មូលហេតុដែលនាំឲ្យកើត “សង្រ្គាមឆត្រ” ឆ្នាំ១៩៤២

0
725

ក្រោយពីបានដឹងថា អាចារ្យហែម ចៀវ ត្រូវ​បាន​បារាំងចាប់មកឃុំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ នោះ ព្រះសង្ឃប្រមាណ២ពាន់អង្គ និងសិស្សរាប់ពាន់នាក់ ព្រមទំាងប្រជា ជន​នៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ទៀត ដែលនៅក្បែរនេះ បាននាំគ្នាដើរពាស​ពេញផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការ​ប្រមាថ មើលងាយដោយ​បំពានលើព្រះសង្ឃ ជាពិសេស ចំពោះព្រះពុទ្ធសាសនា។ បាតុករទំាងអស់ បាននាំគ្នាដើរសំដៅទៅវិមាន ទេសា​ភិបាល បារាំង នៅខាងលិចវត្តភ្នំ ប្រកបដោយភាពអង់​អាចក្លាហាន ដោយមានបដា ដែលចារឹកពាក្យ ស្លោកថា «យើងខ្ញុំសូមឲ្យដោះលែងលោកអាចារ្យហែម ចៀវ និងលោកអាចារ្យនួន ឌួង វិញ»។ ពួកបាតុករបានទៅដល់​មុខការិយាល័យ រេស៊ីដង់បារាំង យ៉ាងកុះករ ដោយលាយចម្រុះ ដោយពណ៌លឿងផង ធ្វើឲ្យទិដ្ឋភាពនោះគួរឲ្យគយគន់ឥតឧបមា។ បាតុកររាប់ម៉ឺននាក់ បានក្រឡេកឃើញលោក ប៉ាច ឈឺន ឈរយ៉ាងសង្ហារគ្មានព្រឺរោម ខ្លាចពួកបារាំងចាប់ខ្លួនឡើយ។ ប៉ុន្តែពួកនគរបាលបារាំង បានចាប់ខ្លួនលោកប៉ាច ឈឺន ចាងហ្វាងកាសែត នគរវត្ត ដែលជាកាសែតដំបូងគេនៅកម្ពុជា បាតុករទ្រំាមិនបាន ក៏នាំគ្នាបះ គិលឡើង ហើយការវាយតប់គ្នាផ្ទុះឡើងដែរ បណ្តាលឲ្យមាន​អ្នកខ្លះបែកក្បាលហូរឈាម ។ល។

ព្រះសង្ឃ ប្រើចុងឆត្រជាអាវុធ ដេញចាក់បារាំង ព្រោះឃើញបារាំងធ្វើទង្វើមិនគប្បី និងមើលងាយដល់សាស្រ្តាចារ្យរបស់ខ្លួន។ ហេតុដូច្នេះហើយ ទើបគេហៅព្រឹត្តិ​ការណ៍នេះថា “សង្រ្គាមឆត្រ“។ ចំណែកឯបាតុករ ដែលជាគ្រហស្ថ បានប្រើដុំថ្ម ដំបង ដុំឥដ្ឋ និងកូនតឹង ជាអាវុធដែរ។ ក្នុងពេលកំពុងវាយប្រយុទ្ធគ្នានោះ ពួកបារាំងបានថតបាតុករ និងអ្នកដឹកនាំ ដើម្បីងាយស្រួលដើរចាប់ខ្លួន ក្រោយពេលដែលបាតុកម្មនេះត្រូវបានបញ្ចប់។

ក្រោយមកព្រះភិក្ខុប៉ាង ខាត់ និងព្រះអាចារ្យអ៊ុក ជា, លោកប៊ុណ្ណ ច័ន្ទម៉ុល, លោកជុំ មួង ភិក្ខុធម្មបាលខៀវជុំ ។ល។ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតយ៉ាវ ត្រូវបារាំងចាប់បាន ហើយបញ្ជុនទៅដាក់គុកទំាងអស់។ ប៉ុន្តែទោះបី ជាអ្នកដឹកនាំចលនាបាតុកម្មទំាងនោះ រត់គេចខ្លួនរួចក៏ដោយ ក៏នៅមិនរួចផុតពីការចាប់ខ្លួនពី​សំណាក់ពួកអាណានិគមបារាំងបានឡើយ។ ប្រជាជន សិស្ស ព្រះសង្ឃ និងខ្មែរអ្នកស្នេហាជាតិជាច្រើនទៀត ត្រូវពួកបារាំងចាប់ឃុំឃំាងខ្លួន និងវាយធ្វើបាបយ៉ាងព្រៃផ្សៃជាទីបំផុត រួចបញ្ជូនទៅដាក់គុកធំនៅក្រុងភ្នំពេញ។ អាចារ្យហែម ចៀវ ត្រូវគេនិរទេសទៅកាន់កោះត្រឡាច ហើយទទួល​មរណៈភាព នៅទីនោះ នៅឆ្នាំ១៩៤៣ បន្ទាប់ពីទទួលរងនូវទារុណកម្មយ៉ាងខ្លោចផ្សាបំផុតរួចមក។

បាតុកម្មនេះមិនអាចសម្រេចដូចបំណងបានទេ គឺហាក់គ្រាន់តែដាស់ស្មារតីឲ្យកូនខ្មែរភ្ញាក់ដឹងខ្លួនតែប៉ុណ្ណោះ។ ចលនារបស់អាចារ្យហែម ចៀវ នេះជាចលនា ជឿនលឿននិយម ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅក្នុងស្រទាប់ប្រជាជនកម្ពុជា ក្នុងសង្រ្គាមលោកលើកទី២ ហើយដែលទាក់ទាញកម្លាំងមហាជន ឲ្យចូលរួមយ៉ាង​ច្រើនកុះករ។ នេះជាលើកទីមួយហើយ ដែលចលនាតស៊ូយ៉ាងសកម្ម មានប្រជាជនចូលរួមច្រើនលើសលប់ មានអត្ថន័យនិងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ៕

ប្រភពដោយ៖ យុវជន និងនយោបាយ (ដកស្រង់ពីសៀវភៅ វត្តមានជប៉ុន នៅកម្ពុជា ក្នុងសង្រ្គាមលើកទី២)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here