ប្រវត្តិ​នៃ​ការ​កកើត​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម

0
439

នៅឆ្នាំ២០០១ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ញូវយ៉ក និង​វ៉ាស៊ីងតោន ពិភពលោក​ទាំងមូល​បាន​ឮ​ពី​ឈ្មោះ​អូសាម៉ា ប៊ិនឡាដិន និង​ក្រុមភេរវជន​អាល់កៃដា។ ក្រុមភេរវជន​ដែល​បាន​ក្លាយ​ជា​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​អន្តរជាតិ​ដ៏ធំបំផុត​មួយ ហើយ​ដែល​បាន​នាំមកនូវការ​ផ្លាស់ប្តូរ​ដ៏ធំមិនធ្លាប់មាន នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​ត្រជាក់។

ប្រមាណ​ជា​១០ឆ្នាំក្រោយ​មក ក្រោយ​ពី​បាន​ធ្វើ​សង្រ្គាម​ចំនួនពីរ គឺ​ នៅ​អាហ្វហ្កានីស្ថាន (២០០១) និង​នៅ​អ៊ីរ៉ាក់ (២០០៣) អាមេរិក​បាន​រកឃើញ និង​សម្លាប់​ប៊ិនឡាដិន នៅថ្ងៃ​ទី២ ខែឧសភា ឆ្នាំ​២០១១ នៅ​ក្នុង​ប្រតិបត្តិការ​កុម្ម៉ង់ដូ នៅ​ទីក្រុង​អាបូតាបាដ ប្រទេស​ប៉ាគីស្ថាន។ ក្រុមអាល់កៃដា​បាន​ជ្រើសរើស​អ្នក​ថ្មី គឺ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ឲ្យ​ឡើង​មក​ធ្វើ​ជា​​អ្នក​ដឹកនាំ​ថ្មី​ តែ​ទោះជាយ៉ាងណា ដូចការ​រំពឹងទុក​របស់​លោក​បារ៉ាក់ អូបាម៉ា ការស្លាប់​របស់​ប៊ិនឡាដិន បាន​ធ្វើ​ឲ្យ​​អាល់កៃដា​​ត្រូវ​ធ្លាក់ចុះទន់ខ្សោយ​យ៉ាងខ្លាំង។

ក៏ប៉ុន្តែ មកទល់​នឹងពេលនោះ មិនមែន​មានតែ​ក្រុម​អាល់កៃដា​មួយទេ ដែល​ពិភពលោក​ត្រូវ​ប្រឈមមុខ។ សន្តិសុខ​អន្តរជាតិ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ថ្មីមួយទៀត ដែល​មាន​កម្លាំងខ្លាំងជាង ហើយ​ជាពិសេស មាន​មនោគមន៍​វិជ្ជា​ជ្រុលនិយមជាង និង​មាន​ចរិត​កាចសាហាវជាង​អាល់កៃដា​ទៅទៀត។ នោះគឺ​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម ហើយ​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​នេះ​មាន​ប្រវត្តិកំណើត​ចេញ​ពី​សង្រ្គាម​អ៊ីរ៉ាក់​។

នៅឆ្នាំ​២០០៣ នៅពេល​ដែល​អាមេរិក​លើកទ័ព​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ លោក​ចច ដាបិលយូ ប៊ូស បាន​ប្រកាស​ថា អ្វី​ដែល​អាមេរិក​ធ្វើ​នៅពេលនោះ គឺ​ដើម្បី​រំដោះ​ប្រជាជន​អ៊ីរ៉ាក់​ឲ្យ​ចេញ​ផុត​ពី​អំណាច​ផ្តាច់ការ​របស់​សាដាមហ៊ូសេន។ ក៏ប៉ុន្តែ ពិតប្រាកដ​ទៅ អ្វី​ដែល​បាន​កើតឡើង គឺ​ភាព​អនាធិបតេយ្យ​នៅទូទាំង​ប្រទេស ហើយ​​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ​នេះ ចលនាបះបោរ​ប្រដាប់អាវុធ​នៃ​ក្រុម​អ្នក​កាន់​និកាយ​ស៊ុននីត ក៏​បាន​ចាប់រីកដុះដាល​ឡើង​យ៉ាងពេញបន្ទុក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វត្តមាន​កងទ័ព​អាមេរិក​ និង​ ​រដ្ឋាភិបាល​ថ្មី​នៅ​បាកដាដ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ស្ហ៊ីអ៊ីត។ នៅ​ក្នុង​ចំណោម​មេដឹកនាំ​ក្រុមបះបោរ​ប្រដាប់អាវុធ​នៅ​អ៊ីរ៉ាក់​នេះ មាន​មនុស្ស​​ ២រូ​ប គឺ អាប៊ូ​មូហ្សាប់ អាល់ហ្សាកាវី (Abu Musab al-Zarqawi) និង អាប៊ូបាគ័រ អាល់បាក់ដាឌី (Abu Bakr al-Baghdadi) ដែល​មានតួ​នាទី​យ៉ាងសំខាន់ នៅ​ក្នុងការ​ចាប់កំណើត​នៃ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

អាប៊ូមូហ្សាប់ អាល់ហ្សាកាវី ដែល​មាន​ដើមកំណើត​ពី​ប្រទេស​ហ្សកដានី បាន​បង្កើត​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាមជ្រុលនិយម តាំង​ពី​ឆ្នាំ​២០០០ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​លោកខាងលិច ក៏ប៉ុន្តែ ក្រុមនេះ​មិនមានឈ្មោះ​បោះសំឡេង​អ្វីនោះទេ។ រហូតទាល់​តែ​ក្រោយ​ពី​មាន​ការ​ឈ្លានពាន​របស់​អាមេរិក​នៅ​ឆ្នាំ​២០០៣​ ទើបក្រុមនេះ​ចាប់ផ្តើម​រីកដុះដាល ដោយ​ទទួល​បាន​នូវការ​គាំទ្រ​ពី​សំណាក់​ក្រុ​ម​អ្នក​កាន់​និកាយ​ស៊ុននីត​អ៊ីរ៉ាក់។ នៅពេលនោះ ក្រុម​របស់​អាល់ហ្សាកាវី បាន​ច្របាច់បញ្ចូលគ្នា​ជាមួយ​នឹង​ក្រុម​ប្រដាប់អាវុធ​មួយទៀត ដែល​បង្កើតឡើង​ដោយ អាប៊ូបាគ័រ អាល់បាកដាឌី បង្កើតទៅជា​សាខា​ក្រុមអាល់កៃដា ប្រចាំប្រទេស​អ៊ីរ៉ាក់។

ពីដំបូង សាខាអាល់កៃដា​នៅ​អ៊ីរ៉ាក់​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អាល់ហ្សាកាវី ចំណែក​ឯ​អាល់បាក់ដាឌីវិញ គ្រាន់តែ​ជា​មេដឹកនាំថ្នាក់​កណ្តាល​ម្នាក់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីៗ​ត្រូវប្រែប្រួល នៅ​ក្រោយ​ពេល​ដែល​អាល់​ហ្សាកាវី​ត្រូវ​ស្លាប់​ក្នុងការ​វាយប្រហារ​​ដោយ​មីស៊ីល​អាមេរិក នៅ​ឆ្នាំ​២០០៦។ នៅ​ក្រោយ​ការ​ស្លាប់​របស់​អាល់ហ្សាកាវី ឥទ្ធិពល​របស់​អាល់បាក់ដាឌី​ក៏​ចាប់ផ្តើម​កើនឡើង​បន្តិចម្តងៗ រហូតបាន​ក្លាយ​ជា​មេដឹកនាំ​ក្រុមអាល់កៃដា​ប្រចាំប្រទេស​អ៊ីរ៉ាក់ នៅ​ឆ្នាំ២០១០ ដោយ​នៅពេលនោះ សាខាអាល់កៃដា​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់នេះ ​ត្រូវ​បាន​គេដាក់ឈ្មោះ​ថា​ជា “រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់”។

នៅឆ្នាំ២០១១ អាមេរិក​បាន​ដកកងទ័ព​ចេញ​ពី​អ៊ីរ៉ាក់។ ការដកថយ​របស់​អាមេរិក បូករួម​ជាមួយ​នឹង​អសមត្ថភាព​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ធ្វើ​ឲ្យ​ក្រុម​រដ្ឋអ៊ីស្លាម​ចាប់ផ្តើម​មានកម្លាំង​កាន់តែខ្លាំង ហើយ​បាន​វាតទី​កាន់កាប់​ទឹកដី​កាន់តែ​ធំឡើង ជាពិសេស នៅ​តំបន់​ប៉ែក​ខាងជើង​អ៊ីរ៉ាក់។

ឆ្លងព្រំដែន​អ៊ីរ៉ាក់​ទៅ​ទិសខាងជើង គឺ ​ស៊ីរី។ ចលនា​បាតុកម្ម​ក្នុងទ្រង់ទ្រាយ​ធំ​បាន​ផ្ទុះឡើង នៅ​ខែមីនា​ឆ្នាំ​២០១១ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​របបដឹកនាំ​របស់​លោក​បាស្ហា អាល់អាសាដ។ ក្រោយ​ពី​ទទួល​រង​ការ​បាញ់​បង្រ្កាប​ពី​សំណាក់​កងកម្លាំង​របស់​លោក​អាសាដ ចលនា​ប្រឆាំង​ដោយ​បាតុកម្ម ក៏​បាន​ប្រែក្លាយ​ទៅ​ជា​ចលនា​បដិវត្តន៍​ប្រដាប់អាវុធ ហើយ​ប្រទេស​ស៊ីរី​ក៏​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល។ នៅ​ក្នុង​បរិបទ​នោះហើយ ដែល​ក្រុម​អាល់កៃដា​ប្រចាំប្រទេស​អ៊ីរ៉ាក់​ចាប់ផ្តើម​​​ពង្រីក​កម្លាំង​របស់ខ្លួន​ឆ្លងព្រំដែន​ចូល​ទៅ​បង្កើត​សាខា​នៅ​ក្នុង​ប្រទេស​ស៊ីរី ដោយ​ដាក់ឈ្មោះ​ថា “រណសិរ្សអាល់នូស្រា” (al-Nusra)។

ក៏ប៉ុន្តែ នៅ​ឆ្នាំ២០១៣ អាល់បាក់ដាឌី​បាន​បែកបាក់គ្នា​ជាមួយ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​អាល់កៃដា ហើយ​ក៏​បាន​ផ្តាច់ខ្លួន​លែង​ធ្វើ​ជា​សាខា​អាល់កៃដា ដោយ​ទៅ​បង្កើត​ក្រុមដាច់ដោយឡែកមួយ ដែល​គ្របដណ្តប់​ទាំង​អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​ដាក់ឈ្មោះ​ថា “រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី” (Isalmic State of Iraq and Syria-ISIS)។

មួយឆ្នាំក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០១៤ អាប៊ូបាគ័រ អាល់បាក់ដាឌី បាន​ប្រកាស​តាំងខ្លួន​ជា​រដ្ឋអ៊ីស្លាម ដែល​មាន​មូលដ្ឋាន​ធំ​នៅ​អ៊ីរ៉ាក់​និង​ស៊ីរី តែ​មាន​វិសាលភាព​គ្របដណ្តប់​លើ​គ្រប់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំងអស់​នៅទូទាំង​ពិភពលោកទាំងមូល។

ជាង១០ឆ្នាំ​ក្រោយ​អាល់កៃដា ពិភពលោក​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ភេរវជន​ដ៏​គ្រោះថ្នាក់​មួយ​ថ្មី​ទៀត ក៏ប៉ុន្តែ លើស​​ពី​អាល់កៃដា ដែល​គ្រាន់តែ​ជា​ក្រុម​ភេរវជន ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​​បាន​រៀបចំ​រចនាសម្ព័ន្ធ និង​ប្រកាស​តាំងខ្លួន​ជា​រដ្ឋ ដែល​មាន​ដែនដី មាន​រដ្ឋាភិបាល មាន​ថវិកា និង​ជាពិសេស មាន​កងកម្លាំង​ប្រដាប់អាវុធ ដែល​រៀបចំ​រចនាសម្ព័ន្ធ​តាមបែប​កងទ័ព​ជាតិ​នៃ​រដ្ឋ​ឯករាជ។

ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​​យក​ទីក្រុង​រ៉ាខា (ប្រទេស​ស៊ីរី) មក​ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន មាន​ប្រភពចំណូលផ្ទាល់ខ្លួន​ដែល​បាន​មក​ពី​ការ​លក់​ប្រេង ការ​ប្រមូលពន្ធ ព្រមទាំង​ការ​ចាប់ចំណាប់ខ្មាំង​ទារ​យក​ប្រាក់​ ហើយ​​កងកម្លាំង​ប្រដាប់អាវុធ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​ក្នុង​ចន្លោះ ពី១០ម៉ឺន ទៅ២០ម៉ឺននាក់។

កម្លាំងប្រដាប់អាវុធ ប្រភពធនធាន បូករួម​ជាមួយ​នឹង​មនោគមន៍​វិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​ហួសហេតុ បាន​ធ្វើ​ឲ្យ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ត្រូវ​ក្លាយ​ទៅជា​ក្រុមភេរវជន​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ពិភពលោក នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​មនុស្ស​ជាច្រើន​យល់ថា ​កត្តា​ដ៏ចម្បង​បំផុត ដែល​រួមចំណែក​ធ្វើ​ឲ្យ​ក្រុមជីហាត​រដ្ឋ​កកើត និង​រីកដុះដាល​ដូចជា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការឈ្លានពាន​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣។

គេនៅចាំបានថា នៅពេល​ដែល​អាមេរិក​លើកទ័ព​ចូល​ឈ្លានពាន​អ៊ីរ៉ាក់​នៅ​ឆ្នាំ២០០៣ លោក​ចច ដាបិលយូ ប៊ូស បាន​ប្រកាស​ថា អ្វី​ដែល​អាមេរិក​ធ្វើ​នៅពេលនោះ គឺ​ដើម្បី​រំដោះ​ប្រជាជន​អ៊ីរ៉ាក់​ឲ្យ​ចេញ​ផុត​ពី​អំណាច​ផ្តាច់ការ​របស់​សាដាមហ៊ូសេន។​ ក៏ប៉ុន្តែ មក​ទល់​នឹង​ពេល​​បច្ចុប្បន្ន​នេះ ១៣ឆ្នាំក្រោយ​ការឈ្លានពាន​របស់​អាមេរិក ១៣ឆ្នាំ​ក្រោយ​ការ​ដួលរលំ​នៃ​របបផ្តាច់ការ​សាដាមហ៊ូសេន ប្រជាជន​អ៊ីរ៉ាក់​រាប់សិបម៉ឺននាក់​នាំគ្នា​រត់ភៀសខ្លួន ទាំង​ប្រថុយនឹង​ការ​ស្លាប់ ដើម្បី​គេចចេញ​ពី​បញ្ហា​អសន្តិសុខ និង​ភាព​អនាធិបតេយ្យ​ក្នុង​ប្រទេស និង​ជាពិសេស គេចចេញ​ពី​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម៕

ដោយ៖ លោក សេង ឌីណា ប្រភពដោយ៖ RFI

ចែករំលែក
អត្ថបទ​មុន១០ ចំណុច ដែលមនុស្សស្រីមិនគួរ​ជ្រេីសយកបុរសធ្វើជាស្វាមី
អត្ថបទ​បន្ទាប់កំពែងទឹកភ្នែក ក្រុងហ្សេរុយសាឡឹម
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here