ជីវប្រវត្តិរបស់ ស្តាលីន ជាកូនសិស្សរបស់ លេនីន និងជាមេដឹកនាំបដិវត្តន៍ម្នាក់

0
566

ស្តាលីន មិនមែនឈាមជ័ររុស្សីទេ តែជាជនជាតិចរ៍ចៀ បិតាមាតារបស់ស្តាលីន មិនចេះនិយាយភាសារុស្សីឡើយ ចំណែកស្តាលីនក៏និយាយ​រុស្សី​បែបសំនៀងចរ៍ចៀ។ ពាក្យថា “ស្តាលីន” មិនមែនឈ្មោះ​ពិតនោះទេ ឈ្មោះ​ពិតរបស់បុរសនេះគឺ Yosif Visarionovitch Dzhugasshyili ពាក្យថា “ស្តាលីន” ប្រែថា “ដែក” ជារហស្សនាមឬឈ្មោះ​បង្កប់ដែលនៅគ្រាដំបូង គឺជាឈ្មោះ​បង្កប់ពិតមែន គឹក្នុងការចាប់ផ្តើមធ្វើបដិវត្តន៍ម្នាក់ៗ ក៏ត្រូវប្រើឈ្មោះ​បង្កប់ហើយទំនាក់ទំនងគ្នាដោយឈ្មោះ​បង្កប់។ ឈ្មោះ​ប្រភេទនេះក្នុងភាសាបារាំងហៅថា Nom de Revolution ប្រែថាឈ្មោះ​បដិវត្តន៍។ ក្រោយមកពេលការបដិវត្តន៍ចប់សព្វគ្រប់ហើយ ក៏នៅរលឹកនឹកដល់ឈ្មោះ​ដែលធ្លាប់ប្រើមកទើបនាំយកមកប្រើតទៅទៀត។ ចំណែកមនុស្សដែលមិនមែនជាអ្នកធ្វើបដិវត្តន៍ក៏តាំងឈ្មោះ​បង្កប់របស់ខ្លួនដែរ ដូច្នេះបុគ្គលសំខាន់ៗនៅរុស្សីសម័យនេះសុទ្ធតែប្រើរហស្សនាមទាំងអស់ហ្នឹង ឈ្មោះដែលនាំគ្នាហៅថាម៉ូឡូតហ្វ វ៉ូរ៉ូឈីរ៉ហ្វ លិតវិណហ្វ កាខាណូវិតឆ៍ និងផ្សេងៗ ទៀតទាំងអស់សុទ្ធតែជារហស្សនាម ឬឈ្មោះ​បដិវត្តន៍។ អ្នកដែលដឹងច្បាស់រឿងរហស្សនាមរបស់ពួកបារាំង ប្រហែលជាជ្រាបហើយថាពួកបារាំងគេទទួលស្គាល់ឈ្មោះ​បង្កប់ ឬរហស្សនាមត្រឹមត្រូវតាមច្បាប់ ពួកអ្នកនិពន្ធ អ្នកតន្ត្រី និងសិល្បករទាំងឡាយ អាចប្រើរហស្សនាមធ្វើនីតិកម្មតាមច្បាប់បាន។

ស្តាលីនកើតនៅ គ.ស. ១៨៧៩ បិតាជាជាងស្បែកជើង បានទទួលការសិក្សាត្រឹមក្នុងវត្តប៉ុណ្ណោះ ហើយត្រូវបានដេញចេញពីវត្តដោយ​ហេតុផល​ថា “ស្តាលីនជាក្មេងដែលមិនអាចទុកចិត្តបាន” លុះអាយុបាន១៧ ឆ្នាំក៏ចូលជាសមាជិកបក្សនយោបាយឈ្មោះថាគណៈប្រជា​ធិបតេយ្យ ញុះញង់ពួកកម្មករឲ្យរឹងទទឹងចំពោះលទ្ធិរាជានិយម។ ស្តាលីនត្រូវបានចាប់ខ្លួននៅ គ.ស. ១៩០២ ជាប់គុកមួយឆ្នាំរួចហើយត្រូវបានបញ្ជូនទៅសៃប៊ីរៀអស់​រយៈ​ពេល​ ៧ឆ្នាំ ក្នុងរវាងនេះក៏គេចទៅគេចមក និងត្រូវបានចាប់ជាច្រើនដងទៀត លុះកើតមហាសង្រ្គាមកន្លង​មក ក៏ជាឱកាសឲ្យផ្តួលរបបរាជានិយមបាន ដោយលេនីន​ជាមេបដិវត្តន៍ហើយស្តាលីនគ្រាន់តែជាសិស្សរបស់​លេនីនប៉ុណ្ណោះ។

តាមការពិតលេនីន​មិនចូលចិត្តស្តាលីនឡើយ ហេតុដែលមិនចូលចិត្តព្រោះឃើញថាស្តាលីនជាមនុស្សមានមហិច្ឆតាខ្លាំងណាស់ គាត់មើលឃើញស្ថានការណ៍ឆ្ងាយដឹងថាតទៅមុខ ស្តាលីននឹងក្លាយជាមនុស្សសំខាន់ជាងខ្លួនទៅទៀត។ លេនីន​បានព្យាយាមកំចាត់ស្តាលីនជាច្រើន​ដង ដល់ថ្នាក់ណែនាំឲ្យសិស្សដទៃចុះឈ្មោះបណ្តេញស្តាលីនចេញពីតំណែងលេខាធិការគណៈបូលសេវិក (Bolsheviks) តែដែលមិនអាចកម្ចាត់បានព្រោះហេតុពីរប្រការគឺ ប្រការទីមួយ ស្តាលីនជាមនុស្សមានសមត្ថភាពហើយធ្វើការងារបានល្អពិត មួយប្រការទៀតគឺស្តាលីនធ្វើមិនដឹងរឿងដែល លេនីន​ គិតចង់កំចាត់ខ្លួនមិនដែលនិយាយសម្តែងការតូចចិត្ត ឬបញ្ចេញភាពមិនពេញចិត្តចំពោះលេនីន ឡើយផ្ទុយទៅវិញ ស្តាលីន បានតែងសៀវភៅសរសើរលេនីន​ ដែលជាសៀវភៅមានកម្រាស់ដល់ទៅ៨០០ ទំព័រក្រដាស ហើយបោះពុម្ពរូបលេនីន​ជាមួយស្តាលីន​អង្គុយនៅជាមួយគ្នា ក្នុងឥរិយាបទដែលស្តាលីនជាសិស្សដែលមានសេចក្តីស្រលាញ់ និងគោរពលេនីន​អ្នកជាគ្រូ ចែកទៅជាង ៥ សែនច្បាប់ ព្រមទាំងឲ្យឆ្លាក់រូបហ្នឹងទុកទៀតផង។ ពេលលេនីន​មរណភាពស្តាលីនចូលទៅលីក្តាមឈូសដោយខ្លួនឯង ហើយគ្រាមួយបានឲ្យអ្នកកាសែតសម្ភាសន៍ រួចហើយហៅឲ្យយកមកត្រួតពិនិត្យ​បន្ថែម​ អ្នកកាសែតសរសេរថាស្តាលីន ជាទាយាទរបស់លេនីន ស្តាលីន គូសខ្វែង​ពាក្យថា “ទាយាទ” ចោលហើយប្តូរថា “អ្នកបម្រើដ៏ស្មោះត្រង់” វិញ។ វិធីរបស់ស្តាលីនដូចពោលមកនេះក៏ត្រូវនឹងភាសិតរបស់ព្រះពុទ្ធថា “ឈ្នះសេចក្តីមិនល្អដោយសេចក្តីល្អ” នេះជាគុណសម្បត្តិដែលយើងគួរចងចាំទុក។

លក្ខណៈផ្ទាល់ខ្លួនរបស់ស្តាលីន ជាមនុស្សមិនចូលចិត្តភាពលយឆាយ ឬពិធីការ មិនមានឯកសណ្ឋាន គ្រឿងប្រដាប់កិត្តិយស ពាក់​តែ​អាវ​ពណ៌​បៃតងបត់កចុះ មិនចូលចិត្តការទទួលរ៉ាប់រង មិនចូលចិត្តសមាគម រហូតរយៈពេល ១៨ឆ្នាំធ្លាប់ឲ្យតំណាងអ្នកកាសែតចូលជួប៧ ដងប៉ុណ្ណោះ ជាអ្នកកាសែតអាល្លឺម៉ង់ ២ ដង ជប៉ុន ២ ដងអាមេរិកា ៣ ដង។ ស្តាលីនមិនពូកែនិយាយ ហេតុនេះ​ការ​ថ្លែងសុន្ទរកថាក៏មិនសូវបានល្អ ហើយមិនចូលចិត្តថ្លែងសុន្ទរកថាទេចូលចិត្តប្រើវិធីសួរឆ្លើយក្នុងទីប្រជុំ គឺសុំឲ្យគេសួរហើយស្តាលីនក៏តប ក្នុងការតបដូច្នេះស្តាលីនអាច​ឈរ​តប​បាន ៦ ម៉ោង។ រាង្គកាយរឹងមាំ អនាម័យល្អ តែមានលក្ខណៈខុសពី ដេវ៉ាលេរ៉ាមុសសូលិនី និងហ៊ីត្លែ​ ក្នុងប្រការសំខាន់ៗ ព្រោះស្តាលីនជាមនុស្សពូកែទទួលទានសុរាញាណបារី ទទួលទានអាហារមិនរើសមុខ។ យើងប្រហែលធ្លាប់បានឃើញរូបថតស្តាលីនតែងកាន់ខ្សៀនៅនឹងដៃជានិច្ច ដល់ថ្នាក់ក្នុងពេលទទួលទានអាហារត្រូវដាក់ខ្សៀទុកនៅក្បែរៗ ចានអាហារ ពេលទទួលទានរបស់មួយរួចមុននឹងទទួលទានរបស់មួយទៀតត្រូវប៊ឺតខ្សៀជាមុនសិន។

ស្តាលីនមានភរិយាពីរនាក់ ភរិយាទីមួយអនិច្ចកម្មដោយរោគហើមសួតក្នុង គ.ស ១៩១៧ ពីរ​ឆ្នាំ​ត​មក​ទៀតគឺក្នុង គ.ស ១៩១៩ ស្តាលីន​រៀបការភរិយាថ្មីជាមួយកូនរបស់មិត្តភក្តិ ដែលអាជីពជាជាងធ្វើកូនសោរ។ ពេលរៀបការលើកទីពីរនេះ ស្តាលីនមានអាយុ ៤០ ឆ្នាំចំណែក កូន​​ក្រមុំអាយុ ១៧ឆ្នាំ កូនក្រមុំមិនដែលបានសិក្សាអ្វីឡើយ​ពេល​នៅជាមួយគ្នារហូតបានកូនពីរ ហើយស្តាលីនទើបបញ្ជូនភរិយាទៅចូលរៀន។ ពេលទៅរៀនឲ្យឡើងឡានក្រុងដូចអ្នកដទៃ មិនឲ្យមានរថយន្តជូនឡើយ។ ភរិយាទីពីរនេះនៅជាមួយគ្នាបាន ១៤ ឆ្នាំក៏អនិច្ចកម្មទៀត។

ប្រាក់ខែរបស់ស្តាលីនមួយខែមួយពាន់រូប៊ើល (RUB) បើគិតជាប្រាក់រៀលខ្មែរប្រហែល ៣៥,០០០ រៀល តែទាំងនេះមិនមែនបានន័យថាស្តាលីនមាន​លុយ​ចាយតែប៉ុណ្ណឹងនោះទេ ព្រោះក្រៅពីប្រាក់ខែហើយនៅមានថវិការក្នុងផ្នែកផ្សេងៗទៀតជាច្រើន។ តាមធម្មតាពួកកុម្មុយនិស្តមានប្រាក់ខែតិចថ្នាក់រដ្ឋមន្ត្រីក៏បានត្រឹម ៦០០ រូប៊ើល គឺ​ប្រហែល ២០,០០០ រៀល។ ពួកនេះមិនសូវចាំបាច់ក្នុងរឿងប្រើប្រាស់លុយកាក់ ហើយពួកអ្នកធំរបស់រុស្សីក៏មិនធ្លាប់មានមន្ទិលក្នុងរឿងមាសប្រាក់នេះឡើយ សេចក្តីប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់ពួកនេះ គឺអំណាចនិងកិត្តិយសកេរិ៍្តឈ្មោះ របស់ដែលពួកនេះប្រាថ្នាខ្លាំងគឺឲ្យឈ្មោះរបស់ខ្លួនបានទទួលកិត្តិយសតាំងជាឈ្មោះក្រុង ឈ្មោះថ្នល់ ឬទីកន្លែងសំខាន់ៗផ្សេងៗទៀត។ ពាក្យថា ឈ្មោះរបស់ខ្លួនក្នុងទីនេះគឺបានដល់រហស្សនាម ឬនាមបដិវត្តន៍នោះ​ឯង។ ស្តាលីនបានឈ្មោះរបស់ខ្លួនទៅតាំងជាឈ្មោះក្រុង៤ កន្លែងគឺ Stalingrand, Stalinabad, Stalinnogosk និង Stalinsk។ ការងារពេលទំនេររបស់ស្តាលីនគឺ អានសៀវភៅ លេងអុក និងដែលចូលចិត្តបំផុតគឺមើលល្ខោន និងស្តាប់តន្ត្រី។

និយាយដល់រឿងការងារស្តាលីន មានលក្ខណៈមិនខុសពីបុគ្គលសំខាន់ៗផ្សេងទៀតឡើយ គឺមានសេចក្តីអត់ធន់ និងធ្វើការបានច្រើន តែមិន​មែន​ធ្វើ​ដោយ​មិនឈប់សម្រាកដូចដេវ៉ាលេរ៉ានោះទេ តាមធម្មតាធ្វើការងារធ្ងន់យ៉ាងពេញទំហឹង ៧-៨ ថ្ងៃរួចហើយក៏ឈប់សម្រាកមួយថ្ងៃ ឬពីរថ្ងៃ។ ស្តាលីនធ្វើការងារយឺតៗ តែធ្វើមិនឈប់ មិនទុកចោលលក្ខណៈរបស់បុរសនេះ គឺសេចក្តីឧស្សាហ៍ព្យាយាម ការហ៊ានប្រថុយប្រថាននឹងសមាធិ និងជាបុគ្គលមានខ្សែកម្លាំងចិត្តខ្លាំង រហូតមានពោលទុកថា ពេលស្តាលីនចូលទៅក្នុងបន្ទប់ណា មនុស្សក្នុងបន្ទប់នោះទោះមិនបានឃើញក៏មានរម្មណ៍ថាស្តាលីនកំពុងចូលមក។ សមត្ថភាពដ៏សំខាន់របស់ស្តាលីន គឺការជ្រើសរើសប្រើមនុស្សឲ្យសក្តិសមនឹងមុខតំណែងតួនាទី ហើយអាចគ្រប់គ្រងមនុស្សនៅក្រោមបង្គាប់បញ្ជាឲ្យធ្វើការដោយសេចក្តីព្រមព្រៀងគ្នាជាធ្លុងមួយ។ ស្តាលីនធ្លាប់សរសេរទុកថា សិល្បៈនៃភាពជាមេដឹកនាំ ជារឿងសំខាន់ណាស់ ​​ហើយអធិប្បាយទុកថាវិធីរបស់ខ្លួនក្នុងភាពជាមេដឹកនាំនោះ គឺធ្វើឲ្យគ្រប់ៗគ្នាដើរទៅព្រមគ្នា នរណា​នឹង​ដើរលឿនហួសទៅមុខក៏ត្រូវឲ្យរងចាំសិននរណាដើរយឺតត្រូវកៀងដេញឲ្យលឿនឡើង ការដើរព្រមគ្នាជាកូន​សោរសំខាន់នៃភាពជោគជ័យរបស់ស្តាលីន ឬពោលម្យ៉ាងទៀតថា ជាជោគជ័យរបស់គណៈសូវៀតទាំងមូល។ ជនបរទេសគ្រប់គ្នាពេលបានឃើញវិធីធ្វើការរបស់ពួកសូវៀត តែងមានការកោតសរសើរភាពឧស្សាហ៍ព្យាយាម និងការព្រមព្រៀងគ្នា។ តាមពិតក្នុងបណ្តាបុគ្គលសំខាន់របស់សូវៀត ទាំង១០ នាក់ រួមទាំងស្តាលីនផង គ្មាននរណាធ្លាប់បានទទួលការសិក្សាដល់ថ្នាក់មហាវិទ្យាល័យឡើយ យ៉ាងច្រើនណាស់ត្រឹមថ្នាក់មធ្យ​ម​សិក្សា ហើយមានជាច្រើននាក់ទៀតដែលមិនធ្លាប់បានចូលសាលារៀនឡើយ សេចក្តីសម្រេចក្នុងការងាររបស់ពួកនេះកើតឡើងបានដោយសារសេចក្តី​ឧស្សាហ៍​ព្យាយាម និងសេចក្តីព្រមព្រៀងស្រុះដៃគ្នានោះឯង។

យើងជ្រាបហើយថា មនុស្សមិនមែនគ្រឿងចក្រ ក៏មិនមែនកើតមកពីរោងពុម្ពតែមួយជាមួយគ្នាទេ ការដែរអាច​ធ្វើឲ្យមនុស្សដល់ទៅ ១០០ លាន​នាក់​ឈាន​ដើរទៅព្រមៗ គ្នានោះមិនមែនរឿងងាយឡើយ។ ហើយការដែលស្តាលីនធ្វើបាន ក៏ព្រោះស្តាលីនមាន​ចិត្តរឹងល្មមក្នុងការសម្លាប់មនុស្ស​ដែល​មិនព្រមដើរទៅព្រមគ្នា ព្រោះហេតុនេះទើបយើងបានឮព័ត៌មានការប្រហារជីវិតនៅរុស្សីជាប្រចាំ ហើយប្រហារម្តងៗ មានច្រើននាក់។ ស្តាលីនខ្លួន​ឯងមាន​ពេលមួយនោះ​ត្រូវមនុស្សម្នាក់សួរថា នឹងសម្លាប់មនុស្សដល់ពេលណាទៅ ស្តាលីន​ក៏តបថាដរាបណាមានភាពចាំបាច់ត្រូវសម្លាប់ ក៏ត្រូវតែសម្លាប់ជារឿងធម្មតា​ទេ។ ស្តាលីន បានឲ្យគោលការណ៍មួយថា «គ្មានការបដិវត្តន៍ណាដែលនឹងធ្វើបានសម្រេចបានដោយដៃពាក់ស្រោមពេជ្រ» ដែលមានន័យថា ការងារបដិវត្តន៍នោះត្រូវធ្វើដោយដៃដែក និងមិនចាំបាច់កង្វល់ថា ដៃនោះនឹងប្រឡាក់ឈាមនោះទេ៕

ប្រភពដោយ៖ សំខាន់

សូមអរគុណសម្រាប់ការគាំទ្រគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង www.monovichea.com និងសូមជួយចែករំលែកចំណេះដឹងនេះបន្តផង។ “រក្សាព្រៃគង់មិនខ្វះអុសដុត រក្សាចំណេះឲ្យច្រើនងាយស្រួលប្រើការពេលចំបាច់”។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here