ជីវប្រវត្តិរបស់ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា

0
1253

ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅ​ឯ​ព្រះ​បរម​រាជវាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​ ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទអង្គឌួង ដែល​ជា​បឋម​ក្សត្រិយ៍​នៃ​ព្រះរាជអាណាចក្រ​កម្ពុជា​ឯករាជ្យ ក្រោយ​ការ​ត្រួត​ត្រា​ពី​សំណាក់​ប្រទេស​សៀម និង​ប្រទេស​អណ្ណាម ។

ព្រះ​​រាជ​​ជីវប្រវត្តិ

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ (០៧​ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧) ទ្រង់ជា​ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ពី​ គ.ស. ១៩០៤ រហូត​ដល់​វេលា​ដែល​ព្រះអង្គ​សោយ​ព្រះ​ទិវង្គត​នៅ​គ.ស ១៩២៧ ។ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ ​ព្រះរាជាសម្តេចព្រះ​ហរិរក្ស​រាមាសុរិយ​មហា​ឥស្វរអធិបតី ព្រះអង្គឌួង និង​ព្រះអនុជ​នៃ​ព្រះបាទនរោត្តម ព្រះរៀម​នៃ​ព្រះ​​អង្គ​ម្ចាស់ ស៊ីវត្ថា ។

វេលា​នៃ​ព្រះអង្គ​ព្រះរាជសម្ភព គឺ​​កម្ពុជាស្ថិត​នៃ​ការ​គ្រប់គ្រង​ពី​សំណាក់​ពួក​សៀម និង​យួននៅឡើយ ។ ព្រះរាជវង្សានុវង្ស​ច្រើន​គង់​នៅ​តំបន់​សៀម​កាន់កាប់​ជាង​គង់​នៅ​តំបន់​ដែល​​យួន​កាន់កាប់។ ព្រះអង្គ​បាន​សិក្សា​នៅ​រាជធានីបាងកកដូច​ព្រះរៀម​របស់ព្រះអង្គ គឺព្រះបាទនរោត្តម​ដែរ ។ ព្រះអង្គ​មិន​បាន​ព្រះរាជមាតុភូមិនិវត្តន៍​រហូត​ដល់ គ.ស. ១៨៦០ អំឡុង​ព្រះបិតា​ គឺ​ ព្រះអង្គឌួង ដែល​កំពុង​គ្រង​រាជ្យសម្បត្តិបាន​សោយព្រះទិវង្គត ។

ព្រះអង្គ​បាន​យាង​ប្រកប​ដោយ​ភាពប្រញាប់ប្រញាល់​មក​រាជធានីឧត្តុង្គ​ ​ដើម្បី​បង្ការ​មិន​អោយ​ព្រះអនុជ​ដែល​មាន​ព្រះមាតា​ទីទៃ​ គឺ​ព្រះអង្គ​ម្ចាស់ស៊ីវត្ថា ​ក្នុង​ការ​ទទួល​បាន​នូវ​រាជសម្បត្តិ ។ ព្រះអង្គ​បាន​ទទួល​ជោគជ័យ និង​ព្រះរៀម​ដែល​មាន​ព្រះមាតា​ទីទៃ​ដែរ​នោះ​ គឺ​ព្រះបាទនរោត្តម ​បាន​ឡើង​សោយរាជ្យ ​។ បើ​ទោះ​បី​ជា​ព្រះបាទ​នរោត្តម​ស្តេច​មាន​ព្រះហឫទ័យត្អូញត្អែរ បដិវត្តន៍​បាន​ផ្ទុះឡើង​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ពេល​ដែលបារាំងដែល​កំពុង​ស្វែង​រក​ការ​ដាក់​ការគ្រប់គ្រង​នៅ​អាស៊ីភាគអាគ្នេយ៍​ស្រាប់​ បារាំងសែស​បាន​បង្ខំ​ឲ្យ​ព្រះបាទនរោត្តម​ សម្រេច​ព្រះទ័យ​យកព្រម​ចំពោះ​ភាព​ជាអាណាព្យាបាល​របស់​បារាំងសែសមក​លើ​កម្ពុជា ។ បន្ទាប់​មក​បារាំង​មាន​បញ្ចប់​ការ​គ្រប់គ្រង​ពី​សំណាក់​សៀម​ និង​យួន ហើយ​បាន​ចាត់​ឲ្យ​កម្ពុជា​នៅ​ក្រោម​អាណាព្យាបាល​បារាំងសែស ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ស្វ័យភាព​ឡើងវិញ ។

ព្រះស៊ីសុវត្ថិបានព្រះពិរោធ ហើយទ្រង់បាននិរទេសព្រះអង្គឯងទៅសៃហ្គន (ព្រៃ​នគរ) នៅ​ស្រុក​យួននៅឆ្នាំ ១៨៦៤ អតីតអធិរាជមុននៃកម្ពុជា ក្នុងការបង្ហាញការរឹងទទឹង ។ ពួក​បារាំង ក៏មានការគ្រប់គ្រងលើព្រៃ​នគរដែរ បាន​ស្វែង​រក​ព្រះ​ស៊ីសុវត្ថិ ដែល​គង់​នៅ​ទី​នោះ​ក្រោម ការគាំពារ របស់​បារាំងសែស​ ថាជីវិត​របស់​ព្រះ​អង្គ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ដោយពួក​បះ​បោរ​នៅ​កម្ពុជា។ តាម​ពិត​​ទៅ ពួក​បារាំងសែស​​បាន​ប្រើ​ព្រះ​ស៊ីសុវត្ថិ ជាឧបករណ៍ ដើម្បីគំរាមកំហែងព្រះបាទ​នរោត្តមថា បើ​ព្រះ​អង្គ​ពុំ​អនុន័ត​តាម​គំនែ​ទម្រង់​គោល​នយោបាយ​របស់​បារាំងសែស ពួក​គេ​នឹង​ទម្លាក់​ព្រះ​បាទ​នរោត្តម​ពី​រាជបល្ល័ង្ក និង​ថ្វាយ​ព្រះ​រាជសម្បត្តិ​ទៅ​ព្រះ​ស៊ីសុវត្ថិ​វិញ ។

នៅ​ គ.ស. ១៨៦៧ ជា​ពេល​ដែល​មាន​ការ​បះ​បោរ​ទូទាំង​ប្រទេស​កម្ពុជា ប្រឆាំង​នឹង​អំណាច​បារាំងសែស ព្រះ​បាទនរោត្តម សូម​ឲ្យ​ព្រះ​ស៊ីសុវត្ថិ យាង​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​បង្ក្រាប​ការ​បះ​បោរ។ ព្រះ​កែវហ្វ៊ា ស៊ីសុវត្ថិ យាង​ចេញ​ពី​ស្រុក​យួន​មក​កាន់​រាជធានី​ឧដុង្គ ហើយ​ព្រះ​អង្គ​ជួយ​បង្ក្រាប​ការ​ឧទ្ទាម ។ នៅ គ.ស. ១៨៨៤ ពួក​បារាំងសែស​បាន​កាន់​កាប់​គ្រប់​ដែន​ទាំង​អស់​នៅ​ប្រទេស​យួន ប្រទេស​លាវ (ឡាវ) និង​ប្រទេស​កម្ពុជា ហើយ​ពួក​បារាំងសែស ក៏​បាន​ឈ្នះ​សង្គ្រាម​លើ​សៀមប្រទេស ក្នុង គ.ស. ១៨៩៣ ជា​សម័យ​កាល ដែល​ប្រទេស​កម្ពុជា​មាន​សភាព​ប្រៀប​ដូច​ដែន​អាណានិគម​របស់​បារាំង ហើយ​គេ​បាន​ផ្លាស់​ទី​តាំង​រាជធានី​ខ្មែរ​ពី​ឧដុង្គ​មក​ភ្នំ​ពេញ។ សម្តេច​កែវហ្វ៊ា សីសុវត្ថិ ក៏​បាន​យាង​តាម​ពួក​អ្នក​វាំងមក​ភ្នំ​ពេញ ហើយ​ព្រះ​អង្គ​ទ្រង់​គាំ​ទ្រ​ទាំង​ស្រុង​នូវ​របប​អាណានិគមនិយម​របស់​ពួក​បារាំងសែស។ ដូច្នេះ​ហើយ បាន​ជា​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម ត្រូវ​បង្ខំ​ព្រះ​រាជ​ហឫទ័យ​ឲ្យ​តាំង​សម្តេច​កែវហ្វ៊ា ស៊ីសុវត្ថិ ជា​អនាគត​ស្តេច​ស្នង​រាជ្យ ។

នៅ​ក្នុង គ.ស. ១៩០៤ ក្រោយពេល​ព្រះបាទនរោត្តម​សោយព្រះទិវង្គត​ សម្តេច​កែវហ្វ៊ាស៊ីសុវត្ថិ ​បាន​គ្រង​រាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា រាជសម្បត្តិ​នេះ​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ព្រះរាជបុត្រា​ព្រះបាទនរោត្តម គឺ​ព្រះអង្គម្ចាស់ យុគន្ធរ ​ដែល​មិន​សូវ​ចុះ​សម្រុង​នឹង​បារាំងសែស ។ អំឡុង​នៃ​រជ្ជកាល​ព្រះអង្គ ស្តេច​ទ្រង់​បន្ត​ព្រះរាជកិច្ច​តាម​គំរូ​លំអាន​នៃព្រះបាទនរោត្តម ជា​ទី​ដែល​ព្រះ​អង្គត្រូវ​បាន​​ផ្គាប់ផ្គន់​​ដោយ​ទំនាក់ទំនង​ពិសេស​នៃ​ពួក​បារាំង​ តាម​រយៈ​ការ​សាងសង់​នៃ​ព្រះរាជដំណាក់​ថ្មី អំណោយ​នូវ​នាវា​ដែល​ដើរ​ដោយ​ចំហាយ​ទឹក និង​ការផ្គត់ផ្គង់​អាភៀន​​ដ៏​សម្បើមក្នុង​មួយ​ឆ្នាំ​ៗ។ នៅ​ក្នុង​គ.ស. ១៩២៧ ព្រះអង្គ​បាន​ដាក់ព្រះជន្មវស្សា​យាង​សោយព្រះទិវង្គត​នៅ​រាជធានីភ្នំពេញ និង​មាន​ព្រះបរមបច្ឆាមរណនាម​​ថា “ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ​ព្រះរាជានុកោដ្ឋ” ។ រាជសម្បត្តិ​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ព្រះរាជបុត្រា​ និង​ជា​ព្រះ​រាជទាយាទ​របស់​​ព្រះអង្គ ​គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ។

ការ​សិក្សា

ព្រះអង្គ​បាន​សិក្សា​នៅ​រាជធានីបាងកក ។

ព្រះរាជ​គោរម្យ៍ងារ

  • នៅគ្រាព្រះជន្ម ១៨ វស្សា ទ្រង់បានទទួលព្រះសុវណ្ណប័ដជា សម្ដេចព្រះហរិរាជតណៃក្រៃកែវហ្វា ។
  • នៅគ្រាព្រះជន្ម ២៤ វស្សា ទ្រង់ឧបសម្ប័ទ​ជា​ព្រះ​ភិក្ខុ​នៅ​ឯ​វត្ត​បវរនិវេស ក្រុងបាងកក ចំនួន ១ វស្សា ។
  • នៅគ្រាព្រះជន្ម ៣៦ វស្សា បានទទួលការតែងតាំងជា សម្ដេចព្រះមហាឧបរាជបរមបពិត្រ ក្រុងកម្ពុជា ។
  • នៅគ្រាព្រះជន្ម ៦៥ វស្សា (២៤ មីនា ១៩០៤) គ្រង​សិរី​រាជសម្បត្តិជា​ព្រះ​ចៅ​ក្រុង​កម្ពុជាធិបតី បន្តពីព្រះជេដ្ឋា ព្រះបាទ នរោត្ដម ។

ព្រះរាជាភិសេក

នៅ​ថ្ងៃ​ទី ២៤ ខែមេសា គ.ស. ១៩០៤ ជា​ថ្ងៃ​នៃ​ការ​សោយព្រះទិវង្គត​នៃ​ព្រះបាទ​នរោត្តម ក្រុមប្រឹក្សា​រាជសម្បត្តិ​​បាន​ជួបប្រជុំ​ ដោយ​មាន​សមាសភាព​មន្រ្តី​​និង​វរជន​ជា​ច្រើន​នៃ​ប្រទេស ដើម្បី​ជ្រើសតាំង​ព្រះមហាក្សត្រ​ថ្មី។ ក្រុមប្រឹក្សា​រាជសម្បត្តិ​ បាន​សម្រច​ជ្រើស​តាំង ​“​សម្តេច​ឧបរាជព្រះស៊ីសុវត្ថិ”​ ជា​ព្រះមហាក្សត្រ​ថ្មី ​សោយរាជ្យ​បន្ត​ពី​ព្រះជេដ្ឋា​ព្រះអង្គ។ ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​ដោយ​មាន​ព្រះបរមនាម “ព្រះបាទ​សម្តេច​ព្រះស៊ីសុវត្ថិ ចមចក្រពង្ស ហរិរាជបរមិន្ធ្រភូវណៃ ក្រៃកែវហ្វាសុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី” 

គ្រឿង​ឥស្សរិយយស

  • មេដាយព្រះកិត្តិយស (ឡេហ្ស៊ីយ៉ុង​ដូណ្ណើរ) នៃប្រទេសបារាំងសែស គ.ស. ១៩០៦ ។
  • គ្រឿងឥស្សរិយយសស្ដេចការ៉ូល​ទី ៣ នៃប្រទេសអេស្ប៉ាញ​ គ.ស. ១៩១២ ។
  • គ្រឿងឥស្សរិយយសនាគរាជនៃប្រទេសអណ្ណាម គ.ស. ១៩១២ ។
  • គ្រឿងឥស្សរិយយសវាសានៃប្រទេសស៊ុយអែត គ.ស. ១៩១២ ។
  • គ្រឿងឥស្សរិយយសដំរីស និងគ្រឿងឥស្សរិយយសមហាមកុដនៃ​ព្រះ​រាជ​អាណាចក្រសៀម គ.ស. ១៩០០ ។
  • គ្រឿងឥស្សរិយយសឥណ្ឌូចិនថ្នាក់មាស គ.ស. ១៩០០ ។
  • គ្រឿងឥស្សរិយយសដំរីមួយ​លាន និងដំរីស នៃព្រះរាជអាណាចក្រលាវ គ.ស. ១៩០៩ ។

ប្រភពដោយ៖ វិគីភីឌា កែសម្រួលដោយ៖ មនោ វិជ្ជា

ឆ្លើយ​តប​

Please enter your comment!
Please enter your name here