ជីវប្រវត្តិរបស់ លោក បណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមយ៉ាងសកម្ម ដែលត្រូវគេបាញ់សម្លាប់

0
241

លោកបណ្ឌិត កែម-ឡី (១៩ តុលា ១៩៧០ – ១០-កក្កដា-២០១៦) ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់រហស្សនាមថា ជាអ្នកវិភាគនយោបាយឯករាជ្យនៅព្រះរាជាណាចក្រកម្ពុជា។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច (Caltex) ស្តុបបូកគោ។

ប្រវត្តិសង្ខេប
ប្រវត្តិសង្ខេប លោកបណ្ឌិត កែម ឡី លោកបណ្ឌិត កែម ឡី –នាម និង គោត្តនាម ៖ កែម ឡី [អានថា៖ កែម-ឡី ] –សញ្ជាតិ ៖ ខ្មែរ –មុខងារបច្ចុប្បន្ន ៖ ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម។ –ទីកន្លែងកំនើតកើត ៖ នៅក្នុងគ្រួសារក្រីក្រមួយ នៅ ភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ –អាសយដ្ឋានបច្ចុប្បន្ន ៖ រាជធានីភ្នំពេញ។ –ឪពុករបស់លោកដែលជាសាស្ត្រាចារ្យ បានស្លាប់នៅជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រីពីរនាក់ទៀត ក្លាយជាកូនកំព្រា រស់នៅជាមួយម្តាយមេម៉ាយ ចាប់តាំងពី ឆ្នាំ១៩៧៩ មក។

ប្រវត្តិការសិក្សា
បើទោះបីជាម្តាយមានមុខរបរត្រឹមជាអ្នកលក់នំបញ្ចុក ក៏ដោយ ក៏លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្រ រហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯបរទេស ខណៈដែលបងស្រីរបស់លោក បានធ្វើជាគ្រូពេទ្យ ហើយប្អូនប្រុស បានធ្វើការនៅក្រុមហ៊ុនឯកជន។ –លោក កែម ឡី បានចាកចេញពី ខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្ត បទុម ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ ហើយបានចូលធ្វើការនៅក្រសួង សុខាភិបាល កាន់ខាងផ្នែកជំងឺឆ្លង។ –លោក កែម ឡី ទទួលបានសញ្ញាបត្រ នៅសាកលវិទ្យាល័យចុឡាលុងករណ៍ ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។

ប្រវត្តិការងារ
លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋ នៅក្នុងអំឡុង ឆ្នាំ២០០០ ហើយបានទៅធ្វើការ នៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលនិងទៅធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល ៤ឆ្នាំ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅ ថៃ ដែលក្រុមហ៊ុននោះ ធ្វើការងារជួយសង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅ ថៃ នៅ កម្ពុជា នៅ ចិន និងនៅ ឥណ្ឌា ហើយបន្ទាប់ពីនោះ លោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួង សុខាភិបាល ខាងមូលនិធិសកល។ ក្រោយមកទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅ HACC បានមួយរយៈ។

ការស្រាវជ្រាវ និងវិភាគនយោបាយ
ដំបូងឡើយ លោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវ ភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។ –ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោក កំពុងតែល្បីសុសសាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន លោក កែម ឡី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហៅលោកថា «ជាអ្នកវិភាគឯករាជ្យ» ដោយសារតែលោក មានសេចក្តីក្លាហាន លាតត្រដាងពីបញ្ហាដែលកំពុងតែញាំញីសង្គមខ្មែរ និងបានផ្តល់នូវដំណោះស្រាយសមហេតុផល ដែលជាផ្លូវអាចជួយរុញច្រានឲ្យសង្គមខ្មែរ មានការរីកចម្រើនជឿនលឿនឆាប់រហ័សគេចផុតពីហានិភ័យ។

 

 

 

 

ជីវិតគ្រួសារ
លោក កែម ឡី បានរៀបអាពាហ៍ពិពាហ៍នាឆ្នាំ២០០១ ចំណែកភរិយារបស់លោក គឺជាអាជីវករលក់ខោជជុះនៅផ្ទះល្វែងមួយ នៅ ផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន (២០១៤) មានកូនសុទ្ធតែប្រុសចំនួន ៤ រូប កូនបងអាយុ ១២ ឆ្នាំ និងកូនប្អូនអាយុ ៤ ឆ្នាំ។

សម្រង់ពាក្យសម្តីរបស់លោក បណ្ឌិត កែម ឡី ៖
១. ខ្ញុំមិនមែនជាអ្នកវិភាគទេ ខ្ញុំជាអ្នករូតវាំងនន។
២. ពូមិនដែលគិតថា ពូអាចនឹងរស់នៅ បានយូរនោះទេ ថ្ងៃណាមួយ ពូអាចស្លាប់ ឬត្រូវគេបាញ់សម្លាប់ តែដរាបណាពូ មានជីវិត ពូនឹងនិយាយអ្វីដែលអ្នកដ៏ទៃមិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញពូមិនឲ្យនិយាយបានទេ។
៣. ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត។
៤. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត។
៥. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។
៦. ខ្ញុំនឹងនិយាយអ្វី ដែលអ្នកដទៃមិនហ៊ាននិយាយ។
៧. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺ បេះដូងពលរដ្ឋ។
៨. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណៈភាពទឹកដី មិនមែនជាជម្រើសល្អទេ។
៩. អ្នកមានអំណាច មានលុយច្រើនពីការគេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។
១០. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត។
១១. មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំនុច៣គឺ ត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត។
១២. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។

ប្រភពអត្ថបទ៖ គីវីភេឌា កែសម្រួលដោយ ខ្មែរក្រោម

សូមអរគុណសម្រាប់ការចំណាយពេលាតាមដាន និងការមកទស្សនាគេហទំព័រយើងខ្ញុំជារៀងរាល់ថ្ងៃ។ សូមបញ្ចេញមតិដោយសេចក្តីថ្លៃថ្នរ និងគោរពគ្នាវិញទៅមក។ គេហទំព័រ មនោ វិជ្ជា  ជាគេហទំព័រចែករំលែកចំណេះដឹងពីគ្រប់ទីកន្លែង និងមានការស្រាវជ្រាវផ្សេងៗ ជូនដល់មិត្តអ្នកអានដើម្បីសិក្សារៀនសូត្រគ្រប់ពេលវេលា។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here