ព្រះរាជ​ជីវប្រវត្តិ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី

0
757

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៦៤ យាង​ចូល ៦៥ព្រះវស្សា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នេះ។

ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្ររបស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះបិតាទ្រង់​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ មុន​ពេល​ឡើង​សោយរាជ្យ ព្រះបាទនរោត្តម ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះហស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ (UNESCO) និង​ជា​គ្រូ​បង្ហាត់​របាំបុរាណដ៏​ចំណាន​។

សូមប្រិយមិត្តទាំងអស់គ្នាអាន និងទទួលជ្រាបព្រះរាជជីវប្រវត្តិលម្អិតពី សារព័ត៌មាន ឡារ៉ែន ធ្វើការ​ដកស្រង់​ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះករុណា​ជា​អម្ចាស់ ជីវិតតម្កល់​លើ​ត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុតរបស់ប្រជាជនខ្មែរ មក​ធ្វើការ​ចុះផ្សាយ​ជូនជ្រាបដូចខាងក្រោមតទៅ៖

ព្រះ​​រាជ​​ជីវប្រវត្តិ

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ និងមានព្រះ​អនុជ​មួយព្រះអង្គព្រះនាម នរោត្ដម នរិន្ទ្រពង្ស (សោយ​ទិវង្គត)។ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្ន គ្រង​រាជសម្បត្តិបន្ត​ពី​ព្រះរាជ​បិតា។

នៅ​ពេល​នៃ​ព្រះរាជប្រសូត​ ទ្រង់ ​និង​ព្រះអនុជ​របស់​ទ្រង់ និងព្រះមាតា​របស់​ទ្រង់ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើម​កំណើតបារាំង-អ៊ីតាលី និង​ខ្មែរ និងព្រះរាជមាតារបស់ទ្រង់គឺជាព្រះមហេសី​មួយ​អង្គ​ក្នុង​ចំណោមព្រះ​មហេសី​ដ៏ច្រើនរបស់​ព្រះបាទ​នរោត្តមសីហនុ។

​បន្ទាប់​ពី​បាន​ក្លាយ​ជា​គូស្វាមី-មហេសីនឹង​គ្នា​ពិតប្រាកដ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ជួប​គ្នា​នៅ​ឆ្នាំ១៩៥១ ដែលនៅ​ពេល​នោះ​កញ្ញា​ម៉ូនិក អ៊ីហ៊្សី​​កំពុងស្ថិតក្នុងវ័យពេញក្រមុំ និង​បាន​ឈ្នះ​ជយ​លាភី​លេខ​ 1 ក្នុង​ការ​ប្រកួត​បវរកញ្ញា​ថ្នាក់​ជាតិ ដែលក្រោយមកទ្រង់​ត្រូវ​បាន​ផ្ដល់ព្រះ​គោរមងារ​ជា​អ្នកម្នាង និង​ព្រះនាម​ “មុនីនាថ”​នៅ​ក្នុង​ពេល​រៀប​អភិសេក​របស់​ទ្រង់​ជាមួយ​ព្រះបាទ​នរោត្តមសីហនុ​នៅ​ឆ្នាំ១៩៥២។ បន្ថែមពីនេះ​ទៀត ម្ចាស់​ក្សត្រីយ​មុនីនាថ​ គឺ​ជា​ព្រះនត្តាក្សត្រីចុង​របស់​ព្រះអង្គម្ចាស់​នរោត្តម​ ដួងចក្រ​ និង ជាបុត្រីរបស់​លោកស្រីប៉ុមពាង និង ជា​កូន​ប្ដី​ទី​ពីរ​របស់​លោកស្រី​ គឺ​លោក​ហ្សង់ ហ្រ្វង់ស្វ័រ អ៊ីហ៊្សី ជាធនាគារិក​សញ្ជាតិ​បារាំង-អ៊ីតាលី។

សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម ​និង​ព្រះអនុជ​មាតាទីទៃ​សរុប​ចំនួន​១៣​អង្គ និងព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ ​សម្តេច​នរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។

ក្នុងអំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ដោយ​លោកសេនាប្រមុខ​លន់ នល់ (Lon Nol) ព្រះអង្គ​ស្តេច​គង់​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គទ្រង់​យាង​ចាក​ចេញ​ពី​ទីក្រុង​ប្រ៉ាក នៃប្រទេសឆេកូស្លូវ៉ាគី និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង។ នៅ​ក្នុង​ឆ្នាំ១៩៧៧ ព្រះអង្គ​ស្តេចយាង​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ។ ភ្លាម​ៗនោះ​ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​បាន​ប្រឆាំង​នឹងលទ្ធិ​រាជានិយម និង​បាន​ឃុំ​ឃាំងព្រះអង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​ព្រមជាមួយព្រះបិតារបស់ព្រះអង្គ។ រហូត​ដល់​ឆ្នាំ​១៩៧៩​ក្រោម​ការ​អន្តរាគមន៍​ពី​សំណាក់​ប្រទេសវៀតណាម ដែលបាន​ជួយ​រំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា​ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ផង​នោះ ទើបនៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់​បង្រៀន​រាំរបាំ​បាឡេ និង​បាន​ទទួល​ព្រះរាជតួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះអង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ក្នុងអំឡុងពេលនោះ ព្រះអង្គក៏​បាន​យាង​ទៅ​ទីក្រុង​ប្រ៉ាក​ជា​រឿយៗដែរ ​ជា​ទី​ដែល​ព្រះអង្គ​ធ្លាប់បាន​ចំណាយ​ពេល​នៅទីនោះដ៏យូរ​ក្នុង​ព្រះជន្ម​ក្មេងវស្សា។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​តែ​មួយ​គត់​ដែល​មាន​ព្រះសមត្ថភាព​មាន​ព្រះសុវណ្ណី​ជា​ភាសា​ឆែកបានយ៉ាងច្បាស់លាស់។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ជា​ទី​ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា។ ព្រះអង្គទ្រង់​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​តែងតាំង​ព្រះអង្គ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង។

នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើស​រើស​ដោយ​សមាជិក​ទាំង​៩នាក់​នៃ​ក្រុមប្រឹក្សា​រាជសម្បតិ្ត​ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់​រហ័ស​ និង​សម​ស្រប​ ក្រោយ​ពី​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៃ​ការ​ដាក់​រាជ្យ​របស់សម្តេច​ព្រះបាទ នរោត្តម សីហនុ ព្រះបិតាកាល​ពី​ពេលមុនមួយ​សប្តាហ៍​។ ការ​ជ្រើស​រើស​នេះ​គឺ​ស្រប​តាម​ការ​យល់​ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលកាលនោះជាព្រះ​ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា ​ដែល​ជា​ព្រះរៀម​មាតាទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជសម្បត្តិ។ សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃសុក្រ ២៩ ខែ​តុលា ឆ្នាំ​២០០៤។

ការ​សិក្សា

នៅ​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​​ទ្រង់បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម, វិទ្យាល័យ​ដេកាត(សាលាបារាំងដ៏ល្បីល្បាញនៅសម័យនោះ)​​ នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រ៉ាក (Prague) ប្រទេស​ឆេកូស្លូវ៉ាគី នៅ​ពី​ឆ្នាំ​១៩៦២។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី​ និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ​ព្រះ​អង្គ​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ភាសាឆេក​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ជាភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាងល្អ​ប្រសើរ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពីទីក្រុង​ប្រ៉ាក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​វិលត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។ នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បាឡេ ហើយ​បន្ទាប់​មក​ព្រះអង្គ​បានធ្វើ​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះ​អង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។

ព្រះរាជ​គោរមងារ

មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រ ព្រះ​អង្គទ្រង់​មាន​គោរមងារ​ជា “ស្ដេច​ក្រុម​ឃុន” ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ទ្រង់​ព្រះរាជប្រ​ទាន នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​ដំឡើង​ជា “​សម្ដេច​ព្រះ​បរមនាថ​” នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។

ព្រះរាជាភិសេក

បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

ព្រះ​បរមនាម​ក្នុង​រាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖

“ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី”។

ប្រែ​សេចក្ដី​មកថា៖

“អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភក្តិ និង​ភក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ អ្នក​រួបរួម​ខេមរជន​ទាំង​អស់ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ។”

ព្រះ​នាម​របស់​ព្រះ​អង្គ គឺបាន​មក​ពី​ការ​ផ្សំ​គ្នា​រវាង​ព្រះ​នាម​របស់​ព្រះ​​បិតា និងមាតារបស់​ព្រះអង្គ គឺ សីហ (សីហនុ) និង មុនី (មុនីនាថ) ចេញជា សីហមុនី។

គ្រឿង​ឥស្សរិយយស

១ . ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍

២ . ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​មហាសេរីវឌ្ឍន៍

៣ . មន្ត្រីធំនៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង

៤ . មេដាយ​ប្រាក់​របស់​ក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង៕

\

ឆ្លើយ​តប​

Please enter your comment!
Please enter your name here