ចក្រភពរ៉ូម ឬអាណាចក្ររ៉ូម

0
384

ចក្រភព​រ៉ូម (ជា​ភាសាអង់គ្លេស​៖ Roman Empire, ភាសាឡាតាំង​៖ Imperium Romanum, ភាសាអ៊ីតាលី​៖ Impero Romano) គឺជា​សម័យកាល​នៃ​អរិយធម៌​រ៉ូម​បុរាណ ដែល​មាន​លក្ខណៈ​អត្តាធិបតេយ្យ​ពី​រដ្ឋអំណាច និងមាន​វិសាលភាព​ដ៏​ធំ​លាតសន្ធឹង​នៅ​អឺរ៉ុប និង​ជុំវិញ​សមុទ្រមេឌីទែរ៉ានេ​ទាំងមូល​។ ពាក្យ “ចក្រភព​រ៉ូម” ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពណ៌នា​អំពី​រដ្ឋរ៉ូម​នៅក្នុង និង​ក្រោយ​រជ្ជកាល​របស់​អធិរាជ​ទី១​ ព្រះនាម “អូហ្គុសទុស” (Augustus) ។ សាធារណរដ្ឋរ៉ូម ដែល​មាន​ចំណាស់​៥០០​ឆ្នាំ បាន​ធ្លាក់ចុះខ្សោយ​ដោយសារ​សង្គ្រាមស៊ីវិល​ជាច្រើន​។ ព្រឹត្តិការណ៍​ជាច្រើន ត្រូវ​បាន​កើតឡើង​ដោយ​ការប៉ុនប៉ង​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ពី​សាធារណរដ្ឋ​ទៅជា​ចក្រភព រួមមាន​ទាំង​ការតែងតាំង ជូលីស៍ សេសារ (Julius Caesar) ជា​អ្នកកាន់អំណាច​មួយជីវិត (ឆ្នាំ​៤៤ មុន​គ.ស) ជ័យជម្នះ​របស់ Octavian (អូហ្គុសទុស) នៅក្នុង​ការប្រយុទ្ធ​នៅ Actium (០២ កញ្ញា ៣១ មុន​គ.ស) និង ការ​ផ្ដល់​បរមងារ​ដល់ អូហ្គុសទុស ជា​អធិរាជ​ដោយ​ព្រឹទ្ធសភា​រ៉ូម (១៦ មករា ២៧ មុន​គ.ស) ។

ក្នុង​ភាសាឡាតាំង ពាក្យ «Imperium Romanum» (ចក្រភព​រ៉ូម) បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​យ៉ាងច្បាស់​នូវ​ការរីកចម្រើន ដែល​ពាក្យ Imperium មានន័យ​ថា​ទឹកដី ដែល​បាន​បង្ហាញ​ពី​ផ្នែក​នៃ​ពិភពលោក​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រ៉ូម​។ ការរីកចម្រើន​របស់​រ៉ូម​បាន​ចាប់ផ្ដើម​តាំងពី​សាធារណរដ្ឋ​មកមេ៉្លះ ប៉ុន្តែ​បាន​ឈាន​ឡើង​ដល់​កំពូល​នៅ​រជ្ជកាល​របស់​អធិរាជ “ត្រាហ្សាន” (Trajan) ដែល​នាពេលនោះ ចក្រភពរ៉ូម​បាន​ត្រួតត្រា​លើ​ផ្ទៃដី​ប្រមាណ ៥,៩០០,០០០ គីឡូម៉ែត្រក្រឡា​។ ដោយសារ​តែ​អាណាចក្រ​ដ៏​ធំ និងភាព​យូរអង្វែង​របស់​ចក្រភពរ៉ូម ឥទ្ធិពល​របស់​រ៉ូម បាន​ជះទៅលើ ភាសា សាសនា ស្ថាបត្យកម្ម ទស្សនវិជ្ជា ច្បាប់ និង របៀបគ្រប់គ្រង​រដ្ឋ នៃ​ប្រជាជាតិ​ជាច្រើន​លើ​សកលលោក​សព្វថ្ងៃនេះ​។

ក្រោយ​សតវត្ស​រ៍ទី៣ នៃ​គ.ស Diocletian បាន​បង្កើត​ការបែងចែក​ប្រព័ន្ធ​គ្រប់គ្រង​រវាង​អធិរាជ​ពីរ គឺ​មួយ​នៅ​ភាគខាងលិច និងមួយ​នៅ​ខាងកើត ដើម្បី​ឲ្យ​ការគ្រប់គ្រង​កាន់តែ​ប្រសើរ​នៅលើ​អាណាចក្រ​ដ៏​ធំ​នេះ​។ នៅ​សតវត្សរ៍​ក្រោយមក​ទៀត ការ​បែងចែក​បែបនេះ​។ ក្រោយ​មរណភាព​របស់​អធិរាជ Theodosius ទី១ នៅ​គ.ស.៣៩៥ គ្មាន​អធិរាជ​ណាមួយ​អាច​គ្រប់គ្រង​លើ​អាណាចក្រ​ទាំងមូល​បាន​ទេ ដូច្នេះ​ចក្រភពរ៉ូម​ទាំងមូល ត្រូវ​បែក​ទៅជា​អាណាចក្រ​ពីរ​ដាច់ដោយឡែក​ពីគ្នា​គឺ​៖ ចក្រភព​រ៉ូម​ខាងលិច និង ចក្រភព​រ៉ូម​ខាងកើត (ចក្រភព Byzantine) ។ ចក្រភពរ៉ូម​ខាងលិច​បាន​ដួលរលំ​នៅ ​គ.ស.៤៧៦ ចំណែក​ចក្រភពរ៉ូម​ខាងកើត បាន​បន្ត​រហូតដល់​ការដួលរលំ​នៃ​ក្រុង​កុងស្តង់ទីណូប នៅ​គ.ស.១៤៥៣ ដោយ​ពួក​អូតូម៉ង់​ទួរគី ក្រោម​ការដឹកនាំ​របស់ Mehmed II ។ មាន​ការលំបាក​ជាខ្លាំង ក្នុង​កំណត់​ឲ្យបាន​ច្បាស់​ថាតើ​ចក្រភព​រ៉ូម​ចាប់ផ្ដើម​ពី​ពេលណា និង​បញ្ចប់​ត្រឹមណា ប៉ុន្តែ​ក្នុង​ករណី​នេះ យើង​សង្កត់ធ្ងន់​តែ​ចក្រភព​ចាប់ពី ឆ្នាំ​២៧ មុន​គ.ស រហូតដល់ ការបែកបាក់​នៃ​ចក្រភព នា​គ.ស.៣៩៥ តែប៉ុណ្ណោះ​៕

កែសម្រួលដោយ៖ មនោ វិជ្ជា

សូមរង់ចាំអានអត្ថបទបន្ថែមទាក់ទងនឹងចក្រភពរ៉ូម….

សូមអរគុណសម្រាប់ការគាំទ្រគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង www.monovichea.com និងសូមជួយចែករំលែកចំណេះដឹងនេះបន្តផង។ “សិក្សាស្រាវជ្រាវដោយភាពថ្លៃថ្នូរ និងស្វាហាប់ ដើម្បីចំណេះដឹងរបស់លោកអ្នក”។

ចែករំលែក
អត្ថបទ​មុនជីវប្រវត្តិរបស់មនុស្សទេព ឬនាគដេក ជូកឺលៀង (ខុងមិញ)
អត្ថបទ​បន្ទាប់បន្ទះឫស្សី ៣០០០ ច្បាប់ បណ្តែតតាមដងទន្លេ…
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here