ភេរវកម្ម​១១កញ្ញា៖ ​ដំណើររឿង​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដែល​នឹងធ្វើឲ្យ​ពិភពលោក​ត្រូវ​ផ្លាស់ប្តូរ

0
323

នៅព្រឹកព្រលឹម​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ ម៉ោង ៦ និង​៤៥នាទី នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​បូស្តុន ភេរវជន ១០នាក់ ចែកចេញ​ជាពីរ​ក្រុម​ កំពុង​រៀបចំ​ឡើង​យន្តហោះ ក្នុងជើងហោះហើរ​ពីរ​ដាច់​ពីគ្នា គឺ​ជើងហោះហើរ​លេខ​១១ របស់​ក្រុមហ៊ុន Amercian Airlines ពី​បូស្តុន​​ទៅ Los Angeles និង​មួយទៀត គឺ​ជើងហោះហើរ​លេខ ១៧៥ នៃ​ក្រុមហ៊ុន United Airlines ឆ្ពោះទៅកាន់​ទីក្រុង Los Angeles ដូចគ្នា។

នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់ប្រហែល​គ្នា​នោះ ភេរវជន​២ក្រុមផ្សេងទៀត កំពុង​រៀបចំ​ឡើង​យន្តហោះ នៅ​ឯ​ព្រលាន​យន្តហោះ​ពីរផ្សេងទៀត គឺ​ជើងហោះហើរ​លេខ ៩៣ របស់​ក្រុមហ៊ុន United Airlines ពី Newark​ (New Jersey) ទៅកាន់​ San Francisco និង​ ជើងហោះហើរ​លេខ​ ៧៧ របស់​ក្រុមហ៊ុន American Airlines ពីព្រលាន​យន្តហោះ​អន្តរជាតិ Dulles ក្បែរ​រដ្ឋធានីវ៉ាស៊ីងតោន ឆ្ពោះ​ទៅកាន់​ទីក្រុង Los Angeles។

ម៉ោង ៨ និង​១៩នាទី ២០នាទី​ក្រោយ​ពី​ជើងហោះហើរ​លេខ១១ ហោះចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​បូស្តុន ក្រសួង​ស៊ើបអង្កេត FBI ទទួល​ទូរស័ព្ទ​ពី​នារី​អ្នក​បម្រើការ​លើ​យន្តហោះម្នាក់​ ដែល​​បាន​ប្រាប់​ថា យន្តហោះ​ត្រូវ​បាន​ក្រុម​ភេរវជន​ចាប់ពង្រត់។ នៅលើ​យន្តហោះ គឺ​មហាម៉េដ អាតា មេក្រុម​ភេរវជន ដែល​​ជា​អ្នក​បញ្ជាយន្តហោះ ក្រោយ​ពី​បាន​វាយប្រហារ​ទៅលើ​អ្នក​បើក​យន្តហោះ​ទាំងពីរ​រូប។ មហាម៉េដ អាតា បាន​ប្រាប់​អ្នក​ដំណើរ​លើ​យន្តហោះ​ទាំងអស់​ឲ្យ​រក្សាភាព​​ស្ងាត់ស្ងៀម ដោយសន្យា​ថា នឹង​បើក​យន្តហោះ​ត្រឡប់​ទៅកាន់​ព្រលាន​យន្តហោះវិញ។​

ម៉ោង ៨ និង​៤០នាទី កងឯកភាព​ការពារដែន​អាកាស​អាមេរិក​បាន​ចេញ​បញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​ពីរគ្រឿង ហោះ​ទៅ​ស្ទាក់​យន្តហោះ​ដែល​ត្រូវ​ភេរវជន​ចាប់ពង្រត់ ក៏ប៉ុន្តែ យន្តហោះ​ចម្បាំង​ទាំងពីរ​គ្រឿង​នៅមិនទាន់​បាន​ហោះចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស​ផង នៅ​ម៉ោង ៨ និង​៤៦នាទី យន្តហោះ​នៃ​ជើងហោះហើរ​លេខ​១១ ដែល​ជា​ប្រភេទ​យន្តហោះ​ធុន ៧៦៧ ដឹកអ្នក​ដំណើរ​ចំនួន ៩២នាក់ ត្រូវ​បាន​មហាម៉េដ អាតា បើកទៅបុក​ អគារ​ទីមួយ​នៃ​អគារភ្លោះ​ World Trade Center។

ប្រមាណ​ជា ១៥នាទី​ក្រោយ​មក​ទៀត នៅ​ម៉ោង ៩ និង​៣នាទី នៅ​ក្នុងពេល​ដែល​ក្រសែភ្នែក​មនុស្សម្នា​ជាច្រើន ព្រមទាំង​កាមេរ៉ា​ជាច្រើន​គ្រឿង​កំពុងតែ​សំឡឹង​មើល និង​ផ្តិត​យក​រូបភាព​អគារ​ទីមួយ​នៃ World Trade Center ស្រាប់តែ​យន្តហោះ​មួយគ្រឿងទៀត​ គឺ​យន្តហោះ​ធុន​ប៊ូអ៊ីង ៧៦៧ នៃ​ជើងហោះហើរ​លេខ​១៧៥ ដឹកអ្នក​ដំណើរ​ចំនួន ៦៥នាក់ ពី​បូស្តុន ទៅ Los Angeles ត្រូវ​បាន​ភេរវជន​ក្រុម​ទីពីរ​​​​ហោះ​ទៅ​​​បុក​អគារ​ទីពីរ។

គិត​ត្រឹម​​ពេលនោះ គេ​លែង​មាន​​មន្ទិលសង្ស័យ​អ្វី​ទៀតហើយ​ថា អ្វី​ដែល​កំពុងកើតឡើង​មិនមែន​ជា​គ្រោះថ្នាក់​យន្តហោះ​នោះទេ ប៉ុន្តែ ជា​ការ​វាយប្រហារ​ភេរវកម្ម​​ទៅលើ​សហរដ្ឋ​អាមេរិក។

នៅ​ព្រឹកថ្ងៃ​ទី១១​កញ្ញា ពេល​ដែល​ភេរវជន​បើក​យន្តហោះ​បុកអគារ World Trade Center នៅ​ឯ​ទីក្រុង​ញូវយ៉ក លោក​ចច ដាបិលយូ ប៊ូស កំពុង​បំពេញទស្សនកិច្ច​នៅ​សាលារៀន​មួយកន្លែង នៅ​ក្នុង​រដ្ឋ​ហ្វ្លរីដា។

ម៉ោង ៩ និង​៥នាទី លោក​ប៊ូស​កំពុង​អង្គុយ​ស្តាប់​កូនសិស្ស​សូត្រ​មេរៀន នៅចំពោះ​មុខ​​កាមេរ៉ា និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់ ស្រាប់តែ​លោក​អេនឌ្រូ ខាដ (Andrew Card) នាយកខុទ្ទកាល័យ​នៃ​សេតវិមាន​​បាន​ចូល​ទៅ​ខ្សិប​ដាក់​ត្រចៀក​ប្រាប់​ដោយ​ខ្លី​ថា “មាន​យន្តហោះ​មួយគ្រឿងទៀត​​បើក​បុកអគារ​ទីពីរ អាមេរិក​កំពុង​ទទួលរង​​ការ​វាយប្រហារ”។ ខ្សិបរួចហើយ លោក​អេនឌ្រូ ខាដ ក៏​ដើរចេញ​ទៅវិញ​ភ្លាម ចំណែក​ឯ​លោក​ប៊ូស បន្ត​ស្ថិត​នៅ​ក្នុង​ថ្នាក់រៀន​ជាមួយ​កូនសិស្ស​តាម​កម្មវិធី​ធម្មតា ដើម្បី​ចៀសវាង​មិន​បង្ហាញ​ភាព​ច្រួលច្របល់​ នៅ​ចំពោះ​មុខ​ម៉ាស៊ីនថត។

ប្រមាណ​ជា​ជិត​កន្លះម៉ោងក្រោយ​មក ទើប​លោក​ប៊ូស​ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន ដោយ​បាន​បញ្ជាក់ថា អ្វី​ដែល​បាន​កើតឡើង​នៅ​ញូវយ៉ក គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក​លោក​ប៊ូស​បាន​ឡើង​ជិះ​យន្តហោះ​ប្រធានាធិបតី (Air Force One) ចាកចេញ​ពី​ហ្វ្លរីដា។

នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ យន្តហោះ​ដឹកអ្នក​ដំណើរ​ពីរគ្រឿងផ្សេងទៀត​​ សុទ្ធតែ​ត្រូវ​ធ្លាក់​ក្នុងដៃ​ក្រុម​ភេរវជន។ ជើងហោះហើរ​លេខ ៧៧ ដែល​ជា​ប្រភេទ​យន្តហោះ​ធុន​ប៊ូអ៊ីង ៧៥៧ ដឹកអ្នក​ដំណើរ​ចំនួន ៦៤នាក់ ក្នុងទិសដៅ ពី​រដ្ឋធានី​វ៉ាស៊ីងតោន ទៅកាន់​ Los Angeles ត្រូវ​បាន​ក្រុម​ភេរវជន​ហោះ​ទៅបុក​មន្ទីរប៉ង់តាហ្គោន នៅម៉ោង ៩ និង​៣៧នាទី។ ចំណែក​ឯ​ជើងហោះហើរ​លេខ ៩៣ ក្នុងទិសដៅ​ពី New Jersey ទៅកាន់​ San Francisco ត្រូវ​បាន​ក្រុម​ភេរវជន​បញ្ជា​ឲ្យ​ហោះ​សំដៅ​ទៅកាន់​រដ្ឋធានីវ៉ាស៊ីងតោន។ គោលដៅ គឺ​វិមាន​កាពីតូល។

នៅវ៉ាស៊ីងតោន ក្រោយ​ពី​មាន​ការ​វាយប្រហារ​ទៅលើ​មន្ទីរប៉ង់តាហ្គោន បុគ្គលិក​ដែល​កំពុង​ធ្វើការ​នៅ​ឯ​សេតវិមាន និង​វិមាន​កាពីតូល ព្រមទាំង​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ផ្សេងទៀត ត្រូវ​បាន​គេ​ជន្លៀសចេញ​។ ចំណែក​ឯ​មន្រ្តី​រដ្ឋាភិបាល​សំខាន់ៗ ក្នុងនោះ រួមមាន​ទាំង​អនុប្រធានាធិបតី ឌិក ឈេនី ផង​ត្រូវបាន​ជន្លៀស​ទៅ​កាន់​ការិយាល័យ​ក្រោមដី នៃ​សេតវិមាន គឺ​ទីតាំង​ដែល​គេ​សាងសង់​ឡើង​ជា​ពិសេស សម្រាប់​ករណី​មាន​ការ​វាយប្រហារ​នុយក្លេអ៊ែរ។

ពីការិយាល័យ​ក្រោម​ដី​នៃ​សេតវិមាន លោក​ ឌិក ឈេនី បាន​ទូរស័ព្ទ​ទៅកាន់​លោក​ប្រធានាធិបតី​ប៊ូស ហើយ​បាន​សម្រេច​គ្នា​ថា លោក​ប៊ូស​ត្រូវ​បន្ត​​​ស្ថិត​នៅលើ​យន្តហោះ​ Air Force One​ ដោយ​មាន​យន្តហោះ​ចម្បាំង​ហោះ​អមការពារ រហូត​ទាល់តែ​ដឹង​ច្បាស់​ថា រដ្ឋវ៉ាស៊ីងតោន​​មាន​សុវត្ថិភាព​គ្រប់គ្រាន់ ចាំ​វិលត្រឡប់​មក​សេតវិមាន​វិញ។

ក្នុងពេល​ជាមួយគ្នា​នោះ ក្រសួង​អាកាសចរណ៍​ស៊ីវិល​អាមេរិក​បាន​​សម្រេច​បិទដែន​អាកាស​អាមេរិក​ទាំងស្រុង ដោយ​យន្តហោះ​ដែល​នៅ​លើ​ដី​ត្រូវ​ហាម​មិន​ឲ្យ​ហោះ​ចេញ ចំណែក​ឯ​យន្តហោះ​រាប់ពាន់​គ្រឿង ដែល​កំពុង​ហោះលើ​អាកាស ត្រូវ​ទទួល​បញ្ជា​ឲ្យ​ចុះ​ចត​ជា​បន្ទាន់ នៅ​ឯ​ព្រលាន​យន្តហោះ​ដែល​ជិត​បំផុត។

នៅលើ​យន្តហោះ​នៃ​ជើងហោះហើរ​លេខ​៩៣ អ្នក​ដំណើរ​មួយ​ចំនួន​បាន​ទូរស័ព្ទ​ទៅ​កាន់សាច់ញាតិ ដើម្បី​ប្រាប់​អំពី​ការ​ចាប់​ពង្រត់យន្តហោះ​ដោយ​ក្រុម​ភេរវជន។ នៅ​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​​សាច់ញាតិ​ដែល​នៅលើ​ដី​នោះហើយ ​ដែល​ពួកគេ​បាន​ដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ញូវយ៉ក។ ពួកគេ​ក៏​បាន​សន្និដ្ឋាន​ថា ពួក​ភេរវជន​​មិនមែន​ចាប់ពង្រត់​យន្តហោះ​ ដើម្បី​យក​ធ្វើ​ជា​ថ្នូរ​ទៅនឹង​ការ​ទាមទារ​អ្វី​​មួយ​នោះទេ។ គោលដៅ​មានតែ​មួយ​គត់ គឺ​ហោះ​ទៅបុក​ចំណុចស៊ីបណាមួយ ដូចអ្វី​ដែល​បាន​កើតឡើង​នៅ World Trade Center ។ ពួកគេ​ក៏​បាន​សម្រេចគ្នាថា​នឹង​សុខចិត្ត​ប្តូរ​ជីវិត​​វាយដណ្តើម​​យក​យន្តហោះ​ពី​ដៃ​ភេរវជន​មកវិញ។

ម៉ោង ៩ និង​៥៧នាទី អ្នក​ដំណើរនៃ​ជើងហោះហើរ​លេខ៩៣ បាន​ចាប់ផ្តើម​ធ្វើការ​វាយលុក​​ទៅលើ​ក្រុម​ភេរវជន ក៏ប៉ុន្តែ នៅ​ពេល​ដែល​ពួកគេ​កំពុងតែ​ព្យាយាម​វាយទម្លាយ​ទ្វារបន្ទប់​បើកបរ ភេរវជន​ដែល​ដឹងខ្លួន​ថា​មិន​អាច​ធ្វើការ​វាយប្រហារ​លើ​គោលដៅដូចការ​គ្រោងទុក ក៏​បាន​បើក​យន្តហោះ​​បុក​ដី សម្លាប់​មនុស្ស​ទាំងអស់​ដែល​​នៅលើ​យន្តហោះ។ ជើងហោះហើរ​លេខ៩៣ ដែល​ជា​យន្តហោះ​ធុន​ប៊ូអ៊ីង ៧៥៧ ដឹកអ្នក​ដំណើរ​ចំនួន ៤៤នាក់ បាន​ធ្លាក់​នៅ​ឯទីវាល​មួយ​កន្លែង នៅ​ក្នុង​រដ្ឋ​ Pennsylvania។

នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ នៅឯ​ទីក្រុង​ញូវយ៉ក អគារ​ទីមួយ​នៃ​ World Trade Center បាន​រលំ​រាបដល់ដី នៅ​ម៉ោង​​១០ព្រឹក ចំណែក​ឯ​អគារ​ទីពីរ​ត្រូវរលំ​ប្រមាណ​ជា​កន្លះម៉ោងក្រោយ​មក​ទៀត។

គិតជាសរុប ការ​វាយប្រហារភេរវកម្ម​​ទាំងបួនកន្លែង គឺ​នៅ​អគារ​ទាំងពីរ​នៃ World Trade Center នៅ​មន្ទីរប៉ង់តាហ្គោន និង​​នៅ Pennsylvania បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​​ជិត ៣ពាន់នាក់។ គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធំ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​វា​ជា​ចំណុច​ចាប់ផ្តើម​​នៃ​សករាជ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​អន្តរជាតិ ដែល​គេ​តែងតែ​ហៅ​ថា ពិភពលោក​ក្រោយ​១១កញ្ញា។ ជា​ចំណុច​ចាប់ផ្តើម ដែល​នាំ​ទៅ​រក​សង្រ្គាម​ដ៏​ធំ​ចំនួន២​នៃ​សតវត្សរ៍​ទី២១ គឺ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន និង​សង្រ្គាម​នៅ​អ៊ីរ៉ាក់ ហើយ​វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដែរ នៃ​អ្វី​ដែល​កំពុងតែ​​កើតមាន​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន ជាមួយ​នឹង​ការ​លេចមុខឡើង​នៃ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម៕

ប្រភពដោយ៖ សេង ឌីណា (RFI)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here