ព្រះរាជជីវប្រវត្តិសង្ខេបរបស់ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ

0
1593

ឯកសារ​នៅ​លើ​គេហទំព័រ​រាជ​រដ្ឋាភិបាល និង​ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី ទទួល​បាន​ពី​ព្រះ​បរម​រាជ​វាំង បាន​បង្ហាញ​ដូច​គ្នា​ថា ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ មាន​ព្រះ​នាម​ដើម​ថា ប៉ូល ម៉ូនិក អ៊ីស៊ី (Paule Monique Izzi) ជា​បុត្រី​របស់​លោកស្រី ប៉ុម ពាង និង​លោក ហ្សង់ ហ្វ្រង់ស័រ អ៊ីស៊ី (Jean-Francois Izzi) ជនជាតិ​អ៊ីតាលី កាត់​បារាំង និង​ជា​ប្រធាន​នាយកដ្ឋាន​មូល និធិ​ផ្តល់​ប្រាក់​កម្ចី ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ណា​ទេ។

ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ឬ ប៉ូល ម៉ូនិក អ៊ីស៊ី បាន​ប្រសូត​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៣៦ និង​មាន​បង​ប្អូន​ស្រី​បង្កើត​១​នាក់ គឺ អានិ៍ ម៉ារី អ៊ីស៊ី (Anne-Marie Izzi)។

កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បាន​រៀប​អភិសេក​ជាមួយ​ព្រះ​មហាក្សត្រ នរោត្តម សីហនុ នៅ​ខែ​មេសា ឆ្នាំ​១៩៥២ ហើយ​បាន​ទទួល​បរម​ងារ​ជា​អ្នកម្នាង។ ក្រោយ​ពី​បាន​រៀប​អភិសេក​រួច​មក ព្រះ​មហាក្សត្រ និង​អ្នកម្នាង មាន​ព្រះ​រាជ​បុត្រា ២​ព្រះអង្គ គឺ​ព្រះ​អង្គម្ចាស់ នរោត្តម សីហមុនី ដែល​បច្ចុប្បន្ន​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​ព្រះ​រាជ​បុត្រ​មួយ​អង្គ​ទៀត គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម នរិន្ទ្រពង្ស។

លុះ​មក​ដល់​ឆ្នាំ​១៩៩២ ព្រះ​ករុណា​សម្ដេច នរោត្តម សីហនុ បាន​ប្រទាន​គោរមងារ​ដល់​អ្នកម្នាង ប៉ូល ម៉ូនិក អ៊ីស៊ី ជា​សម្ដេច​ព្រះ ជាយា​។ ក្រោយ​មក​ទៀត ក្នុង​ឆ្នាំ​១៩៩៣ សម្ដេច​ព្រះជាយា ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្ដេច​ព្រះ​មហេសី នរោត្តម មុនីនាថ សីហនុ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​នៅ​ឆ្នាំ​១៩៩៦ ព្រះ​មហេសី​បាន​ទទួល​បរម​ងារ​ជា​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី។

ឯកសារ​ដដែល​បាន​បញ្ជាក់​ទៀត​ថា សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ត្រូវ​បាន​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន ទូល​ថ្វាយ​ព្រះ​បរម​ងារ​ថា ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល។

សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ឬ​សម្ដេច​ម៉ែ កាល​ពី​នៅ​វ័យ​កុមារភាព បាន​ធ្វើការ​សិក្សា​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម និង​មធ្យម​សិក្សា នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ និង​នៅ​វិទ្យាល័យ​ដេកាត ក្រុង​ភ្នំពេញ។

ទាក់ទង​នឹង​ការ​បំពេញ​ការងារ​វិញ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ព្រះអង្គ​ជា​ប្រធាន​កាកបាទ​ក្រហម​ខ្មែរ ហើយ​មក​ដល់​បច្ចុប្បន្ន ជា​ប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា។

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែល​ក្រៅ​ពី​ចេះ​ភាសា​ខ្មែរ ព្រះអង្គ​ចេះ​ភាសា​បារាំង និង​ភាសា​អង់គ្លេស។

ក្នុង​ឱកាស​ពិធី​ចម្រើន​ព្រះជន្មាយុ​របស់​ព្រះ​វររាជ​មាតា​នៅ​ពេល​នេះ ប្រជារាស្ត្រ​ខ្មែរ មន្ត្រី​រាជការ ព្រះ​ញាតិវង្ស ព្រម​ទាំង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​ចាប់​អារម្មណ៍​សម្ដែង​មតិ​រៀងៗ​ខ្លួន​ផង​ដែរ។

ព្រះអង្គ​ម្ចាស់ ធម្មិកោ ជា​ព្រះ​ញាតិ​វង្ស​ព្រះ​មហាក្សត្រ បាន​មាន​បន្ទូល​ថា ក្នុង​មួយ​ជីវិត​របស់​សម្ដេច​ម៉ែ ចាប់​តាំង​ពី​រៀប​អភិសេក​រួច​មក គឺ​ព្រះអង្គ​បាន​បំពេញ​ភារកិច្ច​ដោយ​ដង្ហែ​តាម​ព្រះ​ករុណា​សម្ដេច​ឪ​រៀង​ដរាប​មក​ដល់​សព្វថ្ងៃ។

ព្រះ​អង្គ​ម្ចាស់ ធម្មិកោ មាន​បន្ទូល​ដូច្នេះ ៖ «ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩ ពេល​ដែល​ព្រះ​ករុណា សម្ដេច​ឪ គេ​ឃុំ​នៅ​ព្រះ​រាជ​វាំង (ខ្មែរ​ក្រហម ប៉ុលពត) ជាប់​នៅ​ព្រះ​បរម​រាជ​វាំង ៣​ឆ្នាំ​ជាង​ហ្នឹង បន្ទាប់​មក ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩១ គឺ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដែល​រវាង​រដ្ឋ​កម្ពុជា​ផង រវាង​រដ្ឋាភិបាល​ត្រី​ភាគី ដឹក​នាំ​ដោយ​សម្ដេច​ឪ​យើង​ម្ខាង​ទៀត សម្ដេច​ម៉ែ​ក៏​លោក​បាន​ដង្ហែ​ព្រះ​ករុណា​ក្នុង​ការ​តស៊ូ​ហ្នឹង។ ចាប់​តាំង​ពី​ឆ្នាំ​១៩៥២ រហូត​មក​ដល់​ពេល​នេះ សម្ដេច​ម៉ែ​បាន​ដង្ហែ​ព្រះករុណា​ដរាប»។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ​ថា ៖ «កាល​ដែល​សម្ដេច​ឪ​លោក​តស៊ូ​អី ឃើញ​សម្ដេច​ម៉ែ​ចេះ​តែ​ហែ​សម្ដេច​ឪ​ជាប់​ជានិច្ច​អ៊ីចឹង។ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ផ្ដល់​សន្តិភាព ខ្ញុំ​ដឹង​ច្បាស់ ដោយសារ​ខ្ញុំ​រៀបចំ​៣​ដង សម្រាប់​ថ្វាយ​សម្ដេច​ឪ​ឲ្យ​ជួប​ជាមួយ​នឹង​សម្ដេច​នាយក ហ៊ុន សែន នៅ​ប្រទេស​បារាំង ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៨៧ ហ្នឹង​មុន​គេ​ទាំង​អស់​ហើយ សម្ដេច​ឪ​និង​សម្ដេច​ម៉ែ​បាន​ជួប​គ្នា ហើយ​ឃើញ​សម្ដេច​ម៉ែ​ហែ​ជាប់ អ៊ីចឹង​លោក​ក៏​មាន​តួនាទី​នៅ​ក្នុង​ហ្នឹង​ដែរ»។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ អុក ព្រឿន នៅ​ខេត្ត​តាកែវ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា គាត់​បាន​ដឹង និង​ស្គាល់​សម្ដេច​ម៉ែ​តាម​រយៈ​ការ​ផ្សាយ​ទូរទស្សន៍ ហើយ​នៅ​ពេល​ដល់​ថ្ងៃ​ចម្រើន​ព្រះជន្ម​ម្ដងៗ គឺ​គាត់​បាន​ដឹង​តាម​រយៈ​ការ​មើល​ប្រក្រតិទិន ហើយ​បាន​ធ្វើ​ការ​ថ្វាយ​ព្រះ​ពរ​ដូច្នេះ ៖ «ដាក់​ផ្កា​ដាក់​អី តាំង​រូប​ថត​ព្រះអង្គ​នៅ​លើ​ផ្ទះ​ហ្នឹង​ដើម្បី​ជូន​ពរ​ដល់​សម្ដេច​ម៉ែ​ឲ្យ​មាន​ព្រះជន្ម​យឺនយូរ​ត​ទៅ​ទៀត ដើម្បី​រក្សា​កូន​ចៅ ចៅ​ទួត​របស់​សម្ដេច​ម៉ែ ព្រោះ​ធ្លាប់​ពី​ដើម​ជា​ម្លប់​របស់​ប្រជាជន​យើង ស្រឡាញ់ ជួយ​ប្រជាជន​សុខ​សប្បាយ​រហូត​ពី​មុន​មក»។

ស្ត្រី​វ័យ​ចាស់​មួយ​រូប​ឈ្មោះ គឹម ស៊ីមឿន ជា​គណៈកម្មការ​នៅ​ពុទ្ធ​មណ្ឌល ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពុទ្ធ​មណ្ឌល​ក៏​បាន​ត្រៀម​រៀបចំ​ធ្វើ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយ​សម្ដេច​ម៉ែ​ដែរ ដោយ​និមន្ត​ព្រះសង្ឃ​ចំនួន ៩២​អង្គ​ចម្រើន​ព្រះបរិត្ត ហើយ​និង​រាប់​បាត្រ ដើម្បី​ថ្វាយ​ព្រះ​រាជ​កុសល​ដល់​ព្រះ​មហាក្សត្រី ហើយ​និង​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រម​ទាំង​ផ្សព្វផ្សាយ​កុសល​ដល់​ទាំង​ថ្នាក់​ដឹក​នាំ​ទូទៅ និង​ប្រជាពលរដ្ឋ​កម្ពុជា។

អ្នកស្រី គឹម ស៊ីមឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្នក​ចែក​ឋាន​ទាំង​ប៉ុន្មាន យើង​ឧទ្ទិស​គ្រប់ ដើម្បី​ជាតិ សាសនា ហើយ​ព្រះ​វីរក្សត្រ​យើង​លោក​សុគត​ទៅ យើង​ឧទ្ទិស​រួម​ជាមួយ​គ្នា។ ព្រះ​ពុទ្ធ​សាសនា គឺ​មេត្តា​ទាំង​អស់ កុំ​ថា​ឡើយ​តែ​ជន​ជាតិ​យើង ជន​ជាតិ​ដទៃ​ក៏​យើង​ផ្សាយ​មេត្តា​ធម៌​អ៊ីចឹង​ដែរ យើង​ចិត្ត​ទូលាយ»។

លោក ជា គាន អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ឬ​សម្ដេច​ម៉ែ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង គេ​ក៏​មាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត និង​រាប់​បាត្រ ហើយ​ក្រៅ​ពី​នេះ គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ក៏​បាន​ជូន​ដំណឹង​ទៅ​មន្ទីរ​ក្រសួង​នានា​ទូទាំង​ប្រទេស ឲ្យ​រៀប​ចំ​ចង​បដា​ពាក្យ​ស្លោក​ថ្វាយ​ព្រះពរ​ជ័យ​ព្រះអង្គ​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ពេល​រាត្រី​នៃ​ទិវា​ចម្រើន​ព្រះជន្ម ក៏​មាន​រៀបចំ​ពិធី​សម្ដែង​សិល្បៈ​ខ្មែរ​បុរាណ និង​សម័យ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ព្រមទាំង​មាន​ដុត​កាំជ្រួច ដើម្បី​អប​អរ​សាទរ​ដល់​ពិធី​ចម្រើន​ព្រះជន្មាយុ​របស់​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ៕

ប្រភពដោយ៖ វិទ្យុអាស៊ីសេរី

ឆ្លើយ​តប​

Please enter your comment!
Please enter your name here