ជីវប្រវត្តិរបស់អ្នកគណិតសាស្ត្រ និងទស្សនវិទូដ៏មហិមាល្បីល្បាញ លោក ហ្គត​្រហ្វីដ វិលហេម លិបនីស

0
190

ហ្គត​​្រហ្វីដ វិលហេម លិបនីស

ហ្គត​​្រហ្វីដ វិលហេម លិបនីស កើតនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៦៤៦។ លោកជាអ្នកគណិតសាស្ត្រ និងទស្សនវិទូដ៏មហិមាម្នាក់។ លោកជាជនជាតិអាល្លឺម៉ង់ កើតចេញពីត្រកូលបញ្ញវ័ន​ក្រីក្រ។ តាំងពីតូចមកម៉េ្លះ ហ្គត​​្រហ្វីដ បានទទួល​ការបំពាក់​បំប៉ន​យ៉ាងយកចិត្ត​ទុក​ដាក់​ពីឪពុក ចំពោះទេពកោសល្យធម្មជាតិ​របស់ខ្លួន។ ម្ដាយ​របស់លោក ជាស្ត្រី​មួយរូបដ៏ឈ្លាសវៃដែល​ចេះនិយាយ​ច្រើនភាសា។ ហើយ​នោះ​ជាចំណែក​មួយ​ដែលជះឥទ្ធិពល​យ៉ាងខ្លាំងដល់ទេព្យកោសល្យ​ និងចរិយា​សម្បត្តិ​របស់អ្នកប្រាជ្ញយើង។តាំងពី​វ័យ ១២ឆ្នាំ​មកមេ៉្លះ ហ្គត​​្រហ្វីដ បានរៀន​ដោយខ្លួនឯង ​ហើយ​យល់បាន​យ៉ាងជ្រៅ​ជ្រះ​ចំពោះបណ្ដាវណ្ណកម្ម​បូរាណៗ។ ពេលនោះលោក​ក៏ចាប់ផ្ដើម​នឹងប៉ុនប៉ង​ប្រាថ្នា រុករកនូវអាថ៌កំបាំងទាំង​ឡាយ​ក្នុងធម្មជាតិ។ កាលអាយុបាន ១៤ឆ្នាំ កុមារ​ ហ្គត​​្រហ្វីដ ត្រូវបាន​ទទួល​ឲ្យចូលរៀន​នៅមហាវិទ្យាល័យ​​ឡិបស៊ិច។ ក្នុងពេលនោះ​ លោកបានបង្ហាញឲ្យ​ឃើញ​នូវបញ្ញាដ៏ឆ្នើមរបស់លោក ហើយចាប់ផ្ដើម​ធ្វើការស្រាវជ្រាវ​បង្កើត​នូវ​ស្នាដៃគណិតសាស្ត្រ​នានា។ ពលិកម្ម​ដ៏សំខាន់​បំផុត​របស់​លោកគឺ ស្ថិតក្នុងវិស័យ​ផលគុណ និងផលចែកហ្គត​​្រហ្វីដ រួមនិង ញូតុន ត្រូវបាន​គេចាត់ទុក​ជាអ្នកបង្កើត​នូវក្បួន​នព្វន្តផលគុណ។ ទន្ទឹមនឹងនោះ លោកក៏ត្រូវបានគេចាត់ទុកលោកថា​ជាទស្សនវិទូមួយរូប​ដ៏ល្បីល្បាញផងដែរ។

ដំណើរផ្សងព្រេងក្នុងបណ្ដា… ទូរសៀវភៅ

ថ្ងៃមួយ លោកហ្វីដ្រីត លិបនីស ដែលត្រូវជាឪពុករបស់លោក បានប្រទះឃើញ​កូនប្រុសរបស់លោក ដែលទើបតែមានអាយុ ១០ឆ្នាំ លួចចូលទៅក្នុងបណ្ណាល័យនៅពេលដែលលោកមិននៅ។ លោករឹតតែស្រឡាំងកាំងថែមទៀត នៅពេលឃើញសៀវភៅដែលកូនរបស់លោក​កំពុងលួចអាននោះ មិនមែនជារឿងព្រេងបុរាណអ៊ីតាលី ឬរឿង​មួយពាន់មួយយប់ឡើយ តែបែរជាសៀវភៅវណ្ណកម្ម​របស់ ប្លាតុង អារីស្តូត និងស៊ីសេរ៉ូនទៅវិញ។ ព្រះអើយ! ធ្វើម្ដេច​កូនឯងអាច​យល់បាន​នូវបញ្ហាដ៏ពិបាកស្មុគ្រស្មាញ​ ដែលនិយាយ​ក្នុងសៀវភៅនោះ? កុមារហាក់ភ្ញាក់ខ្លួនយ៉ាងខ្លាំង ​ក៏ងើបមុខ​ឡើងនិយាយថា៖ ពិបាកស្មុគ្រស្មាញឬ? ទេមិនមែនទេពុក ផ្ទុយមកវិញ… កូនកំពុងស្រម៉ៃថា​ កូនកំពុងធ្វើ​ដំណើរផ្សងព្រេង​ក្នុងព្រៃ ដែលពេញទៅដោយ​បុប្ផា​ក្រអូប និងវាលស្មៅស្អាតចម្លែកទៅវិញទេ…ឪពុក​កុមារ​កាន់តែភ័ន្តភាំងខ្លាំង ហើយលោកបានរៀបរាប់​រឿងនោះ​ប្រាប់ដល់​ភរិយាខ្លួនថា៖ ម៉ែវា! កូនយើងនឹងធ្វើបាននូវរឿងដ៏អស្ចារ្យមិនខាននៅពេលខាងមុខ។

ល្បែងកំសាន្តរបស់អ្នកប្រាជ្ញ

ពេលដែលបានក្លាយទៅជាបណ្ឌិតនិតិសាស្ត្រ និងជាអ្នកគណិតសាស្ត្រ​ដ៏ល្បីល្បាញទៅហើយនោះ ហ្គត​​្រហ្វីដ នៅតែចូលចិត្តការប្រឡែងលេង…។ កាលនៅជំនាន់នោះ កំពុងមានការរីកចម្រើន​វិទ្យាសាស្ត្រអាថ៌កំបាំងមួយ គឺការធ្វើមាសក្លែងក្លាយ។ បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ពាក់ផ្លាកបន្លំនេះ បានបង្កើត​ឲ្យមាន​សមាគមអ្នកធ្វើមាសក្លែងក្លាយ ដែលប៉ិនប្រសព្វ​ខាងការធ្វើប្រឌិតនូវរឿងចម្លែកៗ ដូច​ជាគេថា គេអាចបង្កើត​បាននូវទឹកមន្តម្យ៉ាង ដែល​សម្រកលើផ្ទាំងសិលា​ឲ្យ​ប្រែក្លាយទៅជាមាសបាន។ មានម្ដងនោះ ពេលធ្វើដំណើរឆ្លងកាត់ នូយរ៉ូមបែ ហ្គត​​្រហ្វីដ បានសរសេរលិខិតមួយច្បាប់ផ្ញើឲ្យសមាគមនេះ ដែលពេញទៅ​ដោយឃ្លាឃ្លោង​គ្មានខ្លឹមសារ ហើយ​ជាពាក្យសម្ងាត់ ដែលពុំមាន​នរណាអាចយល់បាន ក្នុងគោលបំណង​ប្រឡែងលេង​តែប៉ុននោះ។ តែ​អ្វីដែល​ជាការមិននឹកស្មាន​ដល់នោះ គឺប៉ុន្មានថ្ងៃក្រោយមក លោកក៏ទទួលបានលិខិត​ឆ្លើយតបថា៖ សមាគមយើងខ្ញុំសូម​វាយតម្លៃ​ខ្ពស់​នូវសតិ​អារម្មណ៍ដ៏កំពូល​ និងវិជ្ជាដ៏ជ្រៅ​​ជ្រះ​ក្នុង​និក្ខេបបទរបស់លោកដែលបាន​ផ្ញើមកយើងខ្ញុំ។ សមាគមយើងខ្ញុំសម្រេចបំពាក់ជូនលោកនូវរង្វាន់កិត្តិយស ដែលទុក​សម្រាប់​សមាជិកសមាគម ដែលមានស្នាដៃឆ្នើមបំផុត។

ការដាក់ខ្លួនរបស់អ្នកប្រាជ្ញ

នៅពេលគាត់​បាន​បោះពុម្ពផ្សាយ​​ អំពីទ្រឹស្ដី​ស្ដីអំពីការគណនាអនុគមន៍ ហ្គត​​្រហ្វីដ បានបង្កឲ្យមានការជជែក​ដេញដោល​គ្នាយ៉ាងខ្លាំង ក្នុងមជ្ឈ​ដ្ឋានអ្នកប្រាជ្ញ។ នរណាជាអ្នករកឃើញ? ញូតុនហ្គត​​្រហ្វីដ? ក្នុងសម័យ​ប្រជុំ​បើក​ចំហមួយ អ្នកប្រាជ្ញរបស់យើង​បានថ្លែងមតិរបស់ខ្លួនដោយត្រង់ៗថា៖ ហេតុដូចម្ដេច ចាំបាច់ដាក់​បញ្ហា​ចោទយ៉ាងដូចនេះទៅវិញ? ចំពោះខ្ញុំ គឺខ្ញុំគ្រាន់​តែ​ជាមនុស្សកំប៉ិចកំប៉ុកប៉ុននោះ។ ចំណែក​ញូតុន គឺមានទេពកោសល្យ​ធំល្វឹងល្វើយ ធំជាងមហាសាគរទៅទៀត។ទោះជាលោកពោលយ៉ាងនេះក្ដី គេនៅតែចាត់ទុក ហ្គត​​្រហ្វីដ ជាអ្នកបង្កើត​នូវទ្រឹស្តីកំណើតលេខ និងវីធីគណិតសាស្ត្រមួយចំនួនផ្សេងទៀត។

កុំវាយតម្លៃមនុស្សតែសម្បកក្រៅ

ហ្គត​​្រហ្វីដ មានរបៀបរស់នៅយ៉ាងសាមញ្ញ។ លោកច្រើនតែចេញចូលទៅក្នុងបណ្ណាគារ តៀមកាហ្វេ រាប់អានលេងសើចនឹងជន​ទាំងឡាយ។ ថ្ងៃមួយនោះនៅប៉ារីស ហ្គត​​្រហ្វីដ បានចូលទៅក្នុងបណ្ណាគារធំមួយ ក្នុងបំណងរកទិញសៀវភៅ​ទស្សនវិជ្ជាដ៏មានតម្លៃមួយ ដែលទើប​បោះពុម្ពផ្សាយ​។ លោកបានរកឃើញសៀវភៅនោះ ក៏ប៉ុន្តែ​ពេលដែលលោកសួរតម្លៃដើម្បី​ទិញ ម្ចាស់​បណ្ណាគារ​សម្ដែង​​អាកប្បកិរិយាងឿងឆ្ងល់៖ សូមលោកពិនិត្យសៀវភៅនេះឡើងវិញមើល តើលោក​ពិតជា​ត្រូវការ​វាមែន ឬយ៉ាងណា? ខ្ញុំយល់ថា…ម្ចាស់បណ្ណាគារ​និយាយមិនទាន់ចប់​ឃ្លាស្រួលបួលផង ជាការចៃដន្យល្អមួយ ពេលនោះអ្នកនិពន្ធសៀវភៅនេះ ដែលជាអ្នកប្រាជ្ញ​ម្នាក់នៅ​ប៉ារីស ក៏ដើរចូលមកបណ្ណាគារនេះដែរ។ ពេលអ្នកនិពន្ធនោះ​ក្រឡេកឃើញ ហ្គត​​្រហ្វីដ ភ្លាម គាត់ក៏ប្រញាប់ប្រញាល់គោរពសួរ៖ សូមគោរពលោក ហ្គត​​្រហ្វីដ ដ៏មហិមា។ តើខ្ញុំអាចសុំការអនុញ្ញាតជូនលោក​នូវកូនសៀវភៅមួយ ដែលខ្ញុំទើប​នឹងឲ្យ​បោះពុម្ពផ្សាយ​បានដែរទេ? ពេលនោះទើប​ម្ចាស់​បណ្ណាគារភ្ញាក់ខ្លួនព្រឺត ដោយមិននឹកស្មាន​ថាមនុស្ស​ដ៏សាមញ្ញម្នាក់ដែលកំពុងឈរនៅពីមុខខ្លួន គឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់ ដែលបណ្ដា​ស្នាដៃវណ្ណកម្ម​គណិតសាស្ត្រ និងទស្សនវិជ្ជារបស់លោកបាននាំមកនូវកិត្តិយសដល់បណ្ណាគារខ្លួនសោះ។

ត្រូវរៀនសូត្រដោយរបៀបណាខ្លះ?

កាល ហ្គត​​្រហ្វីដ នៅអាយុ ១៥ឆ្នាំនៅឡើយ លោកផ្ដើម​ទទួល​យក​ប្រព័ន្ធ​ទស្សនវិជ្ជារបស់ដេកាត។ យុវនិស្សិតចូលចិត្តការសិក្សានេះ លោកបានប្ដេជ្ញាចិត្តត្រូវតែរៀនគណិតសាស្ត្រដើម្បីយល់ឲ្យបានជ្រៅជ្រះនូវបណ្ដាទស្សនៈរបស់ទស្សនវិទូ និងអ្នកគណិតសាស្ត្រនៅប្រទេសបារាំង។ លោកបានទៅកាន់មហាវិទ្យាល័យអ៊ីអេណា តាមស្ដាប់ការពន្យល់មេរៀនរបស់អ្នកគណិត​សាស្ត្រវ៉េហ្គេន។ ភា្លមនោះ លោកក៏ផុសឡើងនូវគំនិតត្រូវបង្កើតនូវទ្រឹស្តីគណិតសាស្ត្រមួយ ដែលអាច​នឹងជាជំនួយគណិតសាស្ត្រភាវូបនីកម្ម និងមុខវិជ្ជាទស្សនវិជ្ជា​។ ការសិក្សាស្រាវជ្រាវដែលលោកបានរកឃើញ គឺជាការកសាងនូវប្រព័ន្ធសញ្ញាផ្លូវការមួយ ដែលប្រើប្រាស់គណិតសាស្ត្រ ដែលរហូតដល់ពេលក្រោយមកវាបានក្លាយទៅជាមេរៀនឯករាជ្យ​មួយគឺ លោការីត។ ក្នុងរយៈពេលសិក្សានៅមហាវិទ្យាល័យអ៊ីអេណា លោកបានដឹងពីមេរៀន និងទ្រឹស្ដីគណិតសាស្ត្ររបស់​ប៉ាស្កាល់។ លោក​មើលឃើញពន្លឺជាច្រើន នៅក្នុងការងារស្រាវជ្រាវរបស់លោក​ប៉ាស្កាល់ ដែលជាជំនួយឲ្យលោកឈានទៅរកសតិអារម្មណ៍​ដ៏សំខាន់នៃក្បួនគណនាអនុគមន៍ ដែលតមកថ្ងៃក្រោយគឺលោកជាអ្នកបង្កើតវាឡើង។ ថ្ងៃក្រោយ ពេលដែលនិយាយដល់ហេតុផលដែលនាំលោកទៅដល់ការរកឃើញនូវស្នាដៃដ៏អស្ចារ្យនោះលោកសង្កតធ្ងន់ថា៖ ខ្ញុំ​សម្រេច​បានលទ្ធផលគឺ ដោយសារការចេះរៀនសូត្រ​បន្តពីបណ្ដាបុព្វព្រឹទ្ធិចារ្យ។ ការរៀនសូត្រ​មិនចំពោះបញ្ហាណាមួយឡើយ ដែលខ្ញុំត្រូវប្រឹងប្រែង​ស្វែងយល់ពីឫសគល់ ទាញយក​ផល​ឲ្យ​អស់គ្រប់ជ្រុងជ្រោយ ដែលនៅបង្កប់ទុក ពិចារណានូវរបៀប​ប្រើ​ប្រាស់ឲ្យ​ល្អបំផុតនូវប្រការ​ដែលសម្រេចបាន និងអាចសម្រេចបាន…

ថាមពលដ៏មហាអស្ចារ្យ

តាំងពីពេលដែល ហ្គត​​្រហ្វីដ នៅមានជីវិតមកមេ៉្លះ គេបានចាត់ទុកលោកគឺជាគតិបណ្ឌិត​ប្រកប​ដោយទេពកោសល្យ​រាប់រយមុខ ហើយដែលច្រើនជាងគេក្នុងប្រវត្តិ​សាស្ត្រវប្បធម៌មនុស្សជាតិ​។ ស្ទើរតែគ្រប់ផ្នែក​វិទ្យាសាស្ត្រ ស្ទើរតែគ្រប់ផ្នែក​ឧស្សាហកម្ម​ និង​ទូទាំង​ជីវភាព​នយោបាយ​របស់អឺរ៉ុបកាលជំនាន់នោះ សុទ្ធសឹង​បានទទួលនូវការរួមវិភាគទាន​ដ៏មានតម្លៃពីមនុស្សដ៏មហិមាននេះ។ គិតដោយឡែកទៅ លិខិតទាក់ទងគ្នាដែល ហ្គត​​្រហ្វីដ បានសរសេរមានដល់ទៅចំនួន ១៥០០០ច្បាប់ ហើយប្រការគួរឲ្យ​ងឿងឆ្ងល់​នោះ គឺលិខិតណាមួយក៏ផ្ទុក​នូវសតិ​អារម្មណ៍ថ្មីធំធេងដែរ។ ថាមពល​ដ៏មហាអស្ចារ្យរបស់លោក គឺជាលទ្ធផលនៃដំណាក់កាលធ្វើពលកម្មដ៏តានតឹងតែមានរបៀប។ លោកនិយម​សង្កត់ធ្ងន់​ពីគោលការណ៍៖ “ឲ្យបញ្ហា​កាន់តែគ្រប់គ្រាន់ ជាការច្បាស់លាស់ថា ដោះស្រាយសមីការកាន់តែងាយរក”។ គ្រាន់តែការ​សរសេរ​សៀវភៅមួយពីប្រវតិ្តគ្រួសាររបស់ លិបនីស គេក៏ត្រូវចំណាយកម្លាំងពលកម្ម៣ឆ្នាំដែរ។ គេអាចប្រមូលឯកសាររបស់លោកគរដូចភ្នំ។ ពេលខ្លះ​លោកបានសម្រេចចិត្តត្រូវតែទៅទស្សនា បណ្ដាកេរដំណែលប្រាសាទ​បុរាណ ដើម្បីជាការបញ្ជាក់​អះអាងលើឯកសារដែលលោកត្រូវសរសេរ។ ទីបំផុតទើបលោក​ចាប់ផ្ដើម​ដំណើរការសរសេរ៕

ប្រភពដោយ៖ សំខាន់

ឆ្លើយ​តប​

Please enter your comment!
Please enter your name here