អ្នក​ស្រាវជ្រាវ​ស្នើ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ

0
105

អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ លើក​ឡើង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា​ខ្វះ​ការ​លើក​ទឹក​ចិត្ត ខ្វះ​ថវិកា​ចំពោះ​ការងារ​ស្រាវជ្រាវ ជាដើម។ ពួក​គាត់​យល់​ថា ប្រសិន​បើ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ទេ ការ​បោះ​ជំហាន​លើ​វិស័យ​ស្រាវជ្រាវ​របស់​ខ្មែរ នឹង​មិន​អាច​ទៅ​មុខ​បាន​ដោយ​ប្រសើរ​ឡើយ បើ​ទោះ​បី​កម្ពុជា មាន​ក្រុម​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​ប្រកប​ដោយ​សក្ដានុពល​យ៉ាង​ណា​ក៏ដោយ។

អ្នក​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ ព្រម​ទាំង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​គិតគូរ​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ ទាំង​កិច្ចការ​ស្រាវជ្រាវ និង​ជីវភាព​រស់នៅ​របស់​ពួក​គេ​ឲ្យ​បាន​ប្រសើរ ដើម្បី​ជា​ប្រយោជន៍​រួម​ចំណែក​ដល់​សង្គម​ជាតិ។

សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​សាស្ត្រ និង​ប្រវត្តិសាស្ត្រ​ខ្មែរ និង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក វង់ សុធារ៉ា មាន​ប្រសាសន៍​ថា អាច​ដោយសារ​តែ​ប្រទេស​កម្ពុជា ទើប​ងើប​ផុត​ពី​សង្គ្រាម ទើប​បាន​ការងារ​ស្រាវជ្រាវ​នៅ​មិន​ទាន់​មាន​អ្នក​ផ្តល់​តម្លៃ ឬ​លើក​ទឹក​ចិត្ត។ បន្ថែម​ពី​នេះ កន្លង​ទៅ ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មិន​ទាន់​មាន​កញ្ចប់​ថវិកា​ណា​មួយ​ច្បាស់លាស់​សម្រាប់​បោះ​ទុន​ទៅ​លើ​ការងារ​ស្រាវជ្រាវ និង​ជីវិត​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ទេ។

លោក​បញ្ជាក់​ថា ទើប​តែ​នៅ​ឆ្នាំ​២០១៧ ខាង​ក្រសួង​អប់រំ បាន​ផ្តល់​កញ្ចប់​ថវិកា​មួយ​ចំនួន​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លើ​គម្រោង​ស្រាវជ្រាវ​ផ្សេងៗ ហើយ​សាស្ត្រាចារ្យ​មួយ​ចំនួន​ក៏​បាន​សរសេរ​គម្រោង​ស្នើសុំ​ថវិកា​ទាំងនោះ​សម្រាប់​ការងារ​ស្រាវជ្រាវ​របស់​ខ្លួន។ សាស្ត្រាចារ្យ​ដដែល​មើល​ឃើញ​ថា ជា​ជំហាន​ចាប់​ផ្ដើម​មួយ​គួរ​ឲ្យ​មាន​ក្តី​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត៖ «ប៉ុន្តែ​យើង​ត្រូវ​ចងចាំ​ថា ផល​ប្រយោជន៍​ជា​លុយកាក់​ដែល​បាន​មក​ពីការ​ស្រាវជ្រាវ មិន​អាច​យក​ទៅ​ចិញ្ចឹម​ជីវិត​ឲ្យ​រស់នៅ​បាន​ស្រួល​ទេ។ អា​ហ្នឹង​ជា​រឿង​ពិត នៅ​ស្រុក​ណា​ក៏ដោយ»

ទាក់ទង​ការងារ និង​ជីវិត​អ្នក​ស្រាវជ្រាវ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា អ្នក​សិក្សា​ស្រាវជ្រាវ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ជាច្រើន​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ជនជាតិ​អាមេរិកាំង​ម្នាក់ គឺ​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី (Michael Vickery) បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​ជាង ៨០​ឆ្នាំ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង នៅ​ផ្ទះ​អតីត​ប្អូន​ថ្លៃ​របស់​លោក។ ជីវិត​ចុង​ក្រោយ​របស់​លោក គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ ក្រៅ​តែ​ពី​ស្នាដៃ​ស្រាវជ្រាវ​ជាច្រើន​ដែល​បាន​បន្សល់​ទុក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

ប្រហែល​ដោយសារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​ឲ្យ​តម្លៃ​ដល់​អ្នក​ស្រាវជ្រាវ​នេះ​ហើយ ទើប​ជីវិត​ចុង​ក្រោយ​របស់​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី ត្រូវ​រស់នៅ​តោកយ៉ាក សូម្បី​តែ​ពេល​ធ្វើ​ដំណើរ​ពី​ស្រុក​ថៃ មក​កាន់​ប្រទេស​កម្ពុជា ពីរ​ខែ​មុន​ពេល​លោក​ស្លាប់ គឺ​នៅ​ពេល​លោក​ចុះ​ពី​យន្តហោះ នៅ​សល់​លុយ​ប្រមាណ ១​ម៉ឺន​រៀល​ក្នុង​ខ្លួន​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​មន្ត្រី​អន្តោប្រវេសន៍​ឃាត់​លោក ព្រោះ​តែ​មិន​មាន​ប្រាក់​សម្រាប់​បង់​ថ្លៃ​វីសា (Visa)។

មិន​មែន​ជា​ជនជាតិ​ខ្មែរ ប៉ុន្តែ​ប្រាថ្នា​សុំ​ឲ្យ​ស្លាប់​នៅ​លើ​ទឹកដី​ខ្មែរ។ ជា​ជនជាតិ​អាមេរិកាំង ដែល​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​រស់នៅ និង​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស​ប្រទេស​កម្ពុជា។ ស្នាដៃ​ទាំងនោះ សម្រាប់​ក្មេង​ជំនាន់​ក្រោយ បាន​ជា​គំនិត​សម្រាប់​គិត​ពិចារណា​លើ​ផ្នែក​ស្រាវជ្រាវ​របស់​ខ្លួន​បន្ថែម​ទៀត។ អត្ថបទ​របស់​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិកាំង​រូប​នេះ មិន​ត្រឹម​តែ​ជួយ​ជា​ប្រភព​សំខាន់​មួយ​សម្រាប់​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព​សំខាន់​មួយ​ដែល​នាំ​ឲ្យ​បរទេស​ជាច្រើន​បាន​ស្គាល់​អំពី​វប្បធម៌ អរិយធម៌​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ស្នាដៃ​របស់​លោក។ ការ​បាត់បង់​ជីវិត​របស់​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​ខ្មែរ​មួយ​ចំនួន​យល់​ថា ជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​ដ៏​សំខាន់។

លោក វង់ សុធារ៉ា បញ្ជាក់​ថា លក្ខណៈ​ពិសេស​របស់​លោក ម៉ៃឃើល វិកឃើរី គឺ​លោក​ចេះ​ភាសា​ខ្មែរ​យ៉ាង​ច្បាស់ ពិសេស​ចេះ​អាន​សិលាចារឹក​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​សម័យ​ថ្មី​ទៀត​ផង។ លោក​ថា ស្នាដៃ​របស់​គាត់​ចំពោះ​ប្រទេស​កម្ពុជា ដូចជា​ការ​និពន្ធ​សៀវភៅ​ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោយ​សម័យ​អង្គរ សៀវភៅ​និយាយ​អំពី​ប្រទេស​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៨២។ បន្ថែម​ពី​នេះ សៀវភៅ​និយាយ​អំពី​នយោបាយ សេដ្ឋកិច្ច និង​សង្គម​មុន​សម័យ​អង្គរ សតវត្ស​ទី​៧ និង​ទី​៨ ព្រម​ទាំង​ស្នាដៃ​ជាច្រើន​ផ្សេង​ទៀត។

ប្រធាន​មូលនិធិ​កេរ​ដំណែល​ខ្មែរ បណ្ឌិត ចិន្ត ច័ន្ទរតនា បាន​លើក​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ថា​អ្វី​ដែល​ក្តី​កង្វល់​សម្រាប់​អ្នក​ស្រាវជ្រាវ​ជាតិ​នា​ពេល​បច្ចុប្បន្ន គឺ​ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​ផ្តល់​តម្លៃ​ដល់​អ្នក​ស្រាវជ្រាវ​ជាតិ ព្រម​ទាំង​ខ្វះ​ថវិកា​សម្រាប់​ការងារ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ស្រាវជ្រាវ​ឯករាជ្យ​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ចូលរួម​ក្នុង​គម្រោង​ស្រាវជ្រាវ កង្វះ​មូលនិធិ​ជាតិ​ទ្រទ្រង់​ការ​ស្រាវជ្រាវ ម្យ៉ាង​ធនធាន​មនុស្ស​មិន​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ ជាដើម។

លោក​ស្នើ​ប្រមុខ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ពិនិត្យ​ចំណុច​ទាំងនេះ​ដើម្បី​លើក​ទឹក​ចិត្ត និង​ជំរុញ​អ្នក​ស្រាវជ្រាវ​ជាតិ​ចូលរួម​ក្នុង​សកម្មភាព​របស់​ខ្លួន​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ កក្កដា ថា ការងារ​ស្រាវជ្រាវ​នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ គឺ​មាន​កញ្ចប់​ថវិកា​សម្រាប់​ទ្រទ្រង់​ការ​ស្រាវជ្រាវ​ទាំងនោះ។ ចំណែក​ការ​ស្រាវជ្រាវ​លក្ខណៈ​ឯកជន ខាង​ក្រសួង​មិន​មាន​កញ្ចប់​ថវិកា​ផ្តល់​ជូន​ទេ ប៉ុន្តែ​ក្រសួង​ចូលរួម​លើក​ទឹក​ចិត្ត​តាម​រយៈ​រៀបចំ​កម្មវិធី​ផ្សេងៗ ដូចជា​តាំង​ពិព័រណ៍​សៀវភៅ ឬ​បង្កើត​ជា​ទិវា​អំណាន ដើម្បី​រក​ទីផ្សារ​សម្រាប់​ពួក​គាត់។ លើស​ពី​នេះ បើក​ទូលាយ​ដល់​ពួក​គេ​អាច​ស្វែងរក​ស្ថាប័ន​ដៃគូ​ដើម្បី​ឧបត្ថម្ភ​ដល់​ការងារ​របស់​ខ្លួន។ មួយ​បែប​ទៀត ក្រសួង​បើក​ទូលាយ​ដល់​ការ​បង្ហាញ​ស្នាដៃ​ស្រាវជ្រាវ​របស់​ពួក​គេ​ទៅ​កាន់​សាធារណជន ជាដើម៖ «អ៊ីចឹង​ទេ​ជា​ការ​បើក​ទូលាយ​ដល់​អ្នក​ស្រាវជ្រាវទាំងឡាយ​មាន​ឱកាសបញ្ចេញ​ស្នាដៃ បញ្ចេញ​ជា​ផលិតផល មាន​ន័យ​ថា​បញ្ចេញ​សៀវភៅ​ជា​អត្ថបទ​ដែល​គាត​ស្រាវជ្រាវ​បាន»

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី កត់​សម្គាល់​ថា អ្នក​ស្រាវជ្រាវ​មាន​ពីរ​ប្រភេទ។ ប្រភេទ​ទី​មួយ គឺ​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ដែល​អាច​ផ្តល់​ព័ត៌មាន​យុត្តិធម៌​គ្មាន​ភាព​លម្អៀង និង​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ផ្តល់​ព័ត៌មាន​សម្រាប់​អ្នក​នយោបាយ​ណា​មួយ។ លោក​ថា ប្រសិន​បើ​ក្រុម​អ្នក​ស្រាវជ្រាវ​សម្រាប់​អ្នក​នយោបាយ គឺ​គេ​មិន​ខ្វះ​ទេ​ថវិកា​សម្រាប់​ធ្វើ​ការងារ​របស់​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​វិញ វាសនា​របស់​គាត់​ចុង​ក្រោយ​ក៏​មិន​ខុស​ពី​លោក​បណ្ឌិត ម៉ៃឃើល វិកឃើរី ដែរ។ ម្យ៉ាង ទទួល​ការ​រើសអើង​ពី​អ្នក​នយោបាយ និង​ត្រូវ​លាប​ពណ៌​ថែម​ទៀត​ផង៖ «អ៊ីចឹង​ការ​ខ្វះខាត​លើ​ការ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​មួយ ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​ហ្នឹង​ទទួល​ព័ត៌មាន​អត់​ពិត»

បណ្ឌិត មាស នី យល់​ថា ដើម្បី​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ជាតិ​ពិតប្រាកដ គប្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ ហើយ​ផែនការ​អភិវឌ្ឍន៍​ត្រូវ​ប្រើ​របាយការណ៍​ស្រាវជ្រាវ​ជាក់លាក់ ជាជាង​ប្រើ​របាយការណ៍​តាម​ខ្សែ​បណ្តោយ ដែល​ធ្វើ​ឲ្យ​ការងារ​អភិវឌ្ឍន៍​ជាតិ​មិន​មាន​ប្រសិទ្ធភាព៕

សូមអរគុណសម្រាប់ការតាមដាន និងការមកដល់គេហទំព័រយើងខ្ញុំ។ សូមបញ្ចេញមតិដោយសេចក្តីថ្លៃថ្នរ និងគោរពគ្នាវិញទៅមក។ គេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង និងចែករំលែកចំណេះដឹងគ្រប់វិនាទីជូនដល់លោកអ្នកអាន។

សូមស្តាប់ព័ត៌លម្អិតបន្ថែម៖

ប្រភពដោយ៖ camnews.org 

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here