ជិតដល់ប្រឡងបាក់ឌុបហើយ តើសិស្សវិទ្យាល័យយើងគួរតែត្រៀមអ្វីខ្លះ?

0
159

ការសិក្សារយៈពេល ១២ឆ្នាំ ត្រូវបញ្ចប់លទ្ធផលដោយប្រើរយៈពេលតែពីរ បីថ្ងៃប៉ុណ្ណោះ បើមិនឆ្លាតក្នុងការត្រៀមចូលសមរភូមិទេ ១២ឆ្នាំ នោះនឹងត្រូវអសាបង់ឥតប្រយោជន៍ពុំខាន។ ថ្ងៃនេះគេហទំព័រចំណេះដឹង www.monovichea.com របស់ខ្ញុំ នឹងចែករំលែកនូវគន្លឹះនិងបទពិសោធន៍ខ្លះ ដើម្បីឲ្យសិស្សានុសិស្សមានកម្លាំងចិត្តក្នុងការប្រឡងពេលខាងមុននេះ៖

១. រៀបចំខ្លួន

ការត្រៀមខ្លួនដើម្បីចូលសមរភូមិប្រយុទ្ធ (ប្រឡង) វាប្រសើរជាជិតដល់ថ្ងៃ ទើបខំបើកសៀវភៅទិញកំណែលំហាត់ ព្រោះការសិក្សាមិនអាចរៀនតែមួយយប់ ឬពីរយប់ចេះអស់នោះទេ។ ដូច្នេះត្រូវតែត្រៀមខ្លួន ត្រៀមចិត្ត និងវិជ្ជាគុនរួចរាល់គឺ ជាគ្រឿងដ៏ល្អសម្រាប់ចូលប្រយុទ្ធដោយគ្មានភ័យខ្លាចអ្វីទាំងអស់។ «អ្នកច្បាំងខ្លាំងបំផុតគឺ ដឹងថាខ្លួនឯងឈ្នះមុនពេលចូលប្រយុទ្ធ អ្នកច្បាំងដែលអន់បំផុត ពេលចូលដល់ទីលានទើបដឹងថាខ្លួនឯងចាញ់» ។

២. ត្រៀមគំនិត 

នៅពេលដែលមានគំនិង មានមេរៀននៅពេញខួរក្បាលហើយ មិនថាលំហាត់លំបាកយ៉ាងណា ក៏លែងជាឧបសគ្គទៀតដែរ។ ដូច្នេះត្រូវតែប្រមូលគំនិត មេរៀនពីការរៀនអស់រយៈពេល១២ឆ្នាំនោះ មកបញ្ចេញឲ្យអស់នៅថ្ងៃប្រឡងនេះ។ «អ្នកដែលចេះហែលទឹក ទោះបីទឹលជម្រៅណាក៏អាចហែលរួចដែរ តែអ្នកដែលមិនចេះហែលទឹក សូម្បីតែទឹកនៅក្នុងពាងទឹក ក៏អាចលង់ស្លាប់ដែរ» ។

៣. ត្រៀមកម្លាំង

មិនថាយើងខ្លាំងយ៉ាងណា មានចំណេះដឹងប៉ុនណាទេ បើយើងខំពេកធ្វើឲ្យចុះខ្សោយនូវកម្លាំងកាយ ថាមពល យើងនឹងបាត់បង់សមត្ថភាពនិងឱកាសក្នុងការចូលប្រឡងមិនខាន។ ហេតុដូច្នោះហើយ ការត្រៀមរៀបចំកម្លាំងឲ្យបានត្រឹមត្រូវ និងមាំមួនគឺ ជារឿងដែលចាំបាច់បំផុតមុនពេលចូលសមរភូមិប្រយុទ្ធ (ប្រឡង) ។

៤. ត្រៀមសម្ភារៈ

ការត្រៀមសម្ភារៈសិក្សាផ្សេងៗ ដើម្បីបម្រុងទុកចូលប្រឡង ក៏ជារឿងដែលសំខាន់មួយដែរ។ ឧទាហរណ៍ថា នៅពេលដែលកំពុងតែប្រឡងៗ ស្រាប់តែប៊ិតខូច ឬអស់ទឹក អ្នកប្រាកដជាត្រូវខាតពេលវេលា ឬអាចនឹងមិនបានសម្រេចគោលដៅរបស់អ្នកបានទេ ប្រសិនបើគ្មានប៊ិកផ្សេងមកជំនួសទេ។ ហេតុដូច្នេះ អ្នកត្រូវតែត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ទាំងសំលៀកបំពាក់ឲ្យបានត្រឹមត្រូវ និងត្រូវមានសម្ភារៈឲ្យបានគ្រប់គ្រាន់បន្ថែមទៀត រួមមានដូចជា៖ ប៊ិក បន្ទាត់ ក្រដាសស ។ល។

ប្រសិនបើសិស្សានុសិស្ស បានត្រៀមខ្លួនដូចខាងលើអស់ហើយ អ្នកអាចដើរចូលប្រឡងដោយក្តីសង្ឃឹម និងញញឹមជឿចុះថា គ្មានអ្វីដែលថាជាឧបសគ្គរបស់អ្នកទៀតទេ។ ត្រូវចាំថា ការប្រឡងធ្លាក់មានសម្រាប់អ្នកដែលមិនខំរៀន និងរៀនមិនចេះតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ មនោ វិជ្ជា 

សូមអរគុណសម្រាប់ការគាំទ្រគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង www.monovichea.com និងសូមជួយចែករំលែកចំណេះដឹងនេះបន្តផង។ “រក្សាព្រៃគង់មិនខ្វះអុសដុត រក្សាចំណេះឲ្យច្រើនងាយស្រួលប្រើការពេលចំបាច់”។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here