ជីវប្រវត្តិអធិរាជសំឡេងមាស សុិន ស៊ីសាមុត ដែលម្ចាស់ស្លាប់ចោលបទចម្រៀង

0
321

លោក ស៊ិន ស៊ី​សាមុត មានជីវិត​ជា​អមតៈ ដោយសារ​បទ​ចម្រៀងរ​បស់​លោក​រស់នៅ​ជានិច្ច​ជាមួយ ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប ទាំង​នៅក្នុង​ស្រុក ទាំង​នៅក្រៅ​ប្រទេសជានិច្ច។ ទោះជា​យ៉ាងណាក្តី បទ​ចម្រៀង​អាច​ពីរោះ​ទៅបាន លុះត្រាតែ​ពឹង​លើ​អ្នកនិពន្ធ​ពូកែ អ្នក​តែង​បទ​ភ្លេង​ស៊ី​អត្ថន័យ​នៃ​បទ អ្នក​សម្រួល​បទ​ភ្លេង​ប៉ិនប្រសប់ តន្ត្រីករ​មាន​ស្នាដៃ​ពូកែ​ស្មើៗ​គ្នា និង​ចុងក្រោយ​គឺ​អ្នកចម្រៀង​មានសំនៀងពីរោះ​រណ្តំ​ថែម​ទៀតផង ។

ដូច្នេះ​បទ​ពីរោះៗ​របស់លោក ស៊ិន ស៊ី​សាមុត ក៏មាន​មួយចំនួន​ផ្អែកលើ​កត្តា ខាងលើ​ដែល​ជំនាន់​មុនគេ​បានឱ្យដឹងថា មាន​ជើង​ខ្លាំង​ល្បីៗ បាន​តែង​បទ​ចម្រៀង បទ​ភ្លេង​សម្រាប់​លោក ស៊ិន ស៊ី​សាមុត​ច្រៀង ដូចជា​លោក វ៉ោ​យ ហូរ​, លោក ហាស សាឡ​ន​, លោក​មែរ ប៊ុន​, លោក ពៅ ស៊ី​ផូ​, លោក ម៉ា ឡៅ​ពី​, លោក យ៉ង់ ឈាង ហៅ​សំនៀង​ប្ញ​ទ្ធី ៘ និង​៘​

តាមរយៈ​សាក្សី​ជាច្រើន​ដូចជា អ្នកស្រី ស៊ិន ចាន់​ហម ដែល​ត្រូវ​ជាង​បងស្រី​បង្កើត​របស់លោក ស៊ិន ស៊ី​សាមុត​, អ្នកស្រី សៀង វ៉ាន់​ធី​, លោក ហេង ហូ​វ៉េង អ្នកនិពន្ធ​បទ​ភ្លេង​ជា​មិត្តភក្តិ​លោក​ស៊ិន ស៊ី​សាមុត​, លោក​ហ៊ុល សុ​ផុន វិចិត្រករ​ជា​អ្នក​ធ្លាប់​ប្រកបមុខរបរ​គូរ​ក្របសៀវភៅ​ចម្រៀង​លោក​ស៊ិន ស៊ី​សាមុត ពី​សង្គមចាស់​, លោក​គ្រួច ប៊ុន លី អ្នក​បោះពុម្ព​សៀវភៅ​ចម្រៀង និង​បទ​ភ្លេង​របស់លោក​ស៊ិន ស៊ី​សាមុត​ពី​សង្គមចាស់ ព្រមទាំង​ញាតិមិត្ត និង អ្នកសិល្បៈ​ជំនាន់​ក្រោយ​ខ្លះទៀត ដែលមាន​ទំនាក់ទំនង​តិច ឬ ច្រើន​ជាមួយ​លោក​កាលពី​អតីតកាល និង​ជាពិសេស​លោក ស៊ិន ច័ន្ទ​ឆាយា ដែលជា​កូនប្រុស​បង្កើត​របស់លោក យើង​បានដឹង​ពី​ប្រវត្តិ​លោក​ស៊ិន ស៊ី​សាមុត ដូចខាងក្រោម​។​

វ័យ​កុមារ​របស់លោក ស៊ិន ស៊ី​សាមុត​
លោក ស៊ិន ស៊ី​សាមុត កើត​នៅ​ឆ្នាំ​១៩៣៥ (​ឆ្នាំរកា​) ស្រុកកំណើត​នៅ​ទី​រួម​ខេត្ត​ស្ទឹង ត្រែង ។ ឪពុក​លោក​ឈ្មោះ​ស៊ិន លាង ម្តាយ​នាង​ឈ្មោះ ស៊ី​ប ប៊ុន​លឿ មាន​សញ្ជាតិ​ដើម​ជា​លាវ​កាត់​ចិន ដែល​អ្នកផង​គេ​ហៅថា ខ្មែរ​ស្ទឹងត្រែង ។ លោក​មាន​បងប្អូន​បង្កើត​បីនាក់ ស្រី​ពីរ ប្រុស​មួយ គឺ​រូបលោក​ជា​កូនប្រុស​ពៅ ។ ពេល​លោក​មាន​អាយុ​៦-៧​ឆ្នាំ ឪពុក​របស់លោក​មាន​មុខរបរ​ធ្វើជា​ទាហាន​ជំនាន់​បារាំង ហើយ​មុនពេល​ទទួល​អនិច្ច កម្ម ឪពុក​លោក​មាន​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តបាត់ដំបង​, លោក​បានទទួល មរណភាព​ដោយ​រោគាពាធ ។ ក្រោយមក​ម្តាយ​លោក​មាន​ស្វាមី​ក្រោយ​មានកូន​ស្រី​ពីរ​នាក់​ទៀត ដូច្នេះ​លោក​មាន​បងប្អូន​បង្កើត​សរុប​ចំនួន​៥​នាក់ ។​
កុមារា ស៊ិន ស៊ី​សាមុត បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ទី​រួម​ខេត្តស្ទឹងត្រែង​តាំងពី​អាយុ​៥ ឆ្នាំ​មកម្ល៉េះ ។ គេ​បានចាប់ផ្តើម​បង្ហាញ​ពី​និស្ស័យ​ភ្លេង​តាំងពី​អាយុ​៦-៧​ឆ្នាំ គឺ​គេ​ចូលចិត្ត​កូតទ្រ ដេញ​ហ្គី​តា និង​ចាប៉ី ។​

និស្ស័យ​មនុស្ស​ពី​កំណើត​
កុមារា ស៊ិន ស៊ី​សាមុត ជា​ក្មេង​ស្លូតបូត មនោ​ស​ញ្ចោ​ត​នា​ច្រើន ឆាប់​អាណិត​គេ ។ គេ​ចូលចិត្ត​មនុស្ស​ទន់ភ្លន់ សម្តី​ផ្អែមល្ហែម ស្រឡាញ់​បងប្អូន​ក្នុងផ្ទះ តែ​ចូល​ចិត្តស្ងប់​សា្ង​ត់ ។ គេ​ចូលចិត្ត​ទី​វត្ត​អារាម ចូលចិត្ត​ជួប​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះសង្ឃ រៀនអក្សរ​បាលី​ជាមួយ​ព្រះសង្ឃ និង​ស្វែងយល់​ធម៌អាថ៌​តាំងពីក្មេង ។​
ក្រៅពី​និស្ស័យ​ចូលចិត្ត​ភ្លេង គេ​ចូលចិត្ត​អាន​សៀវភៅ ពិសេស​ចូលចិត្ត​ល្បែង​បង្ហោះ​ខ្លែង​ណាស់ ។ ចំពោះ​កីឡា​ផ្សេងៗ គេ​ចូលចិត្ត​លេង​បាល់ទាត់ ។ ចំពោះ​ការបរិភោគ​ចូលចិត្ត​ញ៉ាំ​តែ​ម្ហូបគោក មាន​សាច់ មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​ទេ ។ ពង​ទា​ចៀន​ជា​ម្ហូប​ដែល​គេ​ចូលចិត្ត​ញ៉ាំ​ជាប្រចាំ ។​

គេ​ជា​កុមារ​ស្រឡាញ់​ការរៀនសូត្រ ចំណូលចិត្ត​ក្រៅពី​រៀន​គឺ​ភ្លេង តែ​ពេលនោះ​លោក​ពុំទាន់​បានបង្ហាញ​ពី​និស្ស័យ​ច្រៀង​នៅឡើយ ។ រាល់​ពេលដែល​សាលា​ប្រារឰ​ពិធី​បុណ្យទាន​ផ្សេងៗ គឺ​រូបលោក​ត្រូវបាន លោកគ្រូ អ្នកគ្រូ នឹក​ដល់ ហៅ​ឱ្យមក​ប្រគំ​តន្ត្រី​រៀងរាល់​ពេល ។ អាស្រ័យ​ដោយ​និស្ស័យ​នេះ កុមារា ស៊ិន ស៊ី​សាមុត ជា​សិស្ស​ដែល​គ្រូ​ស្រឡាញ់​ចូលចិត្ត ហើយ​មិត្តភក្តិ​ទាំងឡាយ ក៏​ស្រឡាញ់​ជិតស្និទ្ធ​ណាស់ដែរ ។​

ដោយ​លទ្ធផល​ប្រឡង​ជាប់​រៀងរាល់ឆ្នាំ នៅ​អាយុ​១៥-១៦​ឆ្នាំ លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់​ឧ​ត្ត​ម​ដ្ឋា​ន ដែល​ជំនាន់​នោះគេ​ហៅថា ជាប់​ស៊ែរ​ទី​ហ្វី​កា (Certificat d’etude primaire Complementaire) ។ សម័យ​នោះ​ក្រោយ​ជាប់​ស៊ែរ​ទី​ហ្វី​កា​ហើយ សិស្ស​អាច​រក​ការងារ​ធ្វើ ឬ​រៀន​យក​ជំនាញ​ឯកទេស​បាន​ហើយ ។ លោក ស៊ិន ស៊ី​សាមុត បាន​ជ្រើស រើសយក​មុខវិជ្ជា​ពេទ្យ​ជា​មុខរបរ ។ លោក​ត្រូវ​មក​សិក្សា​នៅ ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៥០-៥១ ។​

យុវវ័យ​របស់លោក ស៊ិន ស៊ី​សាមុត​ ឆ្នាំ​១៩៥០-៥១ លោក​បានមក​បន្ត​ការសិក្សា​ផ្នែក​វិជ្ជាពេទ្យ (​គិលានុបដ្ឋាក​រដ្ឋ​)​នៅ​ភ្នំពេញ ដោយ​ស្នាក់អាស្រ័យ​រៀនសូត្រ​នៅផ្ទះ​អ៊ំ​របស់លោក ។ មូលហេតុ​នៃ​ការ​ជ្រើស រើស​នេះ គឺ​អាស្រ័យ​ដោយ​ខ្លួន​លោក​ផ្ទាល់​ដែល​ប៉ងប្រាថ្នា ពុំមាន​សម្ពាធ​ណាមួយ​ពី​ឪពុកម្តាយ ក្រុមគ្រួសារ​ឡើយ តែ​មុខវិជ្ជា​នេះ​បានធ្វើឱ្យ​ម្តាយ​និង ឪពុក​ក្រោយ​របស់លោក​មានការ​ពេញចិត្ត​យ៉ាងខ្លាំង ។ ម្តាយ​និង​ឪពុក​ក្រោយ​របស់លោក​មិន​ចូលចិត្ត​ឱ្យ​លោក​ក្លាយជា​អ្នកចម្រៀង ឡើយ ព្រោះ​ពេលដែល​សំនៀង​របស់លោក​ត្រូវបាន​វិទ្យុ​ចាក់ផ្សាយ លោក​ត្រូវ​ទទួលរង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ពួកគាត់ ។​

​គឺ​ក្នុងពេល ចូល​សិក្សា​វិ​ជ្ចា​ពេទ្យ​នេះឯង​ហើយ ដែល​លោក ស៊ិន ស៊ី​សាមុត ចាប់ផ្តើម​រៀន​ច្រៀង និង រៀន​និពន្ធ​បទ​ភ្លេង​ចម្រៀង​ដោយ​ខ្លួនឯង ។ ដោយមាន​ឧបនិស្ស័យ​ពី​ធម្មជាតិ រួម​ជាមួយនឹង​ការខិតខំ​ព្យាយាម ជាប្រចាំ រួមទាំង​ការសេព​គប់​មិត្ត ដែលមាន​ជំនាញ​ខាង​ភ្លេង​ទៀត​នោះ ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ លោក ស៊ិន ស៊ី​សាមុត មាន ឈ្មោះ​ល្បី​ក្នុងចំណោម​សិស្ស​រួម​ថ្នាក់ រួម​សាលា​ជាមួយ​លោក​ថា កវី​វ័យក្មេង ថែមទាំង​ជា​អ្នកភ្លេង អ្នកចម្រៀង​យ៉ាង​វិសេស​ទៀតផង ។​

ក្នុង​មួយ​ថៃ្ងៗ​ក្នុង​វ័យ​សិក្សា​របស់លោក លោក​គ្មាន​ពេល​ដើរ​ហ៊ឺហារ​សប្បាយ​ខុស​បែបបទ​ណាមួយ​ឡើយ ម្យ៉ាង​ដោយ​លោក​រស់នៅ​ជាមួយ​ឪពុក​ម្តាយធំ ម្យ៉ាងទៀត​ចំនួន​ប្រាក់​តិចតួច ដែល​ឪពុកម្តាយ​ផ្ញើមក វា​អនុញ្ញាតឱ្យ​លោក​បានត្រឹមតែ​ទិញ​ឧបករណ៍​សៀវភៅ​សិក្សា ដូច្នេះ​លោក​យក​ពេលវេលា​ដែល​នៅសល់​ទាំង ប៉ុន្មាន​មក​ស្រាវជ្រាវ អំពី​ការ​តែង​បទ និង​រៀន​ច្រៀង​ដោយ​ស្ងប់​សា្ង​ត់ ។​

អាស្រ័យ​ដោយមាន សំឡេង​ពេជ្រ​ពី​ធម្មជាតិ ទោះបី​លោក​កំពុង​សិក្សា​មុខវិជ្ជា​ពេទ្យ​ក៏ដោយ ក៏​លោក​ត្រូវបាន​គេ​អញ្ជើញ​ជា​ញឹកញាប់​ឱ្យទៅ​ច្រៀង​ក្នុង​ពិធី​សំខាន់ៗ ជាច្រើន ។​
នៅពេលដែល​ប្រទេស​ខ្មែរ​ទទួលបាន​ឯករាជ្យ​ពី​បារាំង​ឆ្នាំ​១៩៥៣ លោក​ក៏បាន​ការសិក្សា​ខាង​ពេទ្យ​នោះ​ចប់​ដែរ តែដោយសារ​ភាពលេច​ធ្លោ​រ​របស់លោក​ផ្នែក​សិល្បៈ​តន្ត្រី​និង​ចម្រៀង លោក​ត្រូវបាន​ការអញ្ជើញ​ឱ្យចូល​ទៅធ្វើ​ការ​ក្នុង​អង្គភាព​វិទ្យុជាតិ ក្នុង​នាទី​ជា​អ្នកចម្រៀង​ទៅវិញ ។ តែ​យ៉ាងណា​ក៏​លោក​មិន​ចោល​ជំនាញ​របស់លោក​ដែរ ។​

អា​ពា​ហិ​ពិពាហ៍​របស់លោក ស៊ិន ស៊ី​សាមុត​
លោក ស៊ិន ស៊ី​សាមុត​ជា​មនុស្ស​មាន​មនោ​ស​ញ្ចោ​ត​នា​ច្រើន តែ​រយៈ​ពេលនោះ​ដោយសារ​ការខិតខំ​សិក្សា​ជំនាញ និង​ខិត​ខំរៀន​វិជ្ជា​សិល្បៈ​បន្ថែម​លោក​គ្មាន​ពេល វេលា​សម្រាប់​ទំនាក់ ទំនង​ខាង​ផ្លូវ​ស្នេហា​ជាមួយ​នារី​ណា​ឡើយ​។ ក្រោយពី​បញ្ចប់​ការសិក្សា​ផ្នែក​វិជ្ជាពេទ្យ លោក ស៊ិន ស៊ី​សាមុត​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង ខាវ ថង​ញ៉ុ​ត ដែលជា​ប្អូនជីដូនមួយ របស់លោក តាម​ការណែនាំ​ពី​ចាស់ៗ និង​ឪពុកម្តាយ​លោក ។ លោក​ក៏​មិន​ជំទាស់​នឹង​ការរៀប​ចំនេះ ហើយ​អាពាហ៍ពិពាហ៍​នេះ នាំឱ្យ​អ្នក​កវី​និង​លោកស្រី ខាវ ថង​ញ៉ុ​ត បាន​បុត្រ​៤​នាក់ ដែល​មកដល់​បច្ចុប្បន្ន​នៅសល់​បីនាក់ ប្រុស​ពីរ ស្រី​មួយ ។ ឯ​កូនប្រុស​ម្នាក់​បាន​ស្លាប់​ក្នុង​ជំនាន់​ប៉ុល ពត ។​

ជីវិត​គ្រួសារ​របស់លោក​រស់នៅ​យ៉ាង​មាន​សុភមង្គល តែ​ក្រោយមក​ពេលដែល​លោក​ល្បី​ខ្លាំង ជីវិត​គ្រួសារ​របស់លោក​ក៏​ទទួល​ការ​បោកបក់​នៃ​ព្យុះ​ព្យោមា ដោយសារ​ការ ចែករំលែក​សេចក្តីស្នេហា​តាម​សភាព​ជាក់ស្តែង​របស់លោក ។ ចំណុច​នេះ​លោក​ស៊ិន ច័ន្ទ​ឆាយា ជា​កូន​បាន​និយាយថា ជាតិ​ជា​ស្ត្រី​ក្នុង​លោក​គ្មាន​ស្ត្រី​ណា​ដែល​ចិត្តធន់ ហើយ​ពូកែ​អត់ធ្មត់​ជាង​ម្តាយ​លោក​ទេ ។ ម្តាយ​លោក​បាន​កាន់សីល​(​សុំ​សីលរ​មា្ង​ប់​ចិត្ត​) តាំងពី​អាយុ​៣០​ឆ្នាំ​រហូតមក ។ ធម្មតា​សិល្បករ កាន់តែ​ល្បី​កាន់តែ​វិសេស គេ​ក៏​កាន់តែ​ចោមរោម ពិសេស​ចំពោះ​មនុស្ស​ដែល​សម្បូរ​មនោ​ស​ញ្ចោ​ត​នា គឺ​ពិបាក​នឹង​ចៀស​ឱ្យ​រួច​ពី​ការទាក់ទាញ​ទាំងអស់នោះ​ខ្លាំងណាស់ ។​

ទេពកោសល្យ សិល្បៈ​ចម្រៀង និង​តន្ត្រី​របស់លោក ស៊ិន ស៊ី​សាមុត​
ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ទាំងបី បាន​លេចឡើង​នៅលើ​ខ្លួន​លោក ស៊ិន ស៊ី​សាមុត តាមរយៈ​សំឡេង​ពេជ្រ​របស់លោក ដែល​វិទ្យុ​បាន​ចាក់ផ្សាយ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៥៣​រហូតមក ។ ទេពកោសល្យ​ទីមួយ គឺ​ទេពកោសល្យ​តាក់តែង​បទ​ភ្លេង​សម្រាប់​ច្រៀង ។ តាម​ទម្លាប់​របស់លោក​ដែល​គេ​បាន​ប្រទះឃើញ គឺ​លោក​ប្រើតែ​ម៉ុង​ដូលី​ន​មួយគត់ ដើម្បី​កេះ​រាវរក​បទ​ភ្លេង ចំពោះ​បទ​ណាមួយ​ដែល​លោក​មានគំនិត​ថា​នឹង​តែង​វា ។ ក្រោយពី​រាវរក​អឺ​ន​សំនៀង​តាម​ម៉ុង​ដូលី​ន​ឃើញ​ហើយ ទើប​លោក​សរសេរ​ទំនុកច្រៀង ។ ទំនុកច្រៀង​ដែល​លោក​និពន្ធ ភាគច្រើន​គឺ​បទ​មនោ​ស​ញ្ចោ​ត​នា បង្ហាញ​ពី​ទឹកចិត្ត បង្ហាញ​ពី​ការស្រឡាញ់ ពី​ការឈឺចាប់ ពី​ការព្រាត់ប្រាស និង​ពី​ការ​នឹករលឹក​ចំពោះ​គូ ស្នេហ៍ ដែលមាន​ពាក្យពេចន៍​យ៉ាង​សាមញ្ញ ងាយ​ស្តាប់ ងាយ​យល់ ហើយ​ទាក់ទង​នឹង​ជីវភាព​ពិតៗ​របស់​មនុស្ស​គ្រប់រូប​កំពុង​ឆ្លងកាត់ ។ ក្នុងការ​តែង​បទ​ពាក្យកាព្យ​ចាប់​ចុងចួន លោក​ត្រូវ​ប្រើ​វចនានុក្រម​ជាច្រើន​ដែលមាន​ជា​បី​ភាសា គឺ​ភាសាសំស្ក្រឹត ភាសា បាលី និង​ភាសា​ខ្មែរ​-​នេះ​បើតាម​សម្តី​លោក​ឆាយា ជា​កូនបង្កើត​របស់លោក​បាន​ឃើញ​នៅលើ​តុ​សរសេរ​នៅ​ការិយាល័យ​របស់លោក ។ ក្នុងពេល​តែង​បទ លោក​តែង​ស្លុង​ទៅក្នុង​ការនិពន្ធ ប្រសិនបើ​មានការ​ទាក់​ទើស​ត្រង់​កន្លែង​ណា លោក​តែង​បើក​សៀវភៅ​វចនានុក្រម​នៅលើ​តុ​មើល​តែមួយ​សន្ទុះ​ប៉ុណ្ណោះ លោក​អាច​ស្រាយ​ចំណោទ ដែល​កំពុង​ទាល់​នោះបាន​ភ្លាម ដូច្នេះ​ក្នុងការ​តែង​និពន្ធ ពុំមែន​ជាការ​ដែល​លោក​តែង​តាមចិត្ត​លោក​នឹកឃើញ​ប៉ុណ្ណោះ​ទេ លោក​នៅ​ស្រាវជ្រាវ​បន្ថែម​អំពី​អត្ថន័យ​ខ្លឹមសារ​នៃ​ពាក្យ​នីមួយៗ​ថែមទៀត ។ ម្ល៉ោះហើយ​ពាក្យកាព្យ​របស់ លោក​ស្តាប់ទៅ​រត់​ត្រចៀក​យ៉ាង​ស្រួល ហើយ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ គ្មាន​ខ្វះ​មួយ​ពាក្យ​ណា​ទាល់តែ សោះ ធ្វើ​ឱ្យន័យ​ចម្រៀង​របស់លោក​នីមួយៗ​មានជីវិត​ច្រើនសិប​ឆ្នាំ​ក៏​មិន ធ្វើឱ្យ​អ្នក​ស្តាប់​ធុញ ទ្រាន់​បានឡើយ​-​នេះ​ជា​ទេពកោសល្យ​ទី​ពីរ​។​

ទេព​កោ​ល​ស្យ​ទី​បី​របស់លោក គឺ​សំនៀង​ដ៏​ក្រអួន មាន​ទឹកដម ហើយ​អាច​បត់បែន​កាច់​កុង​តាមតែ លោក​ចង់បាន មិន​ភ្លាត់​មិន​ភ្លាវ ហើយ​ខ្យល់​សំនៀង​ដាក់​ត្រូវ​តាម​អត្ថន័យ​បទ​នីមួយៗ​ប្លែកៗ​គ្នា​ទៀតផង ។ ចំណុច​លេចធ្លោ​មួយទៀត​នៃ​សំនៀង​របស់លោក គឺ​ណែន ពីរោះ ច្បាស់ គ្មាន​បន្លំ គ្មាន​លួច​បំភ័ន្ត​អ្នក​ស្តាប់​មួយ​ពាក្យ ឬមួយ​ឃ្លា​ណា​ឡើយ ។ សូរស័ព្ទ​សំនៀង ដែល​លោក​បន្លឺ​ពេញ​ចំ​ជា​ពាក្យ​ខ្មែរ ត្រូវ​តាម​អក្ខរាវិរុទ្ធ ហើយ​អឺ​ន​សំឡេង​ទៀតសោត ទោះជា​ដាក់​ទាប ឬ​លើក​ខ្ពស់ ក៏​លោក​រក្សាបាន​នូវ​កម្រិត​សំឡេង​ដដែល ហាក់​គ្មាន ប្រឹង​បង្ខំ​បន្តិច​ណា​ឡើយ ។​

ដោយសារ​សំឡេង​ទន់​ត្រជាក់ ណែន​ក្រអួន​របស់លោក ស៊ិន ស៊ី​សាមុត កាន់តែ​ពីរោះ ឈ្មោះ​របស់លោក​បាន​កាន់​តែ​លេច​ត្រដែត​ក្នុងចំណោម​មហាជន ទើប​ក្រោយ មក​ក៏​ទទួលព្រះរាជទាន​ពី​ព្រះមហា​ក្សត្រិយានី ឱ្យ​ចូលមក​បម្រើ​ការងា​រ​នៅក្នុង​តន្ត្រី​ព្រះរាជ​ទ្រព្យ​រហូតដល់​ឆ្នាំ ១៩៧០ ។  ហេតុ​ដូច្នេះហើយ លោក ស៊ិន ស៊ី​សាមុត មិន​ត្រឹមតែ​អាច​ច្រៀង​តែ​បទ​សម័យ​បាន​ពីរោះ​ប៉ុណ្ណោះ​ទេ សូម្បីតែ​បទ​បុរាណ​ខ្មែរ មាន​មហោរី អា​យ៉ៃ ចាប៉ី យីកេ បាសាក់ ក៏​លោក​ច្រៀង​បាន​យ៉ាង​ពីរោះ​គ្រលួច​លើសគេ​ដែរ ។​

លោក​គ្រួច ប៊ុនលី អតីត​អ្នក​បោះពុម្ព​សៀវភៅ​ភ្លេង​និង​ចម្រៀង​បាន​និយាយ​ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ​៩០​ថា លោក​ស៊ិន ស៊ី​សាមុត ជា​មនុស្ស​និយាយ​ម៉ាត់​ណា​គឺ​ម៉ាត់​ហ្នឹង ។ ពេលវេលាឬ​តម្លៃ​ដែល​បាន​ព្រមព្រៀងគ្នា ប៉ុនណា ប៉ុន្មាន គឺ​ប៉ុណ្ណោះ ហើយ​មិន​ឱ្យលើស មិនឱ្យ​យឺត ឱ្យ​ច្រើនជាង​ក៏​មិន​យកឱ្យ​តិចជាង​ក៏​មិន​ព្រម៕​

ប្រភពដោយ៖ CEN

ឆ្លើយ​តប​

Please enter your comment!
Please enter your name here