង​ក្រុមប្រឆាំង ប៉ុន្តែ​គាត់​មាន​ទំនោរ​និង​ស្មារតី​ទៅរក​ពួក​ពួ​រី​តាន់ (Puritan) ដែល​បដិសេធ​មិន​ព្រមធ្វើ​សម្បថ​ដូច​មានចែង​ក្នុង​ច្បាប់​ឯកភាព (Act of Uniformity)​។ នៅ​ឆ្នាំ ១៦៦២ គាត់​ត្រូវបាន​គេ​កាត់​អាហារូបករណ៍​។ មាន​មិត្តភក្តិ​សប្បុរស​ជាច្រើន បាន​ជួយឧបត្ថម្ភ​គាត់​នៅ​៤៣​ឆ្នាំ បន្ទាប់​ខណៈដែល​គាត់​បន្ត​អាជីព​ជា​អ្នក​ធម្មជាតិវិទូ​។ ការងារ​នោះបាន​ចាប់ផ្តើម​ជាមួយនឹង​ការបោះ​ផ្សាយ​ស្នាដៃ​មួយ​នៅ​ឆ្នាំ ១៦៦០ ដែលជា​សៀវភៅ​ធំ​សរសេរ​ពី​ការដាំដុះ​រុក្ខជាតិ​នៅ​តំបន់​ខេ​ម​ប្រ៊ី​ដ​។ បន្ទាប់ពី​បាន​សិក្សា​ស្ទើរ​គ្រប់​ចំណុច​ពី​តំបន់​ខេ​ម​ប្រ៊ី​ដម​ក រ៉ា​យ​បានចាប់ផ្តើម​រុករក​តំបន់​ថ្មីៗ​នៃ​ប្រទេស​អង់គ្លេស​។ ដំណើរ​ផ្សងព្រេង​មួយ​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៦៦២ ទៅកាន់​តំបន់ វែ​ល (Wales) និង​ខន​វ៉​ល (Cornwall) ជាមួយនឹង​ធម្មជាតិវិទូ​លោក ហ្វ្រា​ន​ស៊ី​ស វី​លូ​ប៊ី (Francis Willughby) ដែល​បាន​ក្លាយជា​ចំនុច​របត់​នៃ​ជីវិត​របស់គាត់​។ អ្នក​ទាំង​ពីរបាន​ឯកភាពគ្នា​ធ្វើការ​សិក្សា​ពី​ប្រវត្តិ​ធម្មជាតិ​នៃ​ភាវៈ​មានជីវិត ដែល​ក្នុងនោះ​លោក រ៉ា​យ ទទួល​រ៉ាប់រង​រឿង​រុក្ខជាតិ​ឯ​លោក វី​លូ​ប៊ី សិក្សា​ពីស​ត្វ​។

​ជា​ផ្លែផ្កា​នៃ​ការព្រមព្រៀង​នោះ ដំណើរ​សិក្សា​នៅ​ទ្វីបអឺរ៉ុប​ពី​ឆ្នាំ ១៦៦៣​ដល់ ១៦៦៦ បាន​បង្កើត​ចំណេះដឹង​របស់ រ៉ា​យ ជាច្រើន​ទាក់ទង​នឹង​ពពួក​រុក្ខជាតិ Flora និង សត្វ​តាម​តំបន់​។ នៅពេល​ត្រឡប់​មកដល់​អង់គ្លេស​វិញ មិត្ត​ទាំង​ពីរបាន​ចាត់ចែង​ការងារ​ពីរ​យ៉ាង​។ នៅ​ឆ្នាំ ១៦៧០ រ៉ា​យ ផលិត​ចេញ “​បញ្ជី នៃ​រុក្ខជាតិ​នៅ​អង់គ្លេស​” ។ ក្រោយមក​នៅ​ឆ្នាំ ១៦៧២ លោក វី​លូ​ប៊ី ស្រាប់តែ​ទទួលមរណភាព ហើយ រ៉ា​យ​បាន​បង្ហើយ​ផ្នែក​ដែល​នៅសល់​ក្នុង​គម្រោង​នោះ​។ នៅ​ឆ្នាំ ១៦៧៦ គាត់​បាន​បោះពុម្ពផ្សាយ​សៀវភៅ “​វិទ្យាសាស្ត្រ​នៃ​សត្វ​ស្លាប​” (F. Willughbei, The Ornithology) ដោយ​ដាក់ឈ្មោះ​របស់លោក វី​លូ​ប៊ី ថ្វីបើ​នៅក្នុង​នោះ​មាន​ចំណែក​ស្នាដៃ​របស់ រ៉ា​យ ស្ទើរតែ​ពាក់កណ្តាល​ក៏ដោយ​។ នៅ​ឆ្នាំ ១៦៨៥ រ៉ា​យ បានបញ្ចប់​សៀវភៅ​របស់​វី​លូ​ប៊ី អំពី ប្រវត្តិ​នៃ​មច្ឆា​ជាតិ ដោយបាន​សហការ​ជាមួយ​បណ្ឌិតសភា ដែល​បាន​ជួយផ្តល់​ថវិការ​ឧបត្ថម្ភ​ក្នុងការ​បោះពុម្ព​។​

​នៅ​ឆ្នាំ ១៦៨២ រ៉ា​យ បាន​បោះផ្សាយ​សៀវភៅ “​វិធីសាស្ត្រ​ថ្មី​នៃ​ការធ្វើ​ចំណាត់ថ្នាក់​រុក្ខជាតិ​” (The New Method of Classification of Plants) និង​ត្រូវបាន​កែសម្រួល​ឡើងវិញ​នៅ​ឆ្នាំ ១៧០៣​។ ការចូលរួមចំណែករ​បស់​គាត់​ក្នុង​ការធ្វើ​ចំណាត់ថ្នាក់ ដែល​គាត់​បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបែងចែក​រវាង មូ​ណូ​កូ​ទី​ឡេ​ដុង (Monocotyledons) (​រុក្ខជាតិ​ដែល​គ្រាប់​វា​ដុះ​ចេញ​ពន្លក​តែមួយ​) និង​ឌី​កូ​ទី​ឡេ​ដុង (Dicotyledons) (​គ្រាប់​ដុះ​ចេញ​ជា​ពន្លក​ពីរ​)​។ កេរ្តិ៍ដំណែល​ដ៏​អស្ចារ្យ​របស់​មួយទៀត​របស់ រ៉ា​យ នៅក្នុង​រុក្ខវិទ្យា គឺ​ការបែងចែក​រុក្ខជាតិ​ជា​ប្រភេទ (Species) ដែល​ក្រោយមក​ត្រូវបាន​ប​ញ្ជូ​ល​ទៅក្នុង តាក់​សូ​ណូ​មី (Taxonomy) ដែល​មានន័យថា​ជា​បញ្ជី​សត្វ​និង​រុក្ខជាតិ​។ នៅ​ចន្លោះ​ឆ្នាំ ១៦៨៦ ដល់ ១៧០៤ រ៉ា​យ បាន​បោះពុម្ពផ្សាយ​សៀវភៅ​បី​ភាគ​ស្តីពី​ប្រវត្តិ​នៃ​រុក្ខជាតិ​។ ភាគ​ចុងក្រោយ​គឺជា​ការរៀបចំ​ប្រព័ន្ធ​នៃ​ធម្មជាតិ​ទាំងមូល​។ នៅ​ទីបញ្ចប់ គាត់​បាន​ចងក្រង​ដោយ​សង្ខេប​ពី​តារាង​បំ​ព្រួញ​នៃ​រុក្ខជាតិ​នៅ​ចក្រភព​អង់គ្លេស និង​ទ្វីបអឺរ៉ុប ដែលមាន​ចំណងជើង​ថា “​សេចក្តី​សង្ខេប​ពី​បក្សី និង​មច្ឆា​” (the Synopsis of Birds and Fish) ដែល​ត្រូវបាន​បោះពុម្ព​នៅ​ឆ្នាំ ១៧១៣ ហើយ “​សេចក្តី​សង្ខេប​អំពី​សត្វចតុបាត​” (The Synosis of Quadruped) នៅ​ឆ្នាំ ១៦៩៣​។ ស្នាដៃ​ចុងក្រោយ​របស់គាត់ ពាក់ព័ន្ធ​នឹង​ការសង្កេត​ពី​សត្វល្អិត ត្រូវបាន​បោះផ្សាយ​បន្ទាប់ពី​មរណភាព​គាត់ ដោយមាន​ចំណងជើង​ថា “​ប្រវត្តិ​នៃ​សត្វល្អិត​”​។​

​នៅក្នុង​ការងារ​របស់​គាត់​ដើម្បី​ស​ម្រ​ច​បាន តាក់​សូ​ណូ​មី លោក រ៉ា​យ មិន​ត្រឹមតែ​ផ្តោតលើ​លក្ខណៈ​តែមួយ​នោះទេ តែ​គាត់​បាន​ព្យាយាម​ប្រើប្រាស់​ចំណាត់ថ្នាក់​របស់គាត់​ទៅ​លើ​គ្រប់​រចនាសម្ព័ន្ធ​ដែលមាន​ទាំង​កាយ​វិភាគ​ខាងក្នុង​។ ដោយនិយាយ​ពី​សារៈសំខាន់​នៃ​រចនាសម្ព័ន្ធ​នៃ​សួត និង​បេះដូង គាត់​បាន​បង្កើត​ចំណាត់ថ្នាក់​នៃ​ថនិកសត្វ​ដោយ​ជោគជ័យ​។ លើសពីនេះ​គាត់​បាន​បែងចែក​សត្វល្អិត​ដោយសារ​វត្តមាន​ដំណាក់កាល​ផ្លាស់ប្តូរ​រូបរាង​។ បើទោះបីជា​លក្ខណៈ​របស់ តាក់​សូ​ណូ​មី មិនទាន់បាន​ស៊ីជម្រៅ​ដូច​នៅក្នុង​សម័យកាល​លោក ដា​កវិន (Darwin 1809-1882) ប្រព័ន្ធ​របស់​រ៉ា​យ​ពិតជា​បាន​ឆ្ពោះទៅរក​គោលដៅ​ត្រឹមត្រូវ​មួយ​។ គាត់​គឺជា​បុព្វបុរស​ដ៏​សំខាន់​ដែលមាន​ឥទ្ធិពល​លើ អ្នកប្រាជ្ញ ខា​រូ​លើស (Carolus Linnaeus 1707-1778) នៅ​សតវត្ស​ក្រោយ​។ ច​ន រ៉ា​យ បាន​ស្លាប់​ខណៈដែល​គាត់​កំពុងតែ​សិក្សា​ពី​ប្រវត្តិ​សត្វល្អិត នៅ​ជន្ម​នា​យុ ៧៧​ឆ្នាំ​៕

ប្រភព៖ CEN

ឆ្លើយ​តប​

Please enter your comment!
Please enter your name here