បណ្តុះ​ចិត្ត​ស្ងប់​

0
311

ខុង​ជឺ​និយាយ​ថា​ “ជីវិត​សាមញ្ញ​ណាស់ តែ​មនុស្ស​ទទូច​ធ្វើ​ឲ្យ​ជីវិត​ស្មុគស្មាញ​” ។ ពាក្យ​នេះ​ពិត​ជា​មាន​អត្ថន័យ​​ឆ្លុះ​បញ្ចាំង​ពី​សច្ចភាព​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ណាស់​។ ជីវិត​​របស់​យើង​ច្រើន​តែ​ល្អក់​កករ​ដោយ​សារ​តែ​យើង​ខ្លួន​យើង​ ជាជាង​ដោយសារ​កត្តា​ខាង​ក្រៅ។ សូម​សាក​ល្បង​គិត​មើល​ចាប់​តាំង​ពី​ក្រោក​ពី​ដំណេក​រហូត​មក​ដល់​កន្លែង​ ធ្វើការ​តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ឲ្យ​ជីវិត​របស់​យើង​សៅហ្មង។ ពេល​បើកបរ​តាម​ផ្លូវ​យើង​តែ​ង​តែង​​ទើស​ចិត្ត​នឹង​អ្នក​នេះ ទើស​ចិត្ត​នឹង​អ្នក​នោះ​ថា​បើក​បរ​មិន​ចេះ​គិត ឬ​ទើស​ចិត្ត​នឹង​ភ្លើង​ស្តុប​ថា​យូរ​ពេក​ជា​ដើម។ យើង​ហាក់​ដូច​ជា​ប្រញាប់​ណាស់​ ដោយ​ការ​ពិត​ទៅ​យើង​មិន​មាន​ការ​ប្រញាប់​អ្វី​សោះ។ ចិត្ត​របស់​យើង​ចង់​បើក​ម៉ូតូ​ ឡាន ឲ្យ​លឿន​ដូច​ចិត្ត។ល។ ​ជីវិត​របស់​យើង​ហាក់​ដូច​ជា​មិន​បាន​ស្ងប់​សុខ​សោះ​។ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទើប​ចិត្ត​ស្ងប់​?

– អប់រំចិត្ត៖ ចិត្ត​ជា​ធម្មជាតិ​ដែល​អាច​អប់រំ​បាន​។ ដើម្បី​ឲ្យ​ចិត្ត​ស្ងប់​​ គេ​ត្រូវ​ចេះ​អប់​រំ​ចិត្ត​ជា​រៀងរាល់​ថ្ងៃ​ ពោល​គឺ​កុំ​បណ្តោយ​ចិត្ត​ឲ្យ​ធ្វើ​តាម​តែ​ចិត្ត។ ឧទាហរណ៍​ដូច​ក្នុង​ករណី​ធ្វើ​ដំណើរ​តាមផ្លូវ បើ​យើង​មិន​មាន​ការ​ប្រញាប់​ទេ​ យើង​គួរ​ដាស់​តឿន​ខ្លួន​ឯង​ថា​យើង​ត្រូវ​បើក​បរ​តាម​ធម្មតា​មិន​មាន​អ្វី​ជាប្រញប់​ទេ។​ យើង​ត្រូវ​មាន​សតិ​រលឹក​ដឹង​ជា​និច្ច​នូវ​ទង្វើ​របស់​ខ្លួន​ គឺ​កុំ​ធ្វើ​តាម​តែចិត្ត​ ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​ស្ថិត​ក្រោម​ការ​ពិចារណា​ជានិច្ច។

-​សុខ​ចិត្ត៖ មនុស្ស​យើង​ច្រើន​តែ​ប្រកាន់​ថា​គំនិត​របស់​ខ្លួន​ត្រឹម​ត្រូវ​ ចង់ឲ្យ​​អ្នក​ដទៃ​ធ្វើ​តាម​ខ្លួន លុះ​ដល់​គេ​មិន​ធ្វើតាម​ក៏​កើត​ក្តី​ខឹង​ក្តៅ​ក្រហាយ​។ មនុស្ស​យើង​ច្រើន​តែ​យល់​ថា​រឿង​នេះ​ ត្រូវ​ធ្វើ​បែប​នេះ​ទើប​ត្រឹម​ត្រូវ​ លុះ​ដល់​គេ​មិន​ធ្វើ​តាម​បែប​នោះ​ ក៏​យល់​ថា​ខុស​ រួច​ក៏​ប្រកាន់​ខឹង​ភ្លាម​។ មនុស្ស​យើង​ច្រើន​គិត​ថា​ពិភព​ជុំវិញ​គួរ​តែ​មាន​សភាព​បែប​នេះ បែប​នោះ​ ឧទាហរណ៍​ ផ្លូវ​នេះ​គួរ​តែ​មាន​ភ្លើង​ស្តុប ផ្លូវ​នេះ​គួរ​តែ​ពង្រីក​ឲ្យ​ធំ ឬ​ថា​ថ្ងៃ​នេះ​មិន​សម​នឹង​មាន​ភ្លៀងទេ ។ល។ លុះ​ដល់​ពិភព​ខាងក្រៅ​មិន​សម​តាម​គំនិត​របស់​ខ្លួន​ក៏​ទៅ​ជា​សៅហ្មង​ចិត្ត។ ត្រង់​ចំនុច​នេះ​ យើង​គ្រាន់តែ​បើក​ចិត្ត​ទទួល​ស្គាល់​ថា​ ជីវិត​គឺ​អញ្ចឹង​ មនុស្ស​ផ្សេង​គ្នា​គំនិត​ផ្សេង​គ្នា​ អ្វី​ដែល​ត្រូវ​កើត​វា​គង់តែ​នឹង​កើត​ឡើង​ ឬ​យើង​គ្រាន់តែ​ចាត់​ទុកថា​អ្វី​ៗ​ដែល​កើត​ឡើង​គឺ​ដូច​ជា​ខ្សែ​ភាព​យន្ត​មួយ ​រឿង​តែ​ប៉ុណ្ណោះ​។ គ្រាន់​តែ​សុខចិត្ត​ ទទួល​ប៉ុណ្ណេះ​ ចិត្ត​របស់​យើង​នឹង​ស្ងប់សុខ​។​

– ផ្តល់​ក្តី​ស្រឡាញ់​ដោយ​ឥត​លក្ខខណ្ឌ ៖ មនុស្ស​យើង​ស្រឡាញ់​អ្វី​មួយ​ច្រើន​តែ​មាន​លក្ខខណ្ឌ​។ ស្រឡាញ់​មនុស្ស​ម្នាក់​ គឺ​ចង់​ឃើញ​គេ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​ខ្លួន​ពេញ​ចិត្ត​។ ឧទាហរណ៍ ចង់​ឲ្យ​គេ​យក​ចិត្ត​ទុក​នឹង​ខ្លួន​ឲ្យ​បាន​ច្រើន​ ចង់​ឲ្យ​គេ​យល់​ចិត្ត​ ចង់​ឲ្យ​គេ​​ចំណាយ​ពេល​ជាមួយ​ខ្លួនឲ្យ​បាន​ច្រើន​។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​លក្ខខណ្ឌ​។ បើ​ស្រឡាញ់​គេ​ហើយ គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ នោះ​ចិត្ត​​ទៅ​ជា​ក្តៅ​ក្រហាយ​នៅ​មិន​សុខ​។ ដូចនេះ​ឃើញ​ថា​មនុស្ស​យើង​ចេះ​តែ​ចង់​ផ្គាប់​ចិត្ត​ខ្លួន​ឯង​គ្រប់​ពេល​ សូម្បី​តែ​ក្តី​ស្រឡាញ់​ក៏​ត្រូវ​ការ​ផល​តប​ស្នង​ដែរ​។ កុំថា​ឡើយ​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ ទោះបី​ជា​ចំពោះ​សត្វ​ក៏​ត្រូវការ​​លក្ខខណ្ឌ​ដែរ។ ឧទាហរណ៍​យើង​ស្រឡាញ់​ឆ្មា​ យើង​ចិញ្ចឹម​វា​ផ្តល់​អាហារ​ឲ្យ​វា​ តែ​យើង​ចង់​ឲ្យ​វា​ចាប់​កណ្តុរ​ ឬ​មួយ​ចង់​ឲ្យ​វា​ចេះបន្ទោរ​បង់​ក្រៅ​ផ្ទះ​ ។ល។ តែ​បើ​វា​មិន​បាន​ធ្វើ​ដូច​ចិត្ត​យើង​គិត​ទេ​ យើង​បែរ​ជា​​មិន​សុខ​ចិត្ត​ទៅវិញ​។ ដូច្នេះ​វិធី​មួយ​ដែល​នាំ​ទៅ​ដល់​ចិត្ត​ស្ងប់​បាន​ គឺ​រៀន​ផ្តល់​ក្តី​ស្រឡាញ់​ដោយ​ឥត​លក្ខខណ្ឌ​ ពោល​គឺ​ស្រឡាញ់​ដោយ​មិនចង់​​បាន​ផល​តប​ស្នង​អ្វី​ទាំង​អស់​។ វីធី​សាស្ត្រ​មួយ​ជួយ​បណ្តុះ​សេចក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​គឺ​ការបណ្តុំ​កូនឈើ​ ពី​ព្រោះ​ឈើ​មិន​ចេះ​និយាយ​មិន​ចេះ​ធ្វើឲ្យ​មនុស្ស​ខក​ចិត្ត​ឡើយ​។ នៅ​ពេល​អនុវត្ត​ជោគ​ជ័យ​ទៅ​ដើម​ឈើ​ហើយ​គេ​អាច​បន្ត​អនុវត្ត​ន៍​លើ​សត្វ​មាន​ជីវិត ហើយ​ចុង​ក្រោយ​គឺ​មនុស្ស​ទូទៅ​។

– សម្រាកចិត្ត​៖ ជា​រៀង​រាល់​ថ្ងៃ​គេ​គួរ​រក​ពេលវេលា​សម្រាក​ចិត្ត​យ៉ាង​ហោច​​ណាស់​ឲ្យ​បាន​ ១០ នាទី​ (​សូម​អាន​បន្ថែម​ វិធី​សាស្ត្រ​សម្រាក​ខួ​ក្បាល​) ។ មុន​ពេល​គេង​ និង​ពេល​ក្រោក​ពី​ដំណេក​ គេគួរ​តាំង​ចិត្ត​ថា​ ចិត្ត​របស់​ខ្ញុំ​ស្ងប់​ស្ងាត់​ល្អ​បរិសុទ្ធ​ជា​ដរាប ។ ចូរ​តាំង​ចិត្ត​ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ​ ចិត្ត​នឹង​កាន់​តែ​ស្ងប់​ទៅ​ៗ​​ជា​ពុំខាន៕

ប្រភពដោយ៖ សាលារៀន

ឆ្លើយ​តប​

Please enter your comment!
Please enter your name here