ប្រវត្តិ​សង្ខេប​របស់​លោក សម រង្ស៊ី​ អតីតប្រធានគណៈបក្សសង្គ្រោះជាតិ

0
336

លោកសមរង្ស៊ី កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ ១៩៤៩។ លោកជាប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំមួយ និងមានប្រជាប្រិយភាពបំផុត នៅប្រទេសកម្ពុជា។ បច្ចុប្បន្ន លោកជាតំណាងរាស្ត្រ និងជាប្រធានក្រុមភាគតិចក្នុងសភា។ លោកបានជាប់ជាសមាជិកសភាសម្រាប់មណ្ឌល់កំពង់ ចាម ចាប់តាំងពីខែកក្កដាឆ្នាំ២០១៤។ កាលពីមុនលោកធ្លាប់ ជាសមាជិកសភាសម្រាប់មណ្ឌល់សៀមរាប ពីឆ្នាំ១៩៩៣ដល់ ឆ្នាំ១៩៩៥ រហូតដល់ពេលដែលលោកត្រូវបានបណ្តេញចេញពីរដ្ឋសភា។

លោក សម រង្ស៊ី ជាមេដឹកនាំនិងជាសហស្ថាបនិករបស់គណបក្ស សង្គ្រោះជាតិ។ លោកជាអតីតសមាជិកនៃគណបក្សរាជា និយមហ៊្វុនស៊ិន និងបានបម្រើការជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងរដ្ឋាភិបាលចម្រុះរបស់ក្រុមព្រះ នរោត្តមរណឫទ្ធិ ពីឆ្នាំ១៩៩៣ រហូតដល់មានការបណ្តេញគាត់ចេញពីមុខតំណែង នៅក្នុងឆ្នាំ១៩៩៤។ នៅខែមិថុនាឆ្នាំ១៩៩៥ គាត់ក៍ត្រូវបានគេបណ្តេញចេញពីរដ្ឋសភាទៀត។

លោក សម រង្ស៊ី បានបង្កើតគណបក្សមួយឈ្មោះថា គណបក្សជាតិខ្មែរ។ ក្រោយមកមិនយូរប៉ុន្មាន លោក សម រង្ស៊ី ត្រូវលោក ងួន សឿ ធ្វើបក្សប្រហារបណ្តេញចេញពីប្រធានគណបក្សជាតិខ្មែរ។ នៅមុនពេលបោះ ឆ្នោតឆ្នាំ១៩៩៨ លោក សម រង្ស៊ី បានបង្កើតគណបក្សមួយថ្មីទៀត ដោយយកឈ្មោះខ្លួនផ្ទាល់ ដាក់ជាឈ្មោះគណបក្ស ដើម្បីកុំឲ្យគេប្លន់យកដូចមុនទៀត គឺ គណបក្សសមរង្ស៊ី។ ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០២ ហើយម្តងទៀតពី ឆ្នាំ២០១២ដល់ឆ្នាំ២០១៤ លោកសមរង្ស៊ី ធ្វើជាប្រធានក្រុមប្រឹក្សានៃគណបក្សសេរី និងគណបក្សប្រជាធិបតេយ្យអាស៊ី។

លោក សម រង្ស៊ី បានធ្វើនិរទេសខ្លួននៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៥ ដោយខ្លាចមាន ការចាប់ខ្លួន បន្ទាប់ពីសភាជាតិ ដែលភាគច្រើន មកពីគណបក្សប្រជាជនកម្ពុជា សម្រេចដកអភ័យឯកសិទ្ធិ សភាចេញពីរូបលោក។ ជាមួយគ្នានេះដែរ មានតំណាងរាស្ត្រ ពីររូបទៀត មកពីគណបក្ស សម រង្ស៊ី គឺលោក ជាម ច័ន្ទ នី និងលោក ជា ប៉ូច ក៏ត្រូវបានគេដកអភ័យឯក សិទ្ធិផងដែរ។

លោក សម រង្ស៊ី ត្រូវប្រឈមនឹងបទបរិហារកេរ្តិ៍ ដែលជាបទព្រហ្មទណ្ឌ បន្ទាប់ពីបានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជានិងហ៊្វុនស៊ិនប៉ិក ដែលរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះនាពេលនោះថាជារដ្ឋាភិបាលពុករលួយ។ ក្រៅពីនេះ លោក សម រង្ស៊ី ក៏បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរថា មានការជាប់ទាក់ទិនទៅនឹងការសម្លាប់ លោ់ក ជា វិជ្ជា មេដឹកនាំសហជីព ដែលមានទំនាក់ទំនង ជិតដិតជាមួយគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០០៤ នោះ។

នៅឆ្នាំ២០០៩ លោក សម រង្ស៊ី បានធ្វើនិរទេស ខ្លួនម្តងទៀត ដោយសារសភាជាតិសម្រេចដកអភ័យឯកសិទ្ធិលោក តាមសំណើររបស់តុលាការខេត្ត ស្វាយរៀង ដែលបានចោទប្រកាន់លោកថា បានបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិសាធារណៈ ដោយសារតែលោកបានដកតម្រុយបង្គោលព្រំដែន ដែលយួនបានបោះចូលក្នុងដីខ្មែរ ព្រមទាំងការប្រើប្រាស់ឯកសារក្លែងក្លាយ។ ក្រោមបទចោទប្រកាន់ទាំងពីរនេះ នៅខែកញ្ញាឆ្នាំ២០១០ លោក សម រង្ស៊ី ត្រូវបានកាត់ទោសដោយ កំបាំងមុខ និងត្រូវផ្តន្ទាទោសឲ្យជាប់គុក១២ឆ្នាំ ដែលត្រូវបានគេមើលឃើញថា មានលក្ខណៈនយោបាយសុទ្ធសាធ។

នៅឆ្នាំ២០១២ គណបក្ស សម រង្ស៊ី បានរួបញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតបានជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏រឹងមាំមួយ រហូតដល់សព្វថ្ងៃ។ បន្ទាប់ពីការលាលែងពីតំណែងប្រធានគណបក្ស សម រង្ស៊ី មក លោក សម រង្ស៊ី ត្រូវបានសមាជបក្ស តែងតាំងឲ្យធ្វើជាប្រធានគណបក្សថ្មីនេះ ចំណែកឯលោក កឹម សុខា វិញ ត្រូវបានតែងតាំងជាអនុប្រធាន។

ខែកក្កដាឆ្នាំ២០១៣ ចំពេលដែលគណបក្សនយោបាយទាំងអស់នៅកម្ពុជា កំពុងធ្វើយុទ្ធនាការបោះឆ្នោតនោះ លោក សម រង្ស៊ី បានប្រកាសផ្សាយនៅក្នុងទំព័រ ផេសប៊ុក របស់លោកថា លោកនឹងវិលត្រឡប់មកស្រុកខ្មែរវិញ នៅពេលឆាប់ៗខាងមុខនេះ បើទោះជាត្រូវស្លាប់ ឬក៏ត្រូវជាប់គុកក៏ដោយ ក៏លោកមិនខ្លាចដែរ។

ព្រះមហាក្សត្រនរោត្តមសីហមុនី បានចេញព្រះរាជក្រឹតលើកលែងទោសលោកសមរង្ស៊ី តាមសំណើរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដោយបានអនុញ្ញាតឱ្យ មេដឹកនាំគណបក្សប្រឆាំង វិលត្រឡប់មកកម្ពុជាវិញ ដោយមិនមានការគំរាមកំហែង ឬដាក់ពន្ធនាគារអ្វីឡើយ។ ទោះជាយ៉ាងនេះក្តី លោក សម រង្ស៊ី នៅតែមិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅក្នុង ការបោះឆ្នោតសកល នាឆ្នាំ២០១៣នោះឡើយ។ គិតមកដល់ពេលនេះ លោក សម រង្ស៊ី ត្រូវ បានគេកាត់ទោស ហើយត្រូវបានព្រះមហាក្សត្រ លើកលែងទោសឲ្យ ចំនួនបួនដងហើយ នៅក្នុងជីវិតនយោបាយរបស់លោក។

លោកសម រង្ស៊ី បានវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដោយមានមនុស្ស រាប់សែននាក់រង់ចាំទទួលស្វាគមន៍លោកនៅតាមផ្លូវ ពីចំណត់អាកាសយានរហូតក្រុងភ្នំពេញ។ គណបក្សសង្គ្រោះ ជាតិទទួលបាន៥៥អាសនៈ នៅក្នុងរដ្ឋសភា។ ទោះជាយ៉ាងក្តី លោក សម រង្ស៊ី និងលោក កឹម សុខា បានបដិសេធចំពោះលទ្ធផលនៃការបោះ ឆ្នោតនេះ ដោយបានចោទប្រកាន់គណបក្សកាន់ អំណាចថា បានធ្វើការលួចបន្លំសន្លឹកឆ្នោត យ៉ាង ច្រើនឥតគណនា តាមរយៈគ.ជ.ប. ដែលខ្លួន គ្រប់គ្រង ហើយទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញ។ បក្សប្រឆាំងបានធ្វើពហិការមិនចូលរដ្ឋសភា តាំងពីខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ខែកក្កដាឆ្នាំ២០១៤។

ជីវិតដំបូង និងអាជីពនយោបាយ

លោក សម រង្ស៊ី កើតនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩។ លោកបានផ្លាស់ ទៅនៅប្រទេសបារាំង នៅឆ្នាំ១៩៦៥។ លោកបានសិក្សា និងធ្វើការជាអ្នកចាត់ការទូទៅផ្នែកវិនិយោគ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ មួយនៅប៉ារីស។ ក្រោយមកលោកបានក្លាយជាសមាជិក នៃគណបក្សហ៊្វុនស៊ិនប៉ិក។ លោកបានវិល ត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩២ ហើយត្រូវបានជាប់ឆ្នោតជាសមាជិកសភា សម្រាប់ខេត្តសៀមរាប នៅឆ្នាំ១៩៩៣។

បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣។ លោក សម រង្ស៊ី ធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅក្នុងរដ្ឋាភិបាលចម្រុះ តែក្រោយមកមិន យូរប៉ុន្មាន ក៏ត្រូវបានគេដកចេញពីតំណែង ហើយថែមទាំងត្រូវបានគេបណ្តេញចេញបក្សហ្វុនស៊ីនប៉ិក នៅក្នុងឆ្នាំ១៩៩៤ ទៀតផង។ នៅឆ្នាំ១៩៩៥ លោក បានបង្កើតគណបក្សជាតិជាតិ តែក្រោយមកត្រូវបានប្តូរ ឈ្មោះទៅជាគណបក្សសមរង្ស៊ី វិញ នៅមុនការបោះ ឆ្នោតឆ្នាំ១៩៩៨។ នៅក្នុងការបោះ ឆ្នោតសកល នីតិកាលទី២ ឆ្នាំ១៩៩៨នេះ គណបក្សសម រង្ស៊ី ទទួលបាន១៥ អាសនៈ ហើយក្លាយជាគណបក្សប្រឆាំងមុនគេបង្អស់ក្នុងសភា។

នៅថ្ងៃទី៣០ ខែមីនាឆ្នាំ១៩៩៧ មានបាតុកម្ម អហិង្សាមួយ ដែលដឹកនាំដោយលោក សម រង្ស៊ី ត្រូវបានមនុស្សម្នាក់គប់គ្រាប់បែកដៃ ចំនួន៤គ្រាប់ ចូលក្នុងហ្វូងបាតុករ នៅមុខអតីតវិមានរដ្ឋសភា។ ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃកាលណោះ បានបណ្ដាលឲ្យមនុស្សប្រមាណ១៦ នាក់ ត្រូវបាត់បង់ជីវិត ចំណែកឯមនុស្ស ១៥០ នាក់ ផ្សេងទៀតត្រូវរងរបួស ដែលបាតុកម្មនៅពេលនោះ ធ្វើឡើងដើម្បីប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទ្រង់នរោត្តមរណឫទ្ធិ។

គួររំឭកថា នៅថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំធ្វើបាតុកម្មមួយ នៅមុខវិមានរដ្ឋសភា ក្បែរព្រះបរមរាជវាំង ដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ ដែលបានរងការចោទប្រកាន់ ជាទូទៅថាជាប្រព័ន្ធមិនយុត្តិធម៌។ ការវាយប្រហារដ៏បង្ហូរឈាមនេះ ត្រូវបានលោក ហ៊ុន សែន និយាយចំអក ឲ្យថា គឺលោក សម រង្ស៊ី ជាអ្នករៀបចំការវាយប្រហារនេះ ដោយខ្លួនឯង ដើម្បីឲ្យគេអាណិត ហើយទម្លាក់កំហុសលើអ្នកដទៃទៅវិញ។

លោក សម រង្ស៊ី ត្រូវបានកាត់ទោសដោយកំបាំង មុខ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៥ ទាក់ទងទៅនឹងបណ្តឹងបរិហារកេរ្តិ៍។ តុលាការបានកាត់ទោសឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារ១៨ខែ និងបង្គាប់ឱ្យបង់ប្រាក់ចំនួន ១៤,០០០ដុល្លារសហរដ្ឋអាមេរិក ទៀតផង។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៦ លោក សម រង្ស៊ី ទទួលបានការលើកលែងទោសពីព្រះ មហាក្សត្រ ព្រះបាទនរោត្តមសីហមុនី តាមសំណើរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ បន្ទាប់មកលោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅទី១០ ខែកុម្ភៈ ឆ្នាំ២០០៦។

នៅក្នុងខែតុលា ឆ្នាំ២០០៩ លោក សម រង្ស៊ី បានដឹកនាំប្រជាពលរដ្ឋមួយចំនួននៅព្រំដែនកម្ពុជាវៀតណាម ធ្វើការតវ៉ាទៅនឹងអ្វីដែលលោកបានអះអាងថា មានការទន្ទ្រានពីប្រទេសវៀតណាម ដោយបានបោះបង្គោលតម្រុយ ព្រំដែនចូលមកលើទឹកដីខ្មែរ ហើយលោក សម រង្ស៊ី បាន ដកបង្គោលតម្រុយនោះចោលដោយផ្ទាល់ដៃ។

នៅឆ្នាំ២០០៩ ក្រសួងការបរទេសរបស់ប្រទេសវៀតណាម ក៏បានថ្កោលទោសចំពោះសកម្មភាពរបស់លោក សម រង្ស៊ី ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែការពាររាល់ដំណើរការបោះបង្គោលព្រំដែនរបស់ប្រទេសជាតិ ទាំងពីរឲ្យបានម៉ឺងហ្មាត់។ សេចក្តីថ្លែងការណ៍ នេះបានហៅទង្វើរបស់ លោក សម រង្ស៊ី ថាបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិប្រទេសទាំងពីរ ព្រមទាំង រំលោភលើច្បាប់នៃប្រទេសកម្ពុជា ក៍ដូចជាប្រទេសវៀតណាម ស្តីពីសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ។

នៅថ្ងៃទី២៥ ខែតុលា លោក សម រង្ស៊ី ត្រូវ បានគេចោទប្រកាន់ពីបទញុះញង់ប្រកាន់ពូជសាសន៍ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយសភាកម្ពុជា បានដកអភ័យឯកសិទ្ធិនៅក្នុង ខែវិច្ឆិកា។ លោក សម រង្ស៊ី ត្រូវបានតុលាការ ចេញដីកាកោះហៅឱ្យចូលបង្ហាញខ្លួន នៅតុលាការដើម្បីធ្វើសវនាការ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១០ តុលាការ ខេត្តស្វាយរៀង បានចេញដីកាចាប់ខ្លួន បន្ទាប់ពីលោក សម រង្ស៊ី ខកខានមិនបានបង្ហាញខ្លួននៅតុលាការ។

លោក សម រង្ស៊ី បានគេចចេញពីប្រទេសកម្ពុជា ទៅរស់និរទេសខ្លួន នៅប្រទេសបារាំងជិតបួនឆ្នាំ ដើម្បីជៀសវាងការចាប់ខ្លួន។ គាត់ត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រនរោត្តមសីហមុនី នៅខែកក្កដា ឆ្នាំ២០១៣ ហើយបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។

នៅខែមេសា ឆ្នាំ២០១៤ លោក សម រង្ស៊ី បាននិយាយ ទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង នឹងការជាប់គាំងនយោបាយ ដែលបានញាំញីប្រទេសកម្ពុជា តាំងពីខែកក្កដា ឆ្នាំ២០១៣មក។ ជំនួបរវាងលោក សម រង្ស៊ី និង សែន បានឈានដល់មានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ភាពជាប់គាំង។ ក្រៅពីនេះភាគីទាំងពីរក៏ បានព្រមព្រៀងគ្នារំកិលកាលបរិច្ឆេទនៃការបោះឆ្នោត ថយក្រោយពីខែខែកក្កដា មកខែកម្ភៈ វិញ។។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅព្រះបរម រាជវាំង ចំពោះព្រះភក្ត្រព្រះមហាក្សត្រ។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ វិបត្តិនយោបាយ នៅប្រទេសកម្ពុជា ដែលបានអូសបន្លាយតាំងពីឆ្នាំ ២០១៣មកនោះ ត្រូវបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្គ្រោះជាតិ បានចុះហត្ថលេខារួចមក។ គណបក្ស ប្រឆាំងយល់ព្រមទទួលយកអាសនៈខ្លួន នៅក្នុងសភា ដើម្បីឈានទៅរកការបញ្ចប់ភាពជាប់គាំងនយោបាយ មួយដ៏យូរវែងបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ក្រៅពីនេះ គណបក្សសង្គ្រោះជាតិក៏ត្រូវបានគេផ្ដល់តួនាទីសំខានៗមួយចំនួនក្នុងសភា។ ដូចជាលោក កឹម សុខា ត្រូវបានទទួលតំណែងជាអនុប្រធានទីមួយនៃរដ្ឋសភា រីឯតួនាទីជាប្រធាននៃគណៈកម្មា ធិការចំនួន៥ ក្នុងចំណោមគណៈកម្មការទាំង១០ នៃរដ្ឋសភា ក៏ត្រូវបានមកគណបក្សប្រឆាំងដែរ។ ម៉្យាងវិញទៀត លោក សម រង្ស៊ី ដែលខកខានមិនបានចុះឈ្មោះ ក្នុងកំឡុងពេលបោះឆ្នោតឆ្នាំ ២០១៣នោះ ក៏ត្រូវបានគេទទួលស្គាល់ជាសមាជិកសភាមួយរូប សម្រាប់មណ្ឌល់កំពង់ចាម ដោយគណៈកម្មាធិការ រៀបចំការបោះឆ្នោតជំនួសឲ្យលោក គួយ ប៊ុនរឿន ។

ក្រុមគ្រួសារ

ឪពុករបស់លោក សម រង្ស៊ី គឺលោក សម សារី ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងអប់រំ, ក្រសួងេផែនការ និងហិរញ្ញវត្ថុ មុនពេលក្លាយជាឧបនាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋាភិបាលរបស់ព្រះសីហនុ នៅក្នុងឆ្នាំ១៩៥០។ ម្តាយរបស់លោក សម រង្ស៊ី ឈ្មោះអ្នកស្រី អិន ឯម ជាស្ត្រីម្នាក់ដំបូងគេនៅកម្ពុជា ដែលបានបញ្ចប់ការសិក្សារថ្នាក់បាក់ឌុប។ លោក សម សារី បានភៀសខ្លួនចេញពីស្រុកខ្មែរ នៅឆ្នាំ១៩៥៩ ព្រោះត្រូវបានគេចោទប្រកាន់ថា មានការជាប់ទាក់ទិនទៅនឹងការសមគំនិតមួយ ជាមួយក្រុងបាងកក ក្នុងការប្រឆាំងរដ្ឋាភិបាលខ្មែរ។

នៅពេលនោះលោក សម រង្ស៊ី ទើបតែមានអាយុដប់ ឆ្នាំប៉ុណ្ណោះ។ ចំណែកឯម្តាយរបស់ លោក សម រង្ស៊ី វិញ ត្រូវបានគេចាប់ដាក់ពន្ធនាគារ។ ជីតារបស់លោក សម រង្ស៊ី គឺលោក សម ញាណ បានបម្រើការជាប្រធានក្រុមប្រឹក្សារាជាណាចក្រកម្ពុជា និងជាសមាជិកដ៏លេចធ្លោរមួយរូប នៃគណបក្សប្រជាធិបតេយ្យ ក្នុងទសវត្សរ៍១៩៤០។

លោក សម រង្ស៊ី បានរៀបការជាមួយអ្នកស្រី ជូឡុង ស៊ូមូរ៉ា នៅឆ្នាំ១៩៧១។ បច្ចុប្បន្ននេះ អ្នកស្រីក៍ជាសមាជិកសភាសនៃគណបក្សសង្គ្រោះជាតិដែរ។ លោក សម រង្ស៊ី និងអ្នកស្រី ជូឡុង ស៊ូមារ៉ា មានកូនពីរនាក់ ប្រុសមួយ ស្រីមួយ។ ឪពុករបស់ លោកស្រី ជូឡុង ស៊ូមារ៉ា គឺលោក ញឹក ជូឡុង ជាឧត្តមសេនីយ៍ម្នាក់ ដែលបានបង្កើតគណបក្សបដិវត្តន៍ខ្មែរ ព្រមទាំងធ្លាប់បានម្រើការងារ ជានាយករដ្ឋមន្ត្រីស្តីទី ក្នុងរយៈពេលខ្លី នៅក្នុងឆ្នាំ១៩៦២។ ទាំងលោក សម រង្ស៊ី និងភរិយារបស់លោក បានអះអាងដូចគ្នាថា ពួកលោកសុទ្ធតែមានជាប់ពូជពង្សជាជនជាតិចិនទាំងអស់គ្នា៕

អត្ថបទដកស្រង់ពីគេហទំព័រ៖ កម្ពុជាក្រោម

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here